អ្នកសារព័ត៌មានប្រាំបួនរូបត្រូវបានចាប់ខ្លួន ដោយរងការចោទថាប៉ុនប៉ងជំរិតទារប្រាក់ពីអ្នកដឹកឈើធ្វើផ្ទះ

អ្នកសារព័ត៌មានត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីសាកសួរជុំវិញការចោទប្រកាន់ថាបានជំរិតទារប្រាក់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ រូបថតផ្ដល់ឲ្យ
អ្នកសារព័ត៌មានត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីសាកសួរជុំវិញការចោទប្រកាន់ថាបានជំរិតទារប្រាក់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ រូបថតផ្ដល់ឲ្យ

អ្នកសារព័ត៌មាន​អនឡាញ​ចំនួន​ប្រាំ​បួន​រូប​ រួម​ទាំង​និពន្ធ​នាយក​រង​ម្នាក់​ផង ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា​បាន​ប៉ុន​ប៉ង​ជំរិត​ទារ​ប្រាក់ពី​អ្នក​ដឹក​ឈើ​ធ្វើ​ផ្ទះ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ បច្ចុប្បន្ន​អ្នក​សារព័ត៌មាន​ទាំង​ប្រាំ​បួន​រូប​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​សួរ​នៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​។​

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​​នេះ​បាន​ធ្វើឡើង​នៅក្នុង​ស្រុក​ថាឡាបរិវ៉ាត់​។

លោកមានប្រសាសន៍ថា៖ «​យើង​[កង​រាជអាវុធហត្ថ​] បាន​ចាប់​ខ្លួន​ពួកគេ ហើយ​ឥឡូវនេះ​កំពុង​បន្ត​នីតិ​វិធី»។ យ៉ាងណា លោក​បាន​បដិសេធ​និយាយ​លម្អិត​លើ​រឿង​នេះ​។​

លោក ម៉ែន គង់ អ្នកនាំ​ពាក្យ​សាលាខេត្ត​ស្ទឹង​ត្រែង មាន​ប្រ​សាសន៍​ថា​អ្នក​សារ​ព័ត៌មាន​ទាំង​ប្រាំបួន​រូប​ត្រូវ​ឃាត់​ខ្លួន​ដោយ​រង​ការ​ចោទ​ថា​បាន​ជំរិត​ទារ​ប្រាក់ និង​បាន​ឃាត់​រថយន្ត​អ្នក​ដឹក​ឈើ​សម្រាប់​ធ្វើ​ផ្ទះ​។

លោកមានប្រសាសន៍​ថា៖ «​ខាង​កង​រាជអាវុធហត្ថ​បាន​រាយការណ៍​មក​ថា[អ្នកកាសែត] ទាំង​នោះ​បាន​ទារ​ប្រាក់​​ចំនួន​៤ ០០០​ដុល្លារ​ពី​អ្នក​ភូមិ​ដែល​បាន​ដឹក​ឈើ​សម្រាប់​ធ្វើ​ផ្ទះ»។ លោក​បន្ថែម​ថា មន្ត្រី​កង​រាជអាវុធហត្ថ​កំពុង​សាកសួរ​អ្នក​ទាំង​នោះនៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​។​

មន្ត្រី​កង​រាជអាវុធហត្ថ បដិសេធ​ផ្ដល់​ឈ្មោះ​អ្នក​សារព័ត៌មាន​ទាំង​ប្រាំបួន​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ និង​បាន​ឲ្យ​មើល​ឈ្មោះ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​វិញ​។ លោក ជា​ សុភ័ក្ត្រ ព្រះ​រាជអាជ្ញារងខេត្តស្ទឹង​ត្រែង​ មាន​ប្រ​សាសន៍​ថា មន្ត្រី​មិន​ទាន់​បញ្ជូន​សំណុំ​រឿង​នេះ​មក​តុលាការ​នៅឡើយ​ទេ​។​

​សារព័ត៌មានអន​ឡាញ​ក្នុង​ស្រុក AMS បានបង្ហាញ​ឈ្មោះ​អ្នក​កាសែត​ត្រូវ​ចាប់​ខ្លួន​នោះ​មាន លោក​អ៊ិត ឫទ្ធី អាយុ​៤៧​ឆ្នាំ លោកបុល ថៃ អាយុ​២២​ឆ្នាំ និង​លី​ធា អាយុ​៤១​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​អនឡាញ​ PDA HOTNEWS។ ចំណែក​ ណុប ប៊ុនធីម វ័យ​៤២​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ BPNEWS ហើយ​ឈ្មោះ គង់ សុធារើន វ័យ​៤៣​ឆ្នាំ ជា​និពន្ធនាយករង សារព័ត៌មាន​ CCN.Daily។ សម្រាប់​ឈ្មោះ​ លី វ៉ាន់ វ័យ​៣៦​ឆ្នាំ ជា​ជំនួយ​ការ​ផ្សាយ​របស់​សារព័ត៌មាន RMR-NEWS និង​ឈ្មោះ​ សំ រដ្ឋា វ័យ​៣១ឆ្នាំ ច្រែស សុខុន វ័យ​៤១ឆ្នាំ ជាមួយ​នឹង​ឈ្មោះ អឿន សុខហេង វ័យ​៣៦​ឆ្នាំ មិន​មានស្ថាប័ន ច្បាស់​លាស់​។ ​​

​ លោក ម៉ម ឈិន ចាងហ្វាង​សារព័ត៌មាន​ PDA HOTNEWS បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។​

លោកមានប្រសាសន៍​ថា៖ «ក្នុង​ចំណោម​ពួកគេ​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណាជា​អ្នក​គំរាម​ទារ​ប្រាក់​នោះទេ»។ លោក​បន្ថែមថា ប្រហែល​ជា​អ្នក​ផ្សេង​ក្នុង​ក្រុម​​អ្នក​ទាំងទាំង​ប្រាំ​បួន​ បានគំរាម​ទារ​ប្រាក់​នេះ​។​

លោក​មានប្រសាសន៍ថា៖ «​ពួកគេ​គ្រាន់​តែ​ទៅ​ជាមួយ​គ្នា​[អ្នក​យកព័ត៌មាន​] ហើយ​បុគ្គលិក​ខ្ញុំ​មិន​ហាន​ប្រព្រឹត្ត​[ការ​ទារ​ប្រាក់​] ទេ»។​

លោក​បានបន្ថែម​ថា៖ «​ខ្ញុំ​ដឹង​ច្បាស់​ថា​បុគ្គលិក​របស់​ខ្ញុំ​មិន​​ជំរិត​ទារ​ប្រាក់​ដូច​នេះ​ទេ ពីព្រោះ​ខ្ញុំ​បាន​ណែនាំ​ពួកគេ​ច្បាស់​លាស់​ណា​ស់​មិន​ឲ្យ​ជំរិត​ទារ​ប្រាក់ ប៉ុន្តែ​បើ​ពួកគេ​យក​ប្រាក់​គេ​ឲ្យ​ដោយ​ទឹក​ចិត្តមនោសញ្ចេតនា វា​មិន​ជា​បញ្ហា​ទេ»។

លោក ឈិន អះអាង​ថា លោក​បាន​ណែ​នាំ​បុគ្គលិក​ទាំង​អស់​ឲ្យ​ប្រកាន់​ខ្ជាប់​បទដ្ឋាន​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។​ លោ​ក​បាន​ទាក់​ទង​ទៅ​សមាគម​អ្នក​កាសែត​ឲ្យ​​ជួយ​លើ​ករណី​ចាប់​ខ្លួន​នេះ​។​

ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ BPNEWS ដែល​ប្រាប់​ត្រឹម​ឈ្មោះ​ថា សុជាតិ បាន​ឲ្យ​ដឹង​ថា​លោក​បាន​ដឹង​ពី​រឿង​ចាប់​ខ្លួន​បុគ្គលិក​ម្នាក់​របស់​លោក និង​ថា​កំពុង​ព្យាយាម​ជួយ​បុគ្គលិក​រូប​នោះ​។​​

លោក​បញ្ជាក់ថា៖ «​ខ្ញុំ​មិន​ដែល​ឃើញ​គាត់​ជំរិត​ទារ​ប្រាក់​នរណា​ម្នាក់​ទេ»។​

លោក​បន្ត​ថា៖ «​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ យើង​ចង់​បាន​បុគ្គលិក​ល្អ មិន​ចង់​បាន​បុគ្គលិក​អាក្រក់​ទេ»។ លោក​បន្ថែម​ថា លោក​បាន​ពិភាក្សា​ជាមួយ​បុគ្គលិក​ផ្សេង​ទៀត​ដើម្បី​រក​វិធី​ជួយ​បុគ្គលិក​រូប​នោះ​ទៅ​តាម​នីតិវិធី​។​

លោកកត់​សម្គាល់​ឃើញ​ថា​មួយ​រយៈ​នេះ ហាក់​មានការ​រឹត​បន្តឹង​ជាង​មុន​លើ​សេរីភាព​សារព័ត៌មាន ពិសេស​អ្នក​រាយការណ៍​រឿង​បទ​ល្មើស​ព្រៃឈើ​។​

លោក​បន្ថែម​ទៀតថា៖ «ដូច​លោក​បាន​ដឹង​ហើយ មានការ​រឹត​បន្តឹង​លើ​សេរីភាព​អ្នក​សារព័ត៌មាន ពួកគេ​មិន​ចង់​ឲ្យ​យើង​ផ្សាយ​ពី​ពួកគេ [ការកាប់​បំផ្លាញ​ព្រៃឈើ]»។​

លោក សៅ សុខា មេបញ្ជាការ​កងរាជអវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ប្រសាសន៍​ថា កងរាជអាវុធហត្ថ​ចាប់​ខ្លួន​គ្រប់​គ្នា​ដែល​ប្រព្រឹត្ត​បទល្មើស មិន​មែន​តែ​អ្នក​កាសែត​ទេ​។

លោក បន្ថែម​ថា៖ «យើង​មិន​ដែល​ចាប់ខ្លួន​អ្នក​កាសែតទេ ប៉ុន្តែ​ចាប់​មនុស្ស​ដែល​បានប្រព្រឹត្តបទល្មើស»។​

លោក​បញ្ជាក់​ថា៖ «អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស មិន​មែន​តែអ្នក​កាសែត​ទេ ហើយ​សូម្បី​​តែខ្ញុំ​ជា​នាយទាហានផ្កាយបួន បើ​សិន​ជា​ខ្ញុំ​ប្រព្រឹត្ត​បទល្មើស​ខុស​ខ្បាប់ ខ្ញុំ​មិន​មែន​ជា​នាយទាហាន​ ឬ​កង​យោធពលខេមរភូមិន្ទ​ទៀត​ទេ ប៉ុន្តែខ្ញុំ​ជា​អ្នក​ទោស»។

សមាគម​អ្នក​សារព័ត៌មាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន ដែល​ថា​អាច​បង្ហាញ​ពី​ការគំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​។​

លោក អ៊ិត សូធឿត នាយក​ប្រតិបត្តិ​ស្ដីទី​របស់មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​ដឹង​លម្អិត​ពី​ករណី​នេះ​ទេ ប៉ុន្តែ​ផ្អែក​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន អ្នក​ទាំង​នោះ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​គំរាម​ទារ​​ប្រាក់​ពី​អ្នក​ដឹក​ឈើ​។​

លោក​មានប្រសាសន៍ថា៖ «​បើ​ការ​ចាប់​ខ្លួន​នេះ​ជា​ករណី​រៀប​ចំ នោះ​វា​ខ្លាច​​ថាជាការគំរាម​កំហែង​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ពិសេស​អ្នក​សារព័ត៌មាន​ឯករាជ្យ ដែល​ហ៊ាន​​រាយការណ៍​​ពី​អំពើ​ពុក​រលួយ ឬបទ​ល្មើស​ខុស​ច្បាប់​នានា ដូចជា​ការ​ជួញ​ដូរឈើ​​ខុសច្បាប់»។​

​លោកមានប្រសាសន៍​ទៀត​ថា៖ «​បើ​សិន​នេះជា​រឿង​ពិត វា​នឹង​ប៉ះ​ពាល់មុខ​មាត់​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ផ្សេង​ទៀត និង​ធ្វើ​ឲ្យបាត់​បង់​ទំនុក​ចិត្ត​ពី​សាធារណជន»។​

លោបានបន្ត​ថា៖ «​ខ្ញុំ​គិត​ថា​ពេល​មាន​ការ​ចាប់​ខ្លួន​អ្នក​កាសែត មុនពេល​ចាប់ គួរតែមាន​ការស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន និង​ពេល​ត្រូវ​ដាក់​ទោស​ទណ្ឌ វា​គួរ​តែមាន​ការ​តម្លាភាព​»។​

លោក​ សូធឿត បានបន្ថែមថា បច្ចុប្បន្ន​អ្នក​កាសែត​មិន​ទាន់​ទទួល​បាន​ការ​ការពារ​ពេញ​លេញ​ពី​អាជ្ញាធរ​​នៅ​ឡើយ​ និង​ថា​ស្ថាប័នអន្តរជាតិ​ដូច​ជា​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំ​ដែន​ បាន​ចាត់​ទុក​​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់​តែ​អាក្រក់។​

លោក ហ៊ីម ខទៀត មន្រ្តីគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិរបស់​ខេមបូចា មាន​ប្រសាសន៍​ថា​អាជ្ញាធរ​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​មាន​ចេតនា​គំរាមកំហែង​លើ​អ្នក​កាសែត​ផ្សេង​ទៀត​ដែល​រាយការណ៍​ព័ត៌មាន​បទល្មើស​ជាក់​លាក់​មួយ​ចំនួន​។​

លោកឲ្យ​ដឹង​ថា៖ «​បើ​តាមការ​សាកសួរ​របស់​យើង អ្នក​សារព័ត៌មាន​ទាំង​នោះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជំរិតទារ​ប្រាក់​នោះទេ…​ពួកគេ​គ្រាន់​តែ​បាន​ទទួល​ដំណឹង​ពី​ការ​ដឹក​ឈើ ហើយ​[អ្នក​បើក​បរ​រថយន្ត​ដឹក​ឈើ] បាន​ទៅ​ប្ដឹង​អាជ្ញាធរ ដែលបាន​ចាប់​ទាំង​អ្នក​ថត​រូប​ដែល​បាន​ថត​រូប​ផង​ដែរ​»។​

លោកថា​ស្ថាន​ភាព​អ្នក​សារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​កាន់​តែអាក្រក់​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​​

លោក មាស សោភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រ​សួង​ព័ត៌មាន​មាន​ប្រ​សាសន៍​ថា ការ​ចាប់​ខ្លួន​អ្នក​​សារព័ត៌មាន​ទាំងនេះ​គឺ​ជាប់ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​ និង​ថា​ម្ចាស់​រថយន្ត​ដឹក​ឈើ​ធ្វើ​ផ្ទះ​នោះ​ បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋបាលព្រៃ​ឈើ​រួច​ហើយ​។ លោក​ថា ក្រសួង​កំពុង​ពិនិត្យ​ឡើងវិញ​លើអាជ្ញាបណ្ណ​របស់​ស្ថាប័ន​ព័ត៌មាន​ពាក់​ព័ន្ធ​ទាំង​នោះ​។​

លោក​មានប្រសាសន៍ថា៖ «​ខ្ញុំ​សុំ​និយាយ​ថា ការឃាត់ និង​ជំរិត​ទារ​ប្រាក់​មិន​មែន​ជា​តួនាទី​របស់​អ្នក​សារព័ត៌មាន​ទេ»។​

លោក បន្ថែម​ថា៖ «​អ្នក​កាសែត​​ដែល​ប្រព្រឹត្ត​បទល្មើស​ខាង​លើ វាខុស​នឹង​ច្បាប់…​ដូច​នេះ​ពួកគេ​ត្រូវ​តែ​ប្រឈម​មុខ​ច្បាប់ ហើយ​វា​មិន​មែន​ជា​ការ​បំពាន ឬគំរាម​កំហែង​ ឬ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​ទេ​»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nine online journalists arrested over attempted extortion of someone transporting a wood house

466 views
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »