សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការធ្វើវិភាគថ្មីរកមិនឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារកឡើយ

ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ
ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាំចូលឡើងវិញនូវម្សៅលាបខ្លួនទារកនិងកុមារចំនួន១២ម៉ាក បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ននៅពេលដែលសារធាតុអាបេស្តូសបានរកឃើញក្នុងម្សៅទាំងនោះ។​

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានប្រកាសកាលពីថ្ងៃចន្ទ ថាម្សៅទាំង១២ម៉ាកត្រូវបានអនុញ្ញាតឱ្យលក់ឡើងវិញក្នុងទីផ្សារបន្ទាប់ពីលទ្ធផលពិនិត្យនិងវិភាគនៅអូស្រ្តាលីនិងសហរដ្ឋអាមេរិកបង្ហាញថាម្សៅទាំងនោះមិនមានសារធាតុរ៉ែ carcinogen​ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សទេ។​

លោក ផាន​ អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានថ្លែថា៖ «​មានន័យថា មន្ទីរពិសោធន៍ទំនើបទាំងពីររបស់សហរដ្ឋអាមេរិក និងអូស្ត្រាលីទទួលបានលទ្ធផលដូចគ្នា ។ គ្មាន​សារធាតុ​អាបេស្តូសទេ»

កាលពីខែសីហា រដ្ឋាភិបាលកម្ពុជាបានប្រកាសរកឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារកនិងកុមារម៉ាក Johnson’s baby powder បីប្រភេទ ម៉ាកJohnson’s blossoms ពីរប្រភេទ ម៉ាកD-nee kids​ ម៉ាក D-nee newborn ម៉ាកPureen ម៉ាក Laffair Be Love ម៉ាក Kodomo ម៉ាកBhaesaj Cool Powder និង ម៉ាកBabi mild Natural ‘N Mild ។

ប៉ុន្តែអតិថិជនម្នាក់ គឺ អ្នកស្រី កុច ស្រីសួង ជាម្តាយរបស់ក្មេងស្រីអាយុ២ឆ្នាំ បានប្រាប់ខេមបូចា ថាអ្នកស្រីនៅតែមានការព្រួយបារម្ភចំពោះការប្រើប្រាស់ផលិតផលម្សៅទាំងនោះ បើទោះជាមានការរកឃើញពីមន្ទីរពិសោធន៍អន្តរជាតិថាមិនមានបញ្ហាអ្វីក៏ដោយ។

អ្នកស្រីបានថ្លែងថា៖ «ខ្ញុំខ្លាចកូនស្រីខ្ញុំអាចកើតមហារីក។ អ៊ីចឹង​ពេល​ខ្ញុំ​ឮ​ថា​ការ​នាំ​ចូល​ត្រូវ​បាន​ផ្អាក ខ្ញុំ​ក៏​ឈប់​ប្រើ​វា​ [ម្សៅម៉ាក Babi Mild] ភ្លាម។ ទោះ​បី​ជា​ឥឡូវ​គេ​និយាយ​ថា​វា​មិនអី​ក៏​ដោយ ខ្ញុំ​នឹង​មិន​​ប្រើ​វា​ទៀត​ទេ ព្រោះ​ខ្ញុំ​មិន​ទុក​ចិត្ត​ទេ»

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានប្រាប់ខេមបូចាថា វាជារឿងល្អដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានបញ្ជូនសំណាកទៅវិភាគនៅប្រទេសអូស្ត្រាលី ដែលមានសមត្ថភាពធ្វើកិច្ចការងារនេះបានសុក្រឹត្យ។

លោក​បាន​បន្ត​ថា​៖ «​យើង​អាច​ជឿជាក់​បាន​ថា​វា​ត្រឹមត្រូវ​» ទោះយ៉ាងណាក៏ដោយលោកយល់ថា​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់នៅតែមិនអាចដូចមុននោះទេ។

ក្រុមហ៊ុន​ Johnson & Johnson បានប្រឈមមុខនឹងបណ្តឹងរាប់ពាន់ករណីនៅលើឆាកអន្តរជាតិដែលដើមបណ្តឹងចោទប្រកាន់ថាជំងឺមហារីករបស់ពួកគេទាក់ទងទៅនឹងសារធាតុអាបេស្តូសដែលត្រូវបានរកឃើញនៅក្នុងម្សៅលាបខ្លួនទារករបស់ក្រុមហ៊ុននេះ។ ម្សៅលាបខ្លួនទារកនិងកុមារ ត្រូវបានគេរកឃើញជាញឹកញាប់មានសារធាតុអាបេស្តូស ហើយសារធាតុអាសបេស្តុសនេះពេលខ្លះក៏ត្រូវបានរកឃើញនៅលើផលិតផលមួយចំនួនផងដែរ។ ក្នុងឆ្នាំ២០១៩ នាយកដ្ឋានចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំអ្នកប្រើប្រាស់ឱ្យឈប់ប្រើប្រាស់ផលិតផលម្សៅលាបខ្លួនទារករបស់ក្រុមហ៊ុនJohnson &Johnson ហើយមួយឆ្នាំក្រោយមក ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងមិនលក់ម្សៅលាបខ្លួនទារកនិងកុមារនៅសហរដ្ឋអាមេរិកទៀតទេ។ កាលពីដើមខែនេះ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបញ្ឈប់ការលក់ជាអន្តរជាតិផងដែរនៅឆ្នាំ២០២៣ ។

កម្ពុជា​ក៏​បាន​ធ្វើ​ការ​ពិនិត្យនិងវិភាគ​ដោយ​ខ្លួន​ឯង​លើ​ម្សៅ​ទាំង​នោះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី FDA របស់​សហរដ្ឋ​អាមេរិក​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Tests Find No Asbestos in Baby Powder Brands

442 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម