សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

កងទ័ពថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់បណ្ដាលឱ្យអ្នកភូមិម្នាក់ស្លាប់ ខណៈភាពតានតឹងតាមព្រំដែនផ្ទុះឡើងជាថ្មី

បុគ្គលិកពេទ្យព្យាបាលអ្នកភូមិព្រៃចាន់ម្នាក់ដែលរងរបួសនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន បន្ទាប់ពីមានករណីបាញ់ប្រហារដោយកងទ័ពថៃ នាពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ រូបថតត្រូវបានបង្ហោះនៅលើហ្វេសប៊ុក ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។
បុគ្គលិកពេទ្យព្យាបាលអ្នកភូមិព្រៃចាន់ម្នាក់ដែលរងរបួសនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន បន្ទាប់ពីមានករណីបាញ់ប្រហារដោយកងទ័ពថៃ នាពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ រូបថតត្រូវបានបង្ហោះនៅលើហ្វេសប៊ុក ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។

មន្ត្រីកម្ពុជាបានបញ្ជាក់ថា កងទ័ពថៃបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលនៅក្នុងភូមិមានជម្លោះមួយកន្លែង តាមបណ្តោយព្រំដែននាខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់បីនាក់ផ្សេងទៀតរងរបួស។

ភ្លាមៗនោះ កងទ័ពថៃបានបដិសេធថា ខ្លួនមិនបានកំណត់គោលដៅ ឬធ្វើឱ្យជនស៊ីវិលរងរបួសនោះទេ ដោយអះអាងថា ការបាញ់ប្រហារនេះគឺចេញពីកងកម្លាំងកម្ពុជាតែប៉ុណ្ណោះ ហើយកងទ័ពរបស់ខ្លួនមិនបានបាញ់តបតវិញនោះទេ។

ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសចំពោះការបាញ់ប្រហារនេះថា ជា«ទង្វើអមនុស្សធម៌ដ៏សាហាវឃោឃៅប្រឆាំងនឹងជនស៊ីវិលកម្ពុជា» ដែល «បានរំលោភយ៉ាងច្បាស់» លើលក្ខខណ្ឌនៃបទឈប់បាញ់បន្ថែមដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ដែលទីក្រុងបាងកកបានផ្អាកកាលពីដើមសប្តាហ៍នេះ។ 

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក ​ណង វុទ្ធី បានប្រាប់ សារព័ត៌មានខេមបូចា ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះថា៖ «ពួកគេបានបាញ់ប្រហារទៅលើអ្នកភូមិដែលកំពុងរស់នៅក្នុងតង់​។ ឥឡូវនេះ ពួកគាត់[អាជ្ញាធរ]  កំពុងបញ្ជូនពួកគេទៅមន្ទីរពេទ្យបង្អែកស្រុក»

លោក វុទ្ធី បានបញ្ជាក់ពីការស្លាប់មនុស្សម្នាក់ និងបាននិយាយថា អាជ្ញាធរកំពុងជម្លៀសប្រជាជនចេញពីតំបន់នោះ។

វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន​លោក នេត្រ ភក្ត្រា បង្ហាញពីអ្នករងរបួសដែលត្រូវបានដឹកដោយនគរបាលដោយប្រើម៉ូតូ។ រដ្ឋមន្រ្តីរូបនេះបានមានប្រសាសន៍ថា វីដេអូនេះត្រូវបានថតនៅក្នុងភូមិព្រៃចាន់ ដែលកម្ពុជាអះអាងថា ជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ បន្ទាប់ពីការបាញ់ប្រហារ។

នគរបាល និងកងទ័ពកម្ពុជា គ្រាអ្នកភូមិព្រៃចាន់ម្នាក់ដែលរងរបួស ទៅព្យាបាល បន្ទាប់ពីមានករណីបាញ់ប្រហារដោយកងទ័ពថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ រូបថតត្រូវបានបង្ហោះនៅលើ ហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។

ព្រៃចាន់ និង​ភូមិជោគជ័យ ​បាន​ក្លាយ​ជា​ចំណុច​ក្ដៅ​គគុក​នៃ​ភាព​តានតឹង​នៅ​តាម​ព្រំដែន បន្ទាប់​ពី​កងកម្លាំង​ថៃ​បាន​សាងសង់​របាំង​លួសបន្លា​ក្នុង​ភូមិ​ទាំង​នោះ ក្រោយ​ពី​បាន​បញ្ចប់​ជម្លោះ​ព្រំដែន​រយៈ​ពេល​ប្រាំ​ថ្ងៃ​កាល​ពី​ខែ​កក្កដា។ ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​រស់​នៅ​ក្នុង​តំបន់​នេះ​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ផ្ទះ​សម្បែងរបស់ពួកគាត់ និង​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាក​ចេញ​ពី​ទី​នោះ។ ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​លើក​មុនៗ​នៅ​ក្បែរ​របាំង​ទាំង​នោះ​នា​ឆ្នាំ​នេះ​ក៏​បាន​បណ្ដាល​ឱ្យ​អ្នក​ភូមិរង​របួស​ដោយ​គ្រាប់​បែកផ្សែង និងកាំភ្លើងគ្រាប់ជ័រ។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀសន្តិភាព កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីនៅជិតព្រំដែនខេត្តព្រះវិហារ ស៊ីសាកេត ដែលបណ្តាលឱ្យទាហានថៃជាច្រើននាក់រងរបួស។ រដ្ឋាភិបាលកម្ពុជាបានននិយាយថា អ្នករងរបួសទាំងនោះបណ្តាលមកពីមីនចាស់ដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា។

សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងប្រទេសកម្ពុជា និងថៃត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមុននៅប្រទេសម៉ាឡេស៊ី និងធ្វើជាសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានជួយសម្រុះសម្រួលកិច្ចព្រមព្រៀងដំបូង។

មុនពេលមានការបាញ់ប្រហារនៅព្រៃចាន់ ទីក្រុងបាងកកក៏បានទាមទារឱ្យមានការសុំទោសពីកម្ពុជា ចំពោះករណីផ្ទុះមីននេះផងដែរ។

ហ៊ុល ម៉ាលីស ជាអ្នកភូមិព្រៃចាន់ម្នាក់ ដែលផ្ទះរបស់គាត់ត្រូវបានហ៊ុមព័ទ្ធដោយបន្លាលួសដែលថៃរាយព័ទ្ធយកអស់រយៈពេលជាងបីខែមកហើយ បានអះអាងថា គាត់បានឃើញទាហានថៃបាញ់ទៅលើជនស៊ីវិលដែលមិនធ្វើសកម្មភាពបង្កហេតុណាមួយឡើយ។

អ្នកស្រីបានរៀបរាប់ថា៖ «អ្នកភូមិខ្លះកំពុងដេក ហើយអ្នកខ្លះទៀតកំពុងធ្វើម្ហូប ស្រាប់តែទាហានថៃបើកការបាញ់ប្រហារតែម្តង»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ One Dead in Prey Chan Shooting as Border Tensions Flare Again

22 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម