តំណាងសហគមន៍ព្រៃឈើចំនួន ៦នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសាលាដំបូងខេត្តសាកសួរនៅថ្ងៃពុធ ពីបទបង្កឲ្យខូចខាត គំរាមកំហែង ប្រមាថជាសាធារណៈ និងញុះញង់។
យោងតាមដីការបស់សាលាដំបូងចុះថ្ងៃទី៧ ខែកុម្ភៈ សកម្មជនទាំង៦នាក់នោះ ត្រូវបានប្តឹងដោយលោក បេន សារិទ្ធ ដែលជាមន្ត្រីយោធានៅអង្គភាពបញ្ជាការដ្ឋានរថក្រោះ។ ទោះយ៉ាងណា អ្នកភូមិបានអះអាងថា ពួកគេជាអ្នករងការគំរាមកំហែងពីទាហានដែលឈូសឆាយដី។
លោក ស៊ឹង សុខុម ជាពលរដ្ឋម្នាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវបានសាលាដំបូងសាកសួរបាននិយាយថាគាត់កំពុងត្រូវបានចោទប្រកាន់ពីបទញុះញង់ប្រជាពលរដ្ឋផ្សេងទៀតឱ្យទន្ទ្រានយកដីព្រៃរបស់រដ្ឋ។
លោកបាននិយាយថា៖ «ខ្ញុំគិតថានេះជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ ព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយខ្ញុំស្នើសុំឲ្យតុលាទំលាក់ចោរការចោទប្រកាន់មកលើរូបខ្ញុំ និងអ្នកភូមិផ្សេងទៀត»។ លោកបន្ថែមថា៖ «យើងគ្រាន់តែការពារទ្រព្យសម្បត្តិរដ្ឋដើម្បីផលប្រយោជន៍សាធារណៈ ប៉ុន្តែយើងរងការចោទប្រកាន់ជំនួសវិញ ខណៈអាជ្ញាធរមិនបានសិក្សាឱ្យបានហ្មត់ចត់លើករណីនេះ»។
នៅខែមេសា ឆ្នាំ២០០៣ ក្រសួងបរិស្ថានបានប្រកាសផ្នែកមួយនៃដីជាតំបន់ការពារសហគមន៍។
កាលពីខែសីហាឆ្នាំមុន រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលធ្វើអនុប្រយោគលើដីព្រៃចំនួន ២៦២,២៤ ហិកតា នៅជិតភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ នៅក្នុងអនុក្រឹត្យនោះក៏បានបន្តថា ដីនោះគឺសម្រាប់សមាជិកកងទ័ពសម្រាប់សង់ផ្ទះ និងធ្វើស្រែចម្ការ។
អ្នកភូមិជាច្រើននាក់បានតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរនេះកាលពីខែវិច្ឆិកា នៅពេលដែលទាហានមួយក្រុមមកពីអង្គភាពបញ្ជាការដ្ឋានរថក្រោះបានមកបោះបង្គោលព្រំដែនដី ហើយបានចាប់ផ្តើមឈូសឆាយវាដោយប្រើគ្រឿងចក្រ។
ទង្វើនេះបានប្រែក្លាយអ្នកភូមិក្នុងតំបន់ទៅជាសកម្មជនបរិស្ថាន។ ពួកគាត់បានបោះតង់នៅជើងភ្នំឱរ៉ាល់ ដើម្បីការពារព្រៃឈើកុំឲ្យមានការកាប់ឆ្ការ។
អ្នកភូមិបានអះអាងថា កាលពីថ្ងៃអង្គារ ទាហានជាច្រើននាក់បានប្រើអំពើហិង្សាលើអ្នកភូមិ ដែលព្យាយាមរារាំងកងទ័ពមិនឲ្យឈូសឆាយដីព្រៃ។

ក្នុងពេលសួរដេញដោល អ្នកភូមិជិត ៥០០នាក់ បានមកតវ៉ានៅមុខសាលាដំបូងដើម្បីទាមទារឲ្យទម្លាក់សំណុំរឿងនេះ។
លោក កាក់ សឿន អ្នកភូមិដែលចូលរួមការតវ៉ានៅមុខសាលាដំបូងខេត្តបាននិយាយថា អ្នកភូមិបីនាក់ត្រូវបានទាហានវាយដំ ខណៈព្យាយាមរារាំងពួកគេមិនឱ្យឈូសឆាយដីព្រៃ។
លោកបានបន្ថែមថា៖ «ពួកគេបានបាញ់កាំភ្លើងទៅលើមេឃ ហើយវាយខ្ញុំ។ ពួកគេប្រាប់ប្រជាជនឲ្យឈប់មកទីនេះ ដើម្បីរំខាន និងរារាំងសកម្មភាពរបស់ពួកគេ បើមិនដូច្នេះទេយើងនឹងត្រូវគេបាញ់»។
លោក ឆាយ គឹមហ៊ន ដែលបានចូលរួមក្នុងការតវ៉ាផងដែរបានថ្លែងថា៖ «យើងមកនេះដើម្បីគាំទ្រតំណាងរបស់យើងដែលកំពុងត្រូវបានសាលាដំបូងសាកសួរ។ យើងជាសហគមន៍អ្នកស្រឡាញ់ព្រៃឈើ និងបរិស្ថាន យើងគ្រាន់តែចង់ការពារព្រៃឈើកុំឲ្យកាប់បំផ្លាញ»។
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានអះអាងថា ពួកគេមិនបានដឹងពីអំពើហិង្សាលើប្រជាពលរដ្ឋដែលធ្វើឡើងដោយទាហាននោះទេ។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកថាលោកមិនបានដឹងអំពីហេតុការណ៍នេះទេ។
លោក ទេព នឹម មេឃុំត្រពាំងជោ បានបញ្ជាក់ថា អាជ្ញាធរប្រាប់អ្នកភូមិឲ្យឈប់តវ៉ា ព្រោះដីនេះត្រូវបានប្រគល់ឲ្យយោធាស្របច្បាប់ហើយ។
លោកបានបន្តថា៖ «ពួកគេនៅតែបន្តសកម្មភាពខុសច្បាប់ ខណៈដីនោះត្រូវបានរដ្ឋប្រគល់ឲ្យគ្រួសារយោធិនរួចហើយស្របទៅតាមច្បាប់»។
អង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយនៅក្នុងរបាយការណ៍ខ្លីមួយថា អ្នកភូមិបីនាក់បានរងរបួសក្នុងអំពើហិង្សាកាលពីថ្ងៃអង្គារ រួមមានបុរសអាយុ២៣ ឆ្នាំម្នាក់ បុរសអាយុ៤១ ឆ្នាំ និងស្ត្រីអាយុ៥៩ ឆ្នាំម្នាក់។
គូសបញ្ជាក់ផងដែរថា វិវាទដីធ្លីដែលកំពុងបន្តមានប្រជាពលរដ្ឋជាង ២៥៣គ្រួសារ ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាច្រើនខែដើម្បីការពារដីព្រៃរបស់ពួកគេ។
លោក រ័ត្ន ថាវី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ ក៏បានថ្លែងថា ក្រុមការងារបានទទួលព័ត៌មានករណីអំពើហិង្សាដោយយោធា។ លោកបាននិយាយថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន និងវាយដំមុនពេលពួកគេត្រូវបានដោះលែង។
លោកបានថ្លែថា៖ «វាមិនអាចទទួលយកបានទេ ព្រោះកម្ពុជាមានច្បាប់ ហើយវាត្រូវធ្វើតាមច្បាប់ និងគោរពសិទ្ធិមនុស្ស»។ លោកបន្ថែមថា៖ «ការចោទប្រកាន់នេះជារឿងអយុត្តិធម៌សម្រាប់អ្នកភូមិព្រោះពួកគេគ្រាន់តែការពារព្រៃឈើដើម្បីផលប្រយោជន៍សហគមន៍ប៉ុណ្ណោះមិនមែនសម្រាប់បុគ្គលទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Oral forest activists protest legal case against them over land dispute