សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ស្របពេលអំពាវនាវឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសមាជិកព្រឹទ្ធសភាបីរូបមកពីគណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន)
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសមាជិកព្រឹទ្ធសភាបីរូបមកពីគណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន)

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងបីរូបបានទទូច​ឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​​ដើរ​ថយ​ក្រោយ ​​​និង​សិទ្ធិចូល​រួម​ក្នុងសកម្មភាពនយោបាយឡើង​វិញ​ ខណៈ​ដែល​សមាជិកគណបក្សរបស់ពួកគេប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ។

សំណើ​នេះត្រូវ​បាន​ធ្វើឡើងនៅពេលដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជួបជាមួយ​សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរដែលជា​គណបក្សប្រឆាំង ​កាលពីសប្តាហ៍មុន ជា​ចំណាត់ការ​មួយដែលអាចឈានទៅរក​ការស្តារឡើងវិញនូវវប្បធម៌សន្ទនារវាងគណបក្ស​កាន់​អំ​ណាច និងគណបក្សប្រឆាំង។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាល​ពីថ្ងៃទី​១៨ ខែមេសា​ថា៖ «ជាងបីម៉ោងនៃការសន្ទនាប្រកបដោយ​ភាពស្មោះត្រង់ ស្និទ្ធស្នាល​ គោរពគ្នាទៅវិញទៅមកធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា ​ព្រឹទ្ធសភា​នឹង​ដំណើរការ​ល្អ»។

នៅក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អា​សនៈ ក្នុងចំណោម៥៨អាសនៈ ដែលត្រូវ​ប្រកួតប្រជែង ដោយគណបក្សឆន្ទៈខ្មែរទទួលបានអា​សនៈចំនួន៣ ដែលនៅសល់។ អាសនៈ​ព្រឹទ្ធសភា​សរុប​មាន​ចំនួន៦២ ដែល​ក្នុង​នោះ​ សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​ពីរ​រូប​ទៀតត្រូវ​តែង​តាំង​​ដោយ​រដ្ឋសភា។

លោក គង់ ម៉ូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ មានប្រសាសន៍ថា សំណើ​ត្រូវ​បាន​ធ្វើ​អំឡុង​ជំនួប​នេះ ដើម្បីបើកលំហនយោបាយ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីឱ្យ​អ្នក​នយោបាយគណបក្សប្រឆាំងអាចបំពេញភារកិច្ចរបស់ខ្លួនបានសមស្រប។ ជំនួប​នេះ​ក៏បាន​លើកឡើង​ផងដែរ​នូវលទ្ធភាពនៃការទម្លាក់ការចោទប្រកាន់លើ​អ្នកនយោបាយ ក៏ដូចជាការដោះលែងសកម្មជននយោបាយផងដែរ។

លោក ម៉ូនីកា បាន​មាន​ប្រសាសន៍​​ថា៖ «​យើង​មិន​ទាន់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅ​ឡើយ​ទេ​។ ទោះ​បី​ជា​យ៉ាង​ណា យើង​បាន​ឃើញ​ការបន្ត​​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​បរិយាកាស​នយោបាយ​ល្អ​នោះ​ទេ»

លោកសង្ឃឹមថា ដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនឹងប្រសើរឡើង នៅពេល​ដែលអ្នកនយោបាយមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងចូលរួមកិច្ចសន្ទនា និង​ជំរុញ​ឲ្យ​មាន​ការគោរពគ្នាទៅវិញទៅមក។

កាលពីថ្ងៃទី១០ ខែមេសា គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយដោយជូន​ដំណឹង​ពីការចាប់ខ្លួនមន្ត្រីគណបក្សពីររូបនៅ​ខេត្តកំពង់ចាម ដែល​​ចោទ​ ពីបទក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ​ នាពេល​ខាងមុខ។ បើតាមលោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន​បាន​ឲ្យដឹងថា សមាជិកគណបក្សប្រឆាំងចំនួន១២នាក់ ត្រូវបានចាប់ខ្លួន គិតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៤។

លោក សុខ ឥសាន ជា​អ្នក​នាំពាក្យ​និង​ជា​សមាជិកព្រឹទ្ធសភាមកពី​គណបក្សប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច មានប្រសាសន៍ថា កម្ពុជាមិនរឹតត្បិតលំហនយោបាយ ឬសិទ្ធិ​របស់​ប្រជាពលរដ្ឋក្នុងការ​ចូល​រួម​សកម្មភាពនយោបាយនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​មិន​មាន​ការ​បើក​លំហ​​នយោបាយ​​ទេ វា​នឹង​មិន​មាន​ការ​​សន្ទនា​រវាង​សម្តេចប្រធាន​ព្រឹទ្ធសភា [លោក ហ៊ុន សែន] និង​សមាជិក​​​គណបក្ស​ប្រឆាំង​បីរូប​នោះ​​ឡើយ​»

នៅ​ពេល​សុំការ​អត្ថាធិប្បាយ​​ជុំវិញ​​ការ​ដោះលែង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ លោក សុខ ឥសាន​ បាន​មាន​ប្រសាសន៍​​ថា៖ «វា​​មិន​មែន​បែប​​នេះទេ។ មិនអាចយកការងារ​នយោបាយ​មក​លាយឡំ​នឹង​ការងារផ្លួវច្បាប់​បាន​ទេ​»

កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​កម្លាំង​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ពីរ​នាក់​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រួម​គំនិត​ក្បត់​។

ស្រប​ពេល​ជាមួយគ្នានេះ លោក មាស នី អ្នកវិភាគនយោបាយបានសាទរ​ចំពោះចំណាត់ការ​ដែលអ្នកនយោបាយចាប់ផ្តើមមានកិច្ចសន្ទនា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​គិត​ថា ការ​មាន​កិច្ច​សន្ទនា​រវាង​គណបក្ស​នយោបាយ​ គឺ​ជា​ដំណើរ​ការ​ដ៏​ល្អ បើ​ទោះ​ជា​មិន​មាន​លទ្ធផល​ភ្លាមៗ​ក៏​ដោយ។ ខ្ញុំ​គិត​ថា វា​នឹង​ជំរុញ​ការ​កសាង​ទំនុក​ចិត្ត​ចំពោះ​គ្នា​​ទៅ​​វិញ​ទៅ​មក​សម្រាប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជានា​​ពេល​អនាគត»

លោក មាស នី យល់ឃើញថា គណបក្សកាន់អំណាចព្រួយបារម្ភអំពីស្ថិរភាពក្នុងការដឹកនាំ​​ប្រទេសក្រោយការបោះឆ្នោត ដែលបង្ហាញថា ការគាំទ្រគណបក្សប្រឆាំងនៅតែខ្លាំង។

លោកបានចង្អុលបង្ហាញថា វប្បធម៌សន្ទនាបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤​ នៅពេលដែល​គណ​បក្សសង្គ្រោះជាតិ (CNRP) បដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែវប្បធម៌សន្ទនានេះ​បានបរាជ័យនៅក្នុងឆ្នាំ២០១៥​ ចំពេលមានការវាយប្រហារគ្នា​ដោយ​ពាក្យសំ​ដី​។​

ដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនយោបាយធ្លាក់ចុះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវ​បានតុលាការរំលាយ​ចោល​កាលពីឆ្នាំ២០១៧ ហើយលោក កឹម សុខា មេដឹកនាំគណបក្ស​នេះ​ ត្រូវបានកាត់ទោសពីបទក្បត់ជាតិ។ បច្ចុប្បន្ន​ លោក​​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​​២៧​ឆ្នាំ។

ស្របពេលជាមួយគ្នា​នេះដែរ​ លោក គង់ សភា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ដែល​​និរ​ទេស​ខ្លួនបានអំពាវនាវសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ស្វែង​​រក​ការលើកលែងទោសពីព្រះមហាក្សត្រចំពោះសំណុំរឿង​របស់​លោក ដែល​ត្រូវ​​បាន​រកឃើញ​ពិរុទ្ធភាព​​កាល​ពី​ឆ្នាំ២០២២ ដែលតាម​ចោទពីបទរួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។

លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍ថា៖ «រដ្ឋាភិបាលកំពុងអនុវត្តដំ​ណើរការនេះ។ យើង​នឹង​ជម្រាប​ជូន​ពេល​ក្រោយ​ពេល​មាន​លទ្ធផល»

លោក គង់ សភា ដែលកំពុង​​រស់​នៅ​ប្រទេស​កាណាដា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​តាម​រយៈ​កម្មវិធីបណ្តាញ​​​សង្គម Messenger​ បានទេ។

ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សប្រឆាំងឱ្យបញ្ឈប់ការរឹតត្បិតសិទ្ធិនយោបាយ លោក ប៉ែន បូណា បាន​អះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាធានានូវសេរីភាព និងសិទ្ធិក្នុងការ​ធ្វើសកម្មភាព​នយោបាយ។

លោក​មាន​ប្រសាសន៍​ថា៖​ «​នៅ​ពេល​យើង​ដើរហួសក្របខណ្ឌ​ច្បាប់ហើយ គឺមាន​ការ​រឹតត្បិត។ វា​គឺ​ជា​រឿង​ធម្មតាទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Senators Discuss With Hun Sen, Call to Restore Democracy

882 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម