«នៅពេលដែលខ្ញុំមិនមានការគាំទ្រច្រើនពីអ្នកនៅជុំវិញខ្លួន តើខ្ញុំអាចធ្វើអ្វីបានក្រៅពីកាមើលថែកូនរបស់ខ្ញុំដោយខ្លួនឯង? ខ្ញុំយំរាល់ថ្ងៃ នៅពេលដែលវាពិបាកពេកក្នុងការទទួលបន្ទុកជាម្តាយដែលទើបមានកូនដំបូង»។ នេះជាពាក្យសម្តីរបស់ម្តាយជនជាតិខ្មែរម្នាក់ដែលមានទារកអាយុ៤ខែ ដែលបាននិយាយឲ្យខ្ញុំដឹងអំពីបទពិសោធន៍របស់គាត់ក្នុងនាមជាម្តាយលើកដំបូង។
អារម្នណ៍បែបនេះប្រាកដជាមិនមែនត្រឹមតែកើតឡើងលើអ្នកម្តាយរូបនេះទេ ប៉ុន្តែអ្នកម្តាយផ្សេងទៀតក៏ប្រាកដជាធ្លាប់មានអារម្មណ៍នេះដែរ។ មនុស្សភាគច្រើនប្រហែលជាគិតថា ការផ្លាស់ប្តូរជីវិតរបស់ស្រ្តីពីនៅលីវទៅជាមានគ្រួសារនិងកូនប្រហែលជានឹងនាំមកនូវតែសេចក្តីរីករាយតែប៉ុណ្ណោះ ប៉ុន្តែបទពិសោធន៍របស់អ្នកម្តាយមួយចំនួនបានបង្ហាញថា វាក៏រួមបញ្ចូលទាំងភាពចលាចលខាងផ្លូវចិត្ត និងម្តាយជាខ្មែរដែលទើបមានកូនដំបូងត្រូវប្រឈមមុខនឹងភាពតានតឹងពិសេស។
សម្ពាធនៃការព្យាបាលរាងកាយពីការមានផ្ទៃពោះនិងពេលសម្រាល ទំនួលខុសត្រូវថ្មីក្នុងនាមជាម្តាយ ទំនៀមទម្លាប់ប្រពៃណីសម្រាប់ម្តាយដែលទើបសម្រាល និងសម្រស់ស្តង់ដារ អាចធ្វើឲ្យភាពច្របូកច្របល់ផ្លូវចិត្តនេះសម្រាប់ម្តាយដែលទើបមានកូនដំបូង អាចប្រែទៅជាជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាល។
អត្រានៃជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេក្នុងចំណោមស្ត្រីកម្ពុជា ដោយផ្អែកលើការស្រាវជ្រាវដែលបានធ្វើឡើងក្នុងឆ្នាំ២០១៦ ក្នុងចំណោមអ្នកចូលរួមចំនួន ១២ ៨១០នាក់ គឺ១៣%។
បញ្ហានេះកម្រត្រូវបានគេលើកយកមកពិភាក្សាជាលក្ខណៈឯកជនតែម្នាក់ឯងឬនៅកម្រិតគោលនយោបាយ។ ការមានកូនគឺជាពរជ័យមួយ ប៉ុន្តែម្តាយដែលទើបមានកូនដំបូងក្នុងប្រទេសរបស់យើងខ្វះការគាំទ្រគ្រប់កម្រិតពីបុគ្គល ពីសង្គម និងពីរាជរដ្ឋភិបាល។
តើជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលគឺជាអ្វី?
ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលអាចកើតមានឡើងគ្រប់ពេលក្នុងអំឡុងឆ្នាំដំបូងបន្ទាប់ពីការសម្រាល ហើយអាចប៉ះពាល់ដល់ឪពុកម្តាយដែលមានកូនដំបូង រួមទាំងបុរសផងដែរ។ ដោយសារជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលអាចវិវឌ្ឍន៍បន្តិចម្តងៗ ម្តាយទើបនឹងសម្រាលកូន ប្រហែលជាមិនដឹងថាពួកគេកំពុងស្ថិតនៅក្នុងការធ្លាក់ទឹកចិត្ត ឬ មិនមានព័តមានគ្រប់គ្រាន់ដើម្បីដឹងពីការផ្លាស់ប្តូរដែលពួកគេកំពុងជួបប្រទះនោះទេ។
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលគឺមានលក្ខណៈទូលំទូលាយ ប៉ុន្តែអាចរួមបញ្ចូល អារម្មណ៍សោកសៅជាប់រហូត កង្វះការរីករាយ ឬការបាត់បង់ចំណាប់អារម្មណ៍នៅក្នុងសង្គម។ ម្តាយដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលក៏អាចមានបញ្ហាក្នុងការគេង ហើយអាចនឹងមានការលំបាកក្នុងការមើលថែខ្លួនឯង ឬកូនរបស់ពួកគេ។ បន្ថែមពីនេះទៀត វាមិនមែនជារឿងចម្លែកទេសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តប្រភេទនេះក្នុងការកាត់ផ្តាច់ខ្លួនចេញពីមនុស្សផ្សេងទៀត សូម្បីតែអ្នកដែលគាំទ្ររបស់ពួកគេក៏ដោយ។
មានមូលហេតុមួយចំនួនដែលនាំឱ្យកើតជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល រួមមានបទពិសោធន៍ពិបាកសម្រាលកូន ការប្រែប្រួលអ័រម៉ូន ភាពសោកសៅដែលកើតឡើងពីការបាត់បង់ពីមុន ការទាមទារការថែទាំទារកថ្មី ភាពតានតឹងពីទំនាក់ទំនងគ្រួសារ និងភាពតានតឹងខាងក្រៅលើគ្រួសារ។
ការរំពឹងទុកសង្គមកម្ពុជាប៉ះពាល់អ្នកម្ដាយដែលទើបមានកូនដំបូង
ទោះបីជាមានការរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្រក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់យកនូវទំនៀមទម្លាប់ជាច្រើនដែលកំណត់នូវអ្វីដែលម្តាយគួរតែធ្វើបន្ទាប់ពីពួកគេសម្រាលកូនរួច។ ទំនៀមទម្លាប់ប្រពៃណីទាំងនេះអាចជះឥទ្ធិពលលើសុខភាពផ្លូវចិត្តរបស់ម្តាយទើបនឹងសម្រាលកូន និងមានទំនួលខុសត្រូវក្នុងនាមជាម្តាយច្រើនរួចទៅហើយ។
រយៈពេលក្រោយសម្រាល ឬជាភាសាខ្មែរថា «សរសៃខ្ចី»ត្រូវបានគេគិតថាជាពេលវេលាដ៏សំខាន់បំផុតក្នុងជីវិតរបស់ស្ត្រី ដោយសារសុខភាពរបស់គាត់ត្រូវបានគេចាត់ទុកថាមានភាពទន់ខ្សោយ។ ក្នុងអំឡុងពេលនេះ រាងកាយរបស់ស្ត្រីត្រូវបានគេជឿថា ស្ថិតក្នុងសភាពត្រជាក់ ដោយសារតែការខូចខាតសរសៃឈាម ឬសរសៃប្រសាទអំឡុងពេលសម្រាលកូន។
ដោយពិចារណាលើបញ្ហានេះ ម្តាយដែលទឹមតែសម្រាលកូនរួច ត្រូវបានណែនាំឲ្យ អនុវត្តតាម ទម្លាប់បុរាណរបស់ខ្មែរយើងក្រោយសម្រាល ដូចជាការដាក់ឱ្យដេកលើគ្រែអាំងភ្លើងរយៈពេល ៣០ថ្ងៃ។ ម្តាយដែលទឹមតែសម្រាលកូនរួច ត្រូវបានប្រាប់ឱ្យជៀសវាងអាហារត្រជាក់ ហើយទទួលទានតែអាហារមួយចំនួនដូចជាបបរ ឬខ។ ទម្លាប់ផ្សេងទៀតរួមមានការជៀសវាងពីការលើករបស់ធ្ងន់ ឬឈរក្នុងរយៈពេលយូរ។
ម្តាយដែលទឹមតែសម្រាលកូនហើយ ក៏ត្រូវបានលើកទឹកចិត្តឱ្យថែរក្សារូបរាងរបស់ពួកគេ និង អនុវត្តតាមទំនៀមទម្លាប់ដូចជាការលាប ឫសរមៀត ពាសពេញរាងកាយរបស់ពួកគេ ដើម្បីថែរក្សាស្បែករបស់ពួកគេឲ្យនៅក្មេងខ្ចី ទោះបីជាវាមិនស្រួលយ៉ាងណាក៏ដោយ។
ទំនួលខុសត្រូវមួយចំនួន រាប់ចាប់ពីការបំបៅដោះកូន រហូតដល់ការផ្លាស់ប្តូរក្រណាត់កន្ទបទារក បានត្រូវគេចាត់ទុក្ខជាកាតព្វកិច្ចរបស់ម្តាយ។ តាមរាយការណ៍ស្ទង់មតិរបស់អង្គការ ក្លាហាន ក្នុងឆ្នាំ២០២២ គឺ៨៨%នៃអ្នកឆ្លើយតបមានអារម្មណ៍ថា ស្ត្រីជាធម្មតាធ្វើកិច្ចការផ្ទះច្រើនជាងដៃគូបុរសរបស់ពួកគេ រួមទាំងការងារផ្ទះ និងមើលថែកូនរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០១៨ របាយការណ៍ដែលចេញផ្សាយដោយ ILO បានបង្ហាញថា បុរសកម្ពុជាធ្វើការតែ ១៨ នាទីនៃការថែទាំ និងសេវាគ្រួសារក្នុងមួយថ្ងៃធៀបនឹង១៨៨នាទីសម្រាប់ស្ត្រី។
ការរំពឹងទុក ទំនួលខុសត្រូវ និងទំនៀមទម្លាប់ទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តចំពោះម្តាយដែលទេីបតែមានកូនដំបូង។ ជាពិសេស ការដាក់កម្រិតលើរបបអាហារ ការធ្វើការថែរក្សាស្បែកពិសេសដើម្បីរក្សាភាពស្រស់ស្អាត និងការថែរក្សាទារកដែលនឹងកើត អាចជាលំបាកក្នុងការធ្វើវាក្នុងពេលតែមួយ។
«ខ្ញុំមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺខុស។ ពេលខ្ញុំញ៉ាំអ្វីដែលធ្វើឲ្យកូនឈឺ គេសួរខ្ញុំថា តើខ្ញុំញ៉ាំអ្វី? វាមិនដូចជាខ្ញុំចង់ញ៉ាំអាហារនោះទេ ប៉ុន្តែខ្ញុំត្រូវការកម្លាំងដើម្បីមើលថែកូន» ម្តាយខាងលើនិយាយ។
ការទប់ស្កាត់ ឬកាត់បន្ថយភាពតានតឹងផ្នែកផ្លូវអារម្មណ៍ទាំងនេះក្នុងចំណោមបុគ្គលម្នាក់ៗ ទាមទារឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធនៅក្នុងវិធីដែលយើងគាំទ្រម្តាយដែលមានកូនដំបូង។
សុខភាពផ្លូវចិត្តមាតា និងគោលនយោបាយជាតិ
គោលនយោបាយសុខភាពមាតាភាគច្រើននៅក្នុងប្រទេសរបស់យើងផ្តោតលើការលើកកម្ពស់ស្ថានភាព សុខភាពរាងកាយរបស់ម្តាយ និងកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារក។ ប៉ុន្តែមិនមានការយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះសុខភាពផ្លូវចិត្តរបស់ម្តាយអំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលក្រោយសម្រាលនោះទេ។
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់សុខភាពមាតានៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ហើយ អត្រាមរណៈមាតានៅកម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៦ ដោយសារការធ្វើឲ្យមានភាពងាយស្រួលក្នុងការទទួលយកសេវាថែរក្សាសុខភាពមាតា និងទារក ក៏ដូចជាការកែលម្អ គុណភាពនៃសេវាកម្មទាំងនោះ ទោះបីជាអត្រាមរណៈមាតាបានផ្លាស់ប្តូរបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
នៅក្នុងផែនការយុទ្ធសាស្រ្តសុខភាពជាតិ (២០១៦-២០២០) រដ្ឋាភិបាលបានកំណត់គោលដៅចំនួន ៣ ទាក់ទងនឹងសុខភាពមាតា និងទារក៖ ការកែលម្អសុខភាពបន្តពូជ និងកាត់បន្ថយការស្លាប់របស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ការកាត់បន្ថយជំងឺ និងការស្លាប់ដោយសារជំងឺឆ្លងសំខាន់ៗ ព្រមទាំងកាត់បន្ថយជំងឺ និងការស្លាប់ដោយសារជំងឺមិនឆ្លងសំខាន់ៗ និងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត។
អ្វីដែលសំខាន់នោះគឺ សុខភាពផ្លូវចិត្តរបស់មាតាមិនត្រូវបានរាប់បញ្ចូលក្នុងផែនការនោះទេ។
ជាងនេះទៅទៀត មានការសិក្សាស្រាវជ្រាវតិចតួចអំពីជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលក្នុងបណ្តាប្រទេសអាស៊ាន ហើយមិនមានការផ្តោតសំខាន់លើប្រទេសកម្ពុជាទេ យោងតាមការស្រាវជ្រាវរបស់ការសិក្សាមួយ។
តើយើងអាចរួមចំណែកក្នុងការគាំទ្រមាតាដែលមានកូនដំបូងដោយរបៀបណា?
ទោះបីជាអំឡុងពេលក្រោយសម្រាលត្រូវបានផ្តល់តម្លៃថាជាពេលវេលាដ៏ពិសិដ្ឋក្នុងវប្បធម៌ខ្មែរក៏ដោយ ក៏សុខភាពផ្លូវចិត្តរបស់មាតាជារឿយៗ មិនត្រូវបានគេយកចិត្តទុកដាក់ និងមិនត្រូវមានរាប់បញ្ចូលទៅក្នុង គោលនយោបាយសុខភាពជាតិរបស់កម្ពុជា។ មានជំហានដែលបុគ្គល សង្គម និងរដ្ឋាភិបាលអាចអនុវត្ត ដើម្បីចាប់ផ្តើមដោះស្រាយបញ្ហានៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលទាំងអស់គ្នា។
ទីមួយ សមាជិកគ្រួសារនៃម្តាយដែលមានកូនដំបូងគួរតែជួយពួកគេឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ទំនៀមទម្លាប់ សរសៃខ្ចី មួយចំនួនដែលការស្រាវជ្រាវវេជ្ជសាស្រ្តបានបង្ហាញថាអាចបង្កគ្រោះថ្នាក់គួរតែត្រូវបានលុបចោល ហើយស្តង់ដារសម្រស់ដែលមិនពិតសម្រាប់ម្តាយមិនគួរដាក់បន្ទុកពួកគេនោះទេ។
ទីពីរ ដោយសារយើងខ្វះទិន្នន័យជាតិស្តីពីជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាល យើងគួរតែពង្រីកការស្រាវជ្រាវលើសុខភាពមាតា។ នេះរួមទាំង សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ម្តាយ បទពិសោធន៍របស់ពួកគេជាមួយនឹងការសម្របខ្លួនក្រោយពេលសម្រាល និងគុណភាពជីវិតរបស់ពួកគេ គឺជាផ្នែកសំខាន់ទាំងអស់ដែលត្រូវការការស្រាវជ្រាវ និងអន្តរាគមន៍ពីគោលនយោបាយ។
ជាចុងក្រោយ សុខភាពផ្លូវចិត្តរបស់មាតាគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តសុខភាពជាតិ ខណៈដែលអ្នកជំនាញបន្តស្វែងយល់អំពីតួនាទីសុខភាពផ្លូវចិត្តក្នុងសុខភាពរួម។ ការពិគ្រោះយោបល់នៅថ្នាក់ឃុំ ក៏ដូចជាការផលិត និងការចែកចាយសៀវភៅព័ត៌មានស្តីពីសុខភាពផ្លូវចិត្តរបស់មាតានៅទូទាំងប្រទេស គឺជាសកម្មភាពដ៏មានតម្លៃដែលរដ្ឋាភិបាលអាចធ្វើបាន។
ចំពោះការលះបង់ទាំងអស់របស់ពួកគាត់មកលើយើង យើងគួរតែធ្វើឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ពួកគាត់ជាអាទិភាព។ ការផ្លាស់ប្តូរការយល់ឃើញជុំវិញជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល និងការដោះស្រាយបញ្ហានេះ គឺអាស្រ័យលើយើងទាំងអស់គ្នា ក្នុងនាមបុគ្គល និងជាសមាជិកនៃសង្គម។
ធាង សូរិយា ជាអ្នកស្រាវជ្រាវនៅវេទិកាអនាគត
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Op-Ed: Postpartum Depression and the Hidden Costs of New Motherhood