មេធាវីការពារក្ដីឱ្យបុគ្គលិក និងអតីតបុគ្គលិករបស់អង្គកាសិទ្ធិមនុស្សអាដហុក នៅថ្ងៃសុក្រនេះបានតវ៉ានៅចំពោះមុខតុលាការកំពូល ទាក់ទងនឹងការចោទប្រកាន់កូនក្ដីរបស់ខ្លួនកាលពីឆ្នាំ២០១៨ និងថាគួរតែលើកលែងការចោទប្រកាន់ពីព្រោះថាស្រ្តីដែលចោទកូនក្ដីខ្លួនមិនដែលបានចូលខ្លួនធ្វើសក្ខីកម្មនោះទេ។
ស្រ្តីឈ្មោះ ខុម ចាន់តារាទី ត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ហើយបុគ្គលសំខាន់ទាំងពីរក្នុងសំណុំរឿងចោទប្រកាន់ «មន្ត្រី និងអតីតមន្ត្រីអាហុកទាំងប្រាំរូប» មិនដែលត្រូវបានសួរនាំក្នុងនាមជាសាក្សីនោះទេ។
លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដែលបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីអាដហុកមួយរូបទៀត គឺលោក ណៃ វង់ដា ត្រូវតុលាការកាត់ទោសថាបានសូកប៉ាន់សាក្សីកាលពីឆ្នាំ២០១៨ ខណៈលោក នី ចរិយា អតីតមន្ត្រីអាដហុកដែរនោះ ពេលនេះកំពុងបម្រើការនៅ គ.ជ.ប លោកក៏ត្រូវបានចាប់ខ្លួនជាមួយអ្នកទាំងបួនផ្សេងទៀតដែរ កាលពីឆ្នាំ២០១៦ ហើយលោកក៏ត្រូវតុលាការចោទពីបទសូកប៉ាន់សាក្សីដូចគ្នា។
អ្នកទាំងប្រាំ បានជាប់ពន្ធនាគារអស់រយៈពេល១៤ខែមុននឹងមានការកាត់ទោសនៅខែកញ្ញា ឆ្នាំ២០១៨ ជាពេលដែលតុលាការក្រុងភ្នំពេញបានកាត់ទោសអ្នកទាំងប្រាំឱ្យជាប់ពន្ធនាគារប្រាំឆ្នាំ តែត្រូវព្យួរទោស គិតទាំងការជាប់ឃុំ១៤ខែកន្លងមកផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human rights Watch កាលពីខែមិថុនា លើកឡើងថា៖ «អំឡុងពេលជំនុំជម្រះក្ដី ព្រះរាជអាជ្ញាមិនបានបង្ហាញសាក្សីណាមួយក្នុងសំណុំរឿងនេះទេ ឬក៏បានបង្ហាញភស្តុតាងជាក់លាក់ណាមួយសម្រាប់ការចោទប្រកាន់នេះដូចគ្នា»។
លោក ឡោ ជុនធី មេធាវីការពារក្ដីឱ្យលោក នី សុខា លោក យី សុខសាន្ដ លោកស្រី លឹម មុនី និងលោក ណៃ វង់ដា មានប្រសាសន៍ថាតុលាការដំបូងក្រុងភ្នំពេញបានបរាជ័យក្នុងការបង្ហាញថាអ្នកទាំងប្រាំមានទោស ដោយសារតែគ្មានភស្តុតាង ឬសាក្សី ថាបានសូកប៉ាន់ ខុម ចាន់តារាទី នោះទេ។
លោកថ្លែងក្នុងអង្គសវនាការថា៖ «តើភស្តុតាងនៅឯណាដែលថានាងជាសាក្សីក្នុងសំណុំរឿងនេះ»។
លោក ជុនធី លើកឡើងទៀតថា ចាន់តារាទី មិនគួរចាត់ទុកជាសាក្សីនោះទេ ពីព្រោះព្រះរាជអាជ្ញាក៏បានកោះហៅនាងសាកសួរពីបទសង្ស័យក្នុងរឿងបរិហាកេរ្តិ៍ផងដែរ។
លោកថ្លែងក្នុងសវនាការថា៖ «តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់កូនក្ដីរបស់ខ្ញុំ ហើយច្រានចោលការចោទប្រកាន់របស់តុលាការថ្នាក់ក្រោម»។
មន្ត្រី និងអតីតមន្ត្រីអាដហុកទាំងប្រាំរូបត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៦ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមបទចោទថាបានសូកប៉ាន់ ស្រ្តីឈ្មោះ ខុម ចាន់តារាទី ដើម្បីកុហក់ រឿងដែលគេចោទថានាងជាស្រីកំណាន់របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ចាន់តារាទី ជាស្រ្តីបម្រើការនៅហាងកាត់សក់មួយកន្លែង បានស្វែងរកជំនួយពីសមាគមអាដហុក ទាក់ទងនឹងការចោទប្រកាន់លើនាងទាក់ទងនឹងការអត្ថាធិប្បាយបរិហាកេរ្តិ៍ក្នុងសារសំឡេងបែកធ្លាយរវាងនាង និងលោក កឹម សុខា។ ក្រោយពីអាដហុកបានផ្ដល់ថវិកាដល់នាងចំនួន ២០៤ដុល្លារ សម្រាប់ថ្លៃអាហារ និងធ្វើដំណើរទៅមកចូលរួមក្នុងការសាកសួររបស់មន្ត្រីយុត្តិធម៌ក្នុងក្រុងភ្នំពេញ អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថាថវិកាទាំងនោះជាសំណូក។ សក្ខីកម្មរបស់ ខុម ចាន់តារាទី ត្រូវបានគេយកមកប្រើក្នុងសំណុំរឿងពេស្យាចារប្រឆាំងនឹងលោក កឹម សុខា ផងដែរ។
ដំបូងឡើយ ខុម ចាន់តារាទី ហៅស្រីមុំ បានបដិសេធចំពោះសំឡេងបែកធ្លាយថាមិនមែនជារូបនាង ដែលពេលនោះសារសំឡេងបានបែកធ្លាយតាមប្រព័ន្ធបណ្ដាញសង្គមក្នុងឆ្នាំ២០១៦។ ក្រោយមកនាងក៏បានផ្លាស់ប្ដូរចម្លើយក្រោយពីត្រូវបានកោះហៅសាកសួរ និងថានាងជាស្រីកំណាន់របស់លោក កឹម សុខា តែលោក កឹម សុខា បដិសេធការចោទប្រកាន់នេះ។
លោក នី សុខា បច្ចុប្បន្នជាប្រធានសមាគមអាដហុក បានប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា លោកសង្ឃឹមថាចៅក្រម និល ណុន នឹងទម្លាក់ចោលការចោទប្រកាន់រូបលោក និងសហការីដទៃទៀត ដោយថាលោក និល ណុន ធ្លាប់ជាចៅក្រមតុលាការខ្មែរក្រហម និងបានស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំជឿលើការសម្រេចចិត្តរបស់ចៅក្រម និល ណុន ពីព្រោះគាត់មានបទពិសោធន៍ច្រើន»។
លោកបន្តថា៖ «អ្វីដែលតុលាការមុនៗសម្រេច វាគឺជារឿងអយុត្តិធម៌សម្រាប់ពួកយើង ដែលធ្វើការបម្រើសង្គម»។ ការលើកឡើងនេះ គឺលោកសំដៅដល់រូបលោកផ្ទាល់ និងសហការី ដែលជាអ្នកធ្វើការតស៊ូមតិផ្នែកសិទ្ធិនមនុស្ស។
លោក នី សុខា និងលោក យី សុខសាន្ត មានវត្តមាននៅតុលាការកំពូលនៅថ្ងៃសុក្រនេះ ខណៈបុគ្គលបីរូបផ្សេងទៀតមិនមានវត្តមាននោះទេ។
តុលាការកំពូលនឹងប្រកាសសាលដីការលើសំណុំរឿងនេះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។