សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ការបន្តប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា-ថៃ ឆក់យកជីវិតជនស៊ីវិលម្នាក់ ខណៈអង្គការសហប្រជាជាតិនឹងប្រជុំបន្ទាន់

អ្នកភូមិនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ កំពុងធ្វើដំណើរ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ខណៈកងទ័ពថៃ-កម្ពុជានៅតែបន្តប្រយុទ្ធគ្នានៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
អ្នកភូមិនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ កំពុងធ្វើដំណើរ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ខណៈកងទ័ពថៃ-កម្ពុជានៅតែបន្តប្រយុទ្ធគ្នានៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ការប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជានៅតែបន្ត ខណៈជម្លោះបានឈានចូលថ្ងៃទីពីរ។ ការប្រយុទ្ធគ្នាត្រូវបានគេរាយការណ៍បន្តកើតឡើងនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយចាប់ផ្តើមតាំងពីព្រឹកព្រលឹម។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់ នៅថ្ងៃសៅរ៍ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បាននិយាយថា ចន្លោះម៉ោង ៣ ដល់ម៉ោង ៤ ទៀបភ្លឺ កងទ័ពថៃបានបើកការវាយលុក ដែលបានជំរុញឱ្យកងទ័ពកម្ពុជាធ្វើការវាយបកទៅវិញ។ លោកបានបន្ថែមថាបច្ចុប្បន្ន ការប្រយុទ្ធគ្នាទៅវិញទៅមកកំពុងបន្តនៅតំបន់មុំ អានសេះ និងបុសស្បូវ។

ប្រទេសថៃបានអះអាងមុននេះថា កម្ពុជាបានបើកការបាញ់ប្រហារនៅជិតប្រាសាទតាមាន់ធំ ដែលមានជម្លោះ ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានបដិសេធការចោទប្រកាន់នេះ។ ក្រសួងបានអះអាងថា កងទ័ពថៃបានបាញ់មុន ដែលបណ្តាលឱ្យកម្ពុជាតដៃវិញដើម្បីការពារខ្លួន។

ជម្លោះប្រដាប់អាវុធបែបនេះកើតឡើងជាលើកដំបូងចាប់តាំងពីការប្រយុទ្ធគ្នាកាលខែឧសភាដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។

នៅប៉ុន្មានម៉ោងបន្ទាប់ពីជម្លោះកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យមានកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បី «បញ្ឈប់ការឈ្លានពានរបស់ថៃ»ដែលត្រូវបានគេរំពឹងថានឹងមានការរៀបចំកិច្ចប្រជុំបន្ទាន់បិទទ្វារនៅថ្ងៃសៅរ៍ នាម៉ោង ២ រសៀល ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននាក់នេះ។

ទន្ទឹមនឹងនេះ លោក Anouar El Anouni អ្នកនាំពាក្យសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបង្ហោះនៅលើទំព័រសង្គមX របស់លោកដោយបង្ហាញក្តីបារម្ភជាខ្លាំងចំពោះភាពតានតឹងកើនឡើងនៅព្រំដែនដែលមានសេចក្តីរាយការណ៍ថាមានជនស៊ីវិលរងគ្រោះផងដែរនោះ។

លោកបាននិយាយថា៖ «យើងអំពាវនាវឱ្យភាគីទាំងពីរបន្ធូរភាពតានតឹង និងដោះស្រាយជម្លោះតាមរយៈការសន្ទនា និងមធ្យោបាយសន្តិភាពផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

បណ្តាប្រទេសនៅទូទាំងតំបន់ក៏បានសម្តែង «ក្តីបារម្ភជាខ្លាំង» ពីជម្លោះព្រំដែនរវាងថៃ និងកម្ពុជា ផងដែរ។

ប្រទេសជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍ជាយូរមកហើយរបស់កម្ពុជា បានលើកឡើងថា«ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ស្រដៀងគ្នានេះដែរ ក្រសួងការបរទេសហ្វីលីពីនក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការ«បន្ធូរភាពតានតឹង»រវាងភាគីជម្លោះទាំងពីរ។

នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់អង្គការ UNICEF បានស្នើសុំយ៉ាងទទូចឱ្យភាគីជម្លោះគិតគូរដល់ សុវត្ថិភាព និងសុខុមាលភាពរបស់កុមារដែលត្រូវតែជាអាទិភាពដំបូង ហើយសាលារៀនត្រូវតែនៅតែជាទីកន្លែងសុវត្ថិភាពសម្រាប់ការបន្តការសិក្សារបស់ពួកគេ។

តាមអភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា អ្នកភូមិជាង ២៥០០ នាក់ត្រូវបានជម្លៀសចេញដោយបង្ខំពីតំបន់ក្បែរកន្លែងប្រយុទ្ធគ្នា នៅខេត្តព្រះវិហារ ហើយចំនួននេះនៅតែបន្តកើនឡើងគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែកក្កដា។​

ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ ឬរបួសនោះទេ ទោះបីមានរបាយការណ៍ថា យន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បែកពីរគ្រាប់នៅខេត្តព្រះវិហារក៏ដោយ។

អ្នកភូមិមកពីភូមិផ្សេងៗគ្នាបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

នៅខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត លោក ម៉េត មាសភក្តី បានបញ្ជាក់នៅថ្ងៃសុក្រថា ជនស៊ីវិលកម្ពុជាម្នាក់បានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលការវាយលុករបស់កងទ័ពថៃ។

លោក មាសភក្តី បានកត់សម្គាល់ថា ជនភៀសសឹករួមមានប្រជាជនមកពីភូមិចំនួន ១២ និងឃុំចំនួន ៣ នៅស្រុកបន្ទាយអំពិល ដែលស្ថិតនៅជិតតំបន់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅជុំវិញប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន។

សរុបមក រួមទាំងអ្នកមកពីតំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ គ្រួសារប្រមាណ ៣៤០០ គ្រួសារឥឡូវនេះកំពុងជ្រកកោននៅទីតាំងសុវត្ថិភាពនៅគ្រប់ស្រុកនៃខេត្តឧត្តរមានជ័យ។

បើយោងតាមក្រសួងអបរ់រំ សាលារៀនទាំងអស់ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានបិទទ្វារ។ ទន្ទឹមនឹងនេះ សាលារៀនទាំងអស់នៅ​ក្រុងប៉ោយប៉ែត ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកស្វាយចេក នៃខេត្តបន្ទាយមានជ័យក៏ត្រូវបានបិទទ្វារផងដែរ។

សាលារៀននៅជិតព្រំដែនដែលមានជម្លោះក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទជាបណ្តោះអាសន្ន។​ រូបភាព ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

លោក លី គីមអេង អនុប្រធានភូមិអភិវឌ្ឍន៍ នៅអូរស្មាច់ ខេត្តឧត្តរមានជ័យ បានប្រាប់ខេមបូចាថា ភូមិរបស់លោកឥឡូវនេះស្ងាត់ជ្រងំ ព្រោះប្រជាជនភាគច្រើនបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ លោកក៏បានចាកចេញពីអូរស្មាច់ទៅស្រុកចុងកាល់ តាមការណែនាំរបស់អាជ្ញាធរដែរ។ លោកបាននិយាយថា ការប្រយុទ្ធនៅតែបន្ត ដោយមាន «គ្រាប់រ៉ុកកែតហោះឆ្លងកាត់ផ្ទះរបស់លោក» នៅអូរស្មាច់។

លោកបាននិយាយថា៖ «ខ្ញុំបានដេកនៅអូរស្មាច់កាលពីយប់មិញ។ ខ្ញុំចង់ចាកចេញកាលពីយប់ដែរ ប៉ុន្តែមានគ្រាប់រ៉ុកកែតហោះឆ្លងកាត់ផ្លូវច្រើនពេក។ អ៊ីចឹងហើយខ្ញុំមិនអាចចេញបានទេ»។

លោកស្រី ប៊ួយ ងិ អ្នកភូមិម្នាក់ទៀតបាននិយាយថា៖ «យើងបានរស់ឆ្លងកាតសម័យប៉ុល ពត ប៉ុន្តែលើកនេះខ្ញុំពិតជាភ័យខ្លាចណាស់ គ្រាប់រ៉ុកកែតធំជាង ហើយអាវុធសព្វថ្ងៃនេះទំនើបជាង។ ខ្ញុំខ្លាច ប៉ុន្តែខ្ញុំត្រូវស្វែងរកទីកន្លែងសុវត្ថិភាព»។

អ្នកវិភាគនយោបាយ លោក មាស នី បានប្រាប់ខេមបូចាថា ការប៉ះទង្គិចជាបន្តបន្ទាប់អាចនាំឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើន និងផលប៉ះពាល់លើសពីសេដ្ឋកិច្ច។

លោកបាននិយាយថា៖ «នៅពេលមានភាពតានតឹង សេដ្ឋកិច្ច និងជីវភាពរស់នៅត្រូវបានប៉ះពាល់។ ប៉ុន្តែនៅក្នុងស្ថានភាពសង្គ្រាមដូចជម្លោះកាលពីម្សិលមិញ ជីវិត ទាំងទាហាន និងជនស៊ីវិល នឹងបាត់បង់សម្រាប់ភាគីទាំងពីរ។ ប្រសិនបើរឿងនេះបន្ត ជីវិតមនុស្សកាន់តែច្រើននឹងស្ថិតក្នុងគ្រោះថ្នាក់»។

លោក នី បានបន្ថែមថា ការចរចារវាងភាគីទាំងពីរជារឿងចាំបាច់ដើម្បីការពារការបាត់បង់ជីវិតបន្ថែមទៀត ប៉ុន្តែបានសង្កត់ធ្ងន់ថា នេះមិនមែនមានន័យថាកម្ពុជាគួរតែជាអ្នកផ្តួចផ្តើមការចរចានោះទេ ព្រោះថៃបានបាញ់មុន។ ផ្ទុយទៅវិញ កម្ពុជាត្រូវតែមានគោលជំហររឹងមាំដើម្បីការពារខ្លួន៕​

(រាយការណ៍ដោយ ស៊ើង និមល់, ឃួន​ ណារីម និង Rafael Liebowitz-Thayer)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ One Civilian Killed as Cambodia-Thailand Border Clash Continues, UN Calls for Urgent Meeting

374 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម