មន្ត្រីកម្ពុជាអះអាងថាគ្មានទេកូវីដ១៩ក្នុងពន្ធនាគារកម្ពុជា ដែលការលើកឡើងបែបនេះឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិឲ្យមានការធ្វើតេស្តលើអ្នកទោសទាំងអស់ ដោយហេតុថាកាលពីខែវិច្ឆិកាមន្ត្រីជាន់ខ្ពស់ពន្ធនាគារម្នាក់មានផ្ទុកកូវីដ១៩ បានទៅកាន់ទីនោះ និងក៏ជាពេលដែលកម្ពុជាមានការឆ្លងក្នុងសហគមន៍ដំបូងផងដែរ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា មានប្រសាសន៍ថាអ្នកទោសប្រហែលពី២០០ ទៅ៣០០នាក់មានចេញរោគសញ្ញាខ្លះៗ និងបានយកសំណាកទៅពិនិត្យ តែថាលទ្ធផលគឺអវិជ្ជមាន។ ការឆ្លើយតបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិចេញលិខិតអំពាវនាវមួយឲ្យមានព័ត៌មានជាក់លាក់ពីការខិតខំថែរក្សាសុខភាពអ្នកទោស។
លោក នុត សាវនា បានប្រាប់ CamboJA ថា៖ «យើងមិនធ្វើតេស្តអ្នកទោសទាំងអស់ ព្រោះយើងមិនជឿថាអ្នកទោសបានឆ្លងកូវីដ១៩ទេ»។ លោកបន្ថែមថា សំណាកអ្នកទោសមានជំងឺនៅភ្នំពេញ សៀមរាប កោះកុង កំពង់ធំ និងកណ្ដាល បញ្ជាក់ថាអវិជ្ជមាន តាំងពីខែវិច្ឆិកាមកម្លេះ។
លោក ឲ្យដឹងទៀតថា៖ «ទោះបីជាអ្នកទាំងនោះមានផ្ដាសាយបន្តិចបន្តួច ក៏យើងយកសំណាកទៅធ្វើតេស្តដែរ ប៉ុន្តែនាយកដ្ឋានពន្ធនាគារមិនបានផ្សព្វផ្សាយព័ត៌មាននេះទេ»។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ពីការឆ្លងកូវីដ១៩ ក្នុងសហគមន៍ដំបូងនៅកម្ពុជា ចេញពីគ្រួសារអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ លោក ឆែម សាវុធ។
លិខិតមួយចុះផ្សាយកាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតេស្តលើអ្នកទោសនៅពន្ធនាគារ ម១ ម២ និងពន្ធនាគារPJ ក្នុងក្រុងភ្នំពេញ ក៏ដូចជាពន្ធនាគារនៅខេត្តបន្ទាយមានជ័យ និងកំពង់ធំ ដែលជាកន្លែងលោក ឆែម សាវុធ បានទៅកាលពីខែវិច្ឆិកា និងក៏ដូចជាពន្ធនាគារខេត្តសៀមរាប ដែលសាច់ញាតិរបស់លោកជាអ្នកធ្វើការទីនោះមានវិជ្ជមានកូវីដ១៩។
«ដោយសារតែនេះជារឿងបន្ទាន់ យើងស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាពលើការធ្វើតេស្តវីរុសកូវីដ១៩ លើអ្នកទោសទាំងអស់…ព្រោះថានេះជាវិធានការចាំបាច់ដើម្បីគ្រប់គ្រងការផ្ទុះរាលដាល» នេះបើតាមការលើកឡើងរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដោយផ្អែកលើសិទ្ធទទួលបានសុខភាពល្អ។
ប្រភពដដែលបន្តថា៖ «មានសេចក្ដីរាយការណ៍ថាគ្មានអ្នកទោសណាម្នាក់បានទទួលតេស្តកូវីដ១៩ទេ ខណៈមនុស្សជាង៥ ០០០នាក់ រួមទាំងមន្ត្រីពន្ធនាគារ និងក្រុមគ្រួសារបានទទួលតេស្តនេះ»។
លិខិតដដែលបញ្ជាក់ថានៅមណ្ឌលអប់រំកែប្រែម១ មានផ្ទុកអ្នកទោសលើសកម្រិតដល់ទៅ៣៨០ភាគរយ មណ្ឌលម២ មានដល់ទៅ២៨០ភាគរយ ពន្ធនាគារPJ មានដល់ទៅ១៧០ភាគរយ និងនៅពន្ធនាគារសៀមរាបមានមានផ្ទុកលើលទ្ធភាពជាក់ស្តែង២៩០ភាគរយ ដែលថានេះជាហានិភ័យខ្ពស់ក្នុងការរីករាលដាល។
លិខិតនេះលើឡើងថា៖ «ការណ៍នេះបានដាក់ក្រុមមនុស្សជាក់លាក់ឲ្យស្ថិតនៅក្នុងហានិភ័យខ្ពស់ រួមទាំងបុគ្គលដែលមានបញ្ហាសុខភាពប្រចាំកាយ អ្នកទោសវ័យចំណាស់ អ្នកទោសជាស្រ្តី ជាប់ឃុំជាមួយកូន និងស្រ្តីមានផ្ទៃពោះ អនីតិជន និងជនមានពិការភាព»។
លិខិតដដែលបន្ថែមថា សាប៊ូលាងដៃ ទឹកស្អាត និងសម្ភារៈការពារការឆ្លងជំងឺផ្សេងៗទៀត គួរតែត្រូវបានផ្ដល់ជូនដោយមិនគិតថ្លៃ។
លោក នុត សាវនា មានប្រសាសន៍ដែរថា នាយកដ្ឋានពន្ធនាគារបានតាមដានសុខភាពអ្នកទោសដោយយកចិត្តទុកដាក់ និងកំពុងរង់ចាំការឆ្លើយតបពីអង្គការសហប្រជាជាតិលើសំណើលើកមុនដែលសុំឲ្យផ្ដល់«អ្នកជំនាញបច្ចេកទេស» ជួយដល់ការធ្វើតេស្តរកកូវីដ១៩ ឲ្យបានកាន់តែច្រើន។
លោកបន្ថែមថា៖ «ជាមួយនឹងព័ត៌មាននេះ ពួកគេគ្រាន់តែបង្ហាញពីចេតនា ប៉ុន្តែពួកគេមិនបានឆ្លើយតបទេថាតើពួកគេអាចផ្តល់សម្ភារៈតេស្ត និងស្នើឲ្យមានការប្រើប្រាស់ឬយ៉ាងណា»។
ពន្ធនាគារនៅកម្ពុជាមានអ្នកទោសសរុបជាង ៣៨ ០០០នាក់ គ្រាន់តែនៅពន្ធនាគារព្រៃស ម១ រាជធានីភ្នំពេញមាន ៨ ០០០នាក់ ហើយពន្ធនាគារទាំងនោះដាក់អ្នកទោសលើស្ដង់ដារដល់ទៅពីរដងយ៉ាងតិច។
ក្រសួងយុត្តិធម៌ កំពុងប្រឹងដោះស្រាយការកកស្ទះសំណុំរឿងរាប់ពាន់ ដែលជនជាប់ចោទត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ជាច្រើនខែ ឬដល់ឆ្នាំ ហើយភាគច្រើននៃអ្នកទាំងនោះបានប្រព្រឹត្តបទល្មើសតូចតាច។
លោក នី សុខា ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក បានដាក់ជាចម្ងល់លើពេលវេលារបស់លិខិតអ្នករាយការណ៍ពិសេសលោកស្រី Rhona Smith និង Tlaleng Mofokeng។
លោកមានប្រសាសន៍ថា៖ «ពួកគេធ្វើបែបហ្នឹងត្រឹមត្រូវហើយ ប៉ុន្តែដូចជាយឺតពេលបន្តិច»។ លោកក៏បានអំពាវនាវឲ្យមានការកាត់បន្ថយភាពណែនណាន់តាន់តាប់នៅពន្ធនាគារក្នុងប្រទេសផងដែរ។
លោកបន្តថា៖ «សូមតុលាការ ប្រើវិធានការដូចជាឲ្យនៅក្រៅឃុំ ឬដាក់ជនជាប់ចោទឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ»។
កាលពីខែធ្នូកន្លងទៅ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមមានអង្គការលើកលែងទោសអន្តរជាតិ អង្គការ Human Rights Watch និងអង្គការលីកាដូ បានអំពាវនាវទៅកាន់ រដ្ឋាភិបាលពង្រឹងការធ្វើតេស្តលើអ្នកជាប់ពន្ធនាគារ ដោយថាពន្ធនាគារជាសហគមន៍ដែលងាយឆ្លងកូវីដ១៩ ខ្លាំងបំផុតមួយ និងធានាពីគម្លាតសង្គម និងព្យាយាមបន្ថយចំនួនអ្នកទោស។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤៦៦ករណី រួមទាំងកម្មករចំណាកស្រុកចំនួន៧៣នាក់ ដែលទើបត្រឡប់ពីប្រទសថៃ មិនមានអ្នកស្លាប់ និងមានអ្នកជាសះស្បើយចំនួន៤៤៤នាក់។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ No Covid in prisons: officials respond to UN concerns