សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលថ្មីមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួងច្រើនជាងមុនទ្វេដង

សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងតំណាងរាស្ត្រថតរូបនៅខាងក្រៅរដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងតំណាងរាស្ត្រថតរូបនៅខាងក្រៅរដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលដែលទើបបង្កើតថ្មីមានរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការចំនួន ១ ៤២២រូប​ ដែល​ត្រូវ​បានតែងតាំងដោយព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នាថ​ នរោត្តម សីហមុនី ពោល​គឺ​កើនឡើង១២១,៨% ធៀប​នឹង​រដ្ឋាភិបាលមុន ដែលមានមន្ត្រី​ត្រឹមតែ៦៤១នាក់ប៉ុណ្ណោះ​ក្នុង​មុខ​តំណែងទាំងនោះ។

បណ្តាញ​សារព័ត៌មាន​ Fresh News ដែល​គាំទ្រ​​រដ្ឋាភិបាលបាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មន្ត្រីដែល​ត្រូវ​បាន​តែងតាំង​ថ្មី​កាល​ពី​​ល្ងាច​ថ្ងៃ​អង្គារ​។

ការតែងតាំងទាំងនេះភាគច្រើនហាក់ដូចជាបាន​ទៅលើ​សាច់ញាតិរបស់មន្ត្រីបច្ចុប្បន្ន​ឬអតីត​មន្ត្រី​របស់គណបក្ស​ប្រជា​ជន​កម្ពុជា​ដែលកំពុងកាន់អំណាច ហើយក៏មានមួយ​ចំនួន​តូច​គឺជា​អតីតមេដឹកនាំបក្សប្រឆាំង សកម្មជនបរិស្ថាន និងមេដឹកនាំសហជីព ដែលបានចូលរួមជាមួយ​គណបក្សប្រជាជនកម្ពុជា​មុន​ការបោះឆ្នោតនៅខែកក្កដា។ 

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​តស៊ូ​មតិ​ ​ដើម្បី​តម្លាភាព​ក្នុង​អភិបាល​កិច្ច​បាន​មាន​ប្រសាសន៍​​ថា៖ «យើង​បាន​ឃើញ​ការ​តែង​តាំង​ទាំង​នោះ មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​កូន​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន»

ឧទាហរណ៍មួយ កូនប្រុសទាំងបួនរបស់អតីតមន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជាមួយ​រូប​ដែល​បាន​ទទួល​មរណភាព​ទៅហើយ​​និងធ្លាប់​ជារដ្ឋ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រីដ៏​យូរអង្វែង​នោះ​ សុទ្ធតែ​ត្រូវបាន​តែង​តាំង​ឲ្យ​កាន់​តួនាទី​ជាន់ខ្ពស់ក្នុង​ជួរ​គណៈ​រដ្ឋ​មន្ត្រី​។ លោក សុខ សង្វារ ក្លាយជា​រដ្ឋលេខាធិការ​ក្រសួងមុខងារសាធារណៈ លោក សុខ ពុទ្ធិវុធ ក្លាយជារដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគម​នាគមន៍​ លោក សុខ សូកាន​ ក្លាយជារដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និងលោក​ សុខ សូកេន​ ត្រូវបានផ្តល់​តំណែង​កំពូល​ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក គឹមអេង បន្ថែមថា៖ «វាមិនអីទេ ប្រសិនបើមន្ត្រីទាំងនេះបំពេញកាតព្វកិច្ចបម្រើជាតិ ប៉ុន្តែ​​ប្រសិនបើការតែងតាំងគ្រាន់តែ ដើម្បី​បំ​ពេញចិត្តពួកគាត់​ ប្រជាពលរដ្ឋនឹងខកចិត្ត។ យើង​​បារម្ភ​​អំពី​ការ​ចំណាយក​ថវិកា ហើយយើងក៏​ឆ្ងល់​ថា ​តើ​ការងារ​ប្រ​ភេទ​ណា​ ដែល​ពួក​គាត់​នឹង​ធ្វើ​ប្រចាំ​ថ្ងៃនោះ»

ចំនួន​មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ មាន​ការកើន​ឡើង​ច្រើនជាងគេ។ 

ទីស្តីការគណៈរដ្ឋមន្ត្រីមាន​រដ្ឋលេខាធិការចំនួន៥៤រូប និងអនុរដ្ឋលេខាធិការចំនួន៣៥រូប ធៀប​នឹងរដ្ឋលេខាធិការចំនួន១៥រូប និងអនុរដ្ឋលេខាធិការចំនួន ២៣រូបនៃ​រដ្ឋាភិបាល​ចាស់​នីតិកាល​ទី៦។

ក្រសួងមហាផ្ទៃមាន​មន្ត្រីថ្នាក់​រដ្ឋ​លេខាធិការ​ និង​អនុរដ្ឋ​លេខាធិការ​សរុប​ចំនួន១០៤រូប​ បើ​ធៀប​​នឹង​អាណត្តិ​មុន​ដែល​មាន​ត្រឹម​តែ​២២រូប ចំណែក​ក្រសួងការពារជាតិមាន​រដ្ឋ​លេខាធិការ ​និង​អនុរដ្ឋ​លេខាធិការ​សរុប​ចំនួន៨៦រូប​ បើធៀប​ពីមុន​មាន​ត្រឹម​៣៨​រូប​។

ក្រសួង​ចំនួន២៥ផ្សេង​ទៀត​មាន​រដ្ឋ​​លេខាធិការ​ និង​អនុរដ្ឋលេខាធិការសរុប​​ចន្លោះ​​ពី១៥ទៅ​៣០នាក់​។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រ​សាសន៍ថា ការសម្រេចចិត្តបង្កើនចំនួនមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ច្រើន​ជាងមុន​ទ្វេដង អាចកាត់បន្ថយ​ប្រសិទ្ធភាព​ការងារ​ និងលទ្ធផលរបស់រដ្ឋាភិបាល។

លោក​ស្រីបានមាន​ប្រសាសន៍ថា៖ «យក​ល្អគួរតែ​តែងតាំងគណៈរដ្ឋមន្ត្រីតូចជាងនេះ​ ដោយ​ធានា​នូវកម្រិតចំណាយសាធារណៈទាប និងធានានូវដំណើរ​ការ​សម​ស្រប​នៃស្ថាប័នសំខាន់​មួយនេះ»

យោងតាមការវិភាគរបស់​មូលដ្ឋានទិន្នន័យសាធារណៈកំណត់​ត្រា​បាន​ឲ្យ​ដឹងថា មានតែ​១៥​ភាគរយ​​ប៉ុណ្ណោះ​ នៃមន្ត្រី​ជាន់ខ្ពស់នៅ​តាម​ក្រសួង​ទាំង​នោះ គឺ​ជាស្ត្រី។ ក្រសួង​ការពារជាតិ​មានភាគរយស្ត្រី​ទាបបំផុតគឺ៤,៧ភាគរយ​ ហើយក្រសួងផ្សេងទៀតមាន​អត្រា​​ស្ត្រី​ក្រោម​២៥​ភាគរយ​ នេះបើ​តាម​ការ​រកឃើញរបស់​កំណត់​ត្រា​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបន្ថែមមន្ត្រីចំនួន២៩រូប ដែលមានឋានៈ​​ជា «រដ្ឋ​មន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី» ដើម្បីអមដំណើរ និងជួយការ​ងារ​លោកផង​ដែរ។ នៅក្នុង​ចំណោម​​មន្ត្រីដែលត្រូវបានតែងតាំងថ្មីនោះ​ រួមមាន លោក ប៉ែន បូណា អតីតរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន និងជានាយកទូរទស្សន៍ PNN របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ អតីតនា​​យក​​គ្រប់​គ្រងវិទ្យុបារាំងអន្តរជាតិ។

មន្ត្រីថ្មីទាំង​នោះ​ក៏មានអតីតមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ និង​អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម។ ចំណែក​លោក សាម អ៊ីន អតីត​អគ្គ​លេខា​ធិការ​គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេ​ខាធិការ​ក្រសួងបរិស្ថាន។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​ផ្តល់​តំណែង​ខ្ពស់​ផង​ដែរ។ លោក យឹម ស៊ីណន​ ដែលត្រូវបានចាប់ខ្លួន​ដោយ​សារ​រិះគន់​លោក ហ៊ុន សែន ហើយបន្ទាប់​មកបាន​សុំ​អភ័យ​ទោសជាសាធារណៈ និងបានចុះចូល​ជា​មួយ​គណបក្សប្រជាជន​កាលពីខែមេសា​នោះ ត្រូវបានដំឡើង​ពីអនុរដ្ឋលេខាធិការក្រសួងការងារ​ទៅជារដ្ឋលេខាធិការក្រសួង​ដដែល​។

មេដឹកនាំ​សហជីពពីរ​រូប​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក សោម អូន និង​លោក ជួន មុំថុល ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ឡើងវិញ​។

កន្លង​មក លោក សោម អូន ធ្លាប់ធ្វើជាប្រធានសហព័ន្ធសហជីពកម្មករ​កម្ពុជារហូត​ដល់ឆ្នាំ​២០២១ ជា​ពេលដែល​លោក​ត្រូវបានតែងតាំងជារដ្ឋលេខាធិការជាលើកដំបូង។ លោក មុំ​ថុល ក៏​ក្លាយ​ជារដ្ឋលេខាធិការផងដែរនៅឆ្នាំ២០២១។ លោក​ មុំថុល បានបង្កើតសហភាពសហព័ន្ធ​សហជីព​ជាតិ​កម្ពុជានៅឆ្នាំ១៩៩៧។

ទំនាក់ទំនងគ្រួសារផ្សេងទៀត​នៅ​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែលកំពុងកាន់​អំណាចរួមមានលោក ឃឹម ហ្វីណង់ ជា​កូនប្រុសរបស់លោក ឃឹម ប៊ុនសុង ជារដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ក្លាយជារដ្ឋលេខាធិការក្រសួងកសិកម្ម។ លោក ឃឹម ហ្វីណង់ ពីមុន គឺ​ជាអភិបាលស្រុកបន្ទាយស្រី និងបានដំឡើងជាអភិបាលរងខេត្តសៀមរាប។

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី  ជា​កូន​ស្រី​របស់​លោក ឱម យ៉ិនទៀង ជាប្រធានអង្គ​ភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​ទើប​ត្រូវ​បាន​តែង​តាំងឡើងវិញជា​ទេស​រដ្ឋ​មន្ត្រី​​នោះ ត្រូវ​បាន​តែង​តាំង​​ជារដ្ឋលេខាធិការក្រសួងការបរទេសឡើងវិញ។ កូនប្រុសរបស់​លោក ឱម យ៉ិនទៀង គឺ​លោក យ៉ិនទៀង ពុទ្ធិរ៉ា អតីតអគ្គនាយកនៅអង្គភាព​ ACU ត្រូវបានតែងតាំងជា​អនុរដ្ឋ​លេខាធិការ​​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។

លោក ចម បូរិទ្ធ កូនប្រុស​របស់​អតីត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្លាយជា​រដ្ឋលេខា​ធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ ប្អូន​ស្រី​របស់​លោកគឺ​លោក​ស្រី​ ចម និម្មល ទើប​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ថ្មីៗនេះ​​។

លោក ស ថេត ជា​បងប្អូនជីដូនមួយរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល​ត្រូវ​ចាក​ចេញពី​តំណែង នឹង​ក្លាយ​ជាអគ្គស្នងការនគរបាលជាតិថ្មីជំនួសលោក នេត សាវឿន ជា​ក្មួយ​ប្រសារ​របស់លោក ហ៊ុន សែន។ លោក ស ថេត ធ្លាប់​ជាស្នងការនគរបាលរាជ​ធានី​ភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ។ លោក​ត្រូវ​ជា​ពូ​របស់លោក ស សុខា ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្មី ដែល​ជា​កូន​ប្រុស​របស់​លោក ស ខេង។

លោក នេត សាវឿន ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​ជានាយក​រដ្ឋមន្ត្រី​ស្តីទី នៅពេលលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​អវត្តមាន​ ហើយ​លោក​ក៏នឹងជួយ​នាយក​រដ្ឋ​មន្ត្រី​លើ​វិស័យ​សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់រដ្ឋាភិបាលដែលចុះហត្ថលេខា​ដោយលោក ហ៊ុន ម៉ាណែត និងផ្សព្វផ្សាយតាម​បណ្តាញ​​ផ្សព្វផ្សាយ​ព័ត៌មាន​របស់រដ្ឋ

ប្រសិន​បើ​លោក នេត សាវឿន អវត្តមាន ​នាយករដ្ឋមន្ត្រី​ស្តីទីបន្ទាប់​ គឺ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធ​មុនីរ័ត្ន មានភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកក៏ជាប្រធានក្រុមប្រឹក្សាជាតិគាំពារ​សង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិផងដែរ។

យោងតាមហ្វេសប៊ុកផេករបស់នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត បាន​ឲ្យ​ដឹងថា​ គណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាល​បើកកិច្ចប្រជុំ​លើក​ដំបូងរបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងត្រូវប្រឈមមុខនឹងជម្រើស៖ ទទួលយកយុទ្ធសាស្ត្រគាបសង្កត់យូរអង្វែង ឬ​ចាប់​ផ្តើម​ងាក​ទៅរកទម្រង់អភិបាលកិច្ចប្រកប​ដោយ​បរិយាប័ន្ន​ជា​មុន ដោយផ្អែក​លើការគោរព​សិទ្ធិ​សេរីភាពជាមូលដ្ឋាន។

លោក​ស្រី​បាន​មាន​ប្រសាសន៍​​ថា៖​ «​គេ​​មិន​គួរ​ភ្លេច​​ថា ​រដ្ឋបាល​ថ្មីនេះ​ ​គឺជាការ​ផលិត​ផល​​របស់​ឥស្សរជន​ដែល​កំពុងកាន់​អំណាច ហើយ​​ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​រដ្ឋ​ឯកបក្ស​ ​ទី​ដែល​សំឡេង​ប្រឆាំង​មិន​ត្រូវ​បាន​ទទួល​យក​​នោះ​ទេ​។ បុគ្គលជាច្រើនត្រូវបានគេបន្ត​ចាត់ទុក​ថា ជាសត្រូវរបស់រដ្ឋ»

(រាយការណ៍បន្ថែមដោយ រ៉ាន់ ស្រីដែត និង ផុន សុទ្ធីរ័ត្ន)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Gov’t More Than Doubles Secretary and Undersecretary of State Positions in Ministries

2,015 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម