សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលថ្មីដាក់ចេញ​គោលនយោបាយ​សាលារៀនគំរូ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធអប់រំ

សិស្សបឋមសិក្សាទៅដល់សាលារៀន ក្នុងឆ្នាំសិក្សាថ្មីនៅភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សិស្សបឋមសិក្សាទៅដល់សាលារៀន ក្នុងឆ្នាំសិក្សាថ្មីនៅភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងប្រាប់អំពីគោលនយោបាយសំខាន់ៗ ដែលត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ស្របតាមដំណាក់កាលទី១ នៃ​យុទ្ធសាស្ត្របញ្ចកោណ ដើម្បីពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងឆ្នាំសិក្សាថ្មីថ្ងៃ​ទី១ ខែធ្នូ។

យោងតាមការថ្លែងរបស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងឱកាសបើកបវេសនកាលឆ្នាំ​សិក្សា​២០២៣-២០២៤ ត្រូវបានចាត់ទុកថាជាថ្ងៃដំបូងសម្រាប់រដ្ឋាភិបាលថ្មីក្នុងការចាប់ផ្តើម​អនុវត្តគោល​នយោបាយ​អាទិភាពសំខាន់ៗសម្រាប់វិស័យអប់រំ ជាមួយនឹងគោលដៅលើកកម្ពស់គុណភាព។

ការដាក់ចេញនូវវិធានការសំខាន់ៗដើម្បីពង្រឹងលើកកម្ពស់គុណភាពអប់រំតាមរយៈសកម្មភាពចំនួនបួន។ ទី១ ការកែលម្អអភិបាលកិច្ចសាលារៀន។ ទីពីរ ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សាឱ្យស្របទៅតាមតម្រូវការ។ ទីបី តាម​រយៈ​ការថែរក្សាសុខភាព​សិស្សតាមរយៈកម្មវិធី​អាហារូបត្ថម្ភ​របស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន។ ជាចុងក្រោយ ដើម្បីលើកទឹកចិត្ត​ឱ្យ​មាន​​ការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជា​ដៃគូ​រដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»

ដើម្បីបង្កើនការយកចិត្តទុកដាក់លើវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌របស់បុគ្គលិកអប់រំ និង​សិស្សានុសិស្ស រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធីសាស្ត្រដាក់ពិន្ទុ៨០ភាគរយលើចំណេះដឹង១០ភាគរយ​លើសិល្បៈនៃការរស់នៅ និង១០ភាគរយលើក្រមសីលធម៌ និងអាកប្បកិរិយា។

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសដាក់ចេញនូវ «យុទ្ធនាការ​សាលារៀន​ស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ​នូវ​គោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការវាយតម្លៃសាលាស្អាតរួចមកហើយ»

តាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន រដ្ឋាភិបាលផ្តោតលើវិស័យចំនួនបួន។ ទីមួយ សាលារៀន​ត្រូវតែ​មានការគ្រប់គ្រង និងភាពជាអ្នកដឹកនាំល្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមរម្យ និងអនាម័យ ព្រមទាំងប្រើប្រាស់​ថវិកាដើម្បីគាំទ្រដល់ការសិក្សា និងការបង្រៀន​ត្រឹមត្រូវ។ ទីពីរ គ្រូបង្រៀនត្រូវតែមានសមត្ថភាពខ្ពស់ មាន​ចំណេះ​ដឹងផ្នែកបច្ចេកវិទ្យា និងមានលក្ខខណ្ឌការងារ និងជីវភាព​សមរម្យ។ ទី​៣ សិស្ស​ត្រូវ​មាន​អាកប្បកិរិយា​​វិជ្ជមាន ហើយនៅតាម​សាលា​ជនបទ និង​តំបន់​ជួប​ការលំបាក​ត្រូវ​មាន​កម្មវិធី​អាហារូបត្ថម្ភ។ ទីបួន ឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការអប់រំ និងមើលថែពួកគេយ៉ាងដិតដល់ ខណៈពេល​ដែលផ្តល់ការគាំទ្រផ្នែកអារម្មណ៍ និងសម្ភារៈផងដែរ។

លោកថ្លែងបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ដ «ស្តង់ដា សាលារៀនគំរូ» និង«ពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី» នៅទូទាំងប្រទេស ចាប់​ពី​ឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ»

លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត ថ្លែងថា លោកចូលរួមត្រេកអរជាមួយ​គោលនយោបាយ​ថ្មីដែលធ្វើឱ្យគុណភាពវិស័យអប់រំនៅកម្ពុជាកាន់តែមានភាពប្រសើរ។ លោក សុជាតិ ចង់ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដើម្បីឱ្យការដាក់ចេញនៅគោលនយបាយថ្មីទទួលបានជោគជ័យ ជាពិសេសមិនឱ្យមានអំពើពុករលួយ ដូចជាការយកលុយពីសិស្ស និងអាណាព្យាបាល ក្នុង​ការបង់​ប្រាក់​វិភាគទានក្រៅផ្លូវការ។ លោកបន្ថែមថា៖ «សូមបញ្ឈប់បន្តឱ្យមានការបង្រៀនក្រៅម៉ោង ព្រោះធ្វើឱ្យ​សិស្ស​ត្រូវចំណាយប្រាក់ច្រើនដើម្បីបានសិក្សា ដែលនឹងធ្វើឱ្យពួកគេមានការលំបាក»

លោកបន្តថា គុណភាពវិស័យអប់រំបច្ចុប្បន្ននៅកម្ពុជាមានលក្ខណល្អប្រសើរតិចតួចណាស់ ហើយលោក​ចង់​ឃើញ​គុណភាពវិស័យអប់រំ​នៅកម្ពុជាមានភាពល្អប្រសើរឡើង ជាពិសេសត្រូវឱ្យសិស្ស និងលោកគ្រូមាន​សេរីភាព​ពេញលេញ ដែលធ្វើឱ្យពួកគេអាចស្រាវ​ជ្រាវនិងនិយាយពីបញ្ហាជាក់ស្តែងនៅក្នុងសង្គម។ លោក​និយាយ​ថា៖ «ផ្តល់សេរីភាពឱ្យសិស្សធ្វើការស្រាវជ្រាវទីតាំងប្រវត្តិសាស្រ្ត ឬ ព្រំដែន ដើម្បីឱ្យសិស្ស​បាន​យល់​ពីប្រវត្តិសាស្រ្តពិត និងមានសិទ្ធិបញ្ចេញមតិរបស់ពួកគេ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ការដែលមានការដាក់​គោល​នយោបាយថ្មីដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាព្រោះរដ្ឋាភិបាលថ្មីដឹងថាប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់មានស្តង់ដា និងទាន់អាចទទួលយកបានទេ ដែលជាកត្តាជំរុញ​ឱ្យរដ្ឋាភិបាលថ្មី​គិតគូរនិងដាក់ចេញ​នៅ​គោល​នយោបាយថ្មីដែលតម្រូវឲ្យគ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹង​វិស័យ​អប់រំ​ឲ្យ​មាន​គុណភាពឡើងវិញ។

អ្នកស្រី អ៊ុក ឆាយ៉ាវី និយាយថា៖ «យើងឃើញថាមួយរយៈនេះសិស្សនិទ្ទេស A មានការកើនឡើង​១០០០​ជាងនាក់មែន ប៉ុន្តែសិស្សដែលទទួលបានពិន្ទុទាបក៏មានច្រើនដែរ»។

អ្នកស្រីក៏មើលឃើញថា ការលើក​កម្ពស់ ឬការផ្តល់ឱ្យសម្ភារៈ និងការលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A មិនទាន់អាចទទួល​បាយកបានទេ ព្រោះការជួយនេះអ្នកស្រី ឆាយ៉ាវី ថា ជួយតែសិស្សមួយចំនួនប៉ុណ្ណោះ ចំណែកសិស្ស​ដទៃ​ដែលទទួលបាននិទ្ទេស A និងមានជីវភាពខ្វះខាតដូចគ្នា មិនទទួលបានការឧបត្ថម្ភទេ ហើយអ្នកស្រី ឆាយ៉ាវី ចង់ឱ្យរដ្ឋាភិបាលថ្មីជួយឧបត្ថម្ភនិងគាំទ្រដល់សិស្សដ៏ទៃទៀតដើម្បីឱ្យស្មើភាពគ្នា។

អ្នកស្រីបន្ថែមថា៖«ខ្ញុំចង់ឃើញសិស្សានុសិស្សដែលពួកគេខិតខំរៀនហើយទទួលបាននិទ្ទេសល្អ ឱ្យពួកគេបាន​ជាការលើក​ទឹកចិត្ត​ពីរដ្ឋាភិបាលស្មើៗគ្នា»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Government Rolls Out Standard Policies for Schools to Improve Education Quality

1,026 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម