មន្ត្រីនៅតាមបណ្ដាខេត្តមួយចំនួនបាននិយាយថាខ្លួនបានរកឃើញករណីឆ្លងកូវីដ១៩ ច្រើនជាងធម្មតា តាំងពីទីក្រុងភ្នំពេញបានដកចេញវិធានការបិទខ្ទប់នៅដើមខែនេះ ព្រមជាមួយនឹងបិទបញ្ចប់បម្រាមការធ្វើដំណើរឆ្លងខេត្ត។
នៅខេត្តតាកែវ រដ្ឋបាលខេត្តបានរាយការណ៍ពីការឆ្លងកូវីដ១៩ ចំនួន៧០ករណីនៅថ្ងៃទី១៥ ខែឧសភា និងមាន៥១ករណីថ្មីទៀត នៅថ្ងៃទី១៦ ខែឧសភា។
លោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្តតាកែវ បានឲ្យដឹងថាមានការឆ្លងកូវីដ១៩ ជាច្រើនករណីនៅតាមរោងចក្រ ជាប់ព្រំប្រទល់ខេត្តកណ្ដាល និភ្នំពេញ។
លោកបន្ថែមថា៖ «ចំនួនអ្នកឆ្លងកើនឡើង គឺបន្ទាប់ពីពេលដែលទីក្រុងភ្នំពេញបានបើកឲ្យធ្វើដំណើរ មានមនុស្សមួយចំនួនបានឆ្លងពីតំបន់នោះ[តំបន់ក្រហម] ដែលបានធ្វើដំណើរចាកចេញ ហើយបានធ្វើឲ្យឆ្លងដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយប្រជាពលរដ្ឋមូលដ្ឋាននោះធ្វើការនៅរោងចក្រទាំងនោះ ដូច្នេះហើយ បានជាផ្ទុះនៅតាមរោងចក្រ»។
លោក បន្ថែមថា រដ្ឋបាលខេត្តបានបង្កើតមណ្ឌលចត្តាឡីស័កនៅតាមឃុំនីមួយៗ ហើយបានបញ្ជាឲ្យមន្ត្រីមូលដ្ឋានបង្កើនការឃ្លាំមើលអ្នកធ្វើដំណើរពីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីពិនិត្យមើលថាអ្នកទាំងនោះមកពីតំបន់ក្រហមឬយ៉ាងណា និងតាមដានសុខភាពរបស់អ្នកទាំងនោះ។
លោកឲ្យដឹងទៀតថា៖ «យើងបានរឹតបន្តឹងលើអ្នកមកពីភ្នំពេញ និងក្រុងតាខ្មៅថាតើពូកគេមកពីតំបន់ក្រហម ឬតំបន់ផ្សេង»។ លោកថា អ្នកធ្វើដំណើរពីភ្នំពេញមកដល់មូលដ្ឋានត្រូវរាយការណ៍ទៅកាន់អាជ្ញាធរ បើសិនជាអ្នកទាំងនោះមានចេញរោគសញ្ញា ឬសង្ស័យថាបានប៉ះពាល់ជាមួយអ្នកជំងឺ។ ដូចនេះលោកថា អ្នកទាំងនោះនឹងត្រូវបញ្ជូនទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
សម្រាប់ខេត្តតាកែវ មានមនុស្ស ជាង១០០០នាក់កំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។
លោក មាស អ៊ុយ បញ្ជាក់ថា៖ «អ្នកឆ្លងកូវីដ១៩ ភាគច្រើនមកពីស្រុកចំនួនបីគឺ ព្រៃកប្បាស សំរោង និងបាទី»។
លោក បានអំពាវនាវឲ្យអ្នកធ្វើដំណើរពីតំបន់ក្រហមក្នុងទីក្រុងភ្នំពេញ ចូលខេត្តតាកែវ ត្រូវធ្វើតេស្តភ្លាមដែរ ពេលចូលមកដល់។
លោកអះអាងថា៖ «ទោះបីជាអ្នកទាំងនោះស្ថិតនៅកន្លែងបិទខ្ទប់ និងហាមឃាត់ ពួកគេនៅតែអាចចេញបាន»។
កាលពីថ្ងៃទី៥ ខែឧសភា រដ្ឋាភិបាលបានដកចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប៉ុន្តែនៅបន្តបិទខ្ទប់តាមគោលដៅតូចៗនៅតំបន់ក្រហម ដែលអត្រាឆ្លងកូវីដ១៩នៅមានកម្រិតខ្ពស់។ ខណៈពេលដែលអ្នករស់នៅតំបន់ក្រហមមិនត្រូវអនុញ្ញាតឲ្យចាកចេញពីលំនៅដ្ឋាន លោក មាស អ៊ុយ និងអ្នកផ្សេងទៀតថា អាជ្ញាធរបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីធ្វើដំណើរពីតំបន់ក្រហម។
លោក មាស អ៊ុយ ថាមនុស្សជាង២០០នាក់បានឆ្លងកូវីដ១៩ គិតតាំងពីមានព្រឹត្តិការណ៍២០ កុម្ភៈ និងមានមនុស្សចំនួនប្រាំនាក់បានស្លាប់។
ចំណែកខេត្តព្រៃវែងវិញ អភិបាលរងខេត្តលោក ចាន់ ថា ឲ្យដឹងថានៅខេត្តនេះមានករណីឆ្លងសរុបចំនួន១៨២ករណីគិតតាំងពីមានព្រឹត្តិការណ៍២០ កុម្ភៈ ក្នុងនោះមាន១០១ករណីបានជាសះស្បើយ និងមានបីនាក់បានស្លាប់។
លោកឲ្យដឹងថា៖ «បើតាមស្ថានភាពកូវីដ១៩ នាពេលចុងក្រោយនេះ ក្នុងខេត្តព្រៃវែង អ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ គឺអ្នកមកពីភ្នំពេញបន្ទាប់ពីថ្ងៃទី៦ ខែឧសភា»។ លោកបន្ថែមថាមនុស្សជាង២០នាក់បានរកឃើញវិជ្ជមានកូវីដ១៩ ពេលមកដល់ស្រុកកំណើតភ្លាម។
លោកបន្តថា៖ «ពួកគេចេញពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅភ្នំពេញ មកលេងស្រុកកំណើត»។
លោកឲ្យដឹងទៀតថា អាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានបានសួរនាំអ្នកធ្វើដំណើរមកពីភ្នំពេញ និងខេត្តផ្សេងៗ ដើម្បីតាមដានពេលពួកគេមកដល់ និងត្រូវបញ្ជូនទៅកន្លែងព្យាបាលបើរកឃើញថាវិជ្ជមានកូវីដ១៩។
លោក បន្ថែមថា៖ «យើងអាចគ្រប់គ្រងពួកគាត់បាន…ពីព្រោះពេលពួកគាត់មកដល់ក្នុងខេត្ត យើងបានតាមដានពួកគាត់ ហើយចំនួនអ្នកតេស្តវិជ្ជមានក៏មានតិច បើយើងធៀបទៅនឹងមនុស្សរាប់ពាន់នាក់ដែលបានមកដល់»។
បើតាមលោក ចាន់ ថា គ្រួសារជាច្រើននៅមូលដ្ឋាន បានសហការជាមួយអាជ្ញាធរ ដោយបានរាយការណ៍ពេលសាច់ញាតិមកពីទីក្រុង ដែលការណ៍នេះលោកថាអាជ្ញាធរអាចត្រួតពិនិត្យអ្នកទាំងនោះបាន។ លោកបញ្ជាក់ថា បើអ្នកទាំងនោះមានចេញរោគសញ្ញា ឬប្រសិនបើអ្នកទាំងនោះមកពីតំបន់ក្រហម ពួកគេនឹងត្រូវធ្វើតេស្តភ្លាមៗដែរ។
កាលពីថ្ងៃអាទិត្យ រដ្ឋបាលខេត្តព្រៃវែងបានរាយការណ៍ថាមានចំនួនអ្នកឆ្លងកូវីដ១៩ ចំនួន៨ករណី នៅថ្ងៃសៅរ៍ ៦ករណី និងថ្ងៃសុក្រ ចំនួន៣ករណី។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា គិតតាំងពី ព្រឹត្តិការណ៍ ២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ ចំនួន២១៥ករណី ក្នុងនោះមាន១០៦ករណីបានជាសះស្បើយ និងមានមនុស្សពីរនាក់បានស្លាប់។
លោកថាមន្ត្រីបានរកឃើញករណីឆ្លងថ្មីមួយចំនួនបន្ទាប់ពីវិធានការបិទខ្ទប់ត្រូវបានដកចេញ ប៉ុន្តែថាមិនបានបែងចែកករណីឆ្លងមុន និងក្រោយថ្ងៃទី៥ ខែឧសភា នោះទេ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធរបានរឹតបន្ដឹងវិធានការបិទខ្ទប់នៅតំបន់ក្រហម និងបានចាប់ខ្លួនមនុស្សជាង១០០នាក់ រួមមានអ្នករត់តាក់ស៊ី ដែលធ្វើដំណើរចេញពីតំបន់ក្រហម។ លោកថា អ្នកទាំងអស់នោះកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។
លោកបញ្ជាក់ថា៖ «យើងរឹតបន្តឹងបំផុតនៅគ្រប់តំបន់ក្រហម»។ លោកថា កម្លាំងនគរបាលបានយាមកាមនៅគ្រប់ផ្លូវ និងថាលោកមិនបានដឹងថាមនុស្សមួយចំនួនអាចលួចចេញបានរបៀបណានោះទេ។
លោកលើកឡើងថា បើសិនជាអាជ្ញាធរខេត្តមានភស្តុតាងបញ្ជាក់ថាមនុស្សមួយចំនួនបានទៅដល់ស្រុកកំណើតដោយធ្វើដំណើរចេញពីតំបន់ក្រហម អាជ្ញាធរគួរតែអនុវត្តលើអ្នកទាំងនោះទៅតាមវិធានការសុខាភិបាល។
លោកបន្ថែមថា អាជ្ញាធររាជធានីភ្នំពេញបានចែកកញ្ចប់ជំនួយជាស្បៀងអាហារចំនួនជិត៥០ម៉ឺនកញ្ចប់ សម្រាប់អ្នករស់នៅតំបន់ក្រហម និងប្រជាពលរដ្ឋក្រីក្រ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ អភិវឌ្ឍន៍និងសន្ដិភាព លើកឡើងថាអាជ្ញាធរខេត្តត្រូវតាមដានអ្នកទៅដល់ស្រុកកំណើតថ្មីៗដោយយកចិត្តទុកដាក់បំផុត។
លោក បន្ថែមថា៖ «អាជ្ញាធរត្រូវតែព្យាយាមគ្រប់គ្រងអ្នកដែលទើបទៅដល់ស្រុកកំណើត បើសិនជាអ្នកទាំងនោះមានអ្វីសង្ស័យ ពួកគាត់ត្រូវយកសំណាកអ្នកទាំងនោះទៅធ្វើតេស្តឲ្យបានទាន់ពេល ដូចនេះវានឹងកាត់បន្ថយការឆ្លងកូវីដ១៩ បានច្រើន»។
ប៉ុន្តែលោកថា អាជ្ញាធររាជធានីភ្នំពេញគួរតែធ្វើតេស្តឲ្យបានឆាប់ និងតាមដានអ្នកនៅតំបន់ក្រហម ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងការឆ្លងឲ្យបាន និងកម្រិតឲ្យនៅទំហំតូចបំផុត ដោយសារថាមនុស្សម្នាក់ៗចង់ចាកចេញពីក្រុង។ តំបន់ក្រហម ត្រូវបានបិទខ្ទប់តាំងពីថ្ងៃទី១០ ខែមេសា មកម្លេះ។
នៅថ្ងៃចន្ទ ក្រសួងសុខាភិបាលឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ មានចំនួន៣៦០ករណីបន្ថែមទៀត ធ្វើឲ្យចំនួនសរុបឡើងដល់២២ ៥៤៤ករណី គិតតាំងពីដើមឆ្នាំ២០២០ មក។ ក្រសួងឲ្យដឹងថាអ្នកជាសះស្បើយសរុបមានចំនួន១២ ០០៦នាក់ និងអ្នកស្លាប់សរុប១៥៤នាក់។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Officials worry about rise in provincial COVID-19 cases after lockdown lifted