អ្នកស្រី សុខ ស៊ីណែត អះអាងថា ប្ដីគាត់នឹងចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចក្រោយដោះលែងឱ្យមានសេរីភាពវិញ ដោយបានស្នើសុំកិច្ចអន្ដរាគមន៍ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត។
អ្នកស្រី សុខ ស៊ីណែត ប្រពន្ធលោក នី ណាក់ បានថ្លែងប្រាប់ ខេមបូចា នៅរសៀលនេះថា លោក នី ណាក់ ពិតជាបានទទួលស្គាល់កំហុស និងបានស្នើសុំឱ្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដោះលែងលោកឱ្យមានសេរីភាព ដោយសន្យាថានឹងចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាល។
អ្នកស្រីបន្ដថា មូលហេតុឈានដល់ការស្នើសុំនេះ បន្ទាប់ពីប្ដីអ្នកស្រីមើលឃើញថា ការបន្ដក្នុងពន្ធនាគារព្រៃសនេះមិនបានផ្ដល់ផលចំណេញណាមួយនោះទេ មានតែខាតពេលវេលា ទើបប្ដីអ្នកស្រីសម្រេចចិត្ដស្នើសុំឱ្យដោះលែង និងព្រមចូលរួមជាមួយរដ្ឋាភិបាល។ យ៉ាងណាមិញ អ្នកស្រីបន្ថែមថា ចាប់តាំងពីឃុំខ្លួនប្ដីអ្នកស្រីមក សំណុំរឿងអ្នកស្រីមិនទាន់មានមេធាវីឡើយ ដោយអ្នកស្រីបញ្ជាក់ថា មិនមានភាពចាំបាច់ក្នុងការប្រើប្រាស់មេធាវី។
អ្នកស្រីបានបញ្ជាក់ថា៖ «ចា៎បង ព្រឹកមិញខ្ញុំបានទៅជួបគាត់ ហើយគាត់ព្រមទទួលកំហុស។ គាត់ថាគាត់នៅក្រៅវាចំណេញជាងនៅក្នុងពន្ធនាគារ អាចបង្រៀនចំណេះដឹងគាត់ដល់កសិករបានច្រើន។ គាត់ថាគាត់សួរខាងពន្ធនាគារដែរ គេថាសម្ដេចបវរ ហ៊ុន ម៉ាណែត អត់ទាន់ទំនេរ»។ អ្នកស្រីបន្តថា៖ «រឿងប្ដីខ្ញុំមិនទាន់មានមេធាវីទេបង ព្រោះគាត់ស្នើសុំសម្ដេចបវរ ហ៊ុន ម៉ាណែត ចូលរួមជាមួយរដ្ឋាភិបាលហើយបង»។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ អ្នកស្រី សុខ ស៊ីណែត ប្រពន្ធលោក នី ណាក់ បានបង្ហោះវីឌីអូមួយលើផេកមានឈ្មោះថា«IMan-KH»ដែលគេស្គាល់ថា ផេករបស់លោក នី ណាក់។ ក្នុងនោះអ្នកស្រី សុខ ស៊ីណែត បាននិយាយថា នៅព្រឹកថ្ងៃទី៨ ខែមករា អ្នកស្រីបានទៅសួរសុខទុក្ខប្ដីអ្នកស្រីនៅពន្ធនាគារព្រៃស ដោយអ្នកស្រីថា ពួកអ្នកស្រីបាននិយាយគ្នាច្រើនពាក់ព័ន្ធនឹងការបង្ហោះសារលើផេកជុំវិញព័ត៌មានមិនពិតដែលប្ដីអ្នកស្រីបានបង្ហោះវាយប្រហារលោក ហេង សួរ ដែលជាដើមបណ្ដឹង និងបានព្រមទទួលកំហុសថា៖ «គាត់ព្រមទទួលកំហុសពីបង្ហោះសាររបស់គាត់»។
អ្នកស្រីឱ្យដឹងទៀតថា៖ «គាត់ដឹងនូវកំហុសហើយ ក្នុងការដែលគាត់យកព័ត៌មានពីសារព័ត៌មានក្រៅស្រុកដោយគ្មានមូលដ្ឋានាច្បាស់លាស់ ហើយនឹងគ្មានការស្រាវជ្រាវមុននឹងផុស។ គាត់ពិតជាមានការសោកស្ដាយ និងដឹងនូវកំហុស។ នាងខ្ញុំសុំឱ្យសម្ដេចពុក និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយឱ្យប្ដីនាងខ្ញុំបានចេញសារសុំទោស ហើយនឹងជួយឱ្យប្ដីនាងខ្ញុំមានសេរីភាពឡើងវិញ ដើម្បីចូលរួមជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាល»។
នៅថ្ងៃទី៥ ខែមករា ២០២៤កន្លងទៅលោក នី ណាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនតាមបណ្ដឹងលោក ហេង សួរ ដែលបានប្ដឹងពីបទ«បរិហាកេរ្ដិ៍ និងញុះញ៉ង់»រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសាកសួររួចនៅថ្ងៃដដែល តុលាការសម្រេចចេញដីកាឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ករណីលោក នី ណាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននោះ វាគ្រាន់តែជាលេសដើម្បីឱ្យមានការដោះលែងប៉ុណ្ណោះ។ លោកបន្ដថា គណបក្សកាន់អំណាចមិនត្រូវការធនធានបែបនេះ ដើម្បីមកគាំទ្រនោះទេ ដោយលោកបានបញ្ជាក់ថា លោក នី ណាក់ គួរបន្ដទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្ដ ហើយកុំយកគណបក្សប្រជាជនទៅពាក់ព័ន្ធឱ្យសោះ។
លោក ឥសាន្ត បន្ថែមថា៖ «វាគ្រាន់ជាលេសគាត់ទេ។ គណបក្សយើងមិនត្រូវការមនុស្សបែបហ្នឹងទេ។ បើគាត់ធ្វើខុសគួរតែទទួលទោសតាមច្បាប់ កុំយកគណបក្សប្រជាជនកម្ពុជាទៅពាក់ព័ទ្ធ»។
កាលពីចុងខែសីហា ឆ្នាំ២០២៣ ក្រោយពីលោក នី ណាក់ ត្រូវបានជនមិនស្គាល់មុខវាយប្រហារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្លាប់ចេញរបាយការណ៍ជុំវិញករណីលោក នី ណាក់ថា ជាការធ្វើទុក្ខបុកម្នេញ និងជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលមានចែងក្នុងច្បាប់ និងស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញលើលំហសិទ្ធិសេរីភាពរបស់លោក នី ណាក់ ដើម្បីធានាបានថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ។
បើតាមលោក ប៉ា ចន័្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងប្រាប់ ខេមបូចា ថា សម្រាប់លោកការសម្រេចចិត្ដចូលរួមជីវភាពនយោបាយជាមួយគណបក្សណាមួយវាជាសិទ្ធិសេរីភាព ហើយការចូលរួមធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ ប៉ុន្ដែលោកថា កន្លងមកការចូលរួមផ្នែកនយោបាយច្រើនតែធ្វើឡើងដោយប្រើអំណាច និងការគំរាមកំហែង បំផិតបំភ័យ ជាពិសេសការប្រើប្រាស់ប្រព័ន្ធតុលាការ។
លោកបន្ដថា៖ «បើចូលរួមដោយគ្មានការបង្ខំ អាហ្នឹងវាជារឿងល្អ ប៉ុន្ដែវាមិនអ៊ឹចឹងទេ ភាគច្រើន ច្រើនតែប្រើអំណាចរបស់ខ្លួនដើម្បីឱ្យអ្នកមិនស្របនឹងខ្លួនចុះចូល។ខ្ញុំមើលឃើញថាស្ថានភាពនយោបាយនៅកម្ពុជាយើងហាក់មានការរឹតត្បិតខ្លាំងទៅៗ ហើយវាជាចំណុចគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ»។
មាត្រា៣១ និង៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិតាមគ្រប់រូបភាព កុំឲ្យតែប៉ះពាល់ដល់អ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា ក្នុងច្បាប់មានចែងស្ដីអំពីសិទ្ធិសេរីភាពក្នុងការចូលរួមជាមួយគណបក្សនយោបាយ និងផ្សេងទៀត។ លោកថា ការសម្រេចចិត្ដរបស់លោក នី ណាក់ វាជាសិទ្ធិបុគ្គល។ លោកបន្ដថា ជាការមើលឃើញរបស់លោក មុននឹងមានការចូលរួមជីវភាពជាមួយបក្សកាន់អំណាច គឺភាគច្រើន ច្រើនតែប្រើការគំរាមកំហែងដើម្បីឱ្យចូលរួមនឹងគណបក្សខ្លួន។
លោកបន្ដថា៖ «វាជាសិទ្ធិបុគ្គលទេ ខ្ញុំគ្មានអីនិយាយទេ។ ការសង្កេតរបស់ខ្ញុំច្រើនតែងរងការគំរាមកំហែង មិនថាតាមប្រព័ន្ធតុលាការ សឹងតែគ្រប់រូបភាពទៅហើយ អានេះវាការកត់សម្គាល់របស់ខ្ញុំ»។
គិតមកដល់ពេលនេះលោក នី ណាក់ បានជាប់បណ្ដឹងចំនួន៣ក្នុងនោះមាន បណ្ដឹងពីលោក ផែង វណ្ណៈដែលបានប្ដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ពីបទ«បរិហាកេរ្ដិ័ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ និងបានទាសំណងជំងឺចិត្ដចំនួន៥០លានរៀល។ កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក នី ណាក់ឱ្យជាប់ពន្ធនាគារ១៨ខែពីបទសរសេរបង្ហោះហ្វេសប៊ុកប្រមាថលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន នៅពេលនោះ។ ចំណែកបណ្ដឹងចុងក្រោយនេះ គឺពីលោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីបទ«បរិហាកេរ្ដិ៍ និងញុះញង់»៕