សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការមួយកំពុង​សហការ​ដាំស្តារ​ព្រៃលិចទឹកឱ្យបាន​​ជាង​២៦០០​​ហិកតា​​​នៅបឹង​ទន្លេសាប

ប្រជាសហគមន៍ចូលរួមដាំស្តារព្រៃលិចទឹកនៅបឹងទន្លេសាបកន្លងមក។ (អង្គការអភិរក្សអន្តរជាតិកម្ពុជា)
ប្រជាសហគមន៍ចូលរួមដាំស្តារព្រៃលិចទឹកនៅបឹងទន្លេសាបកន្លងមក។ (អង្គការអភិរក្សអន្តរជាតិកម្ពុជា)

អង្គការអភិរក្សអន្តរជាតិកម្ពុជា(CI)សហការជាមួយរដ្ឋបាល​ជលផល​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​​ដាំស្តារព្រៃលិចទឹកឡើង​វិញ​បានប្រមាណ​៦០០ហិកតានៅបឹងទន្លេសាបទៅ​តាម​​គម្រោង​​ដែល​អង្គការ​នេះ​រំពឹងថា នឹងគាំទ្រការស្តារព្រៃឈើសរុបឱ្យបាន​ប្រមាណ ២ ៦៦០​ហិកតា នៅត្រឹម​ឆ្នាំ២០៣០។

សកម្មភាព​នេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងចលនាស្តារព្រៃឈើឡើងវិញ​ ដើម្បីទប់​ស្កាត់​​ការ​ប្រែប្រួលអាកាសធាតុ ការពារជីវៈចម្រុះ និងលើកកម្ពស់ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​។

បើ​តាម​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ និង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ឱ្យដឹង​ថា ទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាតំបន់ដី​សើមផ្ទុក​កាបូន​​ដ៏សំខាន់ឥតគណនា ដែលមាន​ផលិតភាព និងជីវចម្រុះច្រើនបំផុតនៅលើ​ពិភព​លោក​។ ព្រៃលិចទឹក(ព្រៃរនាម) និងតំបន់​ដី​សើមដែល​ព័ទ្ធជុំវិញបឹង បានផ្តល់ជាជម្រក ​និង​ចំណី​ដល់​​​​ប្រភេទត្រីធ្វើចរាចរណ៍ផ្លាស់ទី និងត្រី​រស់នៅក្នុងតំបន់ប្រមាណ៣០០​ប្រភេទ ក្នុង​នោះ​ក៏​រួមមានត្រី​មេពូជសំខាន់ៗ​ដែលរងគ្រោះថ្នាក់ជិតផុតពូជបំផុតក្នុង​ពិភពលោកផងដែរ​។

លោក សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​បឹង​ទន្លេ​សាប​បាន​ឱ្យដឹង​ថា ព្រៃលិចទឹកគឺ​ជា​ទីតាំង​ជម្រក​ត្រី​ពង កូន និងក៏​ជា​កន្លែង​ផ្តល់​ចំណី​អាហារ​​​ដ៏សម្បូរបែប​សម្រាប់​មច្ឆជាតិ។

អ្នកសិក្សា​ស្រាវ​ជ្រាវ​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ថែ​រក្សា​បឹង​ទន្លេសាប​ដោយ​ការ​មិន​បំផ្លាញ​ត្រី​ក្នុង​បឹង​នេះ តាមរយៈ​នៃ​ការ​លុប​បំបាត់​ការ​នេសាទ​​ខុស​ច្បាប់ ការ​មិន​កាប់​បំផ្លាញ​ព្រៃ​​លិច​ទឹក ដែល​ជា​ទីតាំង​ជម្រក​ត្រី​ពង កូននិង​ជា​កន្លែង​ផ្តល់​ចំណី​អាហារ​សម្រាប់​មច្ឆជាតិ ប្រជាពលរដ្ឋ​ខ្មែរ​ច្បាស់​ជា​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ​មួយ​នេះ​មិន​ខ្វះ​ឡើយ ហើយ​ថែម​ទាំង​អាច​នាំ​ចេញ​ទៅ​លក់​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ថែម​ទៀត។

តាមរយៈបេសកកម្មការងារជាង១ទសវត្សរ៍គឺ​ចាប់​តាំង​ពីឆ្នាំ២០១០មក​រហូត​មក​ដល់​បច្ចុប្បន្ន​អង្គការអភិរក្សអន្តរ​ជាតិ កម្ពុជា ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​​រដ្ឋបាលជលផល មន្ទីរបរិស្ថាន អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍​មូលដ្ឋាន បាន​ដាំស្តារ​​ព្រៃលិចទឹក​បានប្រមាណជាជាង៦០០ហិកតានៅតំបន់បឹង​ទន្លេសាប ដោយ​​សរុបដាំកូនឈើ​បានជាង២៧០ពាន់ដើម។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ មានប្រសាសន៍ថា នេះគឺ​ជា​បេសកកម្មសំខាន់ដែល​ជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់CIស្របតាមគោលនយោបាយ​ជាតិ ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ​ជាពិសេសរក្សាការពារ​ព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈ​ចម្រុះ ទុកជាប្រយោជន៍​សម្រាប់​​មនុស្ស​គ្រប់ជំនាន់។

លោក​បញ្ជាក់​ថា៖ «នៅទន្លេសាប អង្គការ CI កម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើ​លិច​ទឹក​ធំ​សំខាន់ៗដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រ​ហើយ​ធន់​នឹង​ជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែល​មាន​ទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះ​ព្រៃ​នៅតាមសហគមន៍»

អង្គការ CI កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាងមួយទសវត្សរ៍មកហើយ ដោយ​គាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀង​រាល់​ដើម​រដូវ​វស្សាជារៀងរាល់ឆ្នាំ។

CI បាន​​លើក​ឡើង​ថា បេសកកម្មស្តារព្រៃលិចទឹកនេះ មានការចូលរួមពីស្ត្រី ​ហើយក៏​បាន​​ធ្វើឱ្យ​មាន​លំហូរសាច់ប្រាក់ទៅក្នុង​សេដ្ឋកិច្ច​មូលដ្ឋានផងដែរ។ ការណ៍នេះជួយបង្កើន​សមត្ថភាព​គ្រប់គ្រងហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគមន៍ក្នុងការ​ពង្រឹងភាពជាម្ចាស់​លើ​ការងារ​អភិរក្សក្នុងសហគមន៍ខ្លួន។

នៅក្នុងរដូវវស្សាឆ្នាំ២០២៤​នេះ មានសហគមន៍នេសាទ​នៅជុំវិញ​បឹងទន្លេសាបចំនួន​១៦ ដែលគាំទ្រដោយCI សហការជាមួយរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ចាប់ផ្តើម​សកម្ម​ភាពដាំព្រៃលិចទឹកនៅក្នុងដែនសហគមន៍របស់ខ្លួន លើ​ផ្ទៃ​ដី​ប្រមាណជា៣៥០​ហិកតា ក្នុង​ភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។

ចាប់ពីឆ្នាំ២០០៨មក CI បានធ្វើការក្នុង​តំបន់ និងតំបន់ព្រៃលិច​ទឹក​ជុំវិញបឹងទន្លេសាប​ដើម្បី​ថែរក្សាប្រព័ន្ធអេកូឡូស៊ីប្រកបដោយ​និរន្តរភាព ដែលជាប្រភព​ទ្រទ្រង់ជីវិតមច្ឆជាតិ ជីវៈ​ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ទុកជា​ប្រយោជន៍ឥតកាត់ថ្លៃសម្រាប់​មនុស្សជាតិ។

ប្រជាសហគមន៍​ចូលរួមដាំស្តារព្រៃលិចទឹកនៅបឹង​ទន្លេសាបកន្លងមក។ (អង្គការ​អភិរក្ស​អន្តរជាតិកម្ពុជា)

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ​មិន​បាន​ឆ្លើយ​តប​ទៅនឹងការស្នើ​សុំធ្វើអត្ថាធិប្បាយ​លើ​ការ​ដាំស្តារ​ព្រៃ​លិច​ទឹក​នេះទេ។ ប៉ុន្តែលោក ឃឹម ហ្វីណង់ ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទបាន​ប្រាប់ ​ខេម​បូចា ​​កាលពីថ្ងៃ​ទី​១៦ ​ខែកក្កដា ​​ថា នៅតំបន់​បឹង​ទន្លេសាប​មាន​សហគមន៍​នេសាទ​ចំនួន​២២២​កន្លែង និង​កន្លែង​អភិរក្ស​ជលផល​៣១កន្លែង។

លោកបន្តថា៖ «ដោយ​ឡែកក្នុង​ដែន​ព្រៃ​លិចទឹក​តំបន់​៣មាន​សហគមន៍​១០៤​កន្លែង​ និង​កន្លែង​អភិរក្ស​ជលផល​២២កន្លែង»។

គួរបញ្ជាក់​ថា ដីនៅជុំវិញ​បឹងទន្លេសាប​ត្រូវបាន​បែង​ចែកជា៣តំបន់​រួម​មាន៖ តំបន់១ ជា​តំបន់​​លំនៅដ្ឋាន​ដែល​អាច​ចេញវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ។ តំបន់​២ តំបន់​ទ្រនាប់​​​នៃដែន​ព្រៃ​លិចទឹកអនុញ្ញាត​ឱ្យមាន​ការ​អាស្រ័យផល​ និង​តំបន់​៣ ជាតំបន់ព្រៃ​លិច​ទឹក​ដែល​ត្រូវ​បាន​ហាម​ឃាត់​​រក្សាទុក​សម្រាប់​មច្ឆ​ជាតិ​ពងកូន​រីក​ធំធាត់ ​និង​ស្វែង​រកចំណី។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្នើសុំពីប្រជាពលរដ្ឋ​តាម​រយៈ​អាជ្ញាធរ​ទាំង​៦​ខេត្ត​នៅជុំ​វិញ​បឹងទន្លេសាប រាជរដ្ឋាភិបាល​​បាន​សម្រេច​កាត់ឆ្វៀល​ដីមួយ​ចំនួន​​ចេញពីតំបន់​៣ទៅតំបន់​១ ​និង​ពីតំបន់​២ តំបន់​១ដើម្បី​ធ្វើប្រទានកម្ម​ជូនប្រជាពលរដ្ឋ​ធ្វើ​ជាកម្មសិទ្ធនិង​កាត់​ឆ្វៀល​ផ្ទៃ​ដីពីតំបន់​៣​មួយ​ចំនួន​ទៅតំបន់​២សម្រាប់​ប្រជាពល​រដ្ឋ​អាស្រ័យ​ផល​។

លោក​ ​ឃឹម ហ្វីណង់ ​បាន​លើក​បង្ហាញ​ពី​និន្នន័យ​នៃ​ការ​កាត់​ឆ្វៀល​ដី​របស់​ក្រសួង​​ដែន​ដី​នគរូបនីយកម្ម ​និង​សំណង់​ថា ការកាត់ឆ្វៀល​ដីតំបន់​៣​ទៅ​តំបន់១មាន​ទំហំ​ ២ ៩៨៨,១០​ហិកតា ​និងការកាត់​ឆ្វៀល​ដីតំបន់​៣​ទៅ​តំបន់​២ទំហំ ៧៩ ១២៦,៤៤ហិកតា។ «ដូច្នេះផ្ទៃដី​ដែល​បាន​កាត់ឆ្វៀល​ក្នុង​តំបន់៣​សរុប ៨២ ១៤៤,៥៤ហិកតា។ បច្ចុប្បន្ន​ផ្ទៃ​ដីតំបន់​៣​នៅ​សល់​សរុប ៥៦៥ ២៩១,៤៦ហិកតា»។

ទាក់​ទង​ទៅនឹងការ​កំណត់​ព្រំដីព្រៃ​លិចទឹក​អាជ្ញាធរទន្លេសាប បានឱ្យដឹង​ថា ក្នុងរយៈពេល ៩៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា មកត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ ការ​សាងសង់បង្គោលព្រំតំបន់៣ ដែនព្រៃលិច​ទឹក​​ជុំវិញបឹងទន្លេសាប គឺសម្រេចបាន ៤៣,៧៩% និងបានកំពុងតែបន្តជីករណ្តៅសាងសង់​បង្គោលជាបន្តបន្ទាប់ ដើម្បីបញ្ចប់​តាម​ផែនការគ្រោងទុកឱ្យបានមុនទឹកដំឡើង​លិចដែនព្រៃ​លិចទឹកតំបន់៣ក្នុង​ពេល​ខាង​មុខ។

ទាក់​ទង​នឹង​ការដាំស្តារ​ព្រៃលិចទឹក និង​ការអភិរក្ស​ព្រៃលិច​ទឹក​លោក ឃឹម ហ្វីណង់ ​កំពុង​រង់​ចាំទិន្នន័យ​ពីមន្ត្រីជំនាញមិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ ​តែលោកថា៖ «ការងារ​អភិរក្ស​បឹង​ទន្លេសាប​ គឺ​យើង​បាន​ធ្វើ​ជាប់​ជាប្រចាំហើយ​យើង​ធ្វើ​បានក្នុងទ្រង់ទ្រាយ​ធំណាស់»

កក្តា​នាំឱ្យត្រីបឹង​ទន្លេសាបធ្លាក់​ចុះ

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត​សភាកម្ពុជា ដែល​បាន​ចុះធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ពី​បឹង​ទន្លេសាប​បានរកឃើញថា មូលហេតុដែលនាំឱ្យ​ត្រី​ក្នុង​បឹងទន្លេសាបថយចុះមិនមែន​ដោយ​​​សារ​កំណើនមនុស្សបរិភោគដូចមន្ត្រីជំនាញធ្លាប់​បាន​លើកឡើងកន្លង​មក​នោះឡើយ។

បើតាមលោក សុខ ទូច មានហេតុផលធំៗមួយចំនួន ដែលនាំឱ្យត្រីបឹងទន្លេសាប​ត្រូវធ្លាក់​ចុះយ៉ាងខ្លាំង​​មានដូចជារបបទឹកបឹងទន្លេសាប​បានប្រែប្រួលដោយសារទឹកទន្លេមេគង្គ​ធ្លាក់​ចុះខ្លាំង និងបរិមាណ​ទឹកភ្លៀងកាន់តែតិច ធ្វើឱ្យធារទឹកបឹងទន្លេសាបកាន់តែ​តូច និងរាក់និង​ការកាប់​បំផ្លាញព្រៃ​លិចទឹក​វាតទីយកដីតំបន់អភិរក្សទៅធ្វើកសិកម្ម។

លោក​បន្ថែមថា៖ «ការធ្វើស្រែហើយមានការ​បាញ់ថ្នាំពុល​សម្លាប់​សត្វ​ល្អិត​ នាំឱ្យពុលដល់​ត្រី និងការប្រើប្រាស់​ឧបករណ៍នេសាទល្មើសច្បាប់សំណាញ់ក្រឡាញឹក​ ព្រមទាំង​ការ​ប្រើ​ឧប​ករណ៍ឆក់ជាដើម។ បញ្ហាដែលកាន់តែធំថែម​ទៀត​នោះ គឺការបើកដៃពីមន្ត្រី​មាន​សមត្ថ​កិច្ច​ឱ្យ​ក្រុម​នេសាទ​ល្មើស​ច្បាប់​ធ្វើការ​នេសាទហួស​ប្រមាណ​»។ លោក​បញ្ជាក់​ថាកត្តាទាំង​អស់​នេះ​ហើយ​គឺជាមូលហេតុសំខាន់បំផុតដែលនាំឱ្យត្រីក្នុងបឹង​ទន្លេសាប​«ត្រូវហិន​ហោច​»។

ទាក់​ទង​នឹង​បទ​ល្មើស​នេសាទ​​លោក ឃឹម ហ្វីណង់ បាន​បង្ហាញ​ទិន្នន័យនៃការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់​​គិត​ចាប់​តាំងពីថ្ងៃ​ទី​២៣ ​ខែមីនា ឆ្នាំ២០២២​ ដល់ថ្ងៃទី​១៤ ​ខែកក្កដា​ ឆ្នាំ២០២៤ ​ពីតាម​បណ្តា​ខេត្ត​ទាំង​៦​ជាប់​បឹង​ទន្លេសាប​​ឱ្យដឹង​ថា របាំង​ស្បៃមុង​សាច់​អួនជាង​១លាន​៨សែន​ម៉ែត្រ បង្គោល​ចម្រឹង​ជាង​៨ម៉ឺន​៥ពាន់​ដើម លូ លប​បាន​ជាង​១ម៉ឺន​៨ពាន់​មាត់​/គ្រឿង​​​ ឆក់ត្រជាក់ ក្តៅ​ជាង​ ១ ៨០០​គ្រឿង និង​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​រឹប​អូសពីជនល្មើស។ ជាមួយគ្នា​នេះ​បាន​បញ្ជូន​សំណុំ​រឿង​ទៅតុលាការ​​ចំនួន​៨៨​ករណី​ក្នុង​នោះមាន​ជនល្មើស​ចំនួន​​៣៤​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន ​និង៣២​នាក់​ត្រូវបាន​តុលាការ​ចេញដីកា​កោះហៅ។

ទិដ្ឋភាពជ្រុង១នៃបឹងទន្លេសាបដែលថតកន្លងមក។ (​អង្គការអភិរក្ស​អន្តរជាតិកម្ពុជា)

ជាមួយគ្នា​នេះលោក​ នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បាន​ចេញបម្រាម​ហាមដាច់ខាត​ចំពោះ​​​ជនខិលខូច​ដែលចូល​ទៅ​រុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ នៃ​បឹង​ទន្លេសាប​ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ការ​ចេញបម្រាម​នេះ​បាន​ធ្វើ​ឡើង​នៅក្នុងឱកាស​ដែល​លោក​ដឹកនាំមន្ត្រីពាក់ព័ន្ធ​ចុះត្រួតពិនិត្យដីតំបន់៣ នៅក្នុងស្រុកកំពង់​ស្វាយ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ជាមួយគ្នា​នេះ​លោក​អភិបាល​ខេត្ត​បាន ​«អំពាវ​នាវប្រជាពលរដ្ឋ ត្រូវហ៊ាន​រាយ​ការណ៍ ចំពោះ​ជនណាមកទន្ទ្រានដីតំបន់៣ដែលបាន​កាត់​ឆ្វៀលរួច»

លោក​អភិបាល​ខេត្ត​កំពង់​ធំក៏​បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ​​មូលដ្ឋាន បន្តចុះ​រឹត​បន្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់​ដែល​ត្រូវ​បាន​កាត់​ឆ្វៀល ក្នុងភូមិ​សាស្ត្រខេត្តកំពង់ធំឱ្យ​មានប្រសិទ្ធភាព។

នៅក្នុង​ពេល​ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​កំពង់​ធំ​កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន បានណែនាំដល់មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែល​បាន​ដក​​ហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និង​ការ​ពារឱ្យបានល្អ ដោយមិនឱ្យមានការកាប់​ទន្ទ្រានថ្មីទៀតនោះទេ។

ចំណែក​លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុង​​សៀមរាប​បាន​ប្រាប់​ ខេមបូចា ​ថា នៅក្នុង​ឆ្នាំ​២០២៤​នេះ​​ពុំ​មាន​ករណី​លួច​កាប់​ឈូសឆាយ​ដីព្រៃ​លិចទឹកទៀតទេ ពីព្រោះ​​អាជ្ញា​ធរ​ និង​​មន្ត្រី​​ជំនាញ​តែង​តែធ្វើការ​ល្បាត ​និង​ធ្វើការ​ទប់​ស្កាត់​​ជាប់​ជាប្រចាំ សូម្បី​ប្រជាពលរដ្ឋ​​ប្រើ​គ្រឿង​ចក្រ​ឈូស​យកផ្លូវ​ទឹក​ក៏អាជ្ញាធរ​បាន​ទប់ស្កាត់ដែរ​ដោយ​សារ​តែអាជ្ញាធរ​បារម្ភ​ខ្លាចមានការ​ចាប់ផ្តើម​កាប់​រុក​រាន​ទន្ទ្រានយកដីព្រៃ​ដោយ​ខុសច្បាប់ទៀត​។

ទាក់​ទង​ទៅ​នឹង​គុណប្រយោជន៍​ព្រៃលិច​ទឹក លោក ពុទ្ធារ៉ា បានលើកឡើង​ទៀតថា៖ «​ព្រៃលិច​ទឹក​សំខាន់​ណាស់ គឺ​វាពាក់ព័ន្ធ​ទៅនឹង​ជីវៈ​ចម្រុះ​សម្រាប់​ត្រីពង កូន សម្រាប់ចំណី​នៅបឹង​ទន្លេ​សាប»។

បន្ថែមពីនេះ​លោកអភិបាលក្រុងសៀម​រាប បានលើកឡើង​ពីការសិក្សា​ស្រាវជ្រាវ​របស់អ្នក​ជំនាញ​ថា ព្រៃលិច​ទឹកនៅបឹង​ទន្លេសាប​នេះ​វាពាក់ព័ន្ធ​ទៅនឹង​ព្រៃនៅភ្នំ​គូលែន«ពីព្រោះ​យើង​ដឹង​ហើយ​ថា វាមាន​​ប្រឡាយ​​​ស្ទឹង​ពីភ្នំគូលែន​កាត់មក​អង្គរ​យើង​ហើយចុះទៅ​ក្រោម​ហើយ​ខ្សែទឹក និង​ព្រៃលិច​ទឹកនោះ​​បានធ្វើឱ្យមាន​លំនឹង​ដល់​តំបន់​អង្គរ»

ដំណោះស្រាយ​ធ្វើឱ្យ​បឹង​ទន្លេសាប​សម្បូរត្រីឡើងវិញ

លោក ​សុខ ទូច ​ដែល​ជាអ្នកសិក្សា​ស្រាវជ្រាវ​បានលើកបង្ហាញនូវដំណោះ​ស្រាយ​ដែលត្រូវ​រួមគ្នាធ្វើ ដើម្បីការពារ​ធនធាន​​ក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មហា​សាល​របស់កម្ពុជា។

លោកមាន​ប្រសាសន៍ថា៖ «ដើម្បីការពារមច្ឆជាតិក្នុងបឹងទន្លេសាប មាន៤​ដំណាក់​​កាល​រួមមានការដកដីព្រៃតំបន់អភិរក្ស ដែលជាតំបន់ព្រៃលិចទឹក​សម្រាប់ជម្រក​ត្រី​ពងកូន, ឈប់​ឱ្យធ្វើស្រែបាញ់ថ្នាំ ព្រោះធ្វើឱ្យពុលត្រី, បញ្ឈប់ឱ្យអស់ការនេសាទ​ល្មើសច្បាប់ និងបញ្ឈប់​ការ​កាប់ព្រៃលិចទឹក»។

ជាមួយគ្នា​នេះ​លោក សុខ ទូចក៏ចង់ឱ្យមានការរៀបចំការរស់នៅ​របស់ប្រជាពលរដ្ឋនៅ​បឹង​ទន្លេសាប កុំ​ឱ្យ​ចោលសំរាម និងថង់ប្លាស្ទិក ដែលនាំឱ្យបំផ្លាញបរិស្ថាន និងគុណភាពទឹក​បឹងទន្លេ​សាប​ផងដែរ។

បន្ថែមពីលើនោះ ដើម្បីរក្សាទឹកក្នុងបឹងទន្លេសាប ឱ្យស្ថិតក្នុងកម្រិតខ្ពស់កុំឱ្យគោក​រាក់​ដូច​ពេលបច្ចុប្បន្នលោក សុខ ទូច ចង់ឱ្យមានការសាងសង់ទ្វារទឹក ដើម្បីទប់ទឹកហូរ​ចេញ​ពី​ទន្លេសាប គ្រាដែលកម្រិតទឹកទន្លេមេគង្គទាបកាន់តែខ្លាំង។

សម្រាប់ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជាការ​សាង​សង់​ទ្វារទឹកនេះ ក៏នឹងរួមចំណែករក្សាទឹក​នៅតាមស្ទឹង​នានា ដែលហូរចាក់ចូលបឹងទន្លេសាប​សម្រាប់​កសិករ​ធ្វើស្រែប្រាំង ​និង​ធ្វើការ​ដាំដុះដំណាំ​ផ្សេង​ៗ​នៅរដូវប្រាំង​ផងដែរ។

លើសពីនេះលោក សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែ​មករាឆ្នាំ​២០២៤ថា៖ «បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ​ដែល​ពោរពេញ​ទៅ​​ដោយ​ហ្វូង​មច្ឆជាតិ​គ្រប់​​​ប្រភេទ ឬ​អាច​ប្រៀបធៀប​បាន​ថា​ជា​បឹង​ដែល​ពោរពេញ​ទៅ​ដោយ​ក្លិន​ឆ្អាប​ត្រី​គ្រប់​ទីកន្លែង ដោយសារតែ​បឹង​ទឹកសាប​ដ៏​ធំ​សម្បើម​មួយ​នេះ សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​រាប់​លាន​ជំពូក»

លោក​​បញ្ជាក់​ថា៖ «ការ​កាប់​បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​វិមាន​របស់​ហ្វូង​មច្ឆជាតិ​ដើម្បី​ចង់​មាន​ចង់​បាន គឺ​អាច​ធ្វើ​មាន​ធ្វើ​បាន​តែ​មួយ​ជំនាន់​តែ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើ​​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាច​ថែរក្សា​ឱ្យ​បាន​ល្អ នោះ​បឹង​ទន្លេសាប​ដ៏​មហិមា​នេះ​នឹង​​ផ្តល់​​ផល​ប្រយោជន៍​ឱ្យ​ខ្មែរ​ធ្វើ​មាន​ធ្វើ​បាន​គ្រប់​ជំនាន់​តទៅ​ថ្ងៃ​អនាគត»។

អាជ្ញាធរកំពុង​បោះបង្គោលព្រំដីនៅតំបន់ព្រៃលិចទឹក​បឹងទន្លេសាបដែលថតកន្លង។ (អាជ្ញាធរ​ទន្លេសាប)

ក្នុងរដូវប្រាំងដែលមានរយៈពេល៦ខែចាប់ពីខែធ្នូ ដល់ខែឧសភា បឹងទន្លេសាប​គ្របដណ្តប់​លើ​​ផ្ទៃដីប្រហែល ៣ ០០០គីឡូម៉ែត្រការ៉េ ហើយរីកមាឌរហូតដល់ ១០ ០០០​គីឡូម៉ែត្រ​ការ៉េ ក្នុងរដូវវស្សាចាប់ពីខែមិថុនាដល់ខែវិច្ឆិកា។ ប៉ុន្តែវិបត្តិអាកាសធាតុដែលកើនឡើងខ្លាំង រួមផ្សំ​នឹងកត្តាផ្សេងៗទៀតជាពិសេសការសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅតាមដងទន្លេ​មេគង្គ​ បាន​ធ្វើឱ្យកម្រិតទឹកក្នុងបឹង​នេះធ្លាក់ចុះ។ ​យោងតាមរបាយការណ៍របស់គណៈកម្មការ​ទន្លេ​មេគង្គ ចាប់តាំងពីឆ្នាំ២០១៨ កម្រិតទឹក​បឹងទន្លេ​សាបបានចុះទាបជាងកម្រិតមធ្យមជា​ប្រវត្តិសា​ស្ត្រ​ទៅ​ទៀត​។

បឹង​ទន្លេសាប​​នៅ​ជាប់​ខេត្ត​ចំនួន​៦ រួម​មាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ​ ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង។

គួរ​រំឭកថា នៅ​ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិលើកទី១៩ នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ​កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បាន​ធ្វើ​ការ​ព្រមាន​ធ្ងន់​ៗ​ជាថ្មី​ទៀត​ទៅកាន់អ្នកឈូសឆាយបំផ្លាញព្រៃ​លិច​ទឹក​នៅ​តំបន់បឹងទន្លេសាបថា រដ្ឋាភិបាលនឹងបន្តអនុវត្តន៍វិធានការតឹងរ៉ឹងបំផុតនៅក្នុង​ការការពារ​តំបន់បឹង​ទន្លេសាប ដោយមិន​ដកថយទុកលំហរឱ្យអ្នកល្មើសធ្វើសកម្មភាព​ផ្ដេស​ផ្ដាសនោះ​ឡើយ។

លោក​អះអាង​ថា៖ «រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញ ដីព្រៃ​​លិចទឹក និងបទល្មើសធនធានធម្មជាតិដទៃទៀតនៅជុំវិញបឹងទន្លេសាប ហើយរដ្ឋា​ភិបាល​ត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បី​ការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិ»

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលធ្វើឱ្យប៉ះពាល់ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប ការប្រើប្រាស់ជីគីមីហួសកម្រិត ដែលបង្កផល​ប៉ះពាល់ដល់ពូជត្រី។

អ្នកស្រី រឿន ចន្ថា តំណាង​ក្រុមស្ត្រីស​ហគមន៍នេសាទអន្លង់តាអួរ ក្នុង​ឃុំកោះជីវាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ​​​បាន​ឱ្យដឹង​​ថា បច្ចុប្បន្ន​​​ប្រជា​នេសាទ​ធ្វើការ​នេសាទ​មិនសូវ​បាន​ត្រី​ច្រើន​ដូចកាលពីឆ្នាំមុនៗ​ទេ ដោយ​សារ​តែធនធានត្រី​នៅបឹង​ទន្លេ​សាប​មាន​ការ​ថយ​ចុះ​ខ្លាំង​ដោយ​សារ​កក្តាមួយចំនួន។

អ្នក​ស្រីបញ្ជាក់​ថា៖ «ការកាប់​បំផ្លាញព្រៃលិចទឹក​ដែល​ជាជម្រក​ត្រីពងកូន ការ​ប្រើឧបករណ៍​​នេសាទ​ខុសច្បាប់​ផ្សេងៗ​​ជាពិសេស​ឧបករណ៍ឆក់​ច្រើន​ហួស​ប្រមាណ រួម​ទាំង​កំណើន​ប្រជាជន​​ផង​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើឱ្យធ​នធាន​ត្រីថយចុះ»

អ្នក​ស្រីចន្ថា បាន​គាំទ្រ​ចំពោះ​ការអភិរក្ស​ និង​ការដាំស្តារ​ព្រៃលិចទឹកឡើង​វិញ ខណៈ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ អ្នក​ស្រី​ឃើញ​មាន​សមត្ថ​កិច្ច​ចម្រុះ​បាន​ធ្វើ​ការ​បង្ក្រាប​​ជាបន្តបន្ទាប់​ទៅលើ​ការ​កាប់​ឆ្ការដីព្រៃ​លិចទឹក និង​អ្នក​នេសាទ​ដែល​ប្រើឧបករណ៍​នេសាទ​ខុសច្បាប់។

បន្ថែម​ពីនេះ អ្នក​ស្រីលើកឡើង​ថា ​ការប្រែប្រួល​អាកាស​ធាតុដែល​ធ្វើឱ្យ​ទឹក​ឡើង​ស្រក​​​ខុស​រដូវ ​និង​ការ​គោករីង​នៅតំបន់​ខ្លះ​ក៏​បាន​រួម​ចំណែក​ធ្វើឱ្យធន​ធាន​ត្រីថយ​ចុះផង​ដែរ។ អ្នក​ស្រី​និយាយ​ថា ការថយ​ចុះធនធាន​ត្រី​បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​​របស់​ប្រជាពល​រដ្ឋ​ដែល​ពឹង​អាស្រ័យ​​ទៅលើ​ការ​នេសាទ​ជួប​ការលំបាក​ខាង​ជីវភាពដោយ​សារ​ធ្វើ​ការ​នេសាទ​មិន​សូវ​​​​បាន​។

លោក សំ ម៉ៅ​ ពលរដ្ឋ​រស់នៅ​សង្កាត់​ចុង​ឃ្នាស​ក្រុង​សៀម​រាប​​​ ដែល​ប្រកប​របរ​នេសាទ​ត្រី​នៅ​លើ​បឹង​ទន្លេសាប​​បាន​​ត្អូញ​ត្អែរ​ថា ឥឡូវ​បឹង​ទន្លេសាប​គឺ​​ពុំ​សូវ​សម្បូរ​​ត្រី​​ដូច​កាល​ពី​មុន​នោះ​ទេ។

លោក​​លើក​ឡើង​ថា៖ «អ្នកណាៗក៏ដឹង​អំពីសារៈ​​សំខាន់​នៃ​ព្រៃ​រនាមដែរ​ពីព្រោះ​វា​ជាជម្រក​​ត្រីពង​កូន​និង​ជាប្រភព​ចំណី​របស់​ត្រី តែ​ដល់​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​រនាម​រួម​ទាំង​ទឹកបឹង​ទន្លេសាប​មានការ​ប្រែប្រួលផង​ធ្វើឱ្យ​ទិន្នផល​ត្រី​បាន​ថយ​ចុះ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»

យ៉ាងណាក្តី​លោក ​សំ ម៉ៅ​ បាន​អះអាង​ថា នា​ពេល​បច្ចុប្បន្ន​មិន​សូវ​ឃើញ​មានការ​កាប់​​រុករាន​​ព្រៃលិចទឹកទៀត​ទេ ហើយ​សមត្ថ​កិច្ចក៏​បាន​ចុះធ្វើ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជាបន្ត​បន្ទាប់​ផង​ដែរ ក៏​ប៉ុន្តែ​បទល្មើស​នេសាទ​នៅ​តែបន្ត​កើតមាន។

ជាមួយ​គ្នា​នេះ​​លោក អ៊ុំ សូនី នាយក​ប្រចាំប្រទេស​នៃអង្គការ​អភិរក្ស​អន្តរជាតិ បាន​ប្រាប់ ​ខេមបូចា ​កាលពីថ្ងៃទី១៥ ​ខែកក្កដា ​ថា ​ប្រព័ន្ធអេកូឡូ​ស៊ីបឹង​ទន្លេសាប​នៅតែប្រឈម​នឹង​បញ្ហាច្រើន ដោយ​បទ​ល្មើស​នេសាទ ការនេសាទ​ហួស​កម្រិត ការ​បំផ្លាញ​ទីជម្រករបស់ត្រី​ដោយសារ​ការ​កាប់​បំផ្លាញព្រៃ ការដុត​ភ្លើង​នាំឆេះព្រៃ​លិចទឹក ការកាប់​ទន្ទ្រានដី​ព្រៃខុស​ច្បាប់ ការ​ប្រែប្រួល​អាកាស​ធាតុ និងផល​ប៉ះពាល់​ដោយ​ទំនប់វារី​អគ្គិសនី​ផ្នែកខាងលើ​ជាដើម​៕  

635 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម