សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិលជំរុញឱ្យបង្កើតគោលនយោបាយសុវត្ថិភាពកម្មករសម្រាប់កម្រិតរោងចក្រ

កម្មករធ្វើដំណើរទៅធ្វើការតាមរយៈរថយន្តនៅជាយរាជធានីភ្នំពេញ។ រូបថតកាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករធ្វើដំណើរទៅធ្វើការតាមរយៈរថយន្តនៅជាយរាជធានីភ្នំពេញ។ រូបថតកាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ដែល​ធ្វើ​ការ​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ជា​ថ្មី​ម្ដង​ទៀត​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​អនុវត្ត​គោលនយោបាយ​នៅ​តាម​រោងចក្រ​ស្ដី​ពី «​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករនិយោជិតកម្ពុជា» និង​​ដាក់​កំហិត​ឱ្យ​រោង​ចក្រត្រូវ​តែ​​អនុវត្ត។​​​

កាលពី​ថ្ងៃទី​១ ខែធ្នូ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បាន​រៀប​ចំ​សិក្ខាសាលា​មួយ​ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​ការ​អនុវត្ត​ល្អៗ​ក្រោយ​ពី​មាន​ការ​អនុវត្ត​កម្មវិធី សុវត្ថិភាពចរាចរណ៍​សម្រាប់​កម្មករនិយោជិតកម្ពុជា (CSCW)​ សម្រាប់​រយៈពេល​បួន​ឆ្នាំ​កន្លង​មក​។ អ្នក​ចូល​រួម​មាន​ប្រហែល​១០០​នាក់​មាន​មន្ត្រី​រដ្ឋាភិបាល​ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ តំណាង​ខាង​រោងចក្រ និង​សហជីព​ជាដើម​។​ 

​អ្នកគ្រប់​គ្រង​កម្មវិធី​របស់​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា អ្នក​ស្រី ធីម សុខា មាន​ប្រសាសន៍​​ថា ​​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ ស្ថាប័ន​របស់​ខ្លួន​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​អ្នក​បណ្ដុះបណ្ដាល​ចំនួន​៤៥០​នាក់ ក្នុង​រោង​ចក្រ​គោលដៅ​ចំនួន​៣០ ដើម្បី​កសាង​សមត្ថភាព​លើ​គោល​នយោបាយ​សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ក៏​ដូចជា​ការ​បង្កើន​ការ​យល់​ដឹង​លើ​គម្រោង​មួយ​ទៀត​ហៅ​ថា «ហ៊ាននិយាយ» ដោយ​បាន​បណ្ដុះ​បណ្ដាល​​ប្រធាន​ក្រុម​ឲ្យ​ក្លាយ​ជា​មនុស្ស​បង្គោល​សម្រាប់​កម្មករ​លើក​បញ្ហា​អំពី​អសុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​។​

កម្មវិធី​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍ដោយ​ផ្ទាល់​ទៅកម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​ចំនួន​​៧៥ ០០០​នាក់ និង​អ្នក​បើក​បរ​ចំនួន​២ ៦០០​នាក់​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​។ មូលនិធិ​បង្ការ​របួស​អាស៊ី​ក៏​បាន​រៀប​ចំ​សិក្ខាសាលា​​ និង​វគ្គបណ្ដុះ​បណ្ដាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ដៃគូ​ពាក់​ព័ន្ធ​ជាង​២ ០០០ និង​ការចេញបាន​ចែក​ឯកសារ​បោះពុម្ព​ទាក់​ទឹង​នឹង​កម្ម​វិធី​ចំនួន​១៥០​​។​

តាម​រយៈ​ភាព​ជោគ​ជ័យ​នេះ អ្នកស្រី សុខា មាន​ថ្លែងថា៖ «ដោយ​ផ្ដោត​សំខាន់​លើ​ធាតុ​បី​សំខាន់ ធ្វើ​ឲ្យ​កម្មករ​មាន​ចំណេះដឹង​កើន​ឡើង​ទាក់​ទង​នឹង​សុវត្ថិភាព​ចរាចរណ៍ និង​ឥរិយាបទ​នៃ​ការ​ប្រើ​ប្រាស់​ផ្លូវ​ ដូចជា​ការ​ពាក់​​មួក​សុវត្ថិភាព​ទៅ​តាម​ការ​ផ្សព្វ​ផ្សាយ​»។ អ្នកស្រី​បន្តថា៖ «ក្នុង​ន័យ​សុវត្ថិភាព​ចរាចរណ៍ ផែនការ​ថ្នាក់​ជាតិ​រំពឹង​ថា​នឹង​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​​ឲ្យ​បាន​៥០​ភាគ​រយ​​ក្នុង​រង្វង់​១០​ឆ្នាំ​»។​

អ្នកស្រី​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា​បញ្ហាប្រឈម​ដែល​កំពុង​កើត​មាន​​គឺ​មាន​ទាំង​ការ​មិន​ចូល​រួម​របស់​អ្នក​បើក​បរ និង​ការ​ពាក់​មួក​សុវត្ថិ​ភាព​នៅ​មាន​កម្រិត​ទាប​ចំពោះ​កម្មករ​និយោជកាត់ដេរ បើ​ធៀប​នឹង​ក្រុម​គោល​ដៅ​របស់​កម្មវិធី​​។​

ដូច​នេះ អ្នកស្រី​បានជំរុញ​ឲ្យ​រោងចក្រគោលដៅទាំង​៣០​ឲ្យ​បន្ត​​តាម​ដាន​គោល​នយោបាយ​សុវត្ថិភាព​ចរាចរណ៍​ដែល​មាន​ស្រាប់ និង​ជួយ​សម្រួល​ដល់​ម៉ោងពេល​ធ្វើ​ការ​របស់​កម្មករ ពិសេស​​ប្រធានក្រុម​ដើម្បី​ឲ្យ​បាន​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល ក៏ដូចជា​អនុវត្ត​ផែនការ​សកម្ម​ភាព​។​ អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ខាង​សហជីព​ដោយ​ថា​សហជីព​​គឺ​ដើរ​តួ​សំខាន់​ក្នុង​ការ​ណែនាំ​ដល់​កម្មករ​អំពី​សុវត្ថិភាពចរាចរណ៍​។​

ចំពោះ​រដ្ឋាភិបាល​វិញ អ្នកស្រី​បានជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​កម្រិត​រោងចក្រ​ស្ដី​អំពី​សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា និង​អនុវត្ត​ឲ្យ​បាន​ទូទាំ​ង​ប្រទេស​។​

អគ្គនាយក​រង​នៃ​បេឡាជាតិ​សន្តិសុខសង្គម និង​ជា​ប្រធាន​ក្រុម​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​កម្មករ លោក ហេង សុផាន់ណារិទ្ធ ថ្លែង​ក្នុង​សិក្ខា​សាលាថា​​នៅ​ពីរ​ឆ្នាំ​ខាង​មុខ​ក្រ​សួង​ការងារ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​សិក្សា​អំពី​យន្ដការ​គាំទ្រ និង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ ដែល​​ស្រប​ទៅ​តាម​បទដ្ឋាន​ច្បាប់​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កម្មករ​នៅ​ឆ្នាំ​២០២៧​។​

លោក​មាន​ប្រសាសន៍ទៀត​ថា៖ «នេះ​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​គិត​គូរ​គ្រប់​ចំណុច​[ទាក់ទង]​នឹង​​កម្មករ មិន​មែន​ត្រឹម​តែ​បញ្ហា​សុខ​ភាព​នោះទេ​។ សូម្បី​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ក៏​ជា​កង្វល់​របស់​រដ្ឋាភិបាល​ដែរ»។ យ៉ាង​ណា​លោក​មិន​បាន​និយាយ​ដល់​ការ​បង្កើត​គោល​នយោបាយ​នោះ​ទេ​។​

តំណាង​សហជីព​ពាក់​អាវយឺត​មាន​សរសេរសារ​ជំរុញ​ការ​យល់​ដឹង​ «ហ៊ាន​និយាយ» និង​ «ជីវិត​អ្នក និង​គ្រួសារអ្នក​ស្ថិត​ក្នុង​ដៃ​អ្នក ត្រូវ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព»។ រូបភាព​ថ្ងៃទី​១ ខែធ្នូ​ ឆ្នាំ​២០២៣។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

បើ​តាម​លោក សុផាន់ណារិទ្ធិ ពី​ខែ​មករាដល់​ខែ​តុលា ក្នុង​ឆ្នាំ​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ ៣ ៨៨២​លើក មាន​ជនរងគ្រោះ​ ៤ ៩៩៨​នាក់ រួម​មាន​អ្នក​ស្លាប់​ចំនួន​១១២​នាក់ ខណៈ​​អ្នក​រង​របួសធ្ងន់​ចំនួន​១ ៣៣៩​នាក់ និង​អ្នក​របួស​ស្រាល​ចំនួន​៣ ០៤៧​នាក់​។ ក្នុង​ចំណោម​​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងនេះ​មាន​១៤​លើក​ជា​រថ​យន្ដ​ដឹក​កម្មករ ដែល​មាន​ជន​រង​គ្រោះ​​ចំនួន​២៣៨​នាក់ បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ម្នាក់ របួស​ធ្ងន់​៥៤​នាក់ និង​របួស​ស្រាល​១៨៣​នាក់​។​

ដោយ​ឃើញ​ពី​ការ​បន្ត​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ លោក​ថា​ក្រ​សួង​បាន​រៀប​ចំ​ក្រុម​ការ​ងារ​​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​សម្រាប់​កម្មករ​ដើម្បី​អប់​រំ បណ្ដុះ​បណ្ដាល និង​រៀប​ចំ​ការ​ប្រឡង​​យក​បណ្ណ​បើក​បរ​។​ ជាមួយ​គ្នា​នេះ​ដែរ ក៏​បាន​សហការជាមួយ​ទីតាំង​​ត្រួត​ពិនិត្យ​​បច្ចេក​ទេស​​យានយន្ត និង​អគ្គស្នងការ​នគរបាល​ជាតិ​​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​រថយន្ដ​ដឹក​កម្មករ​។​

លោក​ថា​ក្រុម​ការងារ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​បើក​បរ​ឲ្យ​គោរព​ច្បាប់ចរាចរណ៍​ដើម្បី​បង្កើន​សុវត្ថិភាពកម្មករ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​របស់​កម្មករ​។ លោក​បញ្ជាក់ថា​ក្រុម​ការងារ​នេះ​មាន​សមាសភាព​ចម្រុះ​មក​ពី​ខាង​រដ្ឋាភិបាល អង្គការ​ជាតិ និង​អន្តរជាតិ​។​

ដើម្បី​បង្កើន​សុវត្ថិភាពកម្មករ​ពេល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ លោក​ជំរុញ​ឲ្យ​កម្មករ​ពាក់​មួកសុវត្ថិ​ភាព​ពេល​បើក​បរ​ម៉ូតូ មិន​ថា​ធ្វើ​ដំណើរ​ផ្លូវ​ឆា្ងយ​ឬជិត​ ហើយ​អ្នក​បើក​បរ​រថយន្ត​វិញ​ត្រូវ​បើក​តាម​ល្បឿន​​កំណត់​របស់​ច្បាប់ និង​គោរព​ស្លាក​សញ្ញាចរាចរណ៍ ពាក់​ខ្សែក្រវ៉ាត់​ឲ្យ​បាន​ត្រឹមត្រូវ កុំ​វ៉ាជែង​ដោយ​ប្រថុយ​ប្រថាន និង​មិនត្រូវ​ប្រើ​ប្រាស់ទូរស័ព្ទពេល​បើក​បរ​។​ លោក​បន្ថែម​ថា៖ ​«​សូម​​កុំ​ដាក់​អ្នក​ជិះ ឬទំនិញ​​លើស​ចំណុះ»។​

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​​របស់​កម្មករ​អាច​មាន​ការ​ថយ​ចុះ​​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ថា​មិន​ចុះ​ច្រើន​នោះ​ទេ។​

លោក ប៉ាវ ស៊ីណា ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលាដែរ​នោះ មាន​ប្រសាសន៍ទៀតថា​បញ្ហា​រថយន្ដ​ដឹក​កម្មករ​នៅ​តែ​ជា​បញ្ហា​រសើប​របស់​កម្មករ និង​អ្នក​ពាក់​ព័ន្ធ​  ដែល​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត និង​មានការ​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​។​

​ទាក់ទង​នឹង​ការ​ចង់​ឲ្យ​បង្កើត​គោលនយោបាយ​សម្រាប់​រោង​ចក្រ លោក​ថា​ពិត​ជា​មាន​សារៈ​សំខាន់​​សម្រាប់​កម្មករ និយោជក និង​អ្នក​ពាក់​ព័ន្ធ ដើម្បី​អាច​ពិនិត្យ​វឌ្ឍនភាព​របស់​​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា។​ បើ​សិន​ជា​មិន​មាន​ការ​អនុវត្ត​បាន​ទូលំ​ទូលាយទេ លោក​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​ប៉ះពាល់​ដល់​ផលិតកម្ម​របស់​រោង​ចក្រ និង​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​ចំណូល​ដូច​គ្នា​។​

លោក​បន្ត​ថា៖ «​ពេល​កម្មករ​មាន​របួស ពួកគាត់មិន​អាច​ធ្វើ​ការ​បាន ដែល​វា​ប៉ះពាល់​ដល់​ខ្សែ​​   ផលិត​កម្ម​របស់​រោងចក្រ ធ្វើ​ឲ្យ​ដំណើ​រ​ការ​មិន​បាន​ល្អ​។ ជា​ការ​ពិតវា​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​ផ្លូវ​ចិត្ត​របស់​កម្មករ​ដូច​គ្នា ព្រម​ទាំង​សមាជិកគ្រួសារ​របស់​ពួកគាត់ដែរ។ កម្មករ​ដែល​​រងរបួស​អាច​បាត់​បង់​ចំណូល និង​បង្កើន​​​បន្ទុក​គ្រួសារ​បន្ថែម​​»

លោក​បន្ថែម​ថា ​និយោជក​ក៏​រង​ផល​ប៉ះ​ពាល់​ដូច​គ្នា​។​ លោក ប៉ាវ ស៊ីណា បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ​ពិនិត្យ​លើ​គ្រប់​រោងចក្រ និង​ធានា​ថា​​ពួក​គេ​បាន​ចុះ​បញ្ជីត្រឹមត្រូវ និង​បាន​បំពេញ​នីតិវិធី​សម្រាប់​បទបញ្ញត្តិ​​ក្នុង​ស្រុក​បាន​ត្រឹមត្រូវ​។ លោក​ជឿ​ថាបើ​ក្រ​សួង​ទាមទារ​ឲ្យ​អនុវត្​តគោលនយោបាយ​នៅ​ក្នុង​រោង​ចក្រ និយោជក​នឹង​មិន​បដិសេធទេ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Urge to Form Factory-level Workers’ Commuting Safety Policy

256 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម