សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យតុលាការដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម កំឡុងប្រារព្ធខួបនៃរបបវាលពិឃាតលើកទី៤៩ ឱ្យមានសេរីភាព ក្រោយពីពួកគេត្រូវបានចាប់ខ្លួនកន្លងមក។
នៅព្រឹកថ្ងៃទី១៧ ខែមេសានេះជាខួបលើកទី៤៩នៃរបបវាលពិឃាតដែលពលរដ្ឋខ្មែរជិតពីរលាននាក់បានស្លាប់ក្នុងរបបកុម្មុយនីស្ត ដឹកនាំដោយពួកខ្មែរក្រហម (ប៉ុល ពត) កាលពីចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។
ការប្រារព្ធនេះក្រោយពីសមាជិកគណបក្សប្រឆាំង៣រូបបានជាប់ជាសមាជិកព្រឹទ្ធសភាតាមរយៈការបោះឆ្នោតនីតិកាលទី៥កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការណ៍នេះសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងបានអំពាវនាវឱ្យតុលាការ ក៏ដូចជាគណបក្សកាន់អំណាចដោះលែងសមាជិកខ្លួន និងសកម្មជនសង្គមផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ ក្រោយពីឃុំខ្លួនបណ្ដោះអាសន្នកាលពីដើមមេសានេះ។
លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង បានលើកឡើងក្នុងពិធីគម្រប់ខួបលើកទី៤៩នៃរបបវាលពិឃាតនៅទីតាំងប្រល័យពូជសាសន៍បឹងជើងឯកនៅព្រឹកថ្ងៃទី១៧ ខែមេសា ថា ការចាប់សមាជិកគណបក្សប្រឆាំងវាបានបង្ហាញពីការរឹតត្បិតសិទ្ធិសេរីដែលជំរុញឱ្យមានកម្ពុជាក្លាយជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈលោកថា រដ្ឋាភិបាលគួរឈប់ប្រើរូបភាពគំរាមកំហែងតាមរយៈអំណាចតុលាការដើម្បីដាក់បន្ទុក។
លោកបន្ដថ្លែងថា លោកនឹងបន្ដយកបញ្ហាប្រឈមពលរដ្ឋទៅជជែកក្នុងព្រឹទ្ធសភាដូចវិបត្ដិបំណុល ការឆបោកពីក្រុមឧកញ្ញ៉ា និងវិបត្ដិសង្គមដើម្បីឱ្យបក្សកាន់អំណាចងាកមកដោះស្រាយឱ្យទាន់ពេលវេលា។
លោកមានប្រសាសន៍ថា៖ «សុំឱ្យទម្លាក់បទចោទលើសកម្មជននយោបាយ និងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ និងកុំបន្ដធ្វើទុកបុកម្នេញគ្រប់រូបភាព។ ក្នុងនាមខ្ញុំជាសមាជិកព្រឹទ្ធសភាខ្ញុំនឹងយកបញ្ហារបស់ពលរដ្ឋជាចំណុចអត្ថិភាពដើម្បីជជែកស្វែងរកដំណោះស្រាយជូនពលរដ្ឋឱ្យបាន»។
កាលពីថ្ងៃទី៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួន៣នាក់ និងប្រធានសមាគមមួយរូបជាបណ្ដោះអាសន្នក្រោមបទចោទផ្សេងៗគ្នាជុំវិញសកម្មភាពរបស់ពួកគេ។ តុលាការបានសម្រេចចោទប្រកាន់លោក ដាង ប៊ុនហាក់ និងលោក គឹម ថាយមុន្នី ពាក់ព័ន្ធនឹងបទ«ក្លែងបន្លំឯកសារសាធារណៈ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកុម្ភៈ និងទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈលោក គឹម ហុង ត្រូវបានចោទពីបទ«សុំឱ្យផ្ដល់ឯកសារដោយទុច្ចរិត» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាង១០នាក់ចាប់ខ្លួន នៅទីស្នាក់ការសមាគមនិស្សិតបញ្ញវន្តខ្មែរ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ស្រដៀងគ្នានេះដែរ លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ មើលឃើញថា វិបត្ដិសង្គមចេះតែធ្លាក់ដោយលោកសំអាងថាវិបត្ដិនយោបាយគឺជាដើមចមនៃបញ្ហាទាំងអស់។ លោកសង្កត់ធ្ងន់ថា ការបែកបាក់ជាតិ និងការចាត់ទុកគ្នាជាសត្រូវរបស់អ្នកនយោបាយមិនបានផ្ដល់ផលចំណេញដល់សង្គមនោះទេ។ លោកបានអំពាវនាវឱ្យតុលាការ និងបក្សកាន់អំណាចទម្លាក់បទចោទ និងដោះលែងប្អូនស្រីរបស់លោកពោលគឺអ្នកស្រី សេង ធារី និងសកម្មជនផ្សេងៗទៀតដើម្បីបង្ហាញពីសង្គមលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «ខ្ញុំសុំឱ្យតុលាការទម្លាក់បទចោទលើកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀត។ យកការជជែកគ្នាក្នុងនាមជាខ្មែរ កុំចាត់ទុកគ្នាជាសត្រូវវានាំឱ្យបែកបាក់ជាតិ។ កម្មវិធីនេះដើម្បីដាស់ស្មារតីដល់អ្នកនយោបាយជំនាន់ក្រោយឱ្យចេះសាមគ្គីគ្នាទើបសង្គមរីកចម្រើន»។

សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា លោក សុខ ហាច និង លោក សេង ម៉ារឌី។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់និងតំណាងរាស្រ្តចំនួន១២៥រូប កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោម៦២រូប ខណៈ២រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា សម្រាប់នីតិកាលទី៥ ដែលមានរយៈពេល៦ឆ្នាំ។
ជុំវិញរឿងនេះលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ខេមបូចានៅរសៀលនេះថា ការលើកឡើងរបស់សមាជិកព្រឹទ្ធសភាវាជាសិទ្ធិក្នុងការបញ្ចេញមតិផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកថា រឿងប៉ះពាល់ឬមិនប៉ះដល់ការងារព្រឹទ្ធសភាគឺលោកមិនអាចឆ្លើយបានទេ។
លោកមានប្រសាសន៍ថា៖ «វាជាសិទ្ធិគាត់ ពូមិនអាចឆ្លើយបានទេ អធ្យាស្រ័យផង»។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចោទប្រកាន់ថាគណបក្សលោកប្រើអំណាចជារឿងមិនត្រឹមត្រូវនោះទេដោយបានច្រានចោលការលើកឡើងរបស់បក្សជំទាស់។ លោកឱ្យដឹងទៀតថា ការចាប់ខ្លួនរបស់តុលាការគឺធ្វើតាមច្បាប់ក្នុងករណីរកឃើញថា ពិរុទ្ធជនទាំងនោះប្រព្រឹត្ដខុស។
លោកមានប្រសាសន៍ថា៖ «បក្សប្រឆាំងចេះតែចោទថាគណបក្សប្រជាជនប្រើអំណាចគឺអត់មានទេគឺធ្វើតាមច្បាប់។ ខ្ញុំសុំច្រានចោលរាល់ការលើកឡើងខុសការពិតលើគណបក្សប្រជាជន»។
បើតាមលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា វាដល់ពេលដែលអ្នកនយោបាយទាំងអស់ងាកមកប្រើការជជែកគ្នាដោយសន្ដិវិធី ឬក៏យុទ្ធសាស្ដ្រឈ្នះៗទើបអាចរកចំណុចរួមមួយបាន បើមិនដូច្នេះទេធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ។ លោកថា ការឈ្លោះគ្នារបស់អ្នកនយោបាយមិនបានផ្ដល់ចំណេញដល់សង្គមជាតិទេរឹតតែធ្វើឱ្យប្រទេសបែកបាក់។
លោកបន្ថែមថា៖ «អ្នកនយោបាយគួរដល់ពេលជជែកគ្នាហើយ កុំងាកៗប្រើប្រព័ន្ធតុលាការវាមិនចំណេញទេ មានតែបង្កវិបត្ដិនយោបាយបន្ថែមទៀត ហើយប្រជាធិតេយ្យដើរថយក្រោយដែរ។ខ្ញុំយល់ថាទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំងគួរបញ្ឈប់សកម្មភាពណាមិនចំណេញដល់លទ្ធិប្រជាធិបតេយ្យទៅ»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានគាំទ្រការអំពាវនាវនេះថា ការគំរាមកំហែងតាមប្រព័ន្ធតុលាការនេះគួរដល់ពេលបញ្ឈប់ហើយដោយងាកមកគោរពសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រការអំពាវនាវនេះ។ ខ្ញុំយល់ថាការឃុំខ្លួនលើសកម្មជននយោបាយ និងសកម្មជនសង្គមតាមរូបភាពណាក៏មិនគួរប្រើឡើយ ព្រោះពួកគាត់ធ្វើសកម្មភាពបម្រើផលប្រយោជន៍ជាតិ វាគួរត្រូវបានលើកទឹកចិត្ដដល់ពួកគាត់»។
កាលពីថ្ងៃទី៣០ខែមិនា ឆ្នាំ២០២៤ លោក អ៊ុំ វិរៈរដ្ឋ អគ្គហិរញ្ញិកគណបក្សកម្លាំងជាតិ ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈលោកទៅចូលរួមប្រារព្វពិធីរំឭកខួប២៧ឆ្នាំនៃព្រឹត្តិការណ៍បោកគ្រាប់បែកសម្លាប់ក្រុមបាតុករឆ្នាំ១៩៩៧ ដែលធ្វើឡើងនៅមុខរដ្ឋសភាចាស់ ក្នុងរាជធានីភ្នំពេញ។ ការចាប់ខ្លួនលោកធ្វើឡើងតាមអំណាចតុលាការខេត្តកំពង់ស្ពឺសំណុំរឿងចាស់ ពាក់ព័ន្ធនឹងការដែលលោកគាំទ្រគម្រោងលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ អំឡុងឆ្នាំ២០១៩។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ ២០១៩។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលី ដែលតុលាការចោទពីបទរំលោភលើលក្ខខណ្ឌនៃការនៅក្រៅឃុំ។ ប៉ុន្តែក្រុមសិទ្ធិមនុស្សអះអាងថា ទាំងកញ្ញា ស៊ីថរ និងមេធាវីរបស់កញ្ញា មិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌបម្រាមពីតុលាការឡើយ៕