ម្ចាស់រថយន្ដចង្កូតស្ដាំប្រមាណជា៣០០នាក់បានប្រមូលផ្ដុំគ្នាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងខណ្ឌដង្កោ ដើម្បីស្នើសុំដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយអន្ដរាគមន៍ ក្រោយពីក្រសួងសាធារណការនិងដឹកជញ្ជូនតម្រូវឱ្យយពួកគាត់កែចង្កូតពីស្ដាំទៅឆ្វេងនិងត្រូវបង់ពន្ធ ខណៈពួកគាត់សុំមិនកែចង្កូត។
លោក ផល ប្រុសណុច អាយុ២៤ឆ្នាំ បើកឡានដឹកដី ថ្ម រឺខ្សាច់នេះអស់រយៈពេល៣ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានប្រាប់ ខេមបូចា ថា មូលហេតុដែលពួកលោកប្រមូលផ្ដុំគ្នាបិទផ្លូវដោយសារតែខាងក្រសួងសាធារណការតម្រូវឱ្យពួកលោកកែចង្កូតពីស្ដាំទៅឆ្វេងនិងតម្រូវឱ្យយបង់ពន្ធផងដែរ។
លោក ប្រុសណុចបន្តថា ការកែចង្កូតពីស្ដាំទៅឆ្វេងវាអាចមានការប្រឈមកើតឡើងពីព្រោះវាខុសទ្រង់ទ្រាយដើម ទម្រាំតែចង្កូតហ្ស៊ីននៅពេលខ្លះក៏ពិបាកបើកដែរ ចុះទម្រាំដូរចង្កូតទៀតវារឹតតែមានបញ្ហាកាន់តែខ្លាំង។
ម្ចាស់រថយន្ដចង្កូតស្ដាំរូបនេះប្រាប់ថា៖ «ដឹងស្រាប់ហើយថាពួកខ្ញុំជំពាក់ធនាគារយកទិញរបស់របរមករកស៊ីនិងប្រេងឡើងថ្លៃផង ហើយការងារឥឡូវនេះវាភ្លៀងផង កូវីដផងវាអត់សូវមានការងារធ្វើផងហើយឥឡូវមកបង់ពន្ធទៀត អ៊ីចឹងពួកខ្ញុំអត់មានចំណូលដើម្បីផ្គត់ផ្គង់អាហ្នឹង»។
លោកបន្ថែមថា តាំងពីមានបញ្ហាជម្ងឺកូវីដ១៩មក មុខរបរដឹកដីដឹកថ្មដឹកខ្សាច់គឺមិនសូវជាមានទីផ្សារដឹកទេដោយសារតែអ្នកចាក់ដីទុកលុយសម្រាប់ត្រៀមពេលមានបញ្ហាកំឡុងពេលមានជម្ងឺកូវីដទើបមិនចាក់ដីឬក៏ធ្វើអ្វីផ្សេងៗនោះទេ ហើយឥឡូវប្រេងក៏ឡើងថ្លៃការដឹកវាមិនសូវចំណេញ ហើយបែរជាក្រសួងតម្រូវឱ្យបង់ពន្ធនិងកែចង្កូតទៀត រឹតតែធ្វើឱ្យជីវភាពលោកកាន់តែលំបាកថែមមួយកម្រិតទៀត។
ម្ចាស់រថយន្ដចង្កូតស្ដាំម្នាក់ទៀត លោក សុខ រ៉ាវី អាយុ៤០ឆ្នាំ ប្រកបមុខរបរដឹកដីថ្មខ្សាច់នេះអស់រយៈ៣ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់បានរៀបរាប់ថា ពួកលោកនាំគ្នាបិទផ្លូវនេះចង់ស្នើសុំដល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជួយអន្ដរាគមន៍ដើម្បីដោះស្រាយបញ្ហាមួយចំនួនរឿងកែចង្កូតរថយន្ដពីស្ដាំទៅឆ្វេង។
លោកបន្តទៀតថា មិនមែនអ្នករកស៊ីខាងដឹកដីថ្មខ្សាច់ហ្នឹងសុទ្ធតែអ្នកមានអីទេ សុទ្ធតែអ្នកលំបាកហើយភាគច្រើនគឺខ្ចីលុយធនាគារមកទិញទេ ដូច្នេះប្រមុខរដ្ឋាភិបាលនិងក្រសួងសាធារណការមេត្ដាយោគយល់និងដោះស្រាយបញ្ហទាំងអស់នេះផង។
លោកឱ្យដឹងថា៖ «ពួកខ្ញុំសុខចិត្តបង់ពន្ធជូនរដ្ឋប៉ុន្ដែសុំមិនកែចង្កូតទេ ពីព្រោះវាថ្លៃហើយអាចមានបញ្ហាប្រឈមនៅតាមដងផ្លូវថែមទៀត សុំសម្ដេចជួយពួកខ្ញុំផង»។

ចំណែកឯ លោក រ៉ាយុទ្ធ អាយុ២៦ឆ្នាំ ប្រកបមុខរបរនេះអស់រយៈពេល៥ឆ្នាំ រស់នៅ សង្កាត់ជើងឯក ខណ្ឌដង្កោ បានឱ្យដឹងថា ការបិទផ្លូវនេះចង់ឱ្យមានដំណោះស្រាយសមស្របមួយដើម្បីបញ្ចប់បញ្ហា។
លោក រ៉ាយុទ្ធ បានបញ្ជាក់ថា អាចបិទផ្លូវបន្ដទៀតប្រសិនបើខាងក្រសួងមិនមានចំណាត់ការនិងដោះស្រាយជូនពួកលោក ពីព្រោះសព្វថ្ងៃនេះពួកលោករស់ពឹងផ្អែកទៅលើមុខរបរហ្នឹង បើសិនជាចេញដឹក ងាកចាប់ៗតើឱ្យប្រពន្ធកូនលោកបានអ្វីហូប ណាមួយត្រូវបង់ធនាគារ ណាមួយថ្លៃកូនរៀននិងចំណាយការហូបចុកបើគ្មានចំណូលតើឱ្យលោករស់យ៉ាងមិច?។
លោកឱ្យដឹងទៀតថា៖ «ពេលពួកខ្ញុំចេញដឹកពួកពន្ធដារចាប់ អ៊ីចឹងអស់ជម្រើសមានតែពួកខ្ញុំចេញតវ៉ានិងបិទផ្លូវ បើគ្មានការដោះស្រាយទេ ពួកខ្ញុំនៅតែបន្ដបិទផ្លូវទៀត បើមិនធ្វើចឹងគឺអត់មានដំណោះស្រាយ បើប្លង់ដីប្លង់ផ្ទះនៅធនាគារទាំងអស់ហើយ»។
អ្នកសារព័ត៌មានខេមបូចា បានព្យាយាមទាក់ទងទៅ អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោដើម្បីសុំការបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើបានទេ។
បើតាមលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងប្រាប់ ខេមបូចា ថា បើនិយាយតាមច្បាប់ក្នុងប្រទេសយើងគឺតម្រូវឱ្យគ្រប់រថយន្ដទាំងអស់ត្រូវចង្កូតឆ្វេងទើបអាចឡើងឆៀកឬក៏បង់ពន្ធបាន ចុះបើពួកគាត់ទាមទារនៅតែរក្សាចង្កូតស្ដាំដដែល ពេលបង់ពន្ធនិងឡើងឆៀកវាយ៉ាងម៉េច គឺវាខុសនិងប្រព័ន្ធកុំព្យួទ័រ ហើយក៏ដល់ពេលដែលត្រូវអនុវត្តន៍ច្បាប់ដែរ ពីព្រោះកន្លងមករដ្ឋាភិបាលបានហាមកុំឱ្យមានការនាំចូលរថយន្ដចង្កូតស្ដាំ ប៉ុន្ដែនៅតែបន្ដមាន។
លោកមានប្រសាសន៍ទៀតថា ឡានចង្កូតស្ដាំនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនករណីរួចមកហើយ បើមិនកែទេវានៅតែបន្ដឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនដដែល។
លោកបន្ថែមថា៖ «យើងក៏មិនដឹងត្រូវចេញតាមណាដែរ បើយើងមានអនុក្រឹត្យនិងច្បាប់អីអស់ហើយ ហើយនៅតែមិនអនុវត្តតាម តើយើងចេញច្បាប់មកបានការអី?»។ លោកបន្តទៀតថា៖ «យើងទាំងអស់គ្នាដល់ពេលអនុវត្តន៍ បើសិនជានៅតែមានឡានចង្កូតស្ដាំបន្ដធ្វើដំណើរលើផ្លូវទៀតគឺអត់ល្អទេ វាជាទស្សនៈរបស់ពូទេក្មួយ ប៉ុន្ដែបើសម្ដេចគាត់ធ្វើយ៉ាងម៉េចបន្ដ ពូក៏អត់ដឹងដែរ ពីព្រោះពូនិយាយទៅតាមច្បាប់»។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា រឿងឱ្យពួកគាត់កែចង្កូតពីស្ដាំទៅឆ្វេងស្របតាមច្បាប់វាជារឿងត្រឹមត្រូវហើយ ហើយលោកក៏យល់ស្របដែរ ប៉ុន្ដែលោកថាក៏គួរមើលស្ថានភាពសេដ្ធកិច្ចនិងជីវភាពរបស់ពួកគាត់ដែរ ពីព្រោះពួកគាត់អត់ប្រាក់ចំណូល ហើយឱ្យកែចង្កូតនិងបង់ពន្ធទៀតអាហ្នឹងជារឿងមួយធ្ងន់ធ្ងរសម្រាប់ពួកគាត់។ ជាពិសេសរដ្ឋចង់ឱ្យកែចង្កូត រដ្ឋគួរតែចេញឱ្យពួកគាត់ដើម្បីធានាសុវត្ថិភាពនិងដើម្បីសម្រួលជូនពួកគាត់ ហើយរដ្ឋត្រូវតែធ្វើអ្វីដែលជាសំណើររបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «សម្រាប់រថយន្ដចង្កូតស្ដាំនេះគឺមិនមែនជាកំហុសរបស់ពលរដ្ឋទេ វាជាកំហុសរបស់មន្ដ្រីដែលនាំរថយន្ដហ្នឹងចូល អ៊ីចឹងពេលចូលហើយត្រូវដោះស្រាយជូនពលរដ្ឋផង កុំឱ្យដាក់បន្ទុកតែលើពលរដ្ឋ»។
បើយោងតាម អនុក្រឹត្យចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត និងប្រកាសចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្ដីពីសំណុំបែបបទសម្រាប់ដាក់ពាក្យសុំធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។ សកម្មភាពកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះឡើយ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។
ក្រសួងសាធារណការនិងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថា៖ កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨ ធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន ១.ក្រុមហ៊ុន Fuji Form Co., Ltd ២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd ៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd ៤.ក្រុមហ៊ុន Seconimex Co., Ltd ៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd) ៦.ប៉ាស្ទ័រមានជ័យ ៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក ៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង។
បើតាមអ្នកបើកបរឡានចង្កូតស្តាំដែលតវ៉ាបានបញ្ជាក់ថា ពេលកន្លងទៅថ្មីៗនេះ ពួកគាត់ក៏បានប្រមូលផ្ដុំគ្នាតវ៉ាម្ដងរួចមកហើយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយណោះទេ ទើបនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ ពួកគាត់ប្រមូលផ្ដុំគ្នាបិទផ្លូវជាតិលេខ២ត្រង់ចំណុចរង្វង់មូលកួរស្រូវដើម្បីស្នើសុំដល់លោកនាយករដ្ឋមន្ដ្រីនិងក្រសួងសាធារណការនិងដឹកជញ្ជូន សុំត្រឹមបង់ពន្ធប៉ុន្ដែសុំមិនកែចង្កូតពីស្ដាំទៅឆ្វេង។