គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការប្ដឹងរបស់ គជប លើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ គឺមិនបានផ្ដល់ផលចំណេញអ្វីឲ្យប្រទេសជាតិឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្តឹង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ ដោយសារតែលោកបានសម្ភាស៍ជាមួយសារព័ត៌មានអនឡាញ The Cambodia Daily នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ រិះគន់ពីការបោះឆ្នោតឃុំសង្កាត់។
នៅក្នុងពាក្យបណ្តឹងនោះដែរ ជគប ក៍បានទាមទារភាពស្អាតស្អំរបស់ស្ថាប័នមកវិញនិងសុំឲ្យមានការផ្ដន្ទាទោស ព្រមទាំងចេញលិខិតសុំទោស គជប ជាលាយលក្ខ័ណ៍អក្សរនិងផ្សព្វផ្សាយជាសាធារណៈ។
លោក ថាច់ សេដ្ឋា អនុប្រធាននិងអ្នកនាំពាក្យគណបក្សភ្លើងទៀន បានសង្កត់ធ្ងន់ថា ការប្ដឹងហ្នឹងវាមិនមែនជាដំណោះស្រាយឬក៏ជាការត្រឹមត្រូវទេ ពីព្រោះនៅក្នុងកាលៈទេសៈនៃការបោះឆ្នោតនេះ ត្រូវរកដំណោះស្រាយទៅតាមផ្លូវ គជប វិញ មិនមែនរកតាមផ្លូវតុលាការនោះទេ ហើយការប្ដឹងនេះវាគ្រាន់តែជាការបញ្ចេញទស្សនៈយោបល់នៅពេលដែលលទ្ធផលមិនអាចទទួលយកបាន គឺមិនសប្បាយចិត្តចឹងហើយ។
ក្នុងនាមជាគណបក្សប្រឆាំងយល់ឃើញថា បើគ្រាន់តែសម្ដែងការមិនសប្បាយចិត្តពីភាពមិនប្រក្រតីអី ហើយបែរជាគេប្ដឹងតាមផ្លូវច្បាប់ចឹង វាមិនមែនជាហេតុផលត្រឹមត្រូវទេ។
លោកបានថ្លែងថា៖ «បើចង់ឲ្យបានត្រឹមត្រូវច្បាស់លាស់ គជប គួរតែឆ្លើយតបតាមសេចក្ដីថ្លែងការណ៍ឬក៏ច្រានចោលយ៉ាងមិចក៏បាន វាចប់ទៅហើយ ជាពិសេសការដែល គជប ចង់បានភាពស្អាតស្អំ គឺ គជប ហ្នឹងហើយជាអ្នកប្រកាសថាវាមិនមានការលួចប្លន់ បោះឆ្នោតដោយសេរីនិងយុត្តិធម៌ គឺ គជប ហ្នឹងហើយ ជាអ្នកបញ្ជាក់ភាពស្អាតស្អំ»។
លោកបន្ថែមទៀតថា បើមិនអ៊ីងចឹងទេតើតួនាទី គជប ធ្វើអ្វី? ដើម្បីធានាថាបោះឆ្នោតដោយសេរីយុត្ដិធម៌ត្រឹមត្រូវនោះ ហើយ គជប មានឋានៈជាស្ថាប័នមួយដែលធានាក្នុងច្បាប់ថាការបោះឆ្នោតត្រឹមត្រូវគឺ គជប អ្នកបញ្ចប់ទាំងអស់ហ្នឹងហើយចាំបាច់អីទៅតុលាការ ចុះខ្លួនឯងមិនចេះស្អាតស្អំទេអី?
លោកលើកឡើងថា៖ «ខ្ញុំយល់ថាវាមិនមែនជាជម្រើសអីល្អទេ សម្រាប់ការប្ដឹងផ្ដល់ទៅតុលាការនោះ វារឹតតែធ្វើឲ្យបរិយាកាសនយោបាយមុនបោះឆ្នោតថ្នាក់ជាតិហ្នឹងរឹតតែអាប់អួថែមទៀតផង»។លោកបន្តថា៖ «ហើយធ្វើឲ្យសហគមន៍អន្ដរជាតិហ្នឹងគេកាន់តែកត់សម្គាល់មកលើស្ថាប័ន គជប ដូចជារឿងទាក់ទិនបណ្ដឹងអី វាធ្វើឲ្យគេមិនមានភាពទំនុកទុកចិត្ត ប៉ុន្ដែបើការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ អាការរិះគន់លើកឡើងវាជារឿងធម្មតាទៅហើយ»។
រីឯ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល យល់ឃើញថា គជប គឺជាស្ថាប័នធម្មនុញ្ញដែលមានចែងក្នុងរដ្ឋធម្មនុញ្ញហើយក៏មានច្បាប់ចែងដោយឡែកទៀត និងស្ថិតក្នុងការទទួលខុសត្រូវចំពោះមុខរដ្ឋសភាហើយ គជប គួរជាស្ថាប័នមួយអនុញាតឬក៏ផ្ដល់ឲ្យមានការរិះគន់ពីសាធារណៈពីព្រោះកាលណាជាស្ថាប័នជាតិ គឺត្រូវលើកយកបញ្ហាមកជជែកនិងបង្កើតឲ្យមានការរិះគន់សម្រាប់ស្ថាបនាក៏ដូចជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសកម្មភាពរបស់ខ្លួនដែលបានអនុវត្ត។
លោក សាវាង្ស បន្តទៀតថា ហើយការប្រើប្រាស់យន្ដការបណ្ដឹងមិនអាចលុបបំបាត់នូវការលើកឡើង និងការជជែករបស់ភាគីពាក់ព័ន្ធដែលខ្លួនរៀបចំនេះបានទេ។ លោកបន្ដថា បញ្ហាទាំងអស់គួរតែដាក់លើតុដើម្បីជជែកជាសាធារណៈការធ្វើបែបនេះវាជារឿងមួយដែលប្រសើរសម្រាប់ការផ្ដល់ឲ្យភាពអស់ចិត្តរវាងភាគីដែលលើកឡើងថាខ្លួនជាអ្នករងគ្រោះ មានការបកស្រាយមួយឲ្យមានភាពអស់ចិត្ត។
លោកបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំវិញ សម្រាប់ភាពស្អាតស្អំគឺជារឿងត្រឹមត្រូវហើយប៉ុន្ដែភាពស្អាតស្អំត្រូវកើតចេញពីការបង្ហាញនូវបញ្ហា ការដោះស្រាយនូវបញ្ហាដែលបានលើកឡើង ធ្វើម៉េចចង្អុលបង្ហាញឱ្យភាគីដែលលោកបានដាក់ហ្នឹងមានការអស់ចិត្តថាតើនីតិវិធីដែល គជប បានដោះស្រាយទៅឱ្យគណបក្សនយោបាយហ្នឹងគ្រប់គ្រាន់ហើយឬនៅ? អាចទទួលយកបានហើយឬនៅ? បើមិនទទួលយកបានទេតើនៅចំណុចត្រង់ណា? ជាជាងការដោះស្រាយតាមតុលាការវាមិនចំណេញអីទេ»។
ជាមួយគ្នានេះដែរ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានឱ្យដឹងថា អ្វីដែលជាការកត់សម្គាល់ឃើញថាក្រោយការបោះឆ្នោតចប់ មានការចេញជាព្រឹត្តិការណ៍កើតឡើងដូចជាករណីលោក សុន ឆ័យ អ៊ីងចឹង គឺមានបណ្ដឹង២ ហើយទី១គណបក្សប្រជាជនកម្ពុជាបានប្ដឹងលោកពីការនិយាយនៅខេមបូឌាដេលីនិងលើកនេះគឺ គជប តែម្ដងក៏ប្ដឹងពីការនិយាយរបស់លោកដូចគ្នានៅខេមបូឌាដេលីដែរ ជាពិសេសក្នុងនាមជាអ្នកនយោបាយតែងតែប្រើវោហារសព្ទដើម្បីបញ្ចេញនូវសារនយោបាយឬក៏ទស្សនៈរបស់ខ្លួន វាជាសិទ្ធិមួយរបស់អ្នកនយោបាយហ្នឹង។
លោកបន្ដថា អ្នកនយោបាយទាំងអស់គួរតែពិនិត្យលើភាពចាស់ទុំនិងការជជែកគ្នាដោយសន្ដិវិធី ព្រមទាំងបន្ដនូវវប្បធម៌សន្ទនាវាជាជម្រើសល្អជាជាងការប្ដឹងផ្ដល់គ្នាដែលវាអាចមានបញ្ហាចម្រូងចម្រាសនាំឲ្យមានការរិះគន់។ មួយវិញទៀត គជប គឺជាស្ថាប័នឯករាជ្យមួយក៏គួរមានករណីខ្លះអាចចរចា អាចនិយាយគ្នាបានឬក៏ជជែកឲ្យមានការបំភ្លឺដើម្បីស្វែងរកការពិតទាំងអស់គ្នាបាន។
លោកបន្ថែមថា៖ «ខ្ញុំយល់ថាការប្ដឹងផ្ដល់នៅតុលាការចំពោះអ្នកនយោបាយហើយទាក់ទងនិងស្ថានភាពក្នុងការបោះឆ្នោតអីជាដើម ខ្ញុំមើលឃើញថាគ្មានអ្វីជាភាពល្អប្រសើរទេ ការប្ដឹងទៅតុលាការវាមានតែការរិះគន់ថែមប៉ុណ្ណោះ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប បានប្រាប់ខេមបូចា ថា មូលហេតុដែលឈានដល់ការដាក់ពាក្យបណ្ដឹងទៅសាលាដំបូងប្ដឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយសារមានការចោទប្រកាន់ពីបទបរិហាកេរ្ដិ៍ គជប ដែលធ្វើឲ្យបាត់បង់ទំនុកចិត្ដនិងឆន្ទៈរបស់អ្នកបោះឆ្នោតគឺជារឿងសំខាន់ដែល គជប មិនអាចអត់ឱនបាន។
លោក ពុទ្ធា ថ្លែងទៀតថា កាលពីមុនក៏ គជប ធ្លាប់ប្ដឹងជារឿងបុគ្គលម្ដងរួចមកហើយ គឺធ្លាប់បានប្ដឹងលោក អ៊ី សាំងឡេង អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការភ័នច្រឡំ ការប្ដឹងលោក សុន ឆ័យ គឺជាករណីទី២ ហើយប្រជាពលរដ្ឋម្ចាស់ឆ្នោតលោកនឹងបានឃើញទាំងអស់គ្នានូវបំណងទុច្ចរិតក្នុងការធ្វើឲ្យមានការភ័នច្រឡំប៉ះពាល់ដល់ឆន្ទៈនិងស្មារតីបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបន្ថែមទៀតថា «ដូចជាការប្រើពាក្យថាគណបក្សភ្លើងទៀនទទួលបានលទ្ធផលបែបហ្នឹងក្រោយពីការសល់ការលួច ហើយក្នុងសកម្មភាពពិត គជប អត់មានលួចអត់មានអីទេ អាហ្នឹងដែល គជប ទាមទាភាពស្អាតស្អំរបស់ខ្លួនមកវិញ»។
កាលពីពេលថ្មីនេះ គណបក្សប្រជាជនកម្ពុជាបានប្ដឹងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀនទៅតុលាការក្រុងភ្នំពេញម្ដងរួចមកហើយ បន្ទាប់ពីលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់តាមប្រព័ន្ធផ្សព្វផ្សាយថា មិនសេរីនិងមិនយុត្តិធម៌ ដែលរៀបចំដោយមេធាវីការពារក្ដីឲ្យគណបក្សប្រជាជនគឺលោក គី តិច។
ក្នុងបណ្ដឹងបានរៀបរាប់ថា៖ «ការលើកឡើងរបស់ឈ្មោះ សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត និងជាការផ្ដល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្តនិងមួលបង្កាច់ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសគណបក្សប្រជាជន»។ ពាក្យបណ្តឹងបន្ថែមទៀតថា គណបក្សប្រជាជនបានប្ដឹងទាមទារសំណងពីលោក សុន ឆ័យ១លានដុល្លារផងដែរ៕