ប្រជាពលរដ្ឋដែលទើបតែមកតាំងទីលំនៅថ្មីនៅភូមិចំពុះក្អែក ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលការតភ្ជាប់ប្រព័ន្ធទឹកភ្លើង ព្រោះជាង២ខែមកហើយដែលពួកគាត់បានទៅរស់នៅទីតាំងនោះតាមការស្នើរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ប៉ុន្តែពួកគាត់នៅតែមិនទាន់មានទឹកស្អាតនិងភ្លើងប្រើប្រាស់គ្រប់គ្រាន់។
លោក ជឹម ស្រី ដែលជាពលរដ្ឋម្នាក់ដែលយល់ព្រមផ្លាស់ប្តូរទៅទីតាំងថ្មីក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្លែងប្រាប់ ខេមបូចា នៅថ្ងៃទី១២ ខែធ្នូ ថា លោកនិងក្រុមគ្រួសារបានសម្រេចចិត្តរុះរើផ្ទះមករស់នៅទីតាំងថ្មីនៅភូមិចំពុះក្អែក អស់រយៈពេលជិត៣ខែហើយ ប៉ុន្តែនៅតែមិនទាន់ឃើញមានការរៀបចំតភ្ជាប់ប្រព័ន្ធទឹកស្អាត នៅឡើយទេ ចំណែកប្រព័ន្ធភ្លើងគឺទើបតែមានការតភ្ជាប់ចូលក្នុងភូមិបានជិតមួយសប្តាហ៍ប៉ុណ្ណោះ។
លោកបន្ថែមថា ពេលដែលពលរដ្ឋមិនទាន់យល់ព្រមរុះរើផ្ទះមករស់នៅទីតាំងថ្មី អាជ្ញាធរធ្លាប់សន្យាថានឹងតភ្ជាប់ប្រព័ន្ធទឹកភ្លើងជូនពួកគាត់ឲ្យបានប្រើប្រាស់គ្រប់ៗគ្នា ទោះបីជាពលរដ្ឋដែលមិនមានលទ្ធភាពក៏អាចបង់រម្លស់តភ្ជាប់ទឹកភ្លើងប្រើប្រាស់ដែរ តែជាក់ស្តែងបន្ទាប់ពីពលរដ្ឋយល់ព្រមរុះរើផ្ទះ ពួកគាត់មិនអាចតភ្ជាប់ប្រព័ន្ធទឹកភ្លើងបានទេ គឺទាល់តែមានលុយគ្រប់ទើបអាចតភ្ជាប់បាន គឺមិនអាចបង់រម្លស់បានទេ។
លោក ជឹម ស្រី និយាយថា៖ «មិនមែនបាន[តភ្ជាប់ប្រព័ន្ធភ្លើង]ទាំងអស់គ្នាទេ អ្នកបានៗ អ្នកអត់ៗ ឡូវបានប្រហែល៤ ១០ផ្ទះហ្នឹង! [..] ទាល់តែមានលុយបង់លុយឲ្យគេបានគេភ្ជាប់[ប្រព័ន្ធទឹកភ្លើង]ឲ្យ»។លោកបន្តថា៖ «គាត់[អាជ្ញាធរ]និយាយបាតដៃខ្នងដៃ គាត់គោរពសម្តីដែលខ្លួននិយាយអត់បានផង»។
លោក ជឹម ស្រី បញ្ជាក់ទៀតថា ទឹកដែលអាជ្ញាធរខណ្ឌច្បារអំពៅផ្តល់ឲ្យពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងខ្វះខាតមានត្រឹមតែមួយឡានក្នុងមួយថ្ងៃ ហើយពលរដ្ឋដែលរង់ចាំប្រើប្រាស់ទឹកនោះមានជាង៣០០គ្រួសារ ដែលធ្វើឲ្យពួកគាត់មិនអាចបំពេញតម្រូវការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានទេ។
លោក ជឹម ស្រី បានស្នើឲ្យអាជ្ញាធរជួយពន្លឿនការរៀបចំតភ្ជាប់ប្រព័ន្ធទឹកចូលក្នុងភូមិ ដើម្បីសម្រួលដល់ពលរដ្ឋ ព្រោះបច្ចុប្បន្នរូបលោកផ្ទាល់ពេលដែលត្រូវការងូតទឹក គឺត្រូវទៅងូតទឹកបឹងដែលនៅសល់ពីការចាក់ដីលុប ហើយទឹកបឹងនោះពេលងូតរួចគឺវាបង្កឲ្យកើតរមាស់លើរាងកាយទៀតផង។
លោកបន្ថែមថា៖ «ពិបាកប្រើណាស់រឿងទឹក ងូតទឹកបឹងទឹកអីម្តងៗរមាស់ចង់ងាប់[..]បានទឹកសុទ្ធខាងសប្បុរសជនគេចែកឲ្យប្រើប្រាស់ បានទឹកហ្នឹងដាំបាយស្លអីហូប បើយកទឹកបឹងមកស្លហូបម៉េចកើត? »។
ពលរដ្ឋជាង៣០០គ្រួសារដែលរស់នៅតាមបណ្តោយប្រឡាយព្រែកប្រា ស្ថិតនៅភូមិអូរអណ្តូង និងភូមិចំពុះក្អែក១ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ ជាដីបឹងដែលទើបតែចាក់ដីលុប ពួកគាត់ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅស្នើឱ្យរុះរើផ្ទះទៅទីតាំងថ្មីកាលពីថ្ងៃទី២៤ ខែតុលា ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីតាំងចាស់។ ព្រោះរដ្ឋត្រូវការទីតាំងចាស់នោះដើម្បីជីកស្តារធ្វើជាប្រឡាយសម្រាប់រំដោះទឹកវិញ។
ចំណែកលោកស្រី ជួន ស្រីនាង ពលរដ្ឋដែលកំពុងរស់នៅភូមិចំពុះក្អែកដែលជាទីតាំងថ្មីថ្លែងថា លោកស្រីបានតភ្ជាប់ប្រព័ន្ធភ្លើងរូចហើយ តែពលរដ្ឋភាគច្រើនពួកគាត់មិនទាន់មានលទ្ធភាពដើម្បីអាចតភ្ជាប់ប្រព័ន្ធភ្លើងយកមកប្រើប្រាស់បានទេ ព្រោះថវិកាដែលរកបានគឺត្រូវយកទៅសាងសង់ផ្ទះថ្មី ដោយសារផ្ទះចាស់របស់ពួកគាត់ត្រូវបានវាយកម្ទេចចោលអស់ហើយ។ ទោះបីបានភ្ជាប់ប្រព័ន្ធភ្លើងហើយក្តី លោកស្រី ស្រីនាង ក៏មិនខុសពីលោក ជឹម ស្រី ដែរ លោកស្រីថានៅតែប្រឈមបញ្ហាមួយចំនួនដូចជាមិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ងូត និងដាំស្ល។
លោកស្រីរៀបរាប់ថា៖ «វារាងពិបាកដែរ គ្រាន់អត់ទឹកប្រើអីចឹង ប៉ុន្តែខាងគេ(សប្បុរសជន)ដាក់ទឹកសុទ្ធឲ្យយើងហូបរាល់ថ្ងៃមួយថ្ងៃគេដាក់ឲ្យជាង២០០យួរ»។
លោកស្រី ស្រីនាង បន្តថាមកដល់ថ្ងៃទី១២ ខែធ្នូ ក្រុមគ្រួសារលោកស្រីនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីទេ(ប្លង់រឹង)នៅឡើយទេ តែអាជ្ញាធរខណ្ឌច្បារអំពៅសន្យាជាមួយពួកគាត់ថានឹងផ្តល់ឲ្យនៅខែមករា ឆ្នាំ២០២៤។
លោកស្រី ស្រីនាង និយាយថា៖ «ខែ១គេ(អាជ្ញាធរខណ្ឌច្បារអំពៅ)ថាចេញប្លង់ឲ្យ គេថាខែ១ប្លង់ធ្លាក់មក គេធ្វើប្លង់រឹងឲ្យ តែខ្ញុំអត់ច្បាស់ដែរចាំមើលដល់ខែ១សិន»។
អតីតនាយករដ្ឋមន្រ្តីប្រទេសកម្ពុជាលោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងកាលពីខែមិថុនាថា ១០០ភាគរយនៃប្រជាពលរដ្ឋ ដែលរស់នៅតាមក្រុង និងទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់នៅត្រឹមឆ្នាំ២០២៥។
លោក ហ៊ុយ ចាន់ អនុប្រធានភូមិចំពុះក្អែក១ ថ្លែងនៅថ្ងៃទី១៣ ខែតុលា ថា ប្រព័ន្ធភ្លើងអាជ្ញាធរបានរៀបចំដាក់ឲ្យពលរដ្ឋអាចតភ្ជាប់យកប្រើប្រាស់បានមួយរយភាគរយហើយ តែពលរដ្ឋមួយចំនួនពួកគាត់មិនទាន់មានលទ្ធភាពដើម្បីអាចភ្ជាប់បានទេ។
លោក ហ៊ុន ចាន់ បន្តថា៖ «បងប្អូនអ្នកមានលទ្ធភាពគាត់តភ្ជាប់មុន ទៅចែកចាយបងប្អូនអ្នកអត់ទាន់មានលទ្ធភាពតភ្ជាប់ប្រើតាមផ្ទះ»។
ចំណែកប្រព័ន្ធទឹកស្អាតលោក ហ៊ុយ ចាន់ ថាអាជ្ញាធរកំពុងរៀបចំឯកសារបញ្ជូនទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឲ្យរដ្ឋាករទឹកចុះមកសិក្សាទីតាំង និងរៀបចំតភ្ជាប់ដាក់ឲ្យពលរដ្ឋបានប្រើប្រាស់ តែលោកមិនបានបញ្ជាក់ថានឹងរួចរាល់នៅថ្ងៃខែណានោះទេ។
លោក ហ៊ុយ ចាន់ បន្ថែមថា៖ «ខាងរដ្ឋាករទឹកគេទទួលឯកសារពីយើងបានច្រើនសិន គេនឹងចុះមក[..]ហើយ»។
លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មីក៏បានលើកឡើងដែរថា អាជ្ញាធរកំពុងពន្លឿនការរៀបចំតភ្ជាប់ប្រព័ន្ធទឹកភ្លើងជាបណ្តើរៗហើយ ដោយមិនឲ្យពលរដ្ឋរង់ចាំយូរឡើយ។ លោកស្រីបន្តថា ពលរដ្ឋដែលមិនទាន់មានលទ្ធភាពពួកគាត់អាចបង់រម្លស់តភ្ជាប់ទឹកស្អាតយកប្រើប្រាស់បាន ចំណែកប្រព័ន្ធភ្លើងលោកស្រីមិនទាន់រៀបចំឲ្យមានការបង់រម្លស់បានទេ។
លោកស្រី សុរិន មានប្រសាសន៍ថា៖ « មានក្នុងកិច្ចសន្យា ឃើញយកមកឲ្យមីងស៊ីញេ(ចុះហត្ថលេខា)ឃើញដូចជាបង់រម្លស់(តភ្ជាប់ទឹក)បាន បើភ្លើងមីងដូចក្តាប់មិនទាន់បាន»។
ចំពោះបណ្ណកម្មសិទ្ធិដីធ្លីលោកស្រី វ៉ា សុរិន បញ្ជាក់ថា អាជ្ញាធរនឹងខិតខំធ្វើឲ្យហើយនៅខែមករា ឬយឺតជាងនេះ ដើម្បីអាចចែកជូនដល់ពលរដ្ឋឲ្យបានគ្រប់ៗគ្រួសារ។ លោកស្រី ចៅសង្កាត់ព្រែកថ្មីមានប្រសាសន៍ថា៖ «យើងកំពុងតែខិតខំយ៉ាងណាឲ្យបាននៅក្នុងខែ១ វាអាចទាន់ ឬមួយក៍យឺតយ៉ាវតិចតួចចឹង តែរដ្ឋបាលយើងនឹងខិតខំប្រឹងប្រែងជូនគាត់»។
ពាក់ព័ន្ធនឹងបញ្ហានេះលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ មើលឃើញថា ប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្តូរទីលំនៅថ្មី តែងតែប្រឈមនឹងការលំបាក ព្រោះការតាំងទីលំនៅថ្មីត្រូវចំណាយពេលវេលាច្រើនទៅលើការរុះរើ និងសាងសង់ផ្ទះថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់មុខរបរ ការសិក្សារបស់កូន និងជីវភាពរស់នៅរបស់ពួកគាត់។
លោក អំ សំអាត ថ្លែងថា៖ «អត់ដែលឃើញថាគាត់(ពលរដ្ឋ)មិនបានជួបផលលំបាកទេ នៅក្នុងការផ្លាស់ប្តូរនិងការតាំងទីលំនៅថ្មី»។
លោក សំអាត បន្តថា អាជ្ញាធរគួរតែរៀបចំហេដ្ឋារចនាសម្ព័ន្ធមាន សាលារៀន ប្រព័ន្ធទឹកភ្លើង និងផ្លូវនៅទីតាំងថ្មីឲ្យបានរួចរាល់ជាមុនសិន ហើយឲ្យប្រជាពលរដ្ឋទៅរស់នៅតាមក្រោយទើបពួកគាត់មិនសូវជួបការលំបាក។
លោក អំ សំអាត បន្ថែមថា៖ «ការទៅរស់នៅទីតាំងថ្មីហើយចាំមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ទឹកភ្លើងថ្មី តាមយើងឃើញកន្លងមកគឺពលរដ្ឋជួបផលលំបាកច្រើនណាស់»៕