លោក ជឿន សំអុល កំពុងអាំងសាច់គោនៅចិញ្ចើមផ្លូវ ខណៈរថយន្តកំពុងមមាញឹកដឹកទឹកដាក់តាមផ្ទះអ្នកភូមិ ស្របពេលបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋត្រូវបានទុកចោលដោយសារតែពុំមានទឹក។
លោក សំអុល បានថ្លែងប្រាប់ ខេមបូចា នាពេលព្រឹកមួយនៅភូមិទួលកី កាលពីសប្តាហ៍មុនថា៖ «អស់រយៈពេលពីរខែមកហើយ ដែលយើងមិនមានទឹកស្អាតប្រើប្រាស់សូម្បីមួយដំណក់។ ដូចបងបានឃើញហើយ គេយកទឹកពីកន្លែងផ្សេងមកផ្គត់ផ្គង់ប្រជាពលរដ្ឋនៅតំបន់នេះ»។
ដោយចង្អុលទៅកាន់រ៉ូប៊ីណេនៅខាងមុខហាងរបស់ សំអុល បានបន្តថា ទឹកដែលពលរដ្ឋទិញពីអ្នកដឹកលក់តាមឡាន មិនមានសុវត្ថិភាពទេសម្រាប់ទទួលទាន ឬចំអិនអាហារនោះទេ ហើយលោកបានទិញទឹកសុទ្ធ សម្រាប់ផឹក និងចំអិន ពេលខ្លះលោកត្រូវទៅដឹកទឹកស្រះនៅវត្តក្បែរនោះដោយខ្លួនឯងសម្រាប់ការបោកគួក និងងូត។
លោកនិយាយថា៖ «បងមើលទៅ! ខ្ញុំបានបើករ៉ូប៊ីណេចោលអស់រយៈពេលពីរខែមកហើយ មិនមានទឹកនោះទេ។ ខ្ញុំមានគម្រោងទិញធុងចម្រោះទឹកដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែដើម្បីអី្វ? បើមិនមានទឹកចេញមកនោះ»។
ទួលកីគឺជាសហគមន៍មួយនៅក្នុងចំណោមសហគមន៍មួយចំនួន ដែលពលរដ្ឋត្រូវទិញទឹកប្រើប្រាស់ពីអ្នកលក់ទឹកដឹកតាមឡាន ខណៈពេលមានកង្វះខាតទឹក និងស្របពេលសីតុណ្ហភាពកាន់តែឡើងក្តៅនៅចុងរដូវប្រាំងហួតហែង និងមានរយៈពេលវែង។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានលើកឡើងកាលពីដើមខែមីនាថា ពលរដ្ឋជាង ៤ម៉ឺនគ្រួសារ ស្មើនឹង ១២ភាគរយនៃពលរដ្ឋសរុបនៅក្រុងភ្នំពេញ កំពុងប្រឈមនឹងកង្វះខាតទឹកស្អាតប្រើប្រាស់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើកឡើងថា កម្រិតទឹកទន្លេ «ទាបខុសពីធម្មតា» នៅទន្លេមេគង្គ កំពុងបង្កឲ្យមានកង្វះខាតទឹក ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បានចង្អុលទៅកាន់ការអភិវឌ្ឍលើសលុប រួមមានការចាក់បំពេញបឹង និងការគ្រប់គ្រងអន់ខ្សោយ ជាកត្តារួមចំណែក។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានមានប្រសាសន៍នៅអំឡុងពេលសម្ពោធការដ្ឋានចម្រាញ់ទឹកស្អាតនៅសង្កាត់បាក់ខែងថា នៅឆ្នាំ ២០៣០ ក្រុងភ្នំពេញត្រូវបានរំពឹងថា នឹងមានចំនួនប្រជាជនកើនទ្វេដង រហូតដល់ទៅ ០៤លាននាក់។
បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាត ប្រចាំថ្ងៃនៅក្រុងភ្នំពេញបានតិចជាង ៨៥ភាគរយប៉ុណ្ណោះ។ នេះបើយោងទៅតាមរបាយការណ៍ដែលបានបង្ហាញក្នុងមហាសន្និបាតម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់រដ្ឋាករទឹក ដែលបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនមូលប័ត្រកម្ពុជា។ របាយការណ៍នោះក៏បានលើកឡើងពីចំនួនអ្នកប្រើប្រាស់ថ្មីចំនួន ៤៣.០០០នាក់រវាងឆ្នាំ ២០១៩ និង២០២០ផងដែរ។
ខណៈក្រុងភ្នំពេញកំពុងជំរុញដោយការអភិវឌ្ឍនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានរងការរិះគន់ពីការរៀបចំផែនការ និងបទបញ្ញតិនៅទន់ខ្សោយ ដែលបង្កជាបញ្ហាជាច្រើនសម្រាប់សហគមន៍ពលរដ្ឋ និងបរិស្ថាន។
អង្គការគាំពារសិទ្ធិមនុស្សនិយាយថា ការផ្គត់ផ្គង់ទឹកស្អាតទៅកាន់ពលរដ្ឋគួរតែជាអាទិភាពចម្បង។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធភាពគណនេយ្យសង្គម បាននិយាយថា៖ «ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការកើនឡើងចំនួនប្រជាជន ពួកគេត្រូវការគោលនយោបាយគ្រប់គ្រងទឹកស្អាតដើម្បីឆ្លើយតបទៅនឹងការរីកធំរបស់ទីក្រុង»។
លោកបានបន្ថែមថា៖ «កង្វះខាតទឹកអាចបង្កឡើងដោយសារកត្តាមួយចំនួន ដូចជា បម្រែបម្រួលអាកាសធាតុ ការពង្រីកទីក្រុងដែលទាមទារនូវទឹកស្អាតកាន់តែច្រើន ខណៈការចាក់លុបបឹងកំពុងកាត់បន្ថយការស្តុកទឹកធម្មជាតិ»។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា មិនអាចទាក់ទងសុំអត្ថធិប្បាយបាននោះទេ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បដិសេធធ្វើអត្ថាធិប្បាយ។
ជាង ២០ភាគរយនៃប្រជាជនកម្ពុជាមិនមានលទ្ធភាពទទួលបានទឹកស្អាតដើម្បីទទួលទាន។ នេះបើយោងទៅតាមកម្មវិធីត្រួតពិនិត្យរួមគ្នារវាងអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ដែលមានទិន្នន័យពាក់ព័ន្ធនឹងការទឹកប្រើប្រាស់ និងអនាម័យនៅលើសាកលលោក។
ទិន្នន័យឆ្នាំ ២០១៧ បង្ហាញថា ពលរដ្ឋ ១១ភាគរយកំពុងពឹងផ្អែកលើទឹកដែលមានពីត្រពាំង បឹង និងទន្លេ ហើយថា មនុស្សសរុប ៣,៤លាននាក់នៅតែត្រូវការទឹកស្អាតប្រើប្រាស់នៅកម្ពុជា។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រដ្ឋាភិបាលបានកំណត់ថានៅត្រឹមឆ្នាំ ២០៣០ ប្រជាជនកម្ពុជាទាំងអស់ នឹងមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យសម្រាប់មនុស្សគ្រប់គ្នា។
អ្នកជំនួញវិស័យអចលនទ្រព្យលោក គីម ហ៊ាង បាននិយាយថា ការអភិវឌ្ឍយ៉ាងលឿននៃទីក្រុងភ្នំពេញនឹងមិនប្រកបដោយចីរភាពនោះទេ ប្រសិនបើនៅតែបន្តកង្វះទឹកស្អាត ហើយដែលអាចជាកត្តាធ្វើឲ្យអ្នកវិនិយោគស្ទាក់ស្ទើរ និងរារាំងការអភិវឌ្ឍផងដែរ។
លោក គីម ហ៊ាង ដែលជានាយកប្រចាំតំបន់នៃក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Keller William Cambodia និងជានាយកប្រតិបត្តិក្រុមហ៊ុន Khmer Real Estate Co. Ltd បាននិយាយថា៖ «ពួកគេត្រូវមានផែនការមេច្បាស់លាស់សម្រាប់នគរូបនីយកម្មយ៉ាងហោចណាស់ ១០ឆ្នាំមុន»។
លោកបានបន្តថា៖ «មិនមានហេតុផលណាដែលក្រុងភ្នំពេញមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់នោះទេ។ នេះគឺជារឿងមិនអាចទទួលយកបាន។ ការផ្គត់ផ្គង់ទឹកគឺត្រូវមានលើសពីតម្រូវការ បើមិនដូច្នេះទេ នឹងធ្វើឲ្យការអភិវឌ្ឍយឺតយ៉ាវ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ On Phnom Penh’s outskirts, residents live on unsafe water as hot season dries state supply