អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានទទូចនៅសប្តាហ៍នេះថា រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនដែលនៅពីក្រោយគម្រោង សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គួរវាយតម្លៃនិងចរចាឡើងវិញ នូវការតាំងទីលំនៅថ្មីនិងការផ្តល់សំណងដល់ក្រុមជនជាតិដើមភាគតិចដែលរងផលប៉ះពាល់។
លោក John Sifton នាយកផ្នែកតស៊ូមតិប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានលើកឡើងនៅក្នុងរបាយការណ៍ថា៖ «អាជ្ញាធរកម្ពុជាត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវសំណង ការតាំងលំនៅថ្មី បណ្តាលមកពីគម្រោងនេះ វិធីសាស្ត្រស្តារជីវភាពរស់នៅឡើងវិញ និងធានាថា គម្រោងនាពេលអនាគតមិនមានការរំលោភបំពានស្រដៀងគ្នានេះទេ»។
នៅក្នុងរបាយការណ៍ចំនួន១៣៧ទំព័រ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានបង្ហាញពីវិសាលភាពនៃផលប៉ះពាល់របស់ទំនប់នេះទៅលើសហគមន៍និងបានអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុននៅកម្ពុជាខកខានមិនបានពិគ្រោះយោបល់ ជាមួយពលរដ្ឋឱ្យបានត្រឹមត្រូវ។
ទំនប់វារីអគ្គិសនីដ៏ធំនេះបានធ្វើឲ្យមនុស្សជិត៥.០០០នាក់ផ្លាស់ទីជម្រក ដែលពួកគេភាគច្រើនជាជនជាតិដើមភាគតិច ដែលបានរស់នៅក្នុងតំបន់នេះ ជាច្រើនជំនាន់មកហើយ និងបានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត។ ដូចដែលបានបង្ហាញដោយអ្នកស្រាវជ្រាវនិងអ្នកភូមិខ្លួនឯង ទំនប់នេះបាននាំឱ្យផលនេសាទធ្លាក់ចុះយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់នោះ។
អង្គការដដែលនេះបានលើកឡើងនៅក្នុងរបាយការណ៍ថា «ពលរដ្ឋជាច្រើនក្នុងចំណោមអ្នកដែលផ្លាស់ទីលំនៅត្រូវបានបង្ខិតបង្ខំឱ្យទទួលយកសំណងមិនគ្រប់គ្រាន់ចំពោះការបាត់បង់ដីធ្លីនិងប្រាក់ចំណូល ផ្តល់ផ្ទះសម្បែងនិងសេវាកម្មដែលគ្មាន គុណភាពនៅកន្លែងតាំងទីលំនៅថ្មី ហើយមិនបានផ្តល់ការបណ្តុះបណ្តាលឬជំនួយដើម្បីធានាជីវភាពថ្មីឡើយ »។
លោក Sifton បានកត់សម្គាល់ថា «ទំនប់សេសានក្រោម២បានបំផ្លាញជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចដែលពីមុនរស់នៅជាសហគមន៍និងភាគច្រើនផ្គត់ផ្គង់ជីវភាពខ្លួនឯងតាមរយៈរបរនេសាទ ប្រមូលអនុផលព្រៃឈើនិងធ្វើកសិកម្ម»។
លោក ហ្វុត ឃឿន ជាអ្នកភូមិមកពីភូមិស្រែគរមើលឃើញថា ភូមិរបស់គាត់បានបាត់ បង់ក្នុងអាងទំនប់វារីអគ្គិសនីនៅពេលដែលទ្វារទឹកត្រូវបានបិទកាលពីឆ្នាំ២០១៧។ លោកបានប្រាប់ខេមបូចាថា ប្រហែល៧០ភាគរយនៃអ្នកជិតខាងរបស់លោក បានយល់ព្រមទទួលយកសំណងបង់ផ្តាច់ឬការផ្លាស់ប្តូរទីជម្រកទៅកន្លែងដែលក្រុមហ៊ុនផ្តល់ជូន ប៉ុន្តែថា លោកនិងអ្នកផ្សេងទៀត មិនទាន់យល់ព្រមទទួលយកសំណងអ្វីនៅឡើយទេ។
លោកបាននិយាយថា៖ «ខ្ញុំចង់បានបណ្ណកម្មសិទ្ធិដីធ្លីនៅភូមិថ្មីសិនមុននឹងទទួលយកផ្ទះ ព្រោះខ្ញុំខ្លាចថា ពួកគេបោកបញ្ឆោតខ្ញុំ។ យើង [គ្រួសារដែលនៅសេសសល់] ចង់ បានសំណងចំនួន ១៥.០០០ដុល្លារសម្រាប់គ្រួសារនីមួយៗ ព្រោះវាប៉ះពាល់ដល់ដី ដូនតានិងវប្បធម៌របស់យើង»។
លោក ឃឿន បាននិយាយថា លោកបានផ្លាស់ទីលំនៅដោយខ្លួនឯង ទៅទីតាំងមួយក្បែរផ្ទះចាស់របស់លោក ដែលត្រូវបានជន់លិចដោយទំនប់នេះ។ ហើយដូចដែលបានរៀបរាប់លម្អិតនៅក្នុងរបាយការណ៍នេះ លោក ឃឿន បាននិយាយថា ពលរដ្ឋជាច្រើនមានអារម្មណ៍ថា រងសម្ពាធឲ្យទទួលយកលក្ខខណ្ឌដែលផ្តល់ជូនពួកគាត់ ទោះបី ជាពួកគាត់មិនសូវមានជំនឿក៏ដោយ។
លោកបានបន្ថែមថា៖ «យើងខ្លាចថា ពួកគេនឹងប្តូរចិត្តនៅពេលយើងយល់ព្រមទទួលយក។ យើងចង់បានអ្វីដែលយុត្តិធម៌ពីគ្រប់ភាគី»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធការអះអាងនៅក្នុងរបាយការណ៍នេះ ដោយលោកហៅរបាយការណ៍នេះថា ជាការចោទប្រកាន់មិនពិត។
លោកបានមានប្រសាសន៍ថា៖ «[ពួកគេ] មិនយល់ពីស្ថានភាពជាក់ស្តែងនៃរឿងនោះ ពីព្រោះរដ្ឋាភិបាលមានគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសហើយយើងគិតអំពីក្រុមជនជាតិដើម និងក្រុមជនរងគ្រោះទាំងនោះ ហេតុដូច្នេះហើយពួកគេទទួលបានសំណងដូចជា ផ្ទះ ដោយ ទៅរស់នៅក្នុងភូមិទំនើបសម្រាប់ពួកគេ»។
លោកបានបន្ថែមថា៖ «យើងមិនចង់ឲ្យពួកគេរស់នៅឆ្ងាយនៅក្នុងព្រៃនោះទេ យើងចង់ផ្តល់ជូនពួកគាត់ដោយរស់នៅ [តំបន់កណ្តាល] ដែលអាចទទួលបានការអប់រំ ការថែទាំសុខភាព ភ្លើង អគ្គិសនី ដែលអាចជួយពួកគេបង្កើតមុខរបរផ្សេង ជាជាងប្រកបរបរនេសាទតែមួយមុខ»។
ដោយត្រូវបានបញ្ចប់ការសាងសង់កាលពីឆ្នាំឆ្នាំ២០១៨ ទំនប់វារីអគ្គិសនីនេះ ត្រូវបានគ្រប់គ្រង៣៩ភាគរយដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង១០ភាគរយដោយក្រុមហ៊ុនវៀត ណាម ចំណែក៥១ភាគរយទៀតគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋរបស់ចិនHydrolancang និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង។ ធនាគាររដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានភាគច្រើន ដែលតាមសេចក្តីរាយការណ៍ថា ប្រមាណ៨០០លានដុល្លារ នេះបើតាមរបាយការណ៍។
លោក Sifton បាននិយាយថា៖ «រដ្ឋាភិបាលចិនចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យបានហ្មត់ចត់ នូវហិរញ្ញប្បទានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់និងផ្លូវ ដើម្បីទប់ស្កាត់ការរំលោភបំពាន នៅក្នុងគម្រោងផ្សេងទៀត ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសដូចជាកម្ពុជា»។
ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីម៉េលឡើយ។
ក្រុមអ្នកជំនាញនិយាយថា ទំនប់វារីអគ្គិសនីនេះបានរួមចំណែកធ្វើឲ្យផលនេសាទធ្លាក់ ចុះនៅទូទាំងបណ្តាញទន្លេមេគង្គទាំងមូល។
លោក ហម ឧត្តម អ្នកពិព្រោះយោបល់សម្រាប់អភិបាលកិច្ចធនធានធម្មជាតិតាមដង ទន្លេមេគង្គបាននិយាយថា ការបិទខ្ទប់មួយផ្នែកនៃទន្លេសេសានបានកាត់បន្ថយបរិមា ណត្រីនៅក្នុងអាងទន្លេមេគង្គប្រមាណ៩,៣ភាគរយ ដោយរារាំងការផ្លាស់ទីរបស់ត្រី។
លោកបន្តថា៖ «វាក៏ប៉ះពាល់ដល់ការផ្លាស់ទីរបស់ត្រីចុះឡើងទៅបឹងទន្លេសាបផងដែរ។ យើងឃើញមានការសាងសង់ជាជណ្តើរត្រី សងខាងទំនប់ដើម្បីឲ្យត្រីឡើងលើ ប៉ុន្តែយើងមានទិន្នន័យតិចតួច។ យើងគ្មានព័ត៌មានអំពីបរិមាណត្រីដែលធ្វើបំលាស់ទីតាមជណ្តើរ ទៅផ្នែកខាងលើនោះទេ»។
លោកបន្ថែមថា ទំនប់នេះក៏រារាំងលំហូរដីភក់ល្បាប់ពីខ្សែទឹកខាងលើទៅខ្សែទឹកខាងក្រោមផងដែរ ដែលចាំបាច់ក្នុងការផ្តល់ជីវជាតិសម្រាប់ដំណាំកសិកម្ម នៅផ្នែកខាងក្រោម។
លោក ឧត្តម បានកត់សម្គាល់ថា ក្រុមសិទ្ធិមនុស្សនិងអ្នកការពារបរិស្ថាន បានព្រមានជាយូរមកហើយមុនពេលទំនប់នេះត្រូវបានសាងសង់ អំពីផលប៉ះពាល់របស់វាទៅលើសហគមន៍ ប៉ុន្តែរដ្ឋាភិបាលបានធានាថា ខ្លួនព្យាយាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលកើតមានណាមួយ។
លោកថ្លែងថា៖ «ឧទាហរណ៍ ពួកគាត់បានរៀបចំកញ្ចប់ថវិកា ដើម្បីធ្វើឱ្យប្រសើរឡើង នូវសេដ្ឋកិច្ចសង្គមនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលប្តូរលំនៅឋាន នៅក្នុងសហគមន៍ ដូច្នេះយើងចាំបាច់ត្រូវពិនិត្យមើលថា តើពួកគាត់អនុវត្តគម្រោងនេះ ប្រកបដោយប្រសិទ្ធភាពកម្រិតណា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New rights group report details ongoing negative impacts of Lower Sesan 2 Dam