សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរ​​មក​ពីថៃ​ជាង​១ម៉ឺន​នាក់​ចុះឈ្មោះ​ចូល​រៀន​​​វគ្គជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស

(រាប់ពីស្តាំ) អេង ពិសិដ្ឋ និងយុវជនផ្សេងទៀត នៅអគាររៀនជួសជុល និងថែទាំរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ វិសាល វិស្ណុ)
(រាប់ពីស្តាំ) អេង ពិសិដ្ឋ និងយុវជនផ្សេងទៀត នៅអគាររៀនជួសជុល និងថែទាំរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ វិសាល វិស្ណុ)

សុជាតិ ​ជា​ពលករខ្មែរម្នាក់ត្រឡប់​មក​ពីប្រទេស​ថៃ​​​ក្នុង​ចំណោម​ពលករ​ជាង ១​ម៉ឺន​​នាក់​​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀនក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេក​​ទេស (TVET 1.5M)​​ ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាភិបាល​។

ក្រសួង​ការងារ​បាន​ពន្យល់ថា TVET 1.5M ដែល​មាន​​ជំនាញ​វិជ្ជាជីវៈ​ចំនួន​៤៥​ជំនាញ​នៅ​តាម​សាលា​ចំនួន​៣៧​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេសនេះ គឺ​រៀន​រយៈ​ពេល​ខ្លី​​ឆាប់​ចប់​ងាយ​ស្រួល​រកការងារ​ធ្វើ ខណៈ​ទីផ្សារការងារ​កំពុង​មាន​តម្រូវការលើ​ជំនាញទាំងនេះ។ ​ប៉ុន្តែ​យ៉ាង​​​ណាក្តីអ្នក​ជំនាញក្នុង​វិស័យ​ពលករចំណាកស្រុកពីអង្គការ​សង់ត្រាល់ លើកឡើង​ថា តម្រូវ​ការ​បន្ទាន់ ​និង​ចាំបាច់​របស់​អតីតពលករភាគ​ច្រើននៅ​ពេល​នេះ​ គឺ​មាន​ការងារ​ធ្វើ​ដែល​​ទទួល​បាន​ប្រាក់​កម្រៃសម​រម្យ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព និង​សងបំណុល។​

លោក ​សម សុជាតិ ​​រស់​នៅឃុំ​រហាល ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ឱ្យ​ដឹង​ថា​ លោក​ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃបាន​​ប្រមាណ៤ឆ្នាំ ហើយ​បាន​វិល​ត្រឡប់​មក​កម្ពុជា​​វិញកាល​ពីចុង​ខែសីហា ​បន្ទាប់​ពីមានការ​ផ្ទុះ​សង្គ្រាម​​ដែល​កងទ័ពកម្ពុជាច្បាំង​ទប់ទល់​ទៅ​នឹងការឈ្លាន​ពាន​របស់​ថៃកាលពីខែកក្កដា​។ បុរស​ដែល​មាន​វ័យ​២០​ឆ្នាំហើយ​កំពុង​តែ​ជួយ​ប្រពន្ធ​ក្នុង​ការ​ប្រមូល​ផលស្រូវ​នា​រដូវច្រូតកាន់​នេះ ​បាន​ឱ្យ​ដឹងថា លោក​បាន​ចុះឈ្មោះ​រួច​ហើយ​កាលពីពេល​ថ្មីៗ​នេះនៅ​វិទ្យា​ស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដើម្បី​រៀន​ជំនាញ​ផ្នែក​អគ្គិសនី​។

បុរសដែល​មានកូនប្រុសម្នាក់​​រូបនេះ​និយាយ​ថា៖ «កាល​​ខ្ញុំធ្វើការនៅ​​ថៃ​ គឺ​ធ្វើ​ជាកម្មករ​សំណង់ មិន​មាន​ជំនាញ​អ្វី​ច្បាស់​លាស់ទេ មេជាង​គេប្រើ​ឱ្យ​ធ្វើ​អីខ្ញុំ​ធ្វើ​នឹង។ ប៉ុន្តែ​​ពេលនេះ​​ខ្ញុំចង់​រៀន​ជំនាញ​ផ្នែក​អគ្គិសនី​ ដើម្បី​ឱ្យ​មាន​ជំនាញពិត​ប្រាកដ ពីព្រោះ​បើយើង​មាន​ជំនាញ​ពិត​ប្រាក​​ទៅ​ថ្ងៃមុខ​បើ​ទោះ​បីយើង​ទៅ​ស៊ី​ឈ្នួលគេ​ដល់​ទីណា​ក៏​យើង​ទទួលបាន​ប្រាក់​កម្រៃខ្ពស់​ជាង​អ្នក​អត់​មាន​ជំនាញដែរ»

ស្រដៀងគ្នា​នេះដែរ​យុវជន ​​អន បញ្ញា វ័យ​១៧​ឆ្នាំ​ ដែល​ជាប្អូន​ជីដូន​មួយ​របស់​សុជាតិ​ក៏បាន​ចុះ​ឈ្មោះ​ចូល​រៀនជំនាញ​ផ្នែក​អគ្គិសនី​ក្នុង​គម្រោង TVET 1.5M ផងដែរនោះ​​ បាន​និយាយ​ថា ដោយ​សារ​តែគ្រួសារ​ក្រីក្រ​ខ្លួន​បាន​ឈប់​រៀន​តាំង​ពីថ្នាក់​ទី​៧។ បញ្ញា ​ដែល​បាន​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​បានជាង​១ឆ្នាំ​ ហើយ​បាន​វិល​ត្រឡប់​មក​វិញ​ជាមួយ​ សុជាតិ​ បាន​​និយាយ​ថា៖ «ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ខាងអគ្គិសនី​​ ប៉ុន្តែមិន​ទាន់​បាន​ចូល​រៀន​នៅ​ឡើយ​ទេ។ ដោយ​សារ​ខ្ញុំ​មិន​បាន​រៀន​សូត្រចេះដឹងនឹងគេ ខ្ញុំ​​ចង់​ចេះ​ត​ភ្លើង​ ក្រែងលោ​ទៅ​ថ្ងៃ​មុខ​​អាច​ដើរ​តភ្លើង​ឱ្យ​គេ​គ្រាន់​បានប្រាក់​ចិញ្ចឹមជីវិត»

លោក ​យឹម សំណាង​ អភិបាល​រងខេត្តបន្ទាយ​មាន​ជ័យ​ បាន​ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​ស្តីពី​«តម្រូវ​ការ​កម្លាំងពលកម្ម​ និងការ​ផ្គត់​ផ្គង់​ការងារ​»ដល់​វិស័យ​ឯក​ជន​នៅ​សាល​ប្រជុំ​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយ​មាន​ជ័យ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ការ​ពិភាក្សា​ពីលទ្ធផល​សម្រេច​បាន ​និង​ទិសដៅ​បន្ត​សម្រាប់​កម្មវិធី1.5M ។ លោក​ថា​ មន្ត្រីពាក់​ព័ន្ធ​និង​អាជ្ញាធរដែន​ដី​ត្រូវ​​ធ្វើ​ការ​ផ្សព្វផ្សាយ​ ​រៀប​ចំឯកទេស​សកម្ម​ជំនាញ​ កម្ម​វិធីសិក្សា​ និង​កម្រិត​សញ្ញាបត្រ​ឱ្យ​ស្របតាម​វិស័យ​អាទិភាពព្រម​ទាំង​ការ​ស្វែង​រកការងារ​សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ។ នេះ​បើ​​តាម​វិទ្យា​ស្ថាន​ពហុបច្ចេកទេស​​ខេត្ត​បន្ទាយ​មានជ័យ។

ជាមួយគ្នា​នេះ យុវជន ​អេង​ ពិសិដ្ឋ ​អាយុ១៩ឆ្នាំ មក​ពីឃុំព្រែករការ​ ស្រុកកណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ បាន​ប្រាប់​​ សារព័ត៌មាន​ខេមបូចា​ ខណៈ​កំពុង​រៀបចំគ្រឿងម៉ាស៊ីន​នៅ​ថ្នាក់​រៀន​​នៃ​​វិទ្យា​ស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម​នៅ​រាជធានីភ្នំពេញ​ជាមួយ​សិស្ស​រួម​ថ្នាក់​ដទៃ​ទៀត​​កាល​ពីថ្ងៃទី​១២ ​ខែវិច្ឆិកា ថា ខ្លួន​បាន​មក​រៀន​ទីនេះតាម​រយៈកម្មវិធី TVET 1.5M បាន​៣​ខែហើយ ខណៈ​វគ្គនេះ​​ត្រូវ​រៀន​រយៈ​ពេល​​៧ខែ។  

យុវជន​ដែល​ឈប់​រៀននៅ​​ត្រឹមថា្នក់ទី១២​រូប​នេះ​បានឱ្យដឹង​ថា៖ «នៅ​ពេល​ខ្ញុំ​រៀន​ចប់​វគ្គនេះ​ខ្ញុំសង្ឃឹមថា អាច​នឹង​ទៅ​រកការងារ​ធ្វើនៅ​ការ៉ាស់ជួសជុល​រថយន្ត ឬនៅ​ហាង​លក់​រថយន្តពីព្រោះ​បច្ចុប្បន្ន​ខ្ញុំ​មិន​មាន​ការងារ​ធ្វើ​ និង​ក៏មិន​ទាន់​មាន​ជំនាញអ្វី​មួយ​ដើម្បី​ធ្វើការ​ ឬ​ប្រកបមុខរបរអ្វី​​ចិញ្ចឹមជីវិតឡើយ»

(រាប់ពីស្តាំ) អេង ពិសិដ្ឋ,យុវតី អានចាន់ សូដានីតា និង រិន ស៊ីម៉េង នៅអគាររៀនជួសជុលនិងថែទាំរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២៥រ។ (ខេមបូចា/ វិសាល វិស្ណុ)

ជាមួយ​គ្នា​នេះ​យុវតី អាន​ចាន់ សូដានីតា ​មាន​វ័យ​១៦ឆ្នាំ ដែល​ជាសិស្ស​ស្រីតែម្នាក់គត់​កំពុង​រៀនវគ្គ​ជួស​ជុល​ និង​ថែទាំ​រថយន្ត​ផង​ដែរនោះ​​និយាយ​ថា បច្ចុប្បន្ន​នាង​កំពុង​រៀន​ថ្នាក់ទី​១២​នៅ​ពេល​ព្រឹក ពេលរសៀល​រៀនគួរគណិត​វិទ្យា​ ពេល​ល្ងាចនាង​មក​រៀន​ជួល​ជុលរថ​យន្ត​នៅ​​ទីនេះ ហើយ​បន្ទាប់​មក​នាង​ចេញទៅ​រៀនគួរ​បន្តទៀត។ សូដានីតា ​ដែល​​រស់នៅ​ភ្នំពេញ​និង​មាន​ឪពុក​ជាអ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​​រថយន្ត​និយាយ​ថា​៖ «​ទៅ​​ថ្ងៃមុខ​ខ្ញុំមានក្តីស្រមៃ​ចង់​បើក​របររកស៊ី​ ឬក៏​ធ្វើការ​ទាក់​ទង​នឹង​រថយន្ត។ ខ្ញុំ​ចង់​ស្វែង​យល់​ពីគ្រឿងម៉ាស៊ីន​និងការ​ថែទាំ​រថយន្ត​»

ចំណែក​លោក ​រិន ស៊ីម៉េង ​​អាយុ៣៥ឆ្នាំ មក​ពីភូមិ​អណ្តូងត្រាំង ឃុំស្រម៉រ​ ស្រុក​ជើង​ព្រៃខេត្ត​កំពង់​ចាម​ ក៏បាន​ប្រាប់​​​ សារព័ត៌មាន​ខេម​បូចា ​នៅ​អគារ​រៀន​ជួស​ជុល ​និង​ថែទាំ​រថយន្ត​នៅ​វិទ្យា​ស្ថានបច្ចេកទេសឧស្សាហកម្ម​ផងដែរ​ថា ដោយ​សារ​តែគ្រួសារ​ក្រីក្រ​ចាប់​តាំងពី​រៀន​ចប់​ថ្នាក់​ទី​១២មក​ លោក​បាន​ដើរ​ធ្វើសំណង់​ពីកន្លែងមួយ​ទៅ​កន្លែង​មួយ​ដោយ​ពុំមាន​ជំនាញអ្វី​ច្បាស់​លាស់នោះទេ។ លោក ​ស៊ីម៉េង ​ក៏មិន​ខុសពី​យុវជន​ និងយុវតី​ខាងលើ​នោះដែរ តទៅ​ថ្ងៃមុខ​លោក​ចង់​មាន​ជំនាញ ​និង​ចំណេះ​ដឹង​លើ​វិស័យ​ជួសជុល​ និងថែទាំរថយន្តដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត។

លោក ​សុខ រុំ អនុប្រធាន​ការិយាល័យ​អប់រំ និង​បណ្តុះបណ្តាល​នៅវិទ្យា​ស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​បានឱ្យដឹងថា សម្រាប់​វគ្គសិក្សា​ថ្មីនៃគម្រោង​បណ្ដុះបណ្ដាលជំនាញវិជ្ជា​ជីវៈ​និង​បច្ចេកទេស (TVET 1.5M)​ដែល​នឹង​ត្រូវ​បើក​បង្រៀន​នៅ​ថ្ងៃទី​១ ​ខែមករា ​ឆ្នាំ​២០​២៦ ​ខាង​មុខ​គឺ​មាន​យុវជន​និង​ពល​រដ្ឋ​មក​ពីគ្រួសារ​ក្រីក្រ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជាង​៥០០​នាក់​ហើយ​ក្នុង​នោះ​មួយ​ចំនួន​តូច​ក៏ជាពលករមក​ពីថៃផងដែរ​។

លោក​​ប្រាប់ សារព័ត៌មាន​ខេមបូចា ​នៅ​ការិយាល័យរបស់​លោក​កាលពីថ្ងៃទី​១២ ​ខែវិច្ឆិកា​​​ ពី​អត្ថ​ប្រយោជន៍នៃ​ការ​ចូល​រៀន​ជំនាញ​បច្ចេកទេសថា៖ «បើ​យើងនិយាយ​ពីការ​មក​រៀន​នៅទី​នេះ​ទី​១ គឺដើម្បី​ឱ្យ​យើង​មាន​ជំនាញ​ពិតប្រាកដមួយ​​យើង​អាច​រកកាងារបានធ្វើ។ មួយ​ទៀត​យើង​រៀន​រយៈ​ពេល​ខ្លីទេ​ បើ​គាត់​រៀន​ពេញ​ម៉ោង​យើង​រៀន​តែ៤​ខែ​ គាត់​អាច​ចេញទៅ​រកការងារ​ធ្វើ​បាន។ មួយ​ទៀត​​បងប្អូនពលករ​មក​ពីថៃ​ និង​ពល​រដ្ឋ​ទូទៅ​ដែល​មាន​បណ្ណក្រីក្រ​ ឬមាន​បណ្ណ​សមធម៌គាត់​មក​រៀន​ទទួលបានប្រាក់​ឧត្ថម្ភ២៨ម៉ឺន​រៀល​ក្នុង​១ខែ ឬ១វគ្គ​បាន​១លាន​១សែន២ម៉ឺន​រៀល»

បើតាម​លោក ​សុខ រុំ គម្រោងសិក្សា​ TVET 1.5M ​នេះ​គឺមាន​៧វេន ​មាន​ទាំង​វេន​ព្រឹក ពេល​រសៀល ​ពេល​យប់​ និង​ថែម​ទាំង​​អាច​រៀន​នៅ​ថ្ងៃ​ចុងសប្តាហ៍​ ​សៅរ៍​ អាទិត្យ​បាន​ទៀត​ផង​​ ដូច្នេះ​យុវជនពី​គ្រួសារ​ក្រីក្រ​ អាច​ឆ្លៀត​មក​រៀន​បាននៅ​ម៉ោង​ពេល​ណា​មួយ ​បន្ទាប់ពីការ​ធ្វើការ​ងារ​និង​ការរកទទួល​ទាន​ផ្សេងៗ។

លោក ​ស៊ុន មេសា ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួង​ការងារ​មាន​សាសា​រៀន​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈចំនួន​៣៧​សាលា​លើ​​ជំនាញ​ចំនួន​៤៥។ ជំនាញ​ទាំង​នោះ​ស្ថិតនៅក្នុង​១០​វិស័យ ​មាន​សំណង់ អគ្គិសនី​ និងថាមពល ​​អេឡិចត្រូនិក កម្មន្តសាល​ ​មេកា​និកទូទៅ​ និង​មេកានិក​រថយន្ត​​ ធុរកិច្ច​ និងព័ត៌​មាន​វិជ្ជា វិស័យ​សេវាកម្ម​​ ​ទេសច​រណ៍ ​បរិក្ខា និងកំដៅ​ វិស័យ​កសិកម្ម ​និងកសិឧស្សាហកម្ម​។ អ្នក​ដែល​​អាច​ចូល​​រៀន​បាន ​គឺមាន​វ័យ​ចាប់ពី​១៥-១៦ឆ្នាំឡើងទៅ​​ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មក​ពីប្រទេសថៃ។

លោក​បានថ្លែង​ថា៖ «ហើយ​បង​ប្អូន​ទើ​ប​ត្រឡប់​មក​ពីថៃ​ ក៏​អាច​ទទួល​បាន​ប្រាក់​ឧត្ថម្ភ​បន្ថែម​ទៀត​ផង​ប្រសិន​បើ​បងប្អូន​មាន​បណ្ណ​មក​ពីគ្រួសារ​ក្រីក្រ​និង​ងាយ​រង​ហានីភ័យ​ដោយ​រៀន​មិន​បង់​ប្រាក់​ហើយ​ថែម​ទាំង​ទទួលបានការ​ឧបត្ថម្ភ​ពី​រាជ​រដ្ឋាភិបាល​ទៀតផង»

បើតាម​ក្រសួង​ការងារ​ សាធារណជនទូទៅ ពិសេស​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​មក​ពីថៃ​អាចចុះឈ្មោះចូលរៀនបាន​ដោយគ្រាន់តែមាន​អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬ​សៀវភៅគ្រួសារ។

លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រ​ឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការ សង់ត្រាល់ បាន​​ទទួល​ស្គាល់​ថា​ កម្មវិធីបណ្តុះបណ្តាល TVET ​​របស់​រដ្ឋាភិបាល​គឺ​ល្អ។ ប៉ុន្តែ​លោកបន្តថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សង់ត្រាល់ អ្វី​ដែល​ជាតម្រូវការ​ចាំបាច់​ និង​បន្ទាន់​របស់​​អតីត​ពលករ​មក​ពីថៃប្រមាណ​ជាង​៩០​ភាគរយ​ គឺពួកគេ​ត្រូវ​ការ​ការ​ងារ​ដែល​មាន​ប្រាក់​ឈ្នួល​សម​រម្យ​​អាច​​ផ្គត់​ផ្គង់​ជីវភាព​និង​ដោះ​បំណុល​បាន​​។

លោក ថេហូយ៉ា បាន​ប្រាប់​ សារព័ត៌មានខេមបូចា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកាថា អាច​មាន​តែ​ពលករ​ចំណាក​ស្រុក​មួយ​ចំនួន​តូចប៉ុណ្ណោះ ដែល​​មាន​លទ្ធភាព​ហើយ​មាន​បំណង​បើក​មុខរបរអ្វី​មួយ​ដូច​ជា​ជួស​ជុល​ម៉ូតូ និ​ងជួសជុល​រថយន្តជាដើម ​​ឬក៏ជំនាញ​ណា​មួយ​ដែល​​គាត់​ចូល​ចិត្ត​ ពេល​រៀន​ចប់​អាច​ទៅ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​បាន ឬក៏មាន​ឱកាស​ដែល​គាត់​អាច​រកការងារ​បាន​ធ្វើ​ទទួល​បាន​ប្រាក់​ឈ្នួល​សម​រម្យទើប​ពួកគាត់​អាច​ចូល​រៀន​ជំនាញ​​វិជ្ជាជីវៈ​បន្ថែមបាន​។

លោក​បញ្ជាក់​ថា​៖ «បើ​សិន​ជាពលករនោះ​គាត់​មាន​លទ្ធភាពចូល​រួមក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ​ខ្ញុំគិតថា ពួកគាត់​គួរ​ចូល​រួមពីព្រោះ​អាហ្នឹង​គឺជាការ​បង្កើន​នូវសមត្ថភាព​បង្កើននូវ​ជំនាញ​ដែល​គាត់​អាច​រកការងារ​ធ្វើក៏បាន​ឬមួយ​ក៏អាច​បើក​មុខរបរខ្លួន​ឯង​ក៏បាន​។​ អាហ្នឹង​ខ្ញុំ​គិត​ថា គួរ​ចំពោះ​អ្នក​ដែល​គាត់​មានលទ្ធភាព។ ចំពោះ​អ្នក​ដែល​គាត់​មិនមានលទ្ធភាព​វិញ​​ពិត​ណាស់​គាត់​ត្រូវ​ការ​ការងារចាំបាច់​បន្ទាន់​ដើម្បី​គាត់​បាន​ប្រាក់​ចំណូលចិញ្ចឹម​ជីវភាពប្រចាំថ្ងៃ​ហើយ​នឹងប្រាក់​ចំណូលដើម្បី​ដោះ​បំណុលផង»

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

​ប៉ុន្តែ​ទាក់​ទង​នឹង​ពលករ​ត្រឡប់​មកម​ពីថៃ​លោក ​ស៊ុន មេសា ​​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​​ពី​មានការ​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ​ដែល​ធ្វើ​ឱ្យ​ពល​ករខ្មែរ​ប្រមាណ​ជាង​៩០ម៉ឺន​នាក់​បាន​វិល​មក​កម្ពុជា​វិញ​​ ​រហូតមក​ដល់​ពេល​នេះ​ មាន​ពលករ​ជាង​១ម៉ឺន​នាក់​ក្នុង​ចំណោម​ពល​ករ​ទាំង​នោះ បាន​ទៅ​ចុះ​ឈ្មោះ​​ចូល​រៀន​នៅ​សាលា​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ។ ជាមួយគ្នា​នេះ​ក្រសួង​ការ​ងារ​នឹង​​រៀបចំពិព័រណ៍​ការងារសន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សម្រាប់​អតីត​ពលករដែល​វិល​ត្រឡប់​មក​ពីប្រទេសថៃ ក្នុង​នោះ​នៅ​ខេត្ត​បាត់​ដំបង​ត្រូវ​ធ្វើ​ចាប់​ពីថ្ងៃទី​១៥​ ដល់​ថ្ងៃទី​១៦ ​ខែវិច្ឆិកា ខេត្តបន្ទាយ​មាន​ជ័យពីថ្ងៃទី​២២ ​ដល់​ថ្ងៃទី​២៣​ ខែ​វិច្ឆិកា​​ និង​នៅ​ខេត្ត​សៀម​រាប​ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃទី៣០ ​ខែវិច្ឆិកា ​ឆ្នាំ២០២៥។ ពិព័រណ៍នេះ​​ជា​​វេទិកា​ជំនួប​រវាង​អ្នក​ស្វែង​រកការងារ និង​និយោជក់​ដើម្បី​ដាក់​ពាក្យ​ស្វែង​រកការងារ​ជ្រើសរើសបុគ្គ​លិក​​ សម្ភាស​ភ្លាម​ និង​ទទួល​បានការងារ​ភ្លាម​នៅ​នឹងកន្លែង។

សូម​បញ្ជាក់​ថា កម្មវិធី TVET 1.5M ត្រូវបានផ្ដួច​ផ្ដើមបង្កើត​ឡើង​ដោយលោក ​ហ៊ុន សែន អតី​ត​នាយក​រដ្ឋ​មន្ត្រី​ក្នុងឆ្នាំ២០២៣ និងត្រូវបាន​ប្រកាស​ដាក់ឱ្យអនុវត្តដោយលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចាប់​តាំង​ពីបានដាក់ឱ្យ​ដំណើរ​ការមក​ដល់​ត្រឹម ​​ខែ​សីហា ​ឆ្នាំ​២០២៥ មានយុវជន​ពីគ្រួសារ​ក្រីក្រចំនួន ១៣៧ ៦៥៣នាក់​ហើយ​​បាន​មក​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន ក្នុងនោះមានសិស្ស​កំពុង​សិក្សា ៣៥ ៦៩២នាក់ និង​សិស្សបាន​បញ្ចប់​ការសិក្សា ៥២ ៥២២នាក់។ ដោយឡែក​សិស្សដែលបានទទួលការងារ​ធ្វើ​បន្ទាប់​ពី​​រៀនចប់មានចំនួន ២៥ ៩១៣នាក់។ នេះបើ​តាម​​ក្រសួង​ការងារ​។

លោក ឌី ថេហូយ៉ា ​បាន​ផ្តល់​ជាយោបល់​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​នឹងត្រូវ​គិត​នៅ​ពេល​នេះ ​គឺផ្តល់​ឱកាសការងារ​សម​រម្យ​ ប្រាក់​ឈ្នួល​សម​រម្យ​​ដល់​អតីតពលករឧទាហរណ៍ថា​ ក្នុង​ចំណោម​​ពលករ​មក​ពីថៃ​ជាង​៩០​​ម៉ឺន​នាក់​ ​ថាតើ​មាន​ប៉ុន្មាន​ភាគ​រយ​ ដែល​ពួកគាត់​ត្រូវការ​ចាំបាច់​នូវការ​ងារ​​​ដើម្បី​គាត់​បាន​ប្រាក់​ចំណូលសម្រាប់​ចិញ្ចឹមជីវភាព​និងដោះ​បំណុល។

លោកបានលើកឡើងទៀតថា បន្ថែមពីនេះ​ការ​បើក​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈដល់​អតីតពលករចំណាក​ស្រុក​រដ្ឋាភិបាល​គួរ​ផ្តល់​កញ្ចប់​ថវិកា​ ឧទាហរណ៍ថា​ ក្នុង​១ខែ​ថាតើ​ពួក​គាត់​ត្រូវចំណាយ​អស់​ប៉ុន្មាន​ក្នុង​ការ​ហូបចុក​ ស្នាក់​នៅ ​ឬក៏ផ្តល់​ឱកាស​ការងារ​ដើម្បីអាច​ឱ្យ​ពួកគាត់​រៀនសូត្របណ្តើ​រ ធ្វើ​ការ​ងារ​បណ្តើរហើយ​មុខ​ជំនាញ​ទៀត​សោត​ក៏ត្រូវ​​​បង្រៀន​​តែជំនាញណា​ដែល​ទីផ្សារ​ការងារ​​កម្ពុជា​កំពុង​តែមាន​តម្រូវ​ការ​ផង​ដែរ​​។

លោក​បានថ្លែងថា៖ «យ៉ាងណាក្តី ខ្ញុំគិតថា ទីផ្សារ​ការងារ​នេះវាកើតឡើង​ពីកម្លាំង​នៃ​សេដ្ឋកិច្ច បើសិន​ជាកម្លាំង​សេដ្ឋកិច្ច​វានៅ​តែប៉ុណ្ណឹង​ បើ​ទោះ​បីជាខំព្យាយាមគិត​ថា​វាមានការ​ងា​រ​ឱ្យគាត់​ធ្វើ​​ក៏ដោយ ​ក៏ប៉ុន្តែ​ការងារ​ខ្លះ​វាមិន​មែន​ជាប្រភេទការងារ​ដែល​ផ្តល់​នូវប្រាក់​កម្រៃ​ឬមួយ​ប្រាក់​ឈ្នួលសមរម្យ​អាច​ឱ្យ​ពួក​គាត់​រស់បានសមរម្យ​នោះទេ​»​

លោក​បានបន្ថែមថា អតីតពលករ​ធ្លាប់​ធ្វើការ​នៅ​ប្រទេសថៃ អាច​មាន​លក្ខខណ្ឌការ​ងារ​ល្អប្រសើរ​ទាំង​អត្ថប្រយោជន៍ ​ទាំង​កន្លែង​ធ្វើការងារ​ល្អ ហើយ​ដល់​​ពួកគាត់​មក​ធ្វើ​ការងារខ្លះ​នៅ​កម្ពុជា​វាមាន​លក្ខណៈ​មិន​ប្រសើរ​ដោយ​មាន​ការ​​គាបសង្កត់កេងប្រវ័ញ្ច និង​ប្រាក់​ឈ្នួល​ទាប​ជាដើម គឺ​គេ​​​មិន​អាច​ហៅ​ថាជាប្រភេទការងារ​សមរម្យ​នោះ​ទេ។

បើ​តាមលោក ឌី ថេហូយ៉ា ក្រុម​ពលករ​ខ្មែរ​ដែល​លោក​បាន​ចងក្រងនៅ​ថៃ និង​បាន​តាម​ដាន​​ពេល​ពួកគាត់​ត្រឡប់​មកកម្ពុជាវិញ ពួកគាត់​បានប្រាប់ថា ការ​ងារ​នៅ​ស្រុកខ្មែរ​បើប្រៀប​ធៀប​ជាមួយ​ការងារ​ដែល​ពួកគាត់​ធ្លាប់​ធ្វើនៅ​ថៃ គឺមាន​លក្ខណៈ​ខុសគ្នា ​ទី១ប្រាក់ឈ្នួល​ដែល​​ទទួលបាន​នៅ​កម្ពុជា​បាន​ត្រឹម​៥០ទៅ​៦០ភាគរយបើ​ប្រៀបធៀបនៅ​ថៃ​។ ធ្វើការងារ​នៅ​កម្ពុជា​នៅ​តាម​កន្លែង​ធ្វើការ​មួយ​ចំនួន ទទួល​រងការ​គាប​​សង្កត់​មើល​ងាយ​កេង​ប្រវ័ញ្ច​រហូត​ដល់មានការ​ជេរប្រមាថ​ដល់​ម៉ែឪ​ដៀល​ពូជក៏មាន​ ​ខណៈ​នៅ​ស្រុកថៃមិនមាន​ករណី​ដូច្នេះ​កើតឡើង​ទេ ដែល​ត្រង់​ចំណុចនេះគួរ​តែមាន​ធ្វើការ​ត្រួត​ពិនិត្យ​ និង​ធ្វើការ​កែលម្អ​ដើម្បី​ឱ្យ​មាន​ភាពសុខដុម​រមនា​រវាង​ថៅ​កែ​ម្ចាស់​អាជីវកម្ម ​​និង​បុគ្គលិក​កម្មករ៕

104 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម