សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការលីកាដូរកឃើញការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា

សិប្បកម្មឡឥដ្ឋមួយកន្លែងនៅជាយក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ ឃួន ណារីម)
សិប្បកម្មឡឥដ្ឋមួយកន្លែងនៅជាយក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ ឃួន ណារីម)

ពលកម្ម​កុមារ និងការបញ្ចាំខ្លួន​ដោះ​បំណុល​នៅ​តែ​បន្ត​កើតមានឡើង​​​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​​​កម្ពុជា នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ អង្គការនេះ​ក៏បានរកឃើញសំណល់​​កាត់ដេរ​​ដែល​មាន​យីហោ​អន្តរជាតិដូចជា Reebok, Old Navy និង Adidas ដែលត្រូវត្រៀមសម្រាប់ដុតនៅតាម​សិប្បកម្ម​ឡ​ឥដ្ឋ។

អ្នកនាង ណាលី​ ពីឡូក​ នាយក​ទទួលបន្ទុក​កិច្ច​ការ​ក្រៅតំបន់​របស់អង្គការលីកាដូបានមាន​ប្រសាសន៍​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និងពលកម្មកុមារបន្តមាន​យ៉ាង​ជាក់ស្តែង»។

អ្នកនាងបានបន្ថែមថា៖ «ច្រើនទស្សវត្សរ៍មកហើយដែល​ទីក្រុង និងការអភិវឌ្ឍនៅ​កម្ពុជាត្រូវបានស្ថាបនា​​ឡើងដោយការកេងប្រវ័ញ្ចលើ​កម្មករសិប្ប​កម្មផលិត​ឥដ្ឋ។ ដល់​ពេល​ដែល​ត្រូវ​​បញ្ចប់​ទាសភាព​សម័យ​ទំនើប និង​ពលកម្ម​កុមារ​នៅ​តាម​សិប្ប​កម្ម​ផលិត​ឥដ្ឋ​​​នៅ​​​កម្ពុជាហើយ»។

ក្រុម​អ្នកស្រាវជ្រាវអង្គការលីកាដូ បានរកឃើញកុមារកាត់ និងច្រក​ដីឥដ្ឋចូលទៅក្នុង​ម៉ាស៊ីនផលិត​ឥដ្ឋដោយដៃ ដែលអាចបំផ្លាញ​អវយវៈកម្មករបាន។ ក្រុមអ្នក​ស្រាវជ្រាវ​បានរក​ឃើញក្មេងៗកាត់ដីឥដ្ឋដោយប្រើខ្សែ​លួស យក​ឥដ្ឋចេញពីខ្សែពាន​ រុញរទេះដឹកឥដ្ឋ និងជញ្ជូន​ឥដ្ឋដាក់លើ​រថយន្ត​។

ការរកឃើញនេះ គឺជាលទ្ធផលនៃការ​ចុះ​ផ្ទាល់​ទៅតាម​សិប្ប​កម្ម​ផលិតឥដ្ឋចំនួន២១​កន្លែង​ នៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញនៅ​ឆ្នាំនេះ ព្រមទាំងការសម្ភាសន៍​ជាមួយកម្មករបច្ចុប្បន្ន និងអតីតកម្មករ​។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការបញ្ចាំ​ខ្លួន​ដោះ​បំណុលជាទី​ដែលកម្មករត្រូវបង្ខំឱ្យធ្វើការឱ្យនិយោជក ដើម្បីសងប្រាក់កម្ចីនៅតែកើត​មាន​ជា​ទូទៅ​នៅ​ក្នុង​ឧស្សាហកម្មនេះ។ ជា​រឿយៗ​ កម្មករ​ដែល​បាន​ប្រាក់​ឈ្នួល​ទាប ​ត្រូវ​រស់​នៅ​និង​​ធ្វើ​ការ​នៅ​តាម​រោង​សិប្បកម្ម​​រហូត​ដល់​ពួក​គេ​សង​ប្រាក់​កម្ចី​អស់​ ដោយ​មាន​​ម្ចាស់​រោងសិប្បកម្ម​​ខ្លះ​រក្សា​ឯកសារ​អត្តសញ្ញាណ​របស់​កម្មករផងដែរ​។

កម្មករ​បាន​រាយការណ៍​មក​អង្គការ​លីកាដូ​ថា មាន​ប៉ូលិស ឬ​អាជ្ញាធរ​មូលដ្ឋាន​ផ្សេង​ទៀត​ក៏មាន​វត្តមាន​នៅ​ពេល​កម្មករ​​​ចុះ​ហត្ថលេខាទទួល​យក​កម្ចីផងដែរ​។ 

ការបញ្ចាំ​ខ្លួន​ដោះ​បំណុលអាចជាធាតុផ្សំមួយ​នៃពលកម្មដោយបង្ខំ ឬការជួញដូរមនុស្ស នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ និងអង្គការសហប្រជាជាតិ។ ការដក​ហូត​ឯកសារក៏ជាសូចនាករនៃការជួញដូរមនុស្ស​ផងដែរ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យដំណើរ​ការសាងសង់នៅកម្ពុជាមានភាពយឺតយ៉ាវ​ ដែល​បណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការឥដ្ឋ និងការបិទសិប្បកម្ម​ផលិត​ឥដ្ឋមួយចំនួន។ ចំណែក​សិប្ប​កម្ម​ដែល​នៅដំណើរការមាន​ចង្វាក់ផលិតកម្មតិចតួច ហើយបុគ្គលិកអង្គការលីកាដូបានរាយការណ៍ថា ម្ចាស់សិប្បកម្ម​បានផ្តល់​ហេតុ​ផល​ផ្សេងៗ​គ្នាចំពោះការធ្លាក់ចុះតម្រូវ​ការ​នេះ។

ម្ចាស់សិប្បកម្ម​បានផ្ទេរកម្មករទៅធ្វើការងារប្រភេទផ្សេងទៀត តម្រូវឱ្យកម្មកររង់ចាំនៅសិប្ប​កម្ម​ដែលជាប់គាំងដោយគ្មានប្រាក់ចំណូល អនុញ្ញាតឱ្យកម្មករចាកចេញជាបណ្តោះអាសន្ន ឬក្នុងករណីខ្លះបានលុបចោលបំណុលរបស់កម្មករ។

អង្គការលីកាដូបានអះអាង​ថា ខ្លួនមិនបានរកឃើញការកែលម្អជាប្រព័ន្ធនៅក្នុងឧស្សាហកម្មនេះទេ​ ចាប់តាំងពីរបាយការណ៍ឆ្នាំ២០១៦​​របស់ខ្លួន។ សេចក្តី​រាយ​ការណ៍របស់​ប្រព័ន្ធផ្សព្វផ្សាយ និងការស្រាវជ្រាវសិក្សាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានចងក្រងឯកសារអំពីការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និងពលកម្មកុមារនៅតាម​សិប្ប​កម្ម​ផលិត​ឥដ្ឋក្នុងប្រទេសកម្ពុជា រួមទាំងរឿងរ៉ាវរបស់ក្មេងស្រីអាយុ ១០​ឆ្នាំម្នាក់ ដែលបានបាត់បង់ដៃរបស់នាងដោយ​សារ​ម៉ាស៊ីនផលិត​ឥដ្ឋ។

សិប្បកម្មឡ​ឥដ្ឋ​មួយកន្លែង​​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។ (ខេមបូចា/ ឃួន ណារីម​)

 លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់ខេមបូចា​ថា ក្រុមអធិការកិច្ច​ការ​ងាររបស់ក្រសួងបានចុះទៅតាម​រោងចក្រ​សរុបចំនួន៣៥៣លើក ចាប់តាំងពីឆ្នាំ ២០​២១មក​ ហើយបានរកឃើញថា៖ «គ្មានការប្រើប្រាស់ពលកម្មកុមារ និងទាសភាពបំណុលនោះទេ»។

លោកមាន​ប្រសាសន៍​ថា ក្រសួង​បាន​ធ្វើ​ការ​ងារ ដើម្បី​លុប​បំបាត់​ពលកម្ម​កុមារ ហើយ​នឹង​ស៊ើប​អង្កេត​ក្នុងករណី​សង្ស័យ​ណា​មួយ។ លោក​បាន​បន្ត​ថា ការ​បំពានច្បាប់​​​អាច​នាំ​ឱ្យ​មាន​​ការ​ពិន័យ ការ​បិទ​អាជីវកម្ម ឬ​ប្រឈមនឹងបទល្មើស​ព្រហ្មទណ្ឌ។ 

អ្នកនាង ណាលី ពីឡូក​ នៃអង្គការលីកាដូ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការ​ណ៍ថា៖ «ការ​សម្តែង​របស់អាជ្ញាធរក្នុងការចុះ​ត្រួតពិនិត្យលើ​សិប្ប​កម្ម​ផលិត​ឥដ្ឋ ហើ​យ​ចុងក្រោយ​បដិសេធថា មិនមានបញ្ហាទាំង​នេះ​ គឺជាកិច្ចប្រឹងប្រែងបែប​អវិជ្ជមាន​ ដើម្បី​តែ​លាក់​បាំងការពិត»។ 

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ខេមបូចា​ថា រដ្ឋាភិបាលស្នើឱ្យក្រុមអង្គការ​សង្គមស៊ីវិលនៅកម្ពុជារក្សាភាពមិនលម្អៀង​ និងទទួលយក «កិច្ចខិតខំប្រឹងប្រែង» របស់រដ្ឋាភិបាល។

លោក​បាន​បន្ត​ថា​៖ «​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ [​ពលកម្ម​កុមារ និង​ការ​បញ្ចាំខ្លួន​ដោះ​​បំណុល​] ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​ទោះ​ជា​យ៉ាង​ណា វា​នៅ​មាន​ករណី​មួយ​ចំនួនតូច​​ [​នៃ​ពលកម្ម​កុមារ​]»។

លោក​មាន​ប្រសាសន៍​​ថា ​បច្ចុប្បន្ន​នេះ​មាន​ពលកម្ម​កុមារ «មិន​ច្រើន​ទេ» ​នៅ​ក្នុង​ប្រ​ទេស។ លោកថា រដ្ឋាភិបាល​បាន​ធ្វើ​ការ​អប់រំ​ឪពុក​ម្តាយ​​កុំ​ឲ្យ​កូន​ៗរបស់​គាត់​ធ្វើ​ការ​តាម​របៀប​មិន​ស្រប​​ច្បាប់ ប៉ុន្តែ​អ្នក​ខ្លះ​នៅ​តែ​ប្រើ​កូន​ឱ្យជួយធ្វើ​ការ​​ដែល «វាជា​​ទំនៀមទម្លាប់​»។ 

លោកស្រី​ ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស (NCCT) បានទទួលស្គាល់ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល គឺជាទម្រង់នៃការជួញដូរ​មនុស្ស ប៉ុន្តែលោកស្រីមានប្រសាសន៍ថា ករណីទាំង​នេះ​ចាំបាច់ត្រូវវាយតម្លៃដោយអ្នកជំនាញ​តាមគោលការណ៍កំណត់អត្តសញ្ញាណ​ ដែលគូសបញ្ជាក់ដោយ NCCT។ 

លោក​ស្រីបានប្រាប់អ្នកយកព័ត៌មានខេមបូចា​តាមទូរសព្ទជាការឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការលីកាដូថា៖ «ការចេញផ្សាយ​ដោយគ្មានការ​ព្រមព្រៀង ឬមូលដ្ឋានសម្រាប់ការកំណត់អត្តសញ្ញាណមិនមែនជារឿងដែលត្រូវធ្វើនោះទេ»​ដោយបន្ថែមថា NCCT គឺ «ងាយរងគ្រោះដោយសារការចេញផ្សាយ​ [របាយការណ៍] ដោយគ្មានអត្តសញ្ញាណត្រឹមត្រូវ»។

កាលពីខែកញ្ញា លោកស្រី ជូ ប៊ុនអេង បានប្រាប់ខេមបូចា​ថា វា «ពិបាកនឹងទទួល​យក»​ ការរកឃើញ​នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិដែលថា យ៉ាងហោចណាស់មនុស្ស១០០.០០០នាក់ត្រូវបានបង្ខំឲ្យ​ធ្វើ​ការ​ងារ​ឆបោក​តាម​អន​ឡាញ​នៅក្នុងប្រទេសកម្ពុជាដោយអះអាងថា របាយការណ៍នេះបាន​បញ្ចូលតួលេខដោយគ្មានភស្តុតាង។ 

លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា៖ «ប្រសិនបើជាករណីដែលកុមារធ្វើការជាអ្នកបម្រើតាមផ្ទះ នៅសិប្បកម្ម​ផលិត​ឥដ្ឋ ឬនៅភោជនីយដ្ឋាន ឬផ្ទះសំណាក់ នោះគឺជាការជ្រើសរើសដោយមិនមានច្បាប់អនុញ្ញាត។ យើង​មិន​លើក​ទឹក​ចិត្ត​ទេ ហើយ​ក៏​មិន​មាន​​ច្បាប់​ណា ​ដែល​អនុញ្ញាត​ឱ្យ​មាន​ពលកម្ម​កុមារ​តាម​មធ្យោបាយ​ទាំង​នេះ​ដើម្បី​​ដោះស្រាយ​បំណុល ឬ​ជីវភាព​គ្រួសារ​ដែរ»។

លោក​បាន​ទទួល​ស្គាល់​ថា ពលកម្ម​កុមារ​បាន​កើត​ឡើង​នៅ​តាម​សិប្បកម្ម​ផលិត​​ឥដ្ឋ​  «ជា​យូរ​មក​ហើយ​» ។ លោកថា ក្រសួងនឹងប្រើប្រាស់របាយការណ៍របស់អង្គការ​លីកាដូ ដើម្បីជួយដោះស្រាយបញ្ហាពលកម្មកុមារ ហើយនឹងបញ្ជូនរបាយ​ការណ៍​នេះ​ ទៅក្រុមប្រឹក្សាជាតិកម្ពុជា​ ដើម្បីកុមារ ដើម្បីឆ្លើយតបបន្ថែមទៀត។

លោកមិនបានឆ្លើយតបទៅនឹងសំណួររបស់ខេមបូចា​ ដែលសួរថា តើក្រសួងបាន​ចេញការលើកលែងណាមួយដែលអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ១៦​ឆ្នាំឡើងទៅធ្វើការនៅតាម​សិប្ប​កម្ម​ផលិត​ឥដ្ឋក្នុងប្រទេសកម្ពុជាដែរឬទេ​​ ដែលក្រសួងនេះ​អាចធ្វើបាន​បើ​តាមច្បាប់កម្ពុជា

លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ មិន​បាន​ឆ្លើយ​តប​នឹង​​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

សំណល់​កាត់ដេរត្រូវ​បានគេ​គរ​ទុកនៅ​ក្រៅ​ឡដុត​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​ចំ​នួន​ពីរ​កន្លែង​កាល​ពី​​ខែ​ឧសភា ឆ្នាំ​២០២៣។ (រូបភាពផ្តល់ឲ្យដោយ​អង្គការលីកាដូ)

សំណល់កាត់ដេរ​​​ម៉ាក​​អន្តរជាតិ​ល្បីៗ​ត្រូវ​បាន​គេ​ដុត​នៅតាម​សិប្ប​កម្ម​​ឡ​ឥដ្ឋ

ស្លាក​ដែលមានឈ្មោះ​ Walmart, Under Armour និង Gap ស្ថិត​នៅ​លើ​គំនរក្រណាត់​​នៅសិប្ប​កម្ម​ឡ​ឥដ្ឋនៅឆ្នាំនេះ ដូចដែលបានកត់ត្រានៅក្នុងរូបភាព​ដែលបាន​ថតដោយ​បុគ្គលិកអង្គការលីកាដូ។ ក្រុម​ការងារ​អង្គការ​ក្រៅ​រដ្ឋាភិបាលនេះ​​បាន​រក​ឃើញ​សំណល់​រោង​ចក្រ​​​ម៉ាករបស់​ក្រុមហ៊ុន​​អន្តរជាតិល្បីៗ​ចំនួន១៩ នៅ​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ចំនួន៧កន្លែង​។ 

សំណល់ក្រណាត់ ជ័រកៅស៊ូ និងផ្លាស្ទិកពី​ឧស្សាហកម្មកាត់ដេរ ត្រូវបានប្រើ​លាយ​ជាមួយអុស​ ដើម្បីដុតឡឥដ្ឋនៅសិប្ប​កម្ម​ផលិត​ឥដ្ឋ ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​បរិស្ថាន និងសុខភាពសហគមន៍មូលដ្ឋាន។ កម្មករ​បាន​រាយការណ៍​ពី​អការៈឈឺក្បាល និង​បញ្ហា​ដក​ដង្ហើម ​ដែល​បណ្តាល​មក​ពី​ការ​ដុត​សំណល់​កាត់​ដេរ​។ 
ច្បាប់​កម្ពុជា​តម្រូវ​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន និង​បំផ្លាញ​ចោល​សំណល់​កាត់ដេរ​ ដែល​គេចាត់​ទុក​ថា ​មាន​គ្រោះថ្នាក់​ ដោយ​​ក្រុមហ៊ុន​និង​​ដោយ​មាន​ការ​អនុញ្ញាត​ពី​ក្រ​សួង​​បរិស្ថាន។ លោក ផៃ ប៊ុនឈឿន អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន មិន​បាន​ឆ្លើយ​តប​​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ក្នុងចំណោមម៉ាកយីហោទាំង១៩ ដែលអង្គការ​លីកាដូបានទាក់ទងទៅ​នៅថ្ងៃទី២៤ ខែតុលា ម៉ាកក្រុមហ៊ុន Adidas និង Lululemon បានប្រាប់អង្គការនេះថា ពួកគេនឹងស៊ើបអង្កេតការរកឃើញនេះ។ 

ក្រុមហ៊ុន Adidas បានឲ្យ​ឆ្លើយតបតាម​អ៊ីមែលមួយមកកាន់ខេមបូចា​ថា ប្រសិនបើការស៊ើបអង្កេតរបស់ខ្លួនរកឃើញថា ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុនមានជាប់ពាក់ព័ន្ធក្នុងការបង្វែរសំណល់ទៅសិប្ប​កម្ម​ឡដុតឥដ្ឋនោះ៖ «វាគឺ​ការ​រំលោភ​បំពានលើគោលការណ៍របស់យើង ហើយឈានទៅដល់ការអនុវត្តន៍ច្បាប់»។

ក្រុមហ៊ុនលក់រាយរបស់អាល្លឺម៉ង់ Lidl ដែលជាម្ចាស់យីហោសម្លៀកបំពាក់ Lupilu បានបញ្ជាក់នៅក្នុងអ៊ីមែលមួយមក​កាន់ខេមបូចា​ថា ក្រុមហ៊ុនបាន៖ «ផ្តួច​ផ្តើម​ឲ្យ​មាន​ការស៊ើបអង្កេតបន្ថែម»ទៅលើអ្វីដែលអង្គការ​លីកាដូបានរាយការណ៍​។​

អ្នកនាំពាក្យក្រុមហ៊ុន​ Lidl បានលើក​ឡើង​នៅក្នុងអ៊ីមែលថា៖ «ការស៊ើបអង្កេតត្រូវតែធ្វើឡើងដោយមិនលម្អៀង​ ហើយដូច្នេះ វាត្រូវការ​ពេលខ្លះដើម្បីកំណត់អំពី​ការរំលោភបំពាន​ និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព។ ដោយសារតែនីតិវិធីកំពុងបន្ត យើងមិនអាចផ្តល់ឱ្យអ្នកនូវព័ត៌មានបន្ថែមណាមួយបានទេ»។

អង្គការ​លីកាដូ​រក​ឃើញ​សំណល់​យីហោ​ Reebok នៅ​សិប្បកម្មឡ​​ឥដ្ឋ​ចំនួន​បីកន្លែង ​ដែល​​ពីរកន្លែង​ត្រូវបាន​​ថត​កាល​ពី​​​ខែ​ឧសភា ឆ្នាំ​២០២៣។ (រូបភាពផ្តល់ឲ្យ​ដោយ​អង្គការលីកាដូ)

នៅក្នុងអ៊ីមែលផ្ញើមកកាន់ខេមបូចា​ តំណាងទំនាក់ទំនងរបស់ក្រុមហ៊ុន Otto (GmbH & Co KG) ដែលជាម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់អាមេរិកឈ្មោះ​ Venus Fashion បានសរសេរថា៖ «យើងសូមកោតសរសើរចំពោះការ​ប្រឹងប្រែង​របស់អ្នកដែលលើក​ឡើង​នូវ​កង្វល់បែបនេះមក​​យើងខ្ញុំ​ ហើយយើងខ្ញុំ​ប្តេជ្ញាដោះស្រាយការ​ចោទប្រកាន់ទាំងនេះប្រកបដោយតម្លាភាព និងចាត់វិធានការសមស្រប»។

ក្រុមហ៊ុនសម្លៀកបំពាក់របស់ចក្រភពអង់គ្លេសឈ្មោះ​ Sweaty Betty ដែលកាន់​កាប់​ដោយ​​ក្រុមហ៊ុន Wolverine World Wide, Inc. បានឲ្យខេមបូចា​ដឹង​តាម​អ៊ីមែលថា៖​ «អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន​ Sweaty Betty នៅជុំវិញពិភពលោក ប្តេជ្ញាគោរព​តាម​ក្រមសីលធម៌បរិស្ថានដ៏តឹងរ៉ឹងរបស់យើង។ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្វាក់ផ្គត់ផ្គង់របស់យើង ដើម្បីធានាបាននូវការអនុវត្ត​ពេញលេញ​»

គិតត្រឹមម៉ោង៣រសៀលនៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន ​មិន​បាន​ឆ្លើយ​តប​ទៅ​អង្គការ​លីកាដូទេ នេះបើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​នេះ។

ក្រុមហ៊ុន​សម្លៀក​បំពាក់ C&A ដែល​គ្រប់គ្រង​ដោយក្រុមហ៊ុន COFRA Holding AG បាន​ឲ្យ​ខេមបូចា​ដឹងតាម​អ៊ីមែលថា៖ «យើងតាមដានយ៉ាងដិតដល់ចំពោះអ្នកផ្គត់ផ្គង់របស់យើង តាមរយៈការវាយតម្លៃដែលបានផ្ទៀងផ្ទាត់ដោយ​ភាគីទីបី និងមាន​ការ​ចុះពិនិត្យ​ផ្ទាល់​ដោយបុគ្គលិកក្នុងស្រុកផងដែរ​។ ប្រសិនបើ​យើង​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី នោះ​យើង​នឹង​ស៊ើបអង្កេត​វា​ភ្លាមៗ»។​

គិតត្រឹមម៉ោង៣រសៀលនៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន​មិន​បាន​ឆ្លើយ​តប​ទៅ​អង្គការ​លីកាដូទេ នេះបើតាម​ការ​លើក​ឡើង​របស់​អង្គការ​នេះ​។

លោក Neel Prasad អនុប្រធានសង្វាក់ផ្គត់ផ្គង់និងធនធានសកល (Global Sourcing & Supply Chain) នៅក្រុមហ៊ុន​លក់រាយមួកកាណាដាឈ្មោះ Tilley បានប្រាប់​ខេមបូចា​តាម​អ៊ីមែលថា៖​ «យើងមិនអាចធ្វើអត្ថាធិប្បាយអំពីប្រភពដើមនៃការវេចខ្ចប់ដែលបាន​បង្ហាញក្នុងឯកសាររបស់​អង្គការ​លីកាដូនោះទេ ប៉ុន្តែយើង​អាចបង្ហាញថា រោងចក្រដែលប្រើសម្រាប់ផលិតកម្មនៅ​ឆ្នាំ២០២១ មានកិច្ចសន្យាចាំបាច់ ដើម្បីធានាការបំផ្លាញ​ចោលកាកសំណល់ប្រកបដោយសុវត្ថិភាពស្របតាមច្បាប់ក្នុងតំបន់»។

ខេមបូចា​មិនបានទទួលការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Walmart, Disney, Lululemon, Under Armour, Gap, Authentic Brands Group (ម្ចាស់ក្រុមហ៊ុន Reebok), Associated British Foods plc (ម្ចាស់ម៉ាកសម្លៀកបំពាក់ Primark), LPP (ម្ចាស់ម៉ាកសម្លៀកបំពាក់ Cropp និង Sinsay), Karbon ឬ Kiabi ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGO Licadho Finds Child Labor, Debt Bondage in Cambodia’s Brick Factories

 
299 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម