សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពីក្មេងកំព្រា និងមានពិការភាព តស៊ូជម្នះឧបសគ្គក្លាយជាតំណាង​សហគមន៍​​ជនជាតិដើមភាគតិចមួយរូបដ៏រឹងមាំ

អ្នកស្រី រឿន ហែង កំពុងតែអង្គុយមើលវិញ្ញាបនបត្រនៅលើគ្រែក្នុងផ្ទះរបស់គាត់ក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។(ខេមបូចា/ម៉ិច ជូឡាយ)
អ្នកស្រី រឿន ហែង កំពុងតែអង្គុយមើលវិញ្ញាបនបត្រនៅលើគ្រែក្នុងផ្ទះរបស់គាត់ក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។(ខេមបូចា/ម៉ិច ជូឡាយ)

មណ្ឌលគិរី៖ ស្ថិតត្រង់ផ្លូវបំបែកទៅកាន់ទឹកជ្រោះប៊ូស្រា មានផ្ទះ​ឈើមួយដែលមានដំណាំព័ន្ធជុំវិញ ដូចជា ដើមប័រ ចេក ដំឡូង ស្វាយ ហើយមានលក់កាហ្វេ និងទិន្នផលព្រៃឈើដូចជាទឹកឃ្មំ ជ័រឈើ បន្លែ ផ្លៃឈើ នោះគឺជាផ្ទះរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចពូនង អ្នកស្រី រឿន ហែង មានអាយុ ៤០ឆ្នាំ។ អ្នកស្រីបានប្រាប់សារព័ត៌មានខេមបូចាថា អ្នកស្រី  កើត និង​ធំឡើងក្នុងស្ថានភាពពិបាកខ្លាំង បន្ទាប់ពីគ្រួសាររបស់អ្នកស្រីបានបាត់បង់ជីវិតទាំងគ្រួសារ នៅចុងឆ្នាំ១៩៩០។

សព្វថ្ងៃ អ្នកស្រី រឿន ហែង កំពុងរស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយក្នុងចំណោមបណ្ដាខេត្តភូមិភាគឦសានផ្សេងទៀតស្ថិតនៅតំបន់ខ្ពង់រាប។ នៅតាមដងផ្លូវឆ្ពោះទៅកាន់ខេត្តនេះអមដោយដើមឈើតូចធំៗ ផ្លូវឡើងចុះទួល  ហើយត្រូវបានគេស្គាល់ថា ជាតំបន់ដែលមានសហគមន៍ជនជាតិដើមភាគតិចជាច្រើនរស់នៅ។  

ផ្ទៃមេឃស្រទំ អមដោយខ្យល់បក់បោកស្លឹកឈើរវិចៗ នៅក្នុងតូបកាហ្វេ ដែលនៅពីក្រោយតូបមានទេសភាពខៀវស្រងាត់ព័ទ្ធជុំវិញដោយដំណាំហូបផ្លែ អ្នកស្រី រឿន ហែង បានរៀបរាប់ទាំងសំឡេងអួលដើមក និងក្ដុកក្ដួលថា បន្ទាប់ពីឪពុកអ្នកស្រីបានចែកឋានទៅ ម្ដាយនិងបងប្អូន៣នាក់របស់អ្នកស្រីត្រូវបានអ្នកភូមិសម្លាប់ដោយចោទប្រកាន់ម្ដាយអ្នកស្រីថាចេះអំពើ «ធ្មប់» តែជាភ័ព្វសំណាងអ្នកស្រីបានគេចខ្លួនផុតពីសោកនាដកម្មដ៏អាក្រក់មួយនេះ។

អ្នកស្រី រឿន ហែង បន្តថា៖ «គេយកយើងទៅសម្លាប់។ យកទាំងអស់ហ្នឹង អ៊ីចឹងទៅយើងរត់ ដល់ពេលយើងរត់ទៅយើងរួចខ្លួន។ ស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយហ្នឹង។ ស្លាប់ក្នុងថ្ងៃតែមួយហ្នឹងបួននាក់»។

មូលហេតុដែលអ្នកភូមិគិតថាម្ដាយអ្នកស្រីចេះអំពើ «ធ្មប់» ដោយសារតែនៅពេលដែលឳពុករបស់អ្នកស្រីបាត់បង់ជីវិតដោយសារតែជំងឺគ្រុនចាញ់ តែនៅសម័យនោះសហគមន៍មិនទាន់មានការយល់ដឹងច្បាស់ទាក់ទងនឹងជំងឺនេះទេ ជាហេតុធ្វើឱ្យគ្រួសារនិងសាច់ញាតិខាងឳពុករបស់អ្នកស្រី ចោទប្រកាន់ម្ដាយអ្នកស្រីជាអ្នកធ្វើឱ្យប្ដីខ្លួនបាត់បង់ជីវិត។

អ្នកស្រីលើកឡើងទៀតថា៖ «គេចោទថាគាត់ហ្នឹងចេះអាប។ ម្ដាយរបស់យើងហ្នឹងដែរជាអ្នកធ្វើឱ្យឳពុកយើងស្លាប់អ៊ីចឹងទៅ។ គាត់ហ្នឹងចេះប្រើអាប អំពើអីហ្នឹងធ្វើឱ្យប្ដីខ្លួនឯងហ្នឹងស្លាប់»។

ជាក្មេងកំព្រា និងមានពិការភាព គ្មានទីពឹង ទទួលរងការរើសអើង គ្មានភាពកក់ក្ដៅ និងជម្រកសមរម្យដូចក្មេងទូទៅដែលទទួលបានសិទ្ធិមូលដ្ឋានពេញលេញ ស្ត្រីជនជាតិដើមភាគតិចពូនង អ្នកស្រី រឿន ហែង តស៊ូ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារអត្តសញ្ញាណ ជំនឿ វប្បធម៌ប្រពៃណីសហគមន៍ង្លាវក្រាច់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានសមាជិកប្រហែលជាង ១២០គ្រួសារផងដែរ។

អ្នកស្រីបានក្លាយជាក្មេងកំព្រាឪពុកម្ដាយបងប្អូនចាប់តាំងពីតូចមិនទាន់ដឹងក្ដី គ្មានទីពឹង ជីវិតរសាត់ដូចក្បូន ធ្លាក់ខ្លួនដើរស្នាក់នៅក្រោមផ្ទះគេ ឬផ្ទះចម្ការដែលគេបោះបង់ចោល មិនមានជម្រកសមរម្យ​ ថ្នាំសង្កូវ និងម្ហូបអាហារគ្រប់គ្រាន់នោះទេ។

ដោយក្ដីអាណិត កំឡុងឆ្នាំ១៩៩៣ អ្នកស្រី ហែង ត្រូវបានស្រ្តីចំណាស់ម្នាក់រើសទៅចិញ្ចឹម នៅពេលនោះអ្នកស្រីទើបតែមានអាយុប្រហែល ៨ឆ្នាំ ក្រោយមកទៀតកំឡុងឆ្នាំ១៩៩៥  អ្នកស្រីបានទៅរស់នៅជាមួយគ្រូកីឡាម្នាក់ឈ្មោះ លេង លាភ ដែលបានជួយឱ្យអ្នកស្រីចូលរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ហ៊ុនសែន មនោរម្យ ខេត្តមណ្ឌលគិរី។

រហូតដល់អំឡុងឆ្នាំ១៩៩៩ អ្នកស្រីត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលកុមារកំព្រាដែលមានការគាំទ្រដោយអង្គការអន្តរជាតិមួយ ហើយបានផ្គត់ផ្គង់អ្នកស្រីឱ្យបានរៀនសូត្របន្ត​ និងទទួលបានជម្រកសមរម្យដូចក្មេងឯទៀត តែយ៉ាងណាមិញ ស្ថានភាពរបស់អ្នកស្រីមិនងាយស្រួលប៉ុន្មាននោះទេ គឺជីវិតដែលត្រូវព្យាយាមគ្រប់បែបយ៉ាងដើម្បីអាចរស់បន្តទៅមុខបាន។

អ្នកស្រី រឿន ហែង ( ខាង​ស្តាំ ) និងសមាជិករបស់គាត់កំពុងតែអង្គុយជជែកគ្នានិងបេះបន្លែដែលបានមកពីព្រៃសហគមន៍របស់ពួកគាត់​។ រូបភាពនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។​ (ខេមបូចា/ម៉ិច ជូឡាយ)

អ្នកស្រីមិនទទួលបានភាពកក់ក្ដៅពីគ្រួសារ ទទួលរងការរើសអើងពីសង្គម និងសាលារៀន មានការប្រមាថមាក់ងាយពីមិត្តរួមថ្នាក់ និងក្មេងក្នុងមណ្ឌល ដោយសារតែបញ្ហាគ្រួសាររបស់អ្នកស្រី និងដោយសារតែអ្នកស្រីមានពិការភាពព្រោះតែជំងឺកញ្ជ្រឹល និងម្រេញ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ភ្នែកមួយចំហៀងរបស់អ្នកស្រីធ្ងន់ធ្ងរតាំងពីកុមារភាព។

អ្នកស្រី រឿន ហែង ឱ្យដឹងទៀតថា៖ «ហើយពេលយើងដេក នៅក្នុងមណ្ឌល យើងមានកន្លែងដេក ក៏គេអត់ឱ្យយើងដេកជិតគេដែរ គេឱ្យយើងដេកនៅគៀន។ អ្នករៀនជាមួយគ្នាហ្នឹងក៏គេមើលងាយយើងដែរ។ នៅក្នុងមណ្ឌលក៏មានអ៊ីចឹង ពេលយើងទៅដល់សាលាក៏មានអ៊ីចឹង»។

តែយ៉ាងណាមិញ អ្នកស្រី រឿន ហែង នៅតែព្យាយាមតស៊ូពុះពារគ្រប់ឧបសគ្គទាំងនេះរហូតបានបញ្ចប់ការសិក្សានៅថ្នាក់ទី១១។ អ្នកស្រីចង់បន្តការសិក្សាទៀតតែអ្នកស្រីត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី១១ ហើយប្តូរទៅរៀនជំនាញ (កាត់ដេរ)  ដោយសារគ្រូក្នុងមណ្ឌលគិតថាអ្នកស្រីពិបាករកការងារធ្វើ ព្រោះស្ថានភាពរាងកាយរបស់អ្នកស្រី។

ទោះបីមិនចង់ក៏ដោយតែអ្នកស្រីត្រូវបង្ខំចិត្តទៅរៀនជំនាញកាត់ដេរតាមការរៀបចំរបស់មណ្ឌល ។ ក្រោយមក អ្នកស្រីបានមកភ្នំពេញ ដើម្បីបន្តរៀនជំនាញ ប៉ុន្តែជួបការលំបាកក្នុងការស្វែងរកកន្លែងសិក្សា អ្នកស្រី ហែង ប្រាប់ថា៖ «គេមិនចង់យកយើងទេ ព្រោះគេគិតថាយើងពិការភ្នែក យើងធ្វើអីអត់ស្អាត»។ នេះក៏ដោយសារតែមានការរើសអើងព្រោះខ្លួនមានពិការភាព​ រហូតមានមនុស្សម្នាក់អាណិតក៏បានទទួលអ្នកស្រីឱ្យចូលរៀន។

អំឡុងពេលរៀនជំនាញនោះ អ្នកស្រីមិនទុកពេលទំនេចោលនោះទេ អ្នកស្រីបានឆ្លៀតពេលរៀនភាសាបរទេសព្រោះខ្លួនគិតថាមានតែការសិក្សាទេទើបអាចជួយឱ្យជីវិតរួចផុតពីបញ្ហាទាំងនោះ។ បន្ទាប់ពីរៀនរយៈពេលពីរឆ្នាំ អ្នកស្រីបានត្រឡប់មកមណ្ឌលគិរីវិញ ហើយចាប់ផ្តើមជីវិតថ្មី។

ពេលត្រឡប់មកដល់ស្រុកកំណើតវិញ អ្នកស្រីបានចូលធ្វើការនៅហាងមួយ ដែលបើកដោយជនបរទេស លក់ផលិតផលធ្វើដោយដៃរបស់ជនជាតិដើមភាគតិចពូនង និងបម្រើភ្ញៀវទេសចរ​​។ ការងារនេះបានបើកឱកាសឱ្យអ្នកស្រីបានអភិវឌ្ឍខ្លួន រៀនភាសាបរទេសបន្ថែម និងបានទំនាក់ទំនងជាមួយជនបរទេសជាច្រើន។

ហេតុតែសេចក្ដីស្រលាញ់ និងទឹកចិត្តចង់ជួយដល់សហគមន៍ នៅឆ្នាំ២០០៨ អ្នកស្រីបានចូលរួមកម្មវិធីបណ្តុះបណ្តាលគ្រូមត្តេយ្យ ហើយបានក្លាយជាគ្រូមត្តេយ្យប្រចាំសាលានៅស្រុកប៊ូស្រា ក្រោយមក អ្នកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅឆ្នាំ២០១២ ក្លាយជាមគ្គុទេសក៍នាំភ្ញៀវទេសចរប្រចាំសហគមន៍។ ហើយអ្នកស្រីក៏បានបន្តចូលរៀនបរិញ្ញាបត្ររង ឯកទេស ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង នៅវិទ្យាស្ថាន អាស៊ីកម្ពុជា នៅរាជធានីភ្នំពេញរយៈពេល៤ឆ្នាំទៀត ចាប់តាំងពីឆ្នាំ២០១៥ មកម៉្លេះ។

សមាជិកសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជាមួយរូបនេះ បច្ចុប្បន្នជាអ្នកនាំភ្ញៀវទេសចរ​ប្រចាំខេត្តមណ្ឌលគីរី ហើយបានផ្ដល់ឱកាសដល់សហគមន៍អ្នកស្រីអាចមានការងារធ្វើ និងរកចំណូលបាន ហើយចំណូលខ្លះដែលអ្នកស្រី រឿន ហែង​ ទទួលបានទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងសហគមន៍។

ថ្មីៗនេះ អ្នកស្រីក៏បានទទួលពានរង្វាន់អន្តរជាតិ ជាស្ត្រីឆ្នើម នៅឆ្នាំ២០២៤ ហើយថវិកាដែលទទួលបានអ្នកស្រីបានបរិច្ចាគ ក្នុងគោលបំណងដើម្បីអភិរក្ស និងអភិវឌ្ឍដល់សហគមន៍របស់អ្នកស្រីផ្ទាល់ និងអភិវឌ្ឍដល់ផ្សារជនជាតិដើមភាគតិចដើម្បីឱ្យសហគមន៍ជនជាតិដើមភាគតិចទាំងអស់នៅខេត្តមណ្ឌលគិរីអាចមានកន្លែងលក់ដូរពិតប្រាកដមួយដែលសមរម្យដូចអាជីវករ​ដទៃទៀត។

អ្នកស្រី រឿន ហែង លើកឡើងថា៖ «ដោយសារយើងប្រឹងប្រែងការងាររួម ហើយការងារអ្វីដែលបងធ្វើហ្នឹង គឹយើងតស៊ូមតិហ្នឹងឯង ហើយយើងតស៊ូមតិច្រើន ភាគច្រើនយើងធ្វើជាមួយស្ត្រី។ អ៊ីចឹងទីមួយអ្វីដែលពិសេសហ្នឹងគឺបងជាជនពិការ ហើយទីពីរបងដូចថាបងតស៊ូប្រឹងប្រែធ្វើការជាក្រុម ជួយការពារសិទ្ធិគ្នាយើង»។

អ្នកស្រីតស៊ូទ្វេដងក្នុងការអភិវឌ្ឍខ្លួន រហូតបានជួយដល់សហគមន៍ និងសង្គមជាតិ ដោយការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកការពារដីព្រៃជំនឿ ព្រៃកប់សព ប្រភពទឹកធម្មជាតិតអណ្ដូងអូរច្បា ព្រៃអាស្រ័យផល និងធនធានធម្មជាតិផ្សេងទៀត។

អ្នកស្រី រឿន ហែង លើកឡើងថា៖ «យើងការពារព្រៃជំនឿ យើងការពារដីសហគមន៍របស់យើង ហើយយើងការពារសិទ្ធិជនជាតិដើមរបស់យើង គ្នាយើងដែលគាត់អត់ចេះជាងយើង ហើយមានគេធ្វើបាបអ៊ីចឹងហា៎»។

នៅអំឡុងពេលវិបត្តិកូវិដ ឆ្នាំ២០១៩ ព្រៃសហគមន៍ និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចពូនង ចាប់ផ្ដើមទទួលរងការគំរាមកំហែងធ្ងន់ធ្ងរដោយសារតែ បញ្ហាជម្លោះដីធ្លីនៅតំបន់ព្រៃជំនឿ។ ដោយសារតែចិត្តស្រឡាញ់ ក្ដីមេត្តា អាណិតអាសូរ ចង់រក្សានូវអ្វីដែលជាកម្មសិទ្ធិរបស់​ជនជាតិដើមភាគតិចពូនង ហើយសមាជិកខ្លះទទួលរងការគំរាមកំហែងពីអ្នកមានអំណាច អ្នកស្រី រឿន ហែង​ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយ និងជាតំណាង​សហគមន៍ង្លាវក្រាច់ ដ៏រឹងមាំមួយរូប ក្នុងការដឹកនាំសហគមន៍ពូលូង តស៊ូមតិការពារ និងទាមទារយកភ្នំរ៉ាដាង ដែលជាភ្នំជំនឿរបស់ជនជាតិដើមភាគតិចពូនងមកវិញ។

លោកស្រី ចាន់ ណា ( ខាងឆ្វេង )កំពុងតែឈរ ជាមួយមិត្តភក្តិគាត់នៅពីមុខខ្ទមអ្នកតាក្នុងព្រៃ ក្នុងខេត្តមណ្ខលគិរី ។ រូបភាពថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ម៉ិច ជូឡាយ)

សំឡេងសត្វយំទ្រហឹងអឺងកង នៅក្នុងព្រៃជំនឿលើភ្នំ រ៉ាដាង នៅក្បែរស្តូបអ្នកតាដែលជាកន្លែងសែនព្រេនរបស់សហគមន៍ជនជាតិដើមភាគតិច អ្នកស្រី ចាន់ ណា ជាជនជាតិដើមភាគតិចពូនង មានមុខរបរជាកសិករ និងជាសមាជិកសហគមន៍ង្លាវក្រាច់បានប្រាប់ថា ទាំងអ្នកស្រីផ្ទាល់ និងអ្នកស្រី រឿន ហែង រួមទាំងសមាជិកផ្សេងទៀត ខិតខំការពារព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតដោយសារតែសហគមន៍ខ្លួន និងសហគមន៍ផ្សេងទៀតក៏ពឹងផ្អែកលើងព្រៃទាំងអស់នេះដើម្បីរកប្រាក់ចំណូល និងចិញ្ចឹមជីវិត។

អ្នកស្រី ចាន់ណា និយាយថា៖ «ពួកខ្ញុំរាល់ថ្ងៃហ្នឹង ជួយការពារព្រៃធនធានធម្មជាតិហ្នឹងចា៎ ហើយតស៊ូមតិ ខ្លាចបាត់បង់ព្រៃសហគមន៍ហ្នឹង បើថាបាត់បង់ហ្នឹងពួកខ្ញុំអត់មានកន្លែងអី ដូចថារកសេដ្ឋកិច្ច  ដូចថាមិនថាជ័រ មិនថារកចុងផ្ដៅ មិនថាស្លឹកព្រិចអី និយាយរួមបន្លែគ្រប់មុខនៅហ្នឹង ចា៎បើថាបើបាត់កន្លែងហ្នឹងមួយ ពួកខ្ញុំអត់អាចនេះទេ រកអីបានទេចា៎ បើថាស៊ីឈ្នួលគេ ជម្រះចម្ការម្រេច ទុរេន ឱ្យគេមិនប្រាកដថាស្ថិតស្ថេរទេ»។

សមាជិកសហគមន៍ង្លាវក្រាច់ អ្នកស្រី ចាន់ ណា​ និយាយថា «ពួកខ្ញុំគេប្ដឹងរហូត» តែបើទោះបីត្រូវទទួលរងបញ្ហាប្រឈម ការគំរាមកំហែង ការប្ដឹងផ្ដល់ជាបន្តបន្ទាប់ក៏ដោយ ទាំងអ្នកស្រី​ ចាន់ ណា អ្នកស្រី រឿន ហែង និងសមាជិកផ្សេងទៀត នៅតែបន្តការពារធនធានធម្មជាតិ ដីព្រៃសហគមន៍ និងខិតខំរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចពូនងរបស់ខ្លួនជានិច្ច និងរក្សាទុកឱ្យកូនចៅជំនាន់ក្រោយរបស់ពួកគេ។

ចាន់ ណា បន្ថែមថា៖ «សំខាន់ព្រោះអីថាឥឡូវបើសិនយើងអត់មានប្លង់ផែនទីច្បាស់លាស់ទៅខ្លាចថ្ងៃក្រោយអីទៅ ដូចថាឥឡូវនៅពួកខ្ញុំ ខ្លាចតែកូនចៅទៅមុខទៀតហ្នឹងខ្លាចបាត់បង់ ព្រោះអីឥឡូវពិបាកហ្មងរឿងដីធ្លីហ្នឹង ចា៎ព្រោះកន្លែងហ្នឹងកន្លែងសំខាន់»។

ជាមួយគ្នានេះដែរ អ្នកស្រី រឿន ហែង ទទួលរកការប្ដឹងផ្ដល់ និងបទចោទប្រកាន់ផ្សេងៗ ដោយ​សារ​តែការខិតខំការពារធនធានធម្មជាតិ និងការការពារអត្តសញ្ញាណរបស់ជនជាតិដើមរបស់អ្នកស្រី។

តាមការបោះពុម្ពផ្សាយដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អំពីការកំណត់សម្គាល់បច្ចេកទេសរបស់ប្រទេសស្តីពីបញ្ហាជនជាតិដើមភាគតិច បានបង្ហាថា បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជាកំពុងជួបប្រទះគឺ«ការបាត់បង់ដីធ្លីដោយសារតែការរំលោភបំពានពីក្រុមអ្នកមានអំណាច និងការកេងប្រវ័ញ្ចធនធានធម្មជាតិ» តាមរយៈការផ្តល់សម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍក្នុងទម្រង់ផ្សេងៗទៀត។

ជាសមាជិកនៃក្រុមស្ត្រីជនជាតិដើមភាគតិច និងជាអ្នកតស៊ូមតិមួយរូប អ្នកស្រី ចាន់ ណា រៀបរាប់បន្តថា អ្នកស្រីចង់ឃើញមានការចូលរួមគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ពីស្ថាប័នរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចដែកពាក់ព័ន្ធ និងផ្ដល់កម្លាំងចិត្តដល់អ្នកដែលខិតខំអភិរក្សវប្បធម៌ប្រពៃណី ជំនឿ និងរក្សាការពារធនធានធម្មជាតិ។

អ្នកស្រី ចាន់ ណា បានបញ្ជាក់ថា៖ «អាជ្ញាធរ មិនថាសមត្ថកិច្ចអី គួរតែលើកកម្លាំងចិត្តឱ្យដូចថាមិនថាប្អូន រឿន ហែង មិនថាដូចជាខ្ញុំអីផ្ទាល់ ហើយកុំបំភិតបំភ័យអី ហើយកុំដូចថាដាក់គំនៀបលើពួកខ្ញុំចា៎ មិនថាដូចជាការប្ដឹងផ្ដល់អីហ្នឹងគួរតែកាត់បន្ថយទៅ ព្រោះអីពួកខ្ញុំ ការពាររាល់ថ្ងៃហ្នឹង តស៊ូមតិ មិនមែនផលប្រយោជន៍បុគ្គលពួកខ្ញុំតែពីរបីនាក់ហ្នឹងទេចា៎  ហើយពួកខ្ញុំផលប្រយោជន៍ទាំងអស់គ្នា តំណតកូនតចៅអ៊ីចឹងហា៎»។

ផ្សារជនជាតិដើមភាគតិច ដែលបានបង្កើតឡើងដោយអ្នកស្រី រឿន ហែង និងសមាជិករបស់គាត់ នៅក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦។ ម៉ិច ជូឡាយ)

កំពុងអង្គុយក្នុងរោងអាហារជាមួយសមាជិកផ្សេងទៀតដែលទើបតែត្រឡប់មកពីដើរល្បាតព្រៃសហគមន៍លោក ចែន វណ្ណា អាយុ ៥៨ឆ្នាំ ជាសមាជិក និងគណៈកម្មការនៃសហគមន៍ង្លាវក្រាច់ របស់ជនជាតិដើមភាគតិចពូនង បានរៀបរាប់ថា លោកពិតជាកោតស្ញប់ស្ញែងដល់ទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់អ្នកស្រី រឿន ហែង ដែលជាស្រ្តីដែលមានពិការភាព តែអ្នកស្រីតែងតែតស៊ូ និងព្យាយាមជួយដោះស្រាយបញ្ហាដល់សហគមន៍ ដូចជា ជួយរក្សាការពារដីព្រៃជំនឿ ដីព្រៃកប់សព ដីព្រៃអាស្រ័យផលដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ ជំនឿប្រពៃណី និងធនធានធម្មជាតិសម្រាប់សហគមន៍ទាំងមូលក្នុងការអាស្រ័យផល និងដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

លោក ចែន វណ្ណា លើកឡើងថា៖ «គាត់ខំលះបង់ហ្នឹងដើម្បី និយាយរួមថា ដើម្បីជាតិ ដើម្បីបងប្អូន ដើម្បីកូនចៅជំនាន់ក្រោយ»។

នៅក្នុងប្រទេសកម្ពុជាមានជនជាតិដើមភាគតិច ២៤ ក្រុមខុសៗគ្នា ហើយនៅក្នុងខេត្តមណ្ឌលគិរី មានចំនួន ៨ជនជាតិ រួមមានជនជាតិដើមភាគតិច ពូនង (ព្នង) ចារ៉ាយ គួយ ក្រឹង ក្រោល ស្ទៀង ទំពួន និងថ្មូនផងដែរ ហើយមានចំនួនប្រជាជនប្រមាណ ៥ម៉ឺននាក់ជាង ស្មើនឹង៥៥ភាគរយនៃប្រជាជនសរុបក្នុងខេត្តមណ្ឌលគិរី។  

លោក ចែន វណ្ណា បានបន្ថែមថា បើសិនជាសហគមន៍អាចមានបុគ្គលដូចជា អ្នកស្រី រឿន ហែង ច្រើនបន្ថែមទៀតគឺ «ល្អ បើសិនថា បើមានមនុស្សច្រើនដែលចូលរួមដូចគាត់អ៊ីចឹង ខ្ញុំឃើញថា មិនងាយនឹងដួលទេ» សហគមន៍របស់លោកពិតជាអាចថែរក្សាអត្តសញ្ញាណវប្បធម៌ ជំនឿប្រពៃណី និងធនធានធម្មជាតិបានយូរអង្វែង មិនងាយបាត់បង់នោះទេ។

បើសិនជាគ្មានវត្ថមានអ្នកស្រី រឿន ហែង និងសមាជិកផ្សេងទៀតដែលតាំងចិត្តក្នុងការការពារដីព្រៃទាំងនោះទេ សហគមន៍កាន់តែប្រឈមការគំរាមកំហែងកាន់តែខ្លាំងពីការបាត់បង់អត្តសញ្ញាណ ជំនឿ វប្បធម៌ប្រពៃណី និងធនធានធម្មជាតិជាច្រើនទៀត ដោយសារតែការយល់ដឹងរបស់សហគមន៍នៅមានកម្រិត។

លោក ចែន វណ្ណា លើកឡើងថា៖ «អាចនឹងជួបបញ្ហាច្រើន ពីព្រោះថាទីមួយ យើងនៅការចេះយល់ដឹងវានៅមានកំរិតច្រើន អ៊ីចឹងមានន័យថាគេចេះតែបំពានទៅ អាហ្នឹងអ៊ីចឹង។ មូលហេតុអីយើងខ្វះការយល់ដឹងនៅមានកម្រិត»។

ជនជាតិដើមភាគតិចពូនង នៅភូមិពូលូង និងសហគមន៍ផ្សេងទៀត នៅខេត្តមណ្ឌលគិរី គឺរំពឹងទៅលើដីព្រៃសហគមន៍ក្នុងការអាស្រ័យផលដើម្បីរកប្រាក់ចំណូល ចិញ្ចឹមជីវិត ជាពិសេស ​​ដោះស្រាយបញ្ហាបំណុលធនាគារ ពីទិន្នផលដែលបានពីព្រៃ ដូចជាការរកផ្សិត ទឹកឃ្មុំ និងអនុផលព្រៃឈើជាច្រើនទៀត។

លោក ចែន វណ្ណា បានបន្ថែមថា៖ «បើនិយាយពីផលអានុផលពីព្រៃឈើហ្នឹងច្រើនណាស់ ច្រើនមុខណាសឹងតែគ្រប់គ្នា។ អ្នកខ្លះរួចបង់អង្គការខែផ្សិតហ្នឹង រួចខ្លះអ្នកខ្លះបានធូរ ប៉ុន្តែខែឥឡូវរកឃ្មុំម្នាក់ៗចេះរកឃ្មុំ»។

មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (អាដហុក) ប្រចាំនៅខេត្តមណ្ឌលគីរី លោក រ័ត្ន ថាវី បានលើកឡើងថា បើសិនសហគមន៍គ្មានបុគ្គលដែលមានឆន្ទៈមោះមុត ស្រឡាញ់សហគមន៍ និងស្រលាញ់សង្គមជាតិ ហ៊ានតស៊ូមតិ និងដោះស្រាយ​​បញ្ហារបស់សហគមន៍ដូចជាអ្នកស្រី រឿន ហែង នោះទេ សង្គមជាតិច្បាស់ជាប្រឈមបញ្ហាបាត់បង់បុគ្គលគំរូ ហើយការអភិវឌ្ឍនានាហ្នឹងមិនអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាជន ឬសហគមន៍នោះទេ។ 

លោក រ័ត្ន ថាវី លើកឡើងថា៖ «អ្វីៗដែលជាផលប្រយោជន៍រួមនៅក្នុងសហគមន៍ហ្នឹងវានឹងបាត់បង់។ បើមនុស្សដែលមានឆន្ទៈមោះមុត នៅក្នុងផ្នែកហ្នឹងហើយត្រូវបានគេគំរាម ត្រូវបានគេចាប់ ត្រូវបានគេឃុំ ហើយដើរចេញអស់គ្រប់គ្នាគឺចប់ហើយ វាអត់អាចជួយសង្គមបានហា៎ វាធ្វើឱ្យធនធានធម្មជាតិវិនាសអស់»។

បន្ថែមពីនេះ លោក រ័ត្ន ថាវី មានប្រសាសន៍ថា បើសិនជាចង់មានបុគ្គលដែលមានឆន្ទៈជួយប្រទេសអាចនៅបន្តការងាររបស់ពួកគេបាន លុះត្រាណាតែអ្នកពាក់ព័ន្ធទាំងឡាយ ជាពិសេសរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ និងគាំទ្រផ្នែកស្មារតី បច្ចេកទេស និងថវិកាសម្រាប់ពួកគាត់ដើម្បីគាត់អាចបន្តការងាររបស់ពួកគាត់ដោយគ្មានភាពភ័យព្រួយ និងមាននិរន្តរភាព។

លោក រ័ត្ន ថាវី បន្តថា៖ «ទាល់តែអ្នកដែលនៅជុំវិញគាត់ទាំងអស់ហ្នឹងឯង ជួយគាំទ្រគាត់ដែរ លើកទឹកចិត្តគាត់ដែរ។ ជួយជាស្មារតី ជាថវិកាឱ្យគាត់អ៊ីចឹងទៅ។ បើសិនជាមានការចោទប្រកាន់តាមផ្លូវតុលាការ ទៅតុលាការ យើងអាចផ្ដល់ជាមេធាវីជួយការពារគាត់ ដោយអត់យកលុយយកកាក់អ៊ីចឹងទៅណា៎»។

លោក  បូរ៉េត កំពី ជាអនុប្រធានសហគមន៏ព្រៃឈើពីងប្រង់ក្លង់ពេសថូ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី  គាត់កំពុងតែឈរនៅពីមុខផ្ទះរបស់អ្នកស្រី រឿន ហែង។ រូបភាពថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ម៉ិច ជូឡាយ)

អនុប្រធានសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លោក បូរ៉េត កំពី បានរៀបរាប់ឱ្យដឹងថា អ្នកស្រី រឿន ហែង មិនត្រឹមតែជួយដល់សហគមន៍គាត់ប៉ុណ្ណោះទេ ការងារអ្នកស្រីធ្វើកន្លងមកនេះគឺបានជួយដល់សហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ របស់លោក និងសហគមន៍ផ្សេងទៀតផងដែរ ក្នុងការពារព្រៃឈើ ការពារវប្បធម៌ប្រពៃណី ជំនឿ និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។

លោក  បូរ៉េត កំពី ថ្លែងថា៖ «គាត់លះបង់ច្រើនសម្រាប់សហគមន៍។ និយាយទៅសម្រាប់សង្គមទាំងអស់នៅក្នុងភូមិពូលូង ក៏ដូចជានៅតាមសហគមន៍នានាទៀត»។

កាន់តែពិសេសទៀតនោះ លោក  បូរ៉េត កំពី បន្ថែមទៀតថា អ្នកស្រី រឿន ហែង តែងតែជួយជំរុញដល់សហគមន៍ឱ្យចេះស្រឡាញ់គ្នា ចេះសាមគ្គីរួបរួមគ្នា ជួយគ្នាទៅវិញទៅមក ហើយបន្ថែមពីនេះ អ្នកស្រីបាន «ជួយពង្រឹងដល់ក្រុមស្ត្រីឱ្យមានការងារធ្វើ ឬក៏ចេះធ្វើម្ហូបទាក់ទាញភ្ញៀវទេសចរណ៍» ដែលអាចជួយដល់ស្ត្រីនៅក្នុងសហគមន៍មានភាពក្លាហានជាងមុន មានការងារធ្វើ និងបានរៀនជំនាញផ្សេងៗដើម្បីផ្តល់សេវាកម្មដល់ភ្ញៀវទេសចរដែល​មក​​ទស្ស​នា​​​ក្នុងសហគមន៍របស់ពួកគេ។

ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី លោក ភី ងូក បានប្រាប់សារព័ត៌ខេមបូចា ថា ការចងក្រង និងការរួបរួមសាមគ្គីគ្នារបស់សហគមន៍ង្លាវក្រាច់ របស់ជនជាតិដើមភាគតិចពូនង និងសហគមន៍ផ្សេងទៀត នៅក្នុងខេត្តរបស់លោក ក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត ដូចជាការល្បាតព្រៃ ការឃ្លាំមើលបទល្មើសព្រៃឈើ និងរាយការណ៍ពីបទល្មើសព្រៃឈើទាំងនោះ គឺជារឿងមួយដែលល្អ និងចាំបាច់បំផុតសម្រាប់សហគមន៍ជនជាតិដើមភាគតិច ដើម្បីការពារផលប្រយោជន៍រួមរបស់សហគមន៍ ហើយម្យ៉ាងទៀតនៅពេលសហគមន៍មានការសហការជាមួយអាជ្ញាធរក្នុងការរាយការណ៍នូវបទល្មើសព្រៃឈើដែលកើតឡើងបានទាន់ពេលវេលានោះ អាជ្ញាធរមូលដ្ឋានអាចបំពេញការងារក្នុងការចុះអន្តរាគមន៍​បានទាន់ពេលវេលា និងទប់ស្កាត់បទល្មើសមិនឱ្យកើតឡើង។

លោក ភី ងូក  លើកឡើងថា៖ «ពេលចូលរួមទៅចុះល្បាត ចុះការពារព្រៃ មានគេកាប់ឈើ កាប់អី គេចុះទៅល្បាត ទៅចាប់ គ្រឿងអារណាយន្ត [គ្រឿងចក្រប្រើសម្រាប់អារឈើ]។ល។ អញ្ចឹងឃើញថាល្អ បាទគាត់ក៏បានផ្ដល់ព័ត៌មានជូនយើងអាជ្ញាធរដើម្បីយើងដឹង ហើយយើងនឹងបើកឱ្យមានការធ្វើអន្តរាគមន៍ភ្លាមៗអញ្ចឹងទៅហា៎»។

ចៅសង្កាត់រមនាបានបន្តថា បច្ចុប្បន្ននេះសហគមន៍ង្លាវក្រាច់ គឺជាសហគមន៍ការពារព្រៃឈើតែប៉ុណ្ណោះ នៅមិនទាន់បានទទួលស្គាល់ជាស្ថាពរពីក្រសួងក្នុងការចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅឡើយទេ ដោយសារតែទីតាំងភូមិសាស្រ្តនៅភូមិពូលូងនេះ ធ្លាប់បានចុះបញ្ជីក្បាលដីជាប្រព័ន្ធបែបបុគ្គលប្រហែល៨០ភាគរយរួចមកហើយ។ លោកបន្តទៀតថា ដើម្បីឱ្យសហគមន៍អាចចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាពបានលុះត្រាតែសហគមន៍មានគ្រប់ល័ក្ខខណ្ឌដូចមានចែងក្នុង អនុក្រឹត្យស្ដីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច។

លោក ភី ងូក  បានបន្ថែមថា៖ «សហគមន៍ហ្នឹងសហគមន៍ចុះក្នុងលក្ខន្តិកៈការពារព្រៃទេ មិនមែនជាសមូហភាពដោយសារតែភូមិសាស្រ្តហ្នឹងយើងបានអឺចុះជាប្លង់រឹង។  ដោយសារតែភូមិសាស្រ្តហ្នឹង ពូលូងហ្នឹង យើងបានចុះប្លង់រឹង សឹងថា៨០ភាគរយយើងបានចេញរួចទៅហើយអញ្ចឹងហា៎»។ 

ជនជាតិដើមភាគតិចពូនង អ្នកស្រី ចាន់ ណា ក៏បានលើកឡើងទៀតថា អ្នកស្រី រឿន ហែង​ បានទទួលការស្រឡាញ់ ការគោរព កោតស្ញប់ស្ញែង និងឱ្យតម្លៃពីសហគមន៍ជាច្រើន ហើយជាពិសេស ជាបុគ្គលគំរូមួយរូបដែលសហគមន៍ត្រូវការមិនអាចខ្វះបាននោះទេ។

អ្នកស្រី ចាន់ ណា បានបន្ថែមថា៖ «មានខ្លាំងហ្មង ហើយណាមួយបារម្ភខ្លាចគ្នាមានបញ្ហាដែរ គ្នាមានតែមួយហ្នឹងទេចាស៎»។

ជាសមាជិកសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា និងជាតំណាងសហគមន៍ង្លាវក្រាច់  ស្រី្ត វ័យ៤០ឆ្នាំម្នាក់នេះ បានក្លាយជាបុគ្គលដែលសង្គមទទួលស្គាល់និងឱ្យតម្លៃមិនមែនជារឿងងាយស្រួលនោះទេ។ ហើយអ្នកស្រីលើកឡើងថាមូលហេតុដែលអ្នកស្រីអាចដើរមកដល់ចំណុចនេះក៏ដោយសារតែការលើកទឹកចិត្ត និងការអប់រំណែនាំពីប្រធានមណ្ឌល ឪពុកម្ដាយចិញ្ចឹមរបស់ខ្លួន និងលោកគ្រូ អ្នកគ្រូ ដែលជាកត្តាជំរុញផ្លូវចិត្ត និងជាកម្លាំងចិត្តមួយសម្រាប់អ្នកស្រីដើម្បីបន្តដំណើរក្នុងសង្គមមួយនេះ រហូតក្លាយជាតំណាងសហគមន៍ជនជាតិដើមភាគតិចពូនងមួយរូបដ៏រឹងមាំ។

អ្នកស្រី រឿន ហែង បានបន្ថែមថា៖ «គាត់គិតថា ខ្ញុំពូកែ គាត់សរសើរ អ៊ីចឹងអ្វីដែលគាត់សរសើរធ្វើឱ្យយើងហ្នឹងមានអារម្មណ៍ថាអត់ឯកការទេ យើងនៅមានអ្នកផ្សេងទៀតដែលស្រឡាញ់យើង។ គាត់តែងតែលើកទឹកចិត្តយើង ដូចពេលយើងរៀនអ៊ីចឹង ខ្ញុំពិការ ខ្ញុំពិការ អ៊ីចឹងគាត់មិនដែលនិយាយថា ឯងពិការអ៊ីចឹងទៅរៀនធ្វើអីទេ រៀនយ៉ាងណាក៏អត់ការងារធ្វើអ៊ីចឹងហា៎»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម