ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង មន្ទីរបរិស្ថានថ្នាក់ខេត្តបានចាប់ផ្តើមយកឈើដែលរឹបអូសបានពីការបង្ក្រាបការកាប់ឈើខុសច្បាប់ធ្វើមឈូសតាមការណែនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែនេះ។
មនុស្សប្រហែលពី២០ទៅ៣០នាក់បានស្លាប់ជារៀងរាល់ថ្ងៃចាប់តាំងពីដើមខែកក្កដា ជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួនអ្នកស្លាប់ជាមធ្យមប្រមាណ១០នាក់ក្នុងមួយ ថ្ងៃក្នុងខែមិថុនា។ នៅថ្ងៃពុធ ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មី ៩១៥ករណី និងមានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន៣៣នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៦៣.៦១៥ករណី និងមានអ្នកស្លាប់សរុប៩៨៦នាក់ចាប់តាំងពីមាន ការឆ្លងរាលដាលនៅដើមឆ្នាំ២០២០។ ករណីស្លាប់ទាំងអស់និងភាគច្រើននៃករណីឆ្លងបានកើតឡើងចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ នៅពេលដែលប្រទេសនេះបានជួបប្រទះការផ្ទុះឡើងករណីឆ្លង ក្នុងសហគមន៍លើកដំបូងរបស់ខ្លួន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ខេមបូចាថា ក្រសួងបានចាប់ ផ្តើមយកឈើ ដែលរឹបអូសបានពីការបង្រ្កាបការកាប់ឈើខុសច្បាប់ ដើម្បីធ្វើមឈូសហើយប្រគល់ជូនទៅគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩របស់រដ្ឋាភិបាលវិញ។
លោក ភក្រ្តា បានមានប្រសាសន៍ថា៖ «ក្រសួងបានប្រមូលឈើប្រមាណ១.៣៤៧ម៉ែត្រគូប ដែលដកហូតបានពីការកាប់ឈើខុសច្បាប់ចន្លោះឆ្នាំ២០២០ដល់២០២១ ដើម្បីធ្វើមឈូស។ ផ្អែកតាមការប៉ាន់ប្រមាណ ឈើទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានអាចធ្វើបានមឈូសប្រមាណ១.០០០»។ ដោយលោកបន្ថែមថា៖ «ឥឡូវ មន្ទីរបរិស្ថានចំនួន ១២នៅទូទាំងប្រទេសធ្វើមឈូសបានចំនួន៥១០និងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងការធ្វើមឈូសបន្ថែមទៀត»។
លោក ភក្រ្តា បានមានប្រសាសន៍ថា មឈូសទាំងនេះត្រូវបានបញ្ជូនទៅអនុគណៈកម្មការគ្រប់គ្រងនិងចាត់ចែងសាកសពអ្នកជម្ងឺកូវីដ-១៩ ដើម្បីសម្របសម្រួលជាមួយអនុគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់ខេត្ត។ លោកមានប្រសាសន៍ថា មឈូសមួយចំនួនត្រូវបានយកទៅប្រើប្រាស់រួចហើយ។
អំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃទី១ ខែកក្កដា លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យក្រសួងបរិស្ថាននិងក្រសួងកសិកម្មពិភាក្សាជាមួយលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អំពីការប្រើប្រាស់ឈើដែលរឹបអូសបានដើម្បីធ្វើមឈូស។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឈើដែលយើងរឹបអូសបានកន្លងមកត្រូវយកទៅធ្វើមឈូស [សម្រាប់អ្នកស្លាប់ដោយសារកូវីដ–១៩] ។ ខ្ញុំគិតថា ការរៀបចំមឈូសឱ្យបានសមរម្យ គឺជាការគោរពដល់សាកសព»។
លោកបន្តថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបញ្ចេញថវិកា ដើម្បីទិញមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ហើយបញ្ជូនមឈូសទាំងនេះទៅកាន់មន្ទីរពេទ្យនៅទូទាំងប្រទេស។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ក្រសួងត្រូវតែទិញមឈូស ឲ្យបាន៨០ភាគរយនៃមឈូសដែលគេមាន ដើម្បីរក្សាទុកនៅក្នុងដៃ»។
លោកនាយករដ្ឋមន្រ្តីក៏បានព្រមានក្រុមមន្រ្តីកុំប្រើឱកាសនេះជាលេស ដើម្បីរកវិធីផ្សេងៗប្រព្រឹត្តិបទល្មើសព្រៃឈើ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «កុំឆ្លៀតឱកាសយកលេសទៅកាប់ឈើ [ខុសច្បាប់] ដើម្បីធ្វើមឈូស»។
ប៉ុន្តែសកម្មជនខ្លះបាននិយាយថា ពួកគេបារម្ភថា រឿងនេះប្រាកដជាកើតឡើង។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើនៅកម្ពុជាមានប្រសាសន៍ថា ជាទូទៅអ្នកកាប់ឈើខុសច្បាប់ឆ្លៀតយកប្រយោជន៍ពីព្រឹត្តិការណ៍ធំៗនៅពេលដែលរដ្ឋាភិបាលកំពុងវក់វីនឹងព្រឹត្តិការណ៍ ដូចជាការបោះឆ្នោតឬការផ្ទុះឡើងជំងឺ ដើម្បីបង្កើនសកម្មភាពរបស់ពួកគេ ។ លោក ស្រស់ បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភថា បទបញ្ជាបែបនេះអាចនាំឱ្យមានការកើនឡើងនៃការកាប់ឈើខុសច្បាប់។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលគ្រាន់តែត្រូវការឈើ ដើម្បីធ្វើមឈូសសម្រាប់សាកសពអ្នកជំងឺកូវីដ–១៩ គាត់អាចប្រើក្តារបន្ទះធម្មតាបានហើយអាចធ្វើមឈូសបានគ្រប់គ្រាន់សម្រាប់អ្នកស្លាប់ទាំងនោះ។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលចង់យកឈើទាំងអស់ ដែលរឹបអូសបានពីបទល្មើសព្រៃឈើខុសច្បាប់ ដើម្បីធ្វើមឈូស នេះគឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ពីព្រោះរដ្ឋាភិបាលមានសិទ្ធិសម្រេចលើរឿងនេះ»។
ប៉ុន្តែលោកបានបន្ថែមថា៖ «យើងក៏មានការព្រួយបារម្ភផងដែរនៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា កម្ពុជាត្រូវត្រៀមឈើ ដើម្បីធ្វើមឈូសពីព្រោះធ្វើឲ្យក្រុមហ៊ុនមួយចំនួនសប្បាយចិត្តក្នុងការកាប់ឈើនៅក្នុងតំបន់អភិរក្ស»។
លោក ម៉ិញ នី អាយុ៥៧ឆ្នាំជាសកម្មជនការពារព្រៃឈើមកពីសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោកបារម្ភខ្លាំង ដោយលោកលើកឡើងថា អ្នកកាប់ឈើខុសច្បាប់នឹងប្រើបទបញ្ជាធ្វើមឈូសជាលេស ដើម្បីធ្វើសកម្មភាពខុសច្បាប់បន្ថែមទៀត។
លោក ម៉ិញ នី បាននិយាយថា៖ «សកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងសហគមន៍ព្រៃឡង់កំពុងកើតឡើងជារៀងរាល់ថ្ងៃ សូម្បីតែខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ក៏ដោយ។ ខ្ញុំបារម្ភថា មនុស្សអាក្រក់ឆ្លៀតឱកាសបណ្តោយឲ្យមានការកាប់ឈើខុសច្បាប់ថា យកមកធ្វើមឈូស»។
លោក សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ជាអ្នកនាំពាក្យនិងលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ដោយឡែកលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ក្រុមការងារនៅព្រំដែនបានទទួលបទបញ្ជាពីរដ្ឋាភិបាលដែលបង្គាប់ឲ្យទិញមឈូសពីប្រទេសថៃសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តជាប់ព្រំដែនព្រោះថ្លៃដឹកធូរជាងការបញ្ជូនមកពីភ្នំពេញ។
ចំណែកនៅរាជធានីភ្នំពេញ លោកអភិបាលរង កើត ឆែ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃច័ន្ទនេះថា ឆាប់ៗនេះ សាលារាជធានីភ្នំពេញនឹងទទួលបានឡបូជាសាកសពដើរដោយចរន្តអគ្គិសនីចំនួន២ ដើម្បីដោះស្រាយនឹងកំណើនអ្នកស្លាប់។ បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យបូជាសពអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ នៅតាមវត្តចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញ គឺវត្តទឹកថ្លា វត្តឫស្សីសាញ់និងវត្តមួយទៀតនៅខណ្ឌព្រែកព្នៅ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Officials begin using wood seized from illegal logging to make coffins for COVID-19 victims