មន្ត្រីផ្នែកដោះស្រាយផលប៉ះពាល់ប្រកាសឱ្យពលរដ្ឋ៣៦០គ្រួសារ ដែលរងគ្រោះដោយសារការជីកស្តារប្រឡាយមេ៩៦ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រក្សាភាពស្ងៀមស្ងាត់រង់ចាំដំណោះស្រាយពីរដ្ឋាភិបាល ខណៈពលរដ្ឋទទូចឱ្យមន្ត្រីបង្ហាញពីពេលវេលាជាក់លាក់ក្នុងការដោះស្រាយសំណងជាដី និងថវិកា ឬឱ្យពួកគេរស់នៅទីតាំងចាស់។
តំណាងមន្ត្រីអន្តរក្រសួង រួមនិងអាជ្ញាធរពាក់ព័ន្ធប្រមាណ១០នាក់ នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះ បានរៀបចំវេទិកាសាធារណៈជាមួយពលរដ្ឋប្រមាណ២០០នាក់ នៅក្នុងទីតាំងវត្តពកអណ្តែត ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីបញ្ជាក់ពីវឌ្ឍនភាពការងារវាស់វែងផ្តល់សំណងជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់។
វេទិកានេះ ធ្វើឡើងក្រោយពីពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យពលរដ្ឋរងផលប៉ះពាល់សរុប៣៦០គ្រួសារ រស់នៅភូមិព្រែករាំង១ និងភូមិអាចម៍កុក ក្នុងសង្កាត់កំពង់សំណាញ់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា បានទៅប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ស្នើឱ្យអភិបាលខេត្តថ្មី លោក គួច ចំរើន រៀបចំវេទិកាសាធារណៈ ស្តីពីដំណើរគម្រោងស្តារប្រឡាយមេ៩៦ និងបង្ហាញពីដំណោះស្រាយដែលពលរដ្ឋរងផលប៉ះពាល់។
ថ្លែងក្នុងវេទិកានេះ តំណាងក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ លោក ថាច់ សុផានិត បានបញ្ជាក់ថា កិច្ចការងារដោះស្រាយនេះត្រូវបែងចែកជា៣ដំណាក់កាល រួមមាន ទី១ ការចុះវាស់វែងពីផលប៉ះពាល់ និងទី២ការចុះកិច្ចសន្យាផ្តល់សំណង ខណៈដំណាក់កាលទី៣ គឺការបញ្ជាឱ្យរុះរើចេញ។ លោកឱ្យដឹងថា សម្រាប់ដំណាក់កាលទី១ មន្ត្រីពាក់ព័ន្ធបានចុះវាស់វែងពីផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅក្នុងភូមិទាំង២ខាងលើរួចរាល់ហើយ កាលពីអំឡុងចុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤។
ប៉ុន្តែយ៉ាងណាលោកថា បច្ចុប្បន្នមន្ត្រីជំនាញមិនទាន់បញ្ចប់ការងារក្នុងដំណាក់កាលទី១នៅឡើយទេ ដោយកំពុងតែរៀបចំទិន្នន័យនៃផលប៉ះពាល់សរុប ដើម្បីស្នើសុំគោលការណ៍ពីរដ្ឋាភិបាលក្នុងការចុះអនុវត្តដំណាក់កាលទី២ គឺចុះកិច្ចសន្យាផ្តល់សំណងជូនពលរដ្ឋ។
លោកថ្លែងថា៖ «បន្ទាប់ពីចុះវាស់វែងនូវផលប៉ះពាល់ជូនបងប្អូនតាមខ្នងផ្ទះនីមួយៗហើយ ដំណាក់កាលទី២ គឺគណៈកម្មការអន្តរក្រសួង គឺយើងចុះកិច្ចសន្យា ប៉ុន្តែដំណាក់កាលទី២ យើងកំពុងតែដំណើរការ កំពុងតែប្រឹងប្រែងព្យាយាមធ្វើការងារហ្នឹងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ អ៊ីចឹងត្រូវទុកពេលឱ្យក្រុមការងារខ្ញុំ ដើម្បីផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យ ដើម្បីសុំគោលការណ៍ទៅរាជរដ្ឋាភិបាលសិន បានពួកខ្ញុំចុះមកប្រជុំវគ្គ២»។
លោកក៏សុំការអភ័យទោសចំពោះភាពយឺតយ៉ាវនៃការដោះស្រាយសំណងជូនពលរដ្ឋប៉ះពាល់ដែរ។ យ៉ាងណាលោកអះអាងថា មន្ត្រីកំពុងប្រញាប់ប្រញាល់រៀបចំទិន្នន័យសរុប ហើយក៏បានប្រាប់ឱ្យភ្នាក់ងារឯករាជ្យចុះសិក្សាពីតម្លៃនៃផលប៉ះពាល់ដែរ។
លោកបញ្ជាក់ថា៖ «រាល់ថ្ងៃហ្នឹង ក្រុមការងារខ្ញុំកំពុងតែដុតដៃដុតជើងក្នុងការបញ្ចូលទិន្នន័យ ដើម្បីបញ្ជូនសុំគោលការណ៍ទៅរដ្ឋាភិបាល ហើយខាងភ្នាក់ងារឯករាជ្យសិក្សាតម្លៃក៏ខ្ញុំបានប្រាប់គាត់ឱ្យចុះមកសិក្សាលម្អិតផ្ទាល់ដែរ»។
មន្ត្រីដោះស្រាយផលប៉ះពាល់រូបនេះ ក៏ស្នើឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ បញ្ឈប់សកម្មភាពតវ៉ា ហើយរង់ចាំដំណោះស្រាយពីពួកលោក ប៉ុន្តែលោកអះអាងថា មិនទាន់ដឹងពីពេលវេលាជាក់លាក់ក្នុងដំណើរការផ្តល់សំណងនេះនៅឡើយ។
ជុំវិញការបញ្ជាក់ដូច្នេះ បានធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់មិនសូវមានជំនឿចិត្តឡើយ ដោយថាពួកគេនឹងត្រូវរង់ចាំទាំងគ្មានសង្ឃឹម សូម្បីតែពេលវេលាជាក់លាក់ណាមួយ។
ជាក់ស្តែង ពលរដ្ឋម្នាក់រស់នៅភូមិអាចម៍កុក អ្នកស្រី វង្ស សំអឿន អាយុ៣៩ឆ្នាំ អះអាងថា ជាទុក្ខកង្វល់ដ៏ធំរបស់ពលរដ្ឋថាអាចប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ដោយសារមិនទទួលបានការបញ្ជាក់ពីពេលវេលាជាក់លាក់។
អ្នកស្រីរៀបរាប់ថា៖ «ពិបាកណាស់រង់ចាំអត់មានដំណឹង ហើយខ្លាចតែពេលដំណឹងចេញមក យើងទទួលយកមិនបាន មិនដឹងធ្វើម៉េចទៀត យើងហួសពេលធ្វើការ។ ខ្លាចតែពេលដំណឹងចេញមក គឺយើងមិនទទួលយកបាន ខ្ញុំចេះតែខ្លាចអ៊ីចឹង»។
អ្នកស្រីបញ្ជាក់ថា អ្វីដែលពលរដ្ឋទាំង៣៦០គ្រួសារចង់បាន គឺចង់ឱ្យមន្ត្រីពាក់ព័ន្ធផ្តល់ចម្លើយ និងពេលវេលាច្បាស់លាស់ ស្តីពីការផ្តល់សំណងជាដី និងថវិកា។ អ្នកស្រីសង្កត់ធ្ងន់ថា ពួកគេចង់បានសំណងជាដីមុនគេបង្អស់ ដោយថាប្រសិនបើគ្មានដី នោះពួកគេក៏គ្មានកន្លែងត្រូវរុះរើទៅដែរ។ យ៉ាងណា អ្នកស្រីបញ្ជាក់ថា សំណងជាដីនោះត្រូវតែនៅក្បែរទីតាំងភូមិចាស់របស់ពួកគាត់ ដោយឆ្ងាយបំផុតត្រឹម៣គីឡូម៉ែត្រ ទើបពួកគាត់យល់ព្រម។
អ្នកស្រីបញ្ជាក់ថា៖ «និយាយទៅសំខាន់ចង់បានដីហ្នឹងតែម្ដង ប្រជាជនទាំងអស់សុទ្ធតែចង់បានដី។ ចង់និយាយថា បើពួកខ្ញុំអត់បានដី ហើយគេឱ្យរុះរើ តើឱ្យយកឥវ៉ាន់ ផ្ទះសម្បែងរបស់ពួកខ្ញុំទៅទុកនៅឯណា។ បើដីនៅកន្លែងផ្សេងសុទ្ធតែដីរបស់គេហ្នឹង បើយកទៅដាក់លើដីគេ គេស្ដីឱ្យ»។
ពលរដ្ឋរស់នៅភូមិអាចម៍កុកម្នាក់ទៀត អ្នកស្រី ឆេង ត្រប់ ទទូចឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការដោះស្រាយជូនពួកគេ ដើម្បីបញ្ចៀសនូវបញ្ហាប្រឈមកាន់តែខ្លាំង។ ប្រឈមបញ្ហាកាន់តែខ្លាំង ដោយអ្នកស្រីសំដៅលើជិតដល់រដូវទឹកជំនន់ ដែលអាចបណ្តាលឱ្យដី និងផ្ទះរបស់ពួកគាត់បាក់ស្រុតចូលទឹកអស់ ហើយអាចនឹងមិនទទួលបានសំណង។
អ្នកស្រីទទូចថា៖ «សំណូមពរឱ្យលឿនការដោះស្រាយបន្តិច ដោយសារពួកខ្ញុំរង់ចាំយូរ ហើយគ្មានលំនឹងកក់ក្តៅក្នុងខ្លួនទេ គឺម្នាក់ៗភ័យខ្លាចតែម្តងរាល់ថ្ងៃ[..]រស់នៅរាល់ថ្ងៃភ័យខ្លាចរឿងបាក់ផ្ទះ រឿងទឹកចូល ហើយដល់រង់ចាំអត់មានដំណឹងពិតប្រាកដអ៊ីចឹង វាពិបាក»។
បើតាមលិខិតរបស់ប្រជាពលរដ្ឋដែលបានស្នើទៅអភិបាលខេត្តកណ្តាល លោក គួច ចំរើន នៅថ្ងៃទី១៥ ខែកក្កដា បានរំលេចថា ពលរដ្ឋទាំង៣៦០គ្រួសារ ដែលរស់នៅភូមិអាចម៍កុក និងភូមិព្រែករាំង១ សុទ្ធតែបានមករស់នៅតាំងពីមុនឆ្នាំ១៩៩០ ហើយក៏មានលិខិតកាន់កាប់ដី ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំដែរ។ ក្នុងនោះពលរដ្ឋបានឱ្យដឹងថា ដីរបស់ពួកគេភាគច្រើនមានទទឹង៥ម៉ែត្រ និងបណ្តោយជាមធ្យមចន្លោះពី១០ទៅ១៥ម៉ែត្រ អូសបន្លាយលើខ្នងប្រឡាយប្រមាណ៤គីឡូម៉ែត្រ គិតចាប់ពីចុងភូមិដល់ដើមភូមិ។
ចៅសង្កាត់កំពង់សំណាញ់ លោក យាវ ឡេង ប្រាប់ឱ្យពលរដ្ឋរង់ចាំការដោះស្រាយពីក្រសួងពាក់ព័ន្ធ ដោយថាលោកបានត្រឹមតែប្រមូលផ្តុំប្រជាពលរដ្ឋឱ្យជួបជាមួយមន្ត្រីជំនាញប៉ុណ្ណោះ ព្រោះជាផែនការថ្នាក់ជាតិ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋផ្តាំផ្ញើទៅក្រសួងៗយកសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដាក់ជូនទៅរដ្ឋាភិបាល។ ផែនការទាំងអស់ វាជាការងារមួយរបស់ក្រសួង ខ្ញុំក៏សហការប្រមូលផ្តុំ ដើម្បីឱ្យខាងថ្នាក់ក្រសួងគាត់ចុះផ្សព្វផ្សាយជូនរាល់ព័ត៌មានអ្វីដែលទាក់ទងនឹងការស្តារប្រឡាយ[មេ៩៦]»។
ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ យល់ថា ជាសញ្ញាណល្អមួយដែលអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបើកវេទិកាសាធារណៈឱ្យពលរដ្ឋបានចូលរួមបង្ហាញទុក្ខកង្វល់ និងសំណើផ្សេងៗ។ លោកចាត់ទុកថា ក្តីបារម្ភរបស់ប្រជាពលរដ្ឋគឺជារឿងត្រឹមត្រូវ ដោយលោកថាប្រសិនបើគម្រោងអភិវឌ្ឍន៍ដំណើរការកាន់តែយូរ ពលរដ្ឋនឹងកាន់តែមានរយៈពេលខ្លីក្នុងការទាមទារដំណោះស្រាយ។
ជាមួយគ្នា លោកជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនវិធានការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋជឿជាក់លើអាជ្ញាធរ ខណៈលោកកត់សម្គាល់ឃើញថា ពលរដ្ឋចាប់ផ្តើមខ្លាចពាក្យថាអភិវឌ្ឍន៍។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលគម្រោងហ្នឹងអភិវឌ្ឍចប់ទៅ ទោះបីជាពួកគាត់ចង់តវ៉ាក៏ពិបាកតវ៉ាដែរ។ អ៊ីចឹងការពន្លឿននូវដំណោះស្រាយ ឬក៏ការជជែកអំពីជម្រើសដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាជម្រើសមួយដ៏ប្រសើរសម្រាប់ភាគី ជាពិសេសប្រជាពលរដ្ឋដែលគាត់ប៉ះពាល់ គាត់អាចស្ងប់ចិត្ត»។
បើតាមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤ គម្រោងជីកស្តារប្រឡាយមេ៩៦ ក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបាន៦៥ភាគរយហើយ ។
លោកបន្ថែមថា គម្រោងជីកស្តារប្រឡាយមេ៩៦នេះ មានប្រវែង៣៤គីឡូម៉ែត្រ និងមានទទឹងពី៨០ម៉ែត្រទៅ១០០ម៉ែត្រ ហើយវាក៏ជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណបដែរ។ បន្ថែមលើនេះ លោកថាគម្រោងនេះក៏នឹងជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវដែរ៕