អ្នករៀបចំក្រុមយុវជនគណបក្សភ្លើងទៀនមួយរូបនៅរាជធានីភ្នំពេញកំពុងទិញកាហ្វេកាលពីថ្ងៃទី៦ ខែមេសា ខណៈបុរសពីរនាក់ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបានជិះម៉ូតូសំដៅមករកគាត់ ហើយទាញដំបងដែកវាយចំស្មារបស់គាត់។
អ្នករៀបចំរូបនេះព្យាយាមគេចខ្លួនចូលក្នុងរថយន្តរបស់ខ្លួន ក្រុមអ្នកវាយប្រហារបានត្រឡប់មកវិញ ហើយគប់ដុំថ្មបន្ថែមធ្វើឱ្យស្រាំកញ្ចក់រថយន្ត ។
អ្នករៀបចំរូបនេះបានរំលឹកថា លោកបានដាក់លិខិតទៅអាជ្ញាធររាជធានីភ្នំពេញមួយសប្តាហ៍មុន ដោយបានជូនដំណឹងអំពីការជួបជុំគ្នាទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ។ សំណើនេះត្រូវបានបដិសេធ។
ខណៈដែលផែនការរបស់អ្នករៀបចំការជួបជុំរបស់គណបក្សភ្លើងទៀនបានដំណើរការទៅមុខ អ្នកវាយប្រហារអនាមិកបានចង្អុលមុខលោក ហើយស្រែកថា «សម្លាប់អ្ហែងចោល!»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរាយការណ៍កាលពីថ្ងៃចន្ទថា ករណីនេះគឺជាអំពើហិង្សាមួយក្នុងចំណោមអំពើហិង្សាយ៉ាងតិចចំនួនប្រាំពីរករណី ដែលបួនករណីពាក់ព័ន្ធនឹងអ្នកវាយប្រហារដែលប្រើមធ្យោបាយម៉ូតូ មកលើសមាជិកគណបក្សប្រឆាំងចំនួនប្រាំមួយនាក់ចាប់តាំងពីខែមករាមក ។ អង្គការនេះ បានសម្ភាសជនរងគ្រោះបួននាក់នៃការវាយប្រហារដោយផ្ទាល់ ដែលត្រូវគេកាប់ វាយដំ និងគំរាមកំហែងដោយពាក្យសម្ដី។
សមាជិកគណបក្សភ្លើងទៀនប្រាំនាក់ រួមទាំងជនរងគ្រោះបីនាក់ដែលរងការវាយប្រហារពីមុន បានទៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមីនា។ មួយសប្តាហ៍ក្រោយមក សមាជិកម្នាក់ក្នុងចំណោមសមាជិកដែលបានចូលរួមជាមួយជនរងគ្រោះបានស្ថិតនៅមុខផ្ទះរបស់គាត់ នៅពេលនោះគាត់បានឮគេនិយាយថា «តើវាមែនទេ?» បន្ទាប់មកលោកត្រូវគេកាប់ចំក្បាល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា គាត់បានងាកមើលជុំវិញឃើញបុរសពីរនាក់ ដែលម្នាក់ក្នុងចំណោមនោះមានកាន់ «កាំបិតដែកធំមួយ»។ មុខរបួសនេះ ត្រូវដេរដប់បីថ្នេរ។ លោកបានរាយការណ៍ពីឧបទ្ទវហេតុនេះទៅប៉ូលិសក្នុងមូលដ្ឋាន ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងថា លោកមិនចង់ផ្សព្វផ្សាយព័ត៌មានអំពីការវាយប្រហារនេះជាសាធារណៈទេ ព្រោះលោកខ្លាចមានការសងសឹកបន្ថែមទៀត។
តំណាងអង្គការសហប្រជាជាតិប្រចាំនៅរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
អ្នកនាំពាក្យរបស់គណបក្សភ្លើងទៀនពីររូបបានបញ្ជាក់ប្រាប់ខេមបូចាថា មានអំពើហិង្សាមកលើសមាជិកបក្ស ហើយបានបន្ថែមថា មានការវាយប្រហារបន្ថែមនាពេលថ្មីៗនេះ។ លោក គឹមសួរ ភិរិទ្ធ មានប្រសាសន៍ថា គណបក្សបានចែករំលែកព័ត៌មានលម្អិតនៃការវាយប្រហារនេះដល់នគរបាលមូលដ្ឋានរួចហើយ។
លោក ភិរិទ្ធ បានមានប្រសាសន៍ថា៖ «យើងបានធ្វើរួចហើយ។ យើងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ។ យើងបានសហការជាមួយពួកគាត់ ដើម្បីផ្ដល់ព័ត៌មាន។ នៅកន្លែងណា និងពេលណា»។ លោកបានបន្ថែមថា៖ «ចំពោះលទ្ធផល ពួកគាត់គ្រាន់តែទទួលពាក្យបណ្តឹងប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ ការស៊ើបអង្កេតរកអ្នកបង្កនោះនៅមិនទាន់ឃើញនៅឡើយទេ»។
លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ការវាយប្រហារដែលបានរាយការណ៍នេះបានកើតឡើងប៉ុន្មានខែ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានពីអំពើហិង្សាលើអ្នកប្រឆាំង។ នៅក្នុងសុន្ទរកថាថ្ងៃទី៩ ខែមករា គាត់បានផ្តល់ជម្រើសឱ្យអ្នកប្រឆាំងដែលនៅសេសសល់រវាងវិធានការផ្លូវច្បាប់ ឬការវាយដំ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំចង់សួរទៅអ្នកវិញថា ជម្រើសមានតែពីរទេ។មួយ គឺប្រើផ្លូវច្បាប់និងមួយទៀត គឺប្រើដំបងតែម្តង។ តើយកមួយណាពីរនេះ?» ។
លោក គឹមសួរ ភិរិទ្ធ ជាអ្នកនាំពាក្យគណបក្សភ្លើងទៀនមានប្រសាសន៍ថា លោកមិនយកចិត្តទុកដាក់នឹងសុន្ទរកថារបស់លោក ហ៊ុន សែន ទេ ប៉ុន្តែបានអំពាវនាវឲ្យគ្រប់គណបក្ស និងអ្នកនយោបាយធ្វើការជាមួយគ្នាដោយសន្តិវិធី។
លោក ភិរិទ្ធ មានប្រសាសន៍ថា៖ «កុំសងសឹក កុំប្រើអំពើហិង្សា និងការអាក់អន់ចិត្តដើម្បីកម្ចាត់គូបដិបក្ស។ ហើយខ្ញុំគិតថា ប្រសិនបើយើងអាចធ្វើបានហើយអត់ឱនឲ្យគ្នាទៅវិញទៅមកនោះ ប្រជាជនកម្ពុជានឹងមានសាមគ្គីភាពកាន់តែល្អជាងមុន» ។
ទោះជាយ៉ាងណា សមាជិកបក្សប្រឆាំងនៅតែបន្តប្រឈមមុខទាំងផ្លូវច្បាប់ និងអំពើហិង្សាលើរាងកាយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា ការវាយប្រហារហាក់ដូចជាសំដៅទៅលើជនរងគ្រោះ ខណៈដែលអ្នកវាយប្រហាររង់ចាំកំណត់អត្តសញ្ញាណពួកគេច្បាស់លាស់មុនពេលវាយប្រហារ។
កាលពីថ្ងៃទី១៨ ខែមីនា បុរសម្នាក់ដែលមានកាន់ «ដំបងដែកអាចរលាស់បាន” បានស្រែកថា“ម្នាក់ហ្នឹងមែន!” មុនពេលបុរសរូបនោះវាយទៅលើសមាជិកគណបក្សភ្លើងទៀនម្នាក់ដែលចាកចេញពីកិច្ចប្រជុំគណបក្ស អំឡុងពេលរសៀលថ្ងៃទី១៨ ខែមីនា។
ក្រុមជនដៃដល់បានវាយមកលើសមាជិកបក្សប្រឆាំងរូបនោះប្រាំដង មុនពេលគាត់ដួលទៅលើដី។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា គាត់មានស្នាមជាំធ្ងន់ធ្ងរនៅកំភួនដៃ និងដើមទ្រូង។
កាលពីព្រឹកថ្ងៃទី៨ ខែមេសា សមាជិកគណបក្សភ្លើងទៀនម្នាក់កំពុងធ្វើដំណើរទៅធ្វើការក្នុងរាជធានីភ្នំពេញ ស្រាប់តែបុរសពីរនាក់ស្លៀកពាក់ពណ៌ខ្មៅនិងបិទមុខយកដំបងដែកវាយគាត់។ សមាជិកគណបក្សភ្លើងទៀនរូបនេះបានរត់គេចខ្លួន ប៉ុន្តែត្រូវបានបុរសកាន់ដំបងរត់ដេញតាម ហើយវាយ៥ដងបន្ថែមទៀត បណ្តាលឱ្យមានស្នាមរបួសពេញខ្លួន។
សមាជិកគណបក្សភ្លើងទៀនរូបនេះបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា លោកជឿថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការចូលរួមក្នុងកម្មវិធីជួបជុំគណបក្សកាលពីថ្ងៃទី៧ ខែមេសា ក្នុងរាជធានីភ្នំពេញ។
សកម្មជននយោបាយចំនួន១៣នាក់ដែលជាប់ពាក់ព័ន្ធជាមួយគណបក្សបេះដូងជាតិដែលឥឡូវនេះ លែងដំណើរការ ត្រូវបានចាប់ដាក់ពន្ធនាគារជុំវិញអ្វីដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជា «ការចោទប្រកាន់ដោយហេតុផលនយោបាយ»។ កាលពីខែមេសា សមាជិកគណបក្សភ្លើងទៀនបួននាក់ ដែលពីរនាក់ក្នុងចំណោមនោះ ជាមន្ត្រីជាប់ឆ្នោតត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារ។
ខណៈអត្តសញ្ញាណរបស់អ្នកវាយប្រហារនៅមិនទាន់ច្បាស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចោទថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការវាយប្រហារនេះ។
លោក ហ្វីល រ៉ូបឺតសិន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើគ្រប់ឧបករណ៍គាបសង្កត់ដែលមាន ដើម្បីកម្ចាត់ក្រុមប្រឆាំងនយោបាយណាមួយ នៅមុនការបោះឆ្នោតខែកក្កដា។ រដ្ឋាភិបាលបរទេសគួរតែផ្ញើសារជាសាធារណៈនិងច្បាស់ថា ការកម្ទេចគណបក្សប្រឆាំង និងការដកសិទ្ធិ ការវាយដំ និងចាប់ខ្លួនសមាជិកបក្សប្រឆាំងមុនថ្ងៃបោះឆ្នោត មានន័យថា នឹងមិនមានការបោះឆ្នោតពិតប្រាកដទាល់តែសោះ» ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
កាលពីថ្ងៃទី១៦ ខែមីនា មុនពេលមានសេចក្តីរាយការណ៍អំពីការវាយប្រហារជាច្រើនលើសមាជិកគណបក្សភ្លើងទៀន សភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ និងសកម្មជន និងបញ្ឈប់ការបំភិតបំភ័យសមាជិកបក្សប្រឆាំង។ សហភាពអឺរ៉ុបបានព្រមានថា ការព្យួរបន្ថែមទៀតនូវឋានៈអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» សម្រាប់កម្ពុជាអាចកើតមាន «ប្រសិនបើការបោះឆ្នោតឆ្នាំ២០២៣ ងាកចេញពីស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្តមាន»។
សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបបានសរសេរថា៖ «[យើង] អំពាវនាវឱ្យអាជ្ញាធរបញ្ឈប់រាល់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងការចោទប្រកាន់បទឧក្រិដ្ឋដោយហេតុផលនយោបាយលើសមាជិកគណបក្សប្រឆាំង»។ សេចក្តីសម្រេចដដែលបានបន្ថែមថា៖ «អនុញ្ញាតឲ្យ គ្រប់គណបក្សនយោបាយ ធ្វើយុទ្ធនាការបោះឆ្នោតដោយស្មើភាព ដោយសេរី និងតម្លាភាព ក្រោមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយតម្លាភាពនិងបរិយាប័ន្នជាងមុន»។
ស្ថានទូតអាឡឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិកបានប្រាប់ខេមបូចាថា ពួកគេក៏កំពុងតាមដានមើលការបោះឆ្នោតនៅកម្ពុជាយ៉ាងជិតស្និទ្ធ ហើយនៅបន្តសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អបរិយាកាសនយោបាយ។
លោក Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកបាននឹងបន្តទទូចឲ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុញ្ញាតឲ្យមានទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លើកកម្ពស់ការផ្លាស់ប្តូរគំនិតបើកចំហ និងអនុញ្ញាតឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី ដោយគ្មានការភ័យខ្លាចនៃអំពើហិង្សា» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Party Members Beaten and Slashed in Multiple Assaults, NGO Reports