សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

«NoDrug»ជាកម្មវិធីផ្តល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់​​គ្រឿងញៀន ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ

ផេកថ្មីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបបង្កើតថ្មីដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋតាមដានមើល រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ផេកថ្មីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបបង្កើតថ្មីដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋតាមដានមើល រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

កម្មវិធី​ទូរសព្ទ​ដៃ​​«NoDrug​» ដែល​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ទើប​ប្រកាស​ឱ្យ​​ទាញ​យក​ប្រើប្រាស់​ជាផ្លូវការ​កាលពីពេល​ថ្មីៗនេះ បានផ្តល់​សារអប់រំដ៏សម្បូរបែប​ពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន​ ព្រោះ​បញ្ហាគ្រឿងញៀនបាន​ក្លាយ​ជាក្តីបារម្ភរួម​របស់​សង្គមជាតិ​ ខណៈ​គ្រាន់​តែ​ជិត​៥​ខែ​ដើមឆ្នាំ២០២៤​នេះ សមត្ថកិច្ច​បង្ក្រាប​បានគ្រឿង​ញៀន​​រហូត​ដល់​ជាង​៣តោន។

ពាក់ព័ន្ធ​នឹង​ក្តីបារម្ភ​ពីការ​រីករាល​ដាល​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន ​ក្នុង​ចំណោម​សិស្ស​សាលា​ យុវតី អ៊ឹង ម៉ូលីកា រៀនថ្នាក់​ទី១២​នៅ​សាលាឯកជនមួយក្នុងខណ្ឌ​ច្បារអំពៅ​​រាជធានី​ភ្នំពេញ បាន​និយាយ​ថា៖ «មាន​តែសិស្សដែលគិតតែពីការសប្បាយភ្លើតភ្លើន​មិន​ខំរៀនសូត្រ​​គេច​សាលា​​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​គ្រឿង​ញៀន ជក់បារីអេឡិចត្រូនិក ចំណែក​​​សិស្ស​ដែល​ខិត​ខំរៀនសូត្រ​មាន​ចំណេះដឹង គេមិនទៅប៉ះពាល់​ទៅប្រើប្រាស់​គ្រឿង​​ញៀន​និង​ជក់បារី​អេឡិចត្រូនិក​ដែល​បំផ្លាញ​ជីវិតខ្លួន​ឯង​​បំផ្លាញ​គ្រួសារនិង​សង្គមជាតិ​នោះ​ទេ»

យុវតី​វ័យ​១៧​ឆ្នាំសម្បុរស កម្ពស់ប្រហែល១,៥០ម៉ែត្រ​ដែល​រៀន​បានចំណាត់ថ្នាក់​ល្អជា​រៀង​រាល់ខែ(ក្នុង​រង្វង់​ពីលេខ២-៧)​រូប​នេះ​បាន​និយាយ​ប្រាប់ ​ខេមបូចា​ ​ថា មិត្ត​រួម​ថ្នាក់​របស់​នាង​ទាំង​អស់​៣០នាក់ គឺសុទ្ធ​តែជាអ្នកខិតខំរៀនសូត្រ មានតែសិស្ស​ប្រុសម្នាក់ប៉ុណ្ណោះ​ដែល​ជក់​​បារី​អេឡិចត្រូនិក ហើយក្រោយ​មកឮថា​ជក់គ្រឿង​ញៀន​​ទៀត​។ ប៉ុន្តែសិស្សម្នាក់​នោះ​បាន​​ឈប់​រៀនជាច្រើនខែ​ហើយ ដោយ​សារ​តែមិត្តរួមថ្នាក់​គេរើស​អើង​​មិនសូវនិយាយ​រក​ ម៉្យាង​​គាត់​រៀន​មិនទាន់​គេផង។

នៅពេល​ដែល​សួរថា តើក្មួយ​មានការយល់ដឹង​ពីផលប៉ះពាល់​នៃការ​ប្រើប្រាស់គ្រឿង​ញៀន​នេះ​មកពីណា? ម៉ូលីកា ឆ្លើយថា៖ «លោកពូអើយ កុំថាឡើយ​ខ្ញុំជាសិស្ស​សាលា​ដែល​ជា​អ្នករៀនសូត្រ​ដឹង​ពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿងញៀន ​ខ្ញុំគិត​ថា ប្រជាជន​មួយ​ប្រទេស​សុទ្ធ​តែដឹង ពីព្រោះ​មានការ​ប្រាប់​ណែនាំពីសាលា​ពីសំណាក់​លោកគ្រូអ្នកគ្រូ ព្រម​ទាំងមាន​ការ​ផ្សព្វផ្សាយ​ជា​ច្រើន​ពីផលប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿងញៀននេះ​ជាហូរហែរតាំងពីយូរណាស់មកហើយ»។

ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ របាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ ​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០២៣កន្លង​មក​​សមត្ថកិច្ច​បាន​បង្ក្រាប​​បទល្មើស​គ្រឿង​​ញៀន​ចំនួន​ ៧ ០៦២ករណី ​ហើយ​​​​បាន​ឃាត់​ខ្លួន​មនុស្ស​​រហូត​ដល់​​ជាង​១​ម៉ឺន​៧​ពាន់​(១៧៣៦៣)​នាក់។ ​ក្នុង​ចំណោម​ជន​​ល្មើស​​​​ដែល​​សមត្ថ​​កិច្ច​​ឃាត់​​ខ្លួន​នោះ​ ​មាន​ជន​បរទេស​៤៤១​​នាក់ ​មក​​ពី​​១៥​សញ្ជាតិ ខណៈ​គ្រឿង​ញៀន ​និង​សារធាតុ​ញៀន​សរុប​ជិត៣​តោនត្រូវ​បាន​រឹប​អូស។

ជា​វិធានការ​ដើម្បី​បញ្រ្ជាបការយល់ដឹង​ពីផលប៉ះពាល់នៃគ្រឿងញៀន​ឱ្យបាន​កាន់​តែទូលំ​ទូលាយ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀនកាលពីថ្ងៃទី១៣​ខែឧសភា បាន​ប្រកាស​ពីការ​ដាក់ឱ្យដំណើរការ​​ជាផ្លូវការ​នូវកម្មវិធី​ទូរសព្ទដៃ​ដែលមានឈ្មោះថា «NoDrug»​ក្នុង​គោល​បំណង​លើកកម្ពស់ស្មារតីជាតិ​រួមគ្នា​ក្នុងការ​ចូល​រួម​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន។

ជាមួយ​នឹងការប្រកាស​ដាក់ឱ្យប្រើប្រាស់នេះ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនបាន​ធ្វើការ​ណែនាំ​និង​អំពាវ​នាវដល់​គ្រប់​ក្រសួង​ស្ថាប័ន គណៈ​អភិបាល​រាជធានីខេត្ត អង្គភាព​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោមជាតិ គ្រឹះស្ថាន​សិក្សាអប់រំគ្រប់​លំដាប់​ថ្នាក់​ទាំង​រដ្ឋនិងឯកជន​រួម​ទាំង​​ក្រុមហ៊ុន រោង​ចក្រ​សហគ្រាស​​អង្គការ​ជាតិ​និង​អន្តរជាតិ​ ប្រជាពលរដ្ឋ ជាពិសេស​សិស្សនិស្សិត​ឱ្យចូលរួម​ទាញ​យក​កម្មវិធី​ទូរសព្ទ​ដៃ​ «NoDrug»​ប្រើ​ឱ្យ​បានទូលំទូលាយ។

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បញ្ជាក់​ថា ការទាញ​យក​កម្មវិធីនេះនឹង​ទទួល​បាន​សារអប់រំ ព័ត៌មាន​ទាន់​ហេតុ​ការណ៍ ចំណេះ​ដឹង​ពីផល​ប៉ះពាល់​​ និង​វិនាសសកម្ម​នៃគ្រឿង​ញៀន ព័ត៌មាន​ពាក់​ព័ន្ធ​នឹងការ​ផ្តល់​សេវា​ព្យា​បាល​ និង​ស្តារនីតិសម្បទា​អ្នក​ញៀនគ្រឿង​ញៀន។

កម្មវិធីនេះ ក៏អាចប្រើប្រាស់ជាមធ្យោបាយ​ដើម្បី​រាយការណ៍អំពីករណីប្រើប្រាស់ ការជួញ​ដូរ ការដឹកជញ្ជូន ​​និង​ការ​កែច្នៃ​ផលិតគ្រឿង​ញៀនក្នុង​សហគមន៍​មក​កាន់​ក្រុមការងារ​ទទួល​ព័ត៌មាន​ដើម្បីឱ្យ​អាជ្ញាធរ​សមត្ថកិច្ចមាន​វិធានការជាក់ស្តែងដែល​អាចឈាន​ទៅបង្ការ​ទប់​ស្កាត់​​​​​បង្ក្រាប​ទាន់​ពេលវេលាសំដៅ​កាត់បន្ថយ​និង​លុបបំបាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ស្រប​តាមទស្សនវិស័យ«​ចូល​រួមទាំងអស់គ្នាដើម្បី​ជីវិត​និងសហគមន៍គ្មាន​គ្រឿង​ញៀន»

សេចក្តីប្រកាស​របស់​​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​លើកឡើង​ថា៖«ការទាញ​យកនិង​ប្រើប្រាស់​​កម្មវិធី​ទូរស័ព្ទដៃ​ NoDrug​​ មាន​ន័យ​ថា បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន»

​ទាក់​ទង​នឹងការ​ទាញ​យក​កម្មវិធី​ទូរស័ព្ទដៃ​ «NoDrug»​នេះ យុវតី អ៊ឹង ម៉ូលីកា​ បាន​ឱ្យ​ដឹង​ថា នាង​មិន​បានដឹង​ពីកម្មវិធីនេះ​ទេ ហើយ​មិត្ត​រួម​ថ្នាក់​របស់​នាង​ក៏មិន​ដែល​ឮ​និយាយ​ពីកម្ម​វិធី​នេះដែរ។

យុវតី​​រូប​នេះ​និយាយ​ថា៖«ខ្ញុំ​មិន​បានដឹង​ពីកម្មវិធីNoDrug អីហ្នឹងទេ ពីព្រោះឥឡូវ​ពួកខ្ញុំ​​រវល់​ខ្លាំង​ណាស់ ​រវល់​ខំរៀនពីព្រោះ​ត្រូវប្រឡង​បាក់​ឌុប​នៅ​ខែ១០​មិន​មានពេល​តាមដាន​ព័ត៌មាន​ច្រើន​ទេ»។

សិស្ស៥នាក់(ប្រុស៣នាក់)​ដែល​ខេមបូចា បាន​សាកសួរនៅខាងមុខវិទ្យាល័យ«សម្តេច​ហ៊ុន​សែន​ ប៊ុន រ៉ានី ច្បារអំពៅ»ស្ថិត​ក្នុង​ខណ្ឌច្បារ​អំពៅ​ រាជធានីភ្នំពេញ​កាលពីថ្ងៃ​ទី១៧​ខែឧ​សភា​​​បាន​និយាយ​ថា ពួកគេ​ក៏មិនបាន​ដឹង​ពីកម្មវិធីNoDrug នេះ​ដែរ។ ប៉ុន្តែ​បើ​តាមការ​សាកសួរ​ពួកគេ​មានការយល់ដឹង​ច្រើនពីផលប៉ះពាល់​នៃការ​ប្រើប្រាស់គ្រឿងញៀន។

សិស្ស​ប្រុស​ម្នាក់​ឈ្មោះ ថាវរៈ រៀនថ្នាក់​ទី១២ ក្នុងចំណោមសិស្ស​ទាំង​នេះ​បាន​ឱ្យដឹង​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀនលោកនាយកសាលា និង​លោកគ្រូអ្នកគ្រូ​តែង​តែរំឭក​ប្រាប់​សិស្សសូម​ចៀសឱ្យឆ្ងាយ​ពីគ្រឿងញៀន។

ថាវរៈ និយាយ​ថា៖ «សិស្ស​ទាំង​អស់សុទ្ធ​តែដឹង​ពីផលប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន ពីព្រោះនាយកសាលា​និងលោកគ្រូអ្នកគ្រូ​តែង​តែ​និយាយ​ដាស់តឿន​ជាញឹកញាប់​សូមឱ្យ​សិស្សា​នុសិស្ស​ចៀស​ឱ្យឆ្ងាយ​ពីគ្រឿងញៀន ពីព្រោះ​ថា ប្រើប្រាស់គ្រឿងញៀន​បំផ្លាញ​​សុខភាព​បំផ្លាញ​អនាគតខ្លួន​ឯង ជក់យូរៗ​ទៅ​ធ្វើឱ្យខ្លួន​ឯង​បែកថ្នាំ សរសៃ​ប្រសាទ ក្លាយ​ជាបន្ទុក​សម្រាប់​គ្រួសារ​និង​សង្គមជាតិ»

អ្នកជំងឺចូលរៀននៅមជ្ឈមណ្ឌលស្តារនីតិសម្បទាឯកជនមួយ ហៅថា សមាគម​បណ្តុះ​បណ្តាល ព្យាបាលអ្នកញៀនថ្នាំ នៅទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)​

ទោះយ៉ាងណាយុវតី លក្ខិណា ជាសិស្សថ្នាក់​ទី១១ក្នុង​ចំណោមសិស្ស​ទាំង​នេះ បាន​និយាយ​​ថា បើ​ទោះ​បីជាមានការ​និយាយ​ណែនាំ​ដាស់តឿនជាហូរហែ​ពីសំណាក់​ថ្នាក់ដឹកនាំ​សាលា​និង​ពីសំណាក់​លោកគ្រូអ្នកគ្រូក្តី ក៏​នៅ​តែ​មាន​សិស្ស​មួយ​ចំនួន​លួច​ប្រើប្រាស់​គ្រឿង​​ញៀន​និង​ជក់បារី​អេឡិចត្រូនិកដែរ។

លក្ខិណា​និយាយថា៖ «មិត្ត​មួយចំនួន​ដែល​ខ្ញុំស្គាល់ប្រាប់ខ្ញុំថា ពួកគេ​ប្រើប្រាស់គ្រឿង​ញៀន។ មាន​អ្នក​ខ្លះប្រើបាន​មួយរយៈ​ក៏ឈប់ប្រើវិញ ហើយ​មានអ្នក​ខ្លះនៅតែបន្តប្រើ ហើយ​​អ្នក​ប្រើគ្រឿងញៀនខ្លះ​ក៏លែង​ឃើញមករៀន»

មិន​អាច​ទាក់​ទង​នាយកវិទ្យា​ល័យ​ហ៊ុនសែន ប៊ុនរ៉ានីច្បារ​អំពៅ​ដើម្បីសុំអត្ថាធិប្បាយ​លើ​បញ្ហា​គ្រឿង​ញៀន​នេះ​បាន​ទេ។

ប៉ុន្តែ លោក ម៉ី សុមុនី ជាគ្រូបង្រៀននិង​ជានាយករង​វិទ្យា​ល័យ«ហ៊ុនសែន បូរី១០០ខ្នង»ក្នុង​ខណ្ឌសែន​សុខ រាជធានីភ្នំពេញបានថ្លែងថា លោក​ក៏​មិនទាន់​បាន​ទាញ​យក​កម្មវិធីNoDrug មកប្រើនៅឡើយដែរ​ ប៉ុន្តែទូរសព្ទ​របស់លោក​តែង​តែមាន​លោត​សារ​អប់​រំ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់គ្រឿងញៀន។

សម្រាប់​​វិទ្យា​ល័យ«ហ៊ុនសែន បូរី១០០ខ្នង»​ទី១គឺបាន​ធ្វើការអប់រំ​បញ្រ្ជាបចំណេះ​ដឹង​​​ពី​​បញ្ហា​គ្រឿងញៀនចូលទៅ​ក្នុង​មុខវិជ្ជាសីលធម៌​និងពលដ្ឋវិជ្ជា។ ទី២ គឺបាន​ធ្វើការ​ផ្សព្វ​ផ្សាយ​​ពី​ផល​ប៉ះពាល់​ពីការ​ប្រើប្រាស់គ្រឿងញៀន​តាម​រយៈ​កម្មវិធីប្រមូលផ្តុំអប់រំពេលគោរព​ទង់ជាតិ​​រៀងរាល់​ថ្ងៃចន្ទ​និងថ្ងៃសៅរ៍។

លោក សុមុនី បន្តថា ទី៣​មាន​កម្មវិធីធំ២ ដែល​សាលាបាន​ធ្វើ​រួចហើយ​ដោយ​មានការ​ចូលរួម​ពីកម្លាំង​នគរបាល​ជំនាញ​គ្រឿងញៀន កម្លាំង​អធិការដ្ឋានខណ្ឌសែន​សុខ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា និង​មានគណៈកម្មការ​គ្រប់​គ្រង​សាលា​រៀន គណៈ​នាយក​លោកគ្រូអ្នកគ្រូ ​និង​សិស្សានុសិស្ស​ផងដែរ។

លោក​នាយក​រង​បញ្ជាក់ថា៖ «យើង​បាន​ធ្វើការ​អប់រំធំហ្នឹង​គឺ២លើក​ក្នុង​១សប្តាហ៍ពីផល​ប៉ះពាល់​​នៃការ​ប្រើប្រាស់គ្រឿងញៀន​ទាំង​នេះ នៅទីធ្លាវិទ្យា​ល័យ»

លោក​លើកឡើង​ថា ចំពោះ​សិស្ស​វិទ្យា​ល័យ​១០០​ខ្នង​ណា​ដែល​មាន​ការប្រើប្រាស់គ្រឿង​ញៀន ​​គឺសាលាមាន​ការ​តាម​ដាន​តាមរយៈក្រុមប្រឹក្សា​យុវជន តាម​រយៈប្រធាន​ថ្នាក់​ដែល​ជាប្រធាន​សាខាថ្នាក់ហើយសិស្ស​ណាដែល​មាន​បញ្ហា​គឺ​ត្រូវ​រាយ​ការ​មក​ដល់​ថ្នាក់​ដឹកនាំ​សាលាដើម្បីកោះអញ្ជើញ​​ឪពុក​ម្តាយ​ឱ្យមក​ធ្វើការ​អប់រំបន្ថែម។ ប៉ុន្តែ​មួយ​រយៈ​កន្លង​មកនេះ​មិន​មាន​សិស្សណាម្នាក់ដែល​មាន​បញ្ហា​ប្រើប្រាស់គ្រឿងញៀនទេ។

ប៉ុន្តែ​​លោក សុមុនី ​បញ្ជាក់​ថា៖«មាន​ឪពុក​ម្តាយ​ខ្លះ​បាន​ជូន​ដំណឹង​មកសាលា​ថា​ពេល​គាត់ដឹងថា កូនពួកគាត់​ប្រើប្រាស់គ្រឿងញៀន គឺពួកគាត់​យកកូនទៅដាក់​នៅមណ្ឌល​បន្សាប​​គ្រឿងញៀនដោយ​ខ្លួន​ឯង ប៉ុន្តែមិនមានប្រើប្រាស់នៅក្នុងសាលាទេ ហើយ​កន្លង​មក​នេះគឺមានករណីខ្លះដែល​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់បារីអេឡិចត្រូនិក​ដែលប៉ះ​ពាល់​​​ដល់សុខភាព»

បើតាម​លោកនាយករង សិស្ស​ជក់បារីអេឡិចត្រូនិក​កើត​មាន២-៣ករណីអីដែរដោយ​មាន​បណ្តាញ​តាម​ថ្នាក់​រៀននីមួយៗ​រាយការណ៍ ហើយ​សាលា​មានកម្លាំង​ក្រុមប្រឹក្សា​យុវជន​ទៅ​ហៅសិស្ស​រូប​នោះ​មកណែនាំអញ្ជើញឪពុក​ម្តាយ​មកផ្តិតមេដៃលើ​កិច្ចសន្យាធ្វើការកែប្រែ​ហើយ​បើមិនកែប្រែទេ សាលា​នឹង​ធ្វើការអនុវត្ត​ទៅ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​សាលា។

លោកគ្រូបាន​លើកឡើងថា៖ «បញ្ហា​គ្រឿងញៀន​នេះ​គឺ​ជាបញ្ហា​មួយ​របស់​យើង​ទាំងអស់​គ្នា​​​មិនថាគ្រូបង្រៀន មិនថាឪពុកម្តាយ​មិនថាអាជ្ញាធរ មិនថាស្ថាប័ន​មានសមត្ថកិច្ចទេ។ ខ្ញុំ​ជឿ​​ថា ផលប៉ះពាល់នៃគ្រឿងញៀន​មាន​បញ្ហា​​ធំធេងណាស់​ទាំង​បញ្ហា​សុខភាព ទាំង​បញ្ហា​​​​សេដ្ឋ​​កិច្ច​ ជីវភាព​​គ្រួសា​រ​ទាំងបញ្ហា​សង្គម»

លោកបន្ថែមថាដើម្បីទប់ស្កាត់​​ការរីក​រាល​ដាល​គ្រឿងញៀន​បាន​ទាល់តែមានការចូលរួម​ទាំងពី​បុគ្គលខ្លួនឯងទាំងពីគ្រួសារ​សាលា​រៀន​និងសង្គមជាតិទាំងមូល​ជាពិសេស​ទៅលើ​ការ​អនុវត្ត​ច្បាប់​និង​ការទប់​ស្កាត់​បង្ក្រាប​គ្រឿងញៀន​ឱ្យបាន​ខ្លាំងក្លាបំផុត។

លោក​បន្តថា៖ «គ្រឿង​ញៀន​​នឹងបំផ្លាញ​ធនធាន​មនុស្ស​ដែលជាអ្នកបន្តវេនដែល​ជា​សរសរ​​ទ្រូង​ប្រទេស​ជាតិ ពីព្រោះ​បើសិន​ជា​សរសរ​ពុកផុយសុខភាព​ទន់ខ្សោយ​ធនធាន​មនុស្ស គឺ​​មានបញ្ហា​។ គ្រឿងញៀន​លុកលុយ​ គឺ​ជាផលវិបាក​ដែល​ជាក្តីបារម្ភ​របស់​សង្គម​ជាតិ​យើង​ទាំងមូល»

ការប្រើប្រាស់​គ្រឿង​ញៀន​ មិន​មែន​ធ្វើឱ្យប៉ះពាល់​តែបុគ្គល​ដែល​ជក់​នោះ​ទេ ក៏ប៉ុន្តែ​ក៏​បាន​ធ្វើឱ្យប៉ះ​ពាល់​ដល់​គ្រួសារ​និង​សហគមន៍ផងដែរ។

ក្មេង​ប្រុសស្រី២នាក់​បងប្អូនរស់នៅ​ភូមិធំ ឃុំរទាំង ស្រុកកៀនស្វាយ​ខេត្ត​កណ្តាលដែល​ទូល​ផ្លែឈូក​ដើរលក់​នៅម្តុំ​ផ្សារ​ច្បារអំពៅ ក្នុង​ខណ្ឌ​ច្បារ​​អំពៅ រាជធានីភ្នំពេញកាល​ពី​ថ្ងៃ​ទី១៧​ខែធ្នូ​បាន​អះអាង​ថា ឪពុក​របស់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជាច្រើនឆ្នាំមក​ហើយ។

ក្មេង​ស្រីវ័យ​១៣ឆ្នាំ​រៀនថ្នាក់​ទី៦ ប៉ុន្តែ​ទៅរៀនមិនសូវ​បាន​ដិត​ដល់​ដោយ​សារ​តែ​ត្រូវ​សុំអ្នក​គ្រូចេញពីរៀន​មុនម៉ោងដើម្បី​ប្រញាប់​មកលក់ផ្លែឈូកនៅ​ភ្នំពេញដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​រូប​នេះ​​និយាយ​ថា៖ «​ប្អូន​ប្រុស​ខ្ញុំនេះអាយុ៧ឆ្នាំ​​រៀនថ្នាក់​មត្តេយ្យ។ តែពួកខ្ញុំ​សុំ​អ្នក​គ្រូ​ចេញពីរៀនមុនម៉ោង​ដើម្បី​មកលក់ផ្លែឈូកដោយ​ជិះ​ឡាន​ក្រុង​ពីកៀនស្វាយ​មក​ចុះ​នៅ​ផ្សារ​ច្បារ​អំពៅ។ ពុក​ខ្ញុំ​ជក់​គ្រឿង​ញៀនច្រើនឆ្នាំហើយ ​តែឥឡូវ​គាត់​ទៅ​ធ្វើសំណង់​នៅអ្នក​លឿង​អត់​ដែល​ផ្ញើ​លុយ​មក​ឱ្យ​ម៉ែទេ»

ក្មេង​ស្រីប្រុស​ទាំង​២នាក់​នេះ​មើល​ទៅ​​មាន​រាង​ក្រិនស្គម​ដែល​ទំនង​ដោយសារ​ខ្វះ​អាហា​រូបត្ថម្ភ។ ក្មេង​ស្រី​​រូប​នេះ​​និយាយ​ទៀតថា៖ «ម្តាយខ្ញុំ​​ទើប​កើតបាន​អាអូន​១ទៀត។ ពុក​ខ្ញុំ​តែង​តែវ៉ៃម៉ែខ្ញុំ។ ពួក​គាត់​តែង​តែឈ្លោះ​គ្នា​ជារៀង​រាល់​ថ្ងៃ ហើយ​ឥឡូវ​ពុកខ្ញុំ​លែង​នៅផ្ទះ​ហើយ​»

​ស្ត្រី​មេម៉ាយ​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​​ ដែល​បដិសេធ​ប្រាប់​ឈ្មោះ ​រស់នៅក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារ​អំពៅ​ដែល​មាន​កូនប្រុស​តែ​២​នាក់​ហើយ​សុទ្ធ​តែប្រើ​ប្រាស់គ្រឿង​ញៀន​បាន​និយាយ​ប្រាប់​ខេមបូចា​នៅថ្ងៃទី​១៨​ខែ​ឧសភាថា ជីវិត​របស់​អ្នក​ស្រីជាតិ​នេះ​គឺឆាចោល​ហើយ​ពីព្រោះ​មាន​កូន​សុទ្ធ​តែប្រើប្រាស់​គ្រឿង​ញៀនដែល​តែង​តែកូរ​រករឿង​អ្នក​ស្រីជា​រៀងរាល់​ថ្ងៃ។

ស្រ្តីដែល​មាន​មុខរបរ​ជាអ្នក​លក់​ចាប់​ហួយ​កំប៉ិកកំប៉ុកនៅផ្ទះ​រូប​នេះ​និយាយ​ថា៖ «ពួក​វា​ប្រើ​គ្រឿង​ញៀន​តាំងពីអំឡុង​ឆ្នាំ២០១៩។ ពួកវាទារលុយ​បើ​មិន​ឱ្យវា វាស្រែកឡូឡាបោក​កម្ទេច​​អីវ៉ាន់ក្នុងផ្ទះចោល។ កាបូបលុយ​ទុកប្រហែសវាលួច វាលួចរបស់របរ​ក្នុង​ផ្ទះទៅ​លក់​ទៀត។ តាំងពីពួក​វាញៀនថ្នាំមក​ខ្ញុំ​រស់នៅមិនដែល​បាន​សុខទេ»។

កូនប្រុស​របស់ស្ត្រីរូប​នេះកូនទី១​មាន​វ័យ​ជិត​៣០ឆ្នាំ និង​កូនទី២​មាន​វ័យ​ជាង​២០ឆ្នាំ។ ពួកគេ​ក៏ត្រូវ​បាន​​អ្នក​ស្រី​នាំយក​ទៅមណ្ឌល​បន្សាប​គ្រឿង​ញៀន​ផង​ដែរ​កាលពីអំឡុង​ឆ្នាំ២០២១។

អ្នក​ស្រីឱ្យដឹង​ថា៖ «​ពួកគេ​នៅក្នុងមជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន​ជិត​១ឆ្នាំ។ នៅពេល​ចេញ​​​មកពីមណ្ឌល​វិញ​បាន​មួយរយៈ​អាបង​ក៏ចាប់​ផ្តើមប្រើប្រាស់គ្រឿង​ញៀន​វិញ​ ហើយ​ឥឡូវ​វាដើរ​ដេកជាមួយក្រុមអ្នក​ជក់​ថ្នាំញៀនគ្នាវា មិនសូវចូល​ផ្ទះទេ តែអាប្អូន​ឈប់​ជក់​ហើយ តែរាងស្ទក់ស្ទិញ ខ្ជិល​នៅសម្ងំ​តែក្នុង​ផ្ទះ​មិន​ទាន់​អាច​ចេញទៅ​រកការងារអ្វីធ្វើបាន​ទេ»

គ្រឿងញៀន​ដែល​រឹបអូស​បាន​ត្រូវ​ដុត​បំផ្លាញ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន និង​ការ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់ ​​រាជធានី​ភ្នំពេញ។ រូបភាព​ថត​នៅ​ថ្ងៃ​ទី២៦ ខែ មិថុនា ឆ្នាំ២០១៩។ (ខេមបូចា/ ព្រីង សំរាំង)

ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន

យោង​តាម​គេហទំព័រ​៥០០​០ឆ្នាំ ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ផ្លូវ​ចិត្តរបស់​អ្នក​ប្រើ​ប្រាស់ដូច​ជា វង្វេងវង្វាន់​ស្មារតី ការ​ចងចាំ​ថយចុះ ភ្លេចភ្លាំង​​ច្រើន មានអារម្មណ៍​រវើរវាយ អណ្ដែត​អណ្ដូង​ សប្បាយ​ ឆេវឆាវ ឬ​ស្ងាត់​ស្ងៀម​ ពុំ​និយាយ​ស្ដី​ខុស​ពី​ធម្មតា ថប់​អារម្មរណ៍ ស្រើបស្រាល​នឹង​បញ្ហា​ផ្លូវ​ភេទ ងោកងុយ ឬ​ពុំ​ដេក​សោះ​តែម្ដង និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ពុំ​ប្រាកដ​ប្រជា។ល។

លើសពីនេះ​ការ​ប្រើប្រាស់​សារធាតុ​ញៀន ក៏​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​រូបកាយ​ទាំង​មូល​ផង​ដែរ​ដូច​ជា អស់​កម្លាំង​ល្ហិតល្ហៃ​រាង​កាយ ស្គាំងស្គម និង​សរីរាង្គ​នានា​ដូច​ជា ភ្នែក​ ច្រមុះ ត្រចៀក បេះដូង ថ្លើម ខួរក្បាល សាច់ដុំទ្រុឌទ្រោម​ចុះខ្សោយ និង​ងាយ​ទទួល​រង​ការវាយប្រហារ​ពី​ជំងឺ​​ផ្សេងៗ​ដូចជា ក្អករ៉ាំរ៉ៃ រលាក​ទង​សួត រលាកខួរក្បាល មហារីក​សួត ខូចមុខងារបន្តពូជ​ជាដើម។

លោក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមិន​បាន​​ឆ្លើយ​​តប​​​​ទៅ​នឹង​​សំណើ​សុំ​ធ្វើអត្ថាធិប្បាយ​របស់​ខេមបូចា​កាលពីថ្ងៃ​ទី១៧​ខែ​ឧសភា​ ទាក់​ទង​ថាតើមក​ដល់ពេលនេះមានអ្នក​ទាញយកកម្មវិធី​«NoDrug»​ប្រើប្រាស់​បាន​ប៉ុន្មាន​នាក់​ហើយ និង​ថា​តើស្ថាន​ភាពគ្រឿងញៀននៅដើម​ឆ្នាំ​២០២៤​​នេះ​មានការកើនឡើង​ឬក៏ថយចុះនោះ​ទេដោយ​លោក​គ្រាន់​តែ​ឆ្លើយ​តប​យ៉ាង​ខ្លី​តាម​រយៈ​សារ​ជាសំឡេងថា៖ «ខ្ញុំ​បានដាក់​វា​(សំណួរ​​ទាំង​នេះ)​ចូលទៅក្នុង​ក្រុមឯកសារ​អេប(App)ដើម្បី​ឆ្លើយតប»។

ប៉ុន្តែ​នៅក្នុងសន្និសីទ​កាសែត​បង្ហាញ​មុខជនល្មើស​​ករណីរ​ក្សា​រទុក ជួញដូរ និងកែច្នៃដោយ​ខុសច្បាប់នូវសារធាតុញៀន ដោយ​ឃាត់ខ្លួនជនល្មើស៣នាក់​ជាជនជាតិ​វៀតណាម​ រឹប​អូស​​​​​​ថ្នាំញៀនជាង២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាម ​កាលពី​ថ្ងៃទី២២​ខែឧសភា លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែង​ប្រាប់​អ្នក​​សារព័ត៌​មាន​ថា គិត​ចាប់​តាំងពីដើមខែមករា​ រហូត​មកដល់​ថ្ងៃទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០២៤​​​នេះ ​​កម្លាំង​មន្ទីរ​ប្រឆាំង​បទ​ល្មើសគ្រឿងញៀន​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​​បានជាង​៣តោនហើយ។

លោកបញ្ជាក់ថា៖ «មកដល់​ថ្ងៃនេះ​(២២ឧសភា) គឺកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀន​យើង​បាន​​បោសសម្អាត​ករណីធំៗ​ជាច្រើន​ប្រហែលជា៣តោនជាង​ហើយ​ប្រហែល​ជា១០ករណី​ជាង​ហើយ​ករណីធំៗ​មាន​១តោន​ មាន​១តោនកន្លះ មាន​៣០០​គីឡូ​មាន៥០០គីឡូមាន​២០០​គីឡូ គឺច្រើនមែនទែនជាង​៣តោន»

លោក ​ឃឹង សារ៉ាត់​ បាន​ឱ្យដឹង​ថា ជន​ល្មើស​​​ករណីរ​ក្សា​រទុក ជួញដូរ និងកែច្នៃដោយ​ខុស​ច្បាប់​នូវសារធាតុញៀន​​​នេះ​ ជាជនជាតិ​វៀតណាម​ទាំង​៣នាក់​(ស្រី១នាក់)​ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​កម្លាំង​នៃមន្ទីរប្រឆាំង​បទល្មើស​គ្រឿង​ញៀនបាន​ធ្វើការ​ស៊ើប​អង្កេត​តាម​ដាន​អស់​រយៈ​​ពេលប្រមាណ​​១ខែ​។ ក្រុមនេះ​បាន​ធ្វើការ​ជួញដូរ​គ្រឿងញៀន​ដោយ​​ចែកចាយនៅ​តាម​ក្លឹ​ប​នៅក្នុង​ប្រទេស​ផង ​និង​នាំចេញ​ទៅក្រៅប្រទេស​ផង។

លោក​ឱ្យដឹង​ថា នៅពេល​នេះសមត្ថ​កិច្ច​កំពុង​តាម​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ដែល​ជាមេក្លោង​ដោយ​មាន​​តម្រុយ​៩០ភាគរយហើយ។

ជាមួយគ្នា​នេះ លោក​នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន​ធ្វើការ​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ​និង​អ្នកសារព័ត៌មាន​ជាតិ ​និងអន្តរជាតិ​​ដែល​មើលឃើញមាន​កន្លែង​ណា​លួច​លាក់​​កន្លែងណាកែច្នៃ​កន្លែងណា​ផលិត​គ្រឿងញៀន ​គឺអាចរាយការណ៍មក​មន្ទីរប្រឆាំង​បទល្មើសគ្រឿង​ញៀនបាន​គ្រប់​ពេល​២៤ម៉ោងលើ​២៤​ម៉ោង​តាម​រយៈទូរសព្ទ​លេខ៦៧០។

ទាក់ទង​ទៅនឹងផែនការ​សកម្មភាពបង្ក្រាបគ្រឿងញៀន លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​នៅ​ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងា​រ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនខុសច្បាប់​កាល​ពី​ដើមខែឧសភានេះ ថា រដ្ឋាភិបាល​បានដាក់ការងារប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀនជាការងារអាទិភាព ហើយជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយ​ទាំង​អស់​គ្នា។

លោក នេត សាវឿន ក៏បានថ្លែងដោយលើកឡើងពីការងារផ្សព្វផ្សាយអប់រំដែលជាការងារ​អាទិភាពចម្បងដែលត្រូវតែធ្វើឱ្យ «ទំនើប ទាន់សម័យ មានប្រសិទ្ធភាព» តាមរយ:ការ​ពង្រឹង​​​សមត្ថភាពជនបង្គោលគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជន និង​កៀរគរឱ្យមាន​ការចូលរួមពី​គ្រប់​មជ្ឈដ្ឋាន​ផងដែរ។

បើ​តាមអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនការ​ទាញយកកម្មវិធី​«NoDrug»​ប្រើប្រាស់​នៅលើទូរសព្ទ​ដៃ​គឺ​ទទួល​បាន​ការកម្សាន្ត​បែប​អប់រំមេរៀន​និងព័ត៌មាន​នានា​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀននិង​ក៏​ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាម​រយៈ​ការ​រាយការណ៍​អំពី​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ផងដែរ។

«ដើម្បី​ជីវិត​អ្នកសូមកុំសេព​គ្រឿងញៀន ការសេព​គ្រឿងញៀននាំមក​នូវសេចក្តីវិនាស​ដល់​ខ្លួន» នេះ​ជាសារ​អប់រំដែល​រត់​នៅខាង​លើ​នៃ​App​«NoDrug​»កាលពី​ថ្ងៃទី​២០​ខែឧសភា។​

App​«NoDrug»​ ឃើញមានឃ្លីបវីដេអូ កំណាព្យ បទចម្រៀង ដែល​និយាយ​អប់រំពីផលប៉ះ​ពាល់​ និង​ពីទុក្ខ​លំបាក​ដោយសារ​ការប្រើប្រាស់គ្រឿងញៀន ក្នុង​នោះ​ក៏មានឃ្លីបវីដេអូ​ដែល​​​មាន​សរសេរអក្សរ​នៅពីក្រោមថា «គ្រឿងញៀន​ប៉ះពាល់​ដល់​បុគ្គល​ គ្រួសារ​និង​សង្គម​ជាតិ»ដោយ​បាន​បង្ហាញ​ពីអ្នក​នៅក្នុង​មណ្ឌលស្តារនីតិសម្បទា​អ្នកញៀន​គ្រឿង​ញៀន និង​សកម្ម​ភាព​ក្រុមយុវជន​ជាច្រើន​ផ្តុំ​គ្នា​ជក់​គ្រឿងញៀន​រាំច្រៀង​ទទ្រាក់​ទទ្រើត​​​ដោយ​មាន​សំឡេងស្ត្រីម្នាក់និយាយថា៖ «ការប្រើប្រាស់គ្រឿងញៀន​ពិតជាកើនឡើង​និងរីករាល​ដាល​​គួរ​​ឱ្យព្រួយបារម្ភ​ពីទីក្រុង​រហូតដល់ជនបទ​នៃប្រទេសកម្ពុជា»

បន្ថែម​ពីនេះ​App​«NoDrug​»ក៏បាន​បង្ហាញពី​​ជន​ប្រើប្រាស់​គ្រឿងញៀន​និយាយ​រៀបរាប់​ពីកា​រ​ជម្រិត​ទាប្រាក់​ពីឪពុក​ម្តាយ ព្រម​ទាំង​លួច​របស់ទ្រព្យ​គ្រួសារ​យកទៅលក់​ដើម្បី​ទិញ​គ្រឿង​ញៀន និង​ក៏មាន​ឪពុកម្តាយ​រៀប​រាប់ពីទុក្ខលំបាក​របស់​ខ្លួន​ដែល​មានកូន​ញៀន​គ្រឿង​ញៀន​ផងដែរ៕

555 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម