សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឪពុកម្តាយក្មេងរងគ្រោះដោយទឹកដោះគោ​នូទ្រីលេតសាទរសេចក្តី​សម្រេច​របស់តុលាការ

មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីប្រកាសសាលដីកាជុំវិញសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ (រូបភាពផ្តល់ឱ្យ)
មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីប្រកាសសាលដីកាជុំវិញសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ (រូបភាពផ្តល់ឱ្យ)

ឪពុកម្តាយក្មេងដែលរងគ្រោះប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដោយសារម្ស៉ៅទឹកដោះគោ នូទ្រីលេត (​Nutrilatt) បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ប៉ុន្តែនៅបារម្ភខ្លាចមិនអាចអនុវត្តសេចក្តីសម្រេចនោះបាន ព្រោះម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញខ្លួនក្នុងដំណើរការនីតិវិធីតុលាការនោះទេ។  

តុលាការកំពូលនៅថ្ងៃពុធទី៤ ខែកញ្ញា បានសម្រេចឱ្យឪពុកម្តាយក្មេងចំនួន២២នាក់ឈ្នះក្តី ដោយសម្រេចតម្កល់សាលក្រម និងសាលដីកាតុលាការថ្នាក់ក្រោមទុកជាបានការ។

នៅ​ខែ​មេសា ឆ្នាំ២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទជាប្រធានក្រុមហ៊ុន នូទ្រីលេត គឺ​លោកស្រី ខុន កែវកេសី ដាក់​ពន្ធនាគារ​រយៈពេល ១០ខែ និង​ពិន័យ​ជា​ប្រាក់៨លាន​រៀល (៨ ០០០ ០០០) និង​បង្គាប់​ឱ្យ​ផ្ដល់​សំណងជំងឺចិត្ត​ដល់​ជនរងគ្រោះម្នាក់ៗ​ចន្លោះ​ពី​១ម៉ឺន(១០ ០០០) ទៅ​២ម៉ឺន​ដុល្លារ (២០ ០០០) ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន បាន​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានរក្សាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានដោយឥតកែប្រែ ហើយ​ភាគីក្រុមហ៊ុនក៏បន្ត​ប្ដឹង​ជំទាស់​ដល់​តុលាការ​កំពូល។

អ្នកស្រី គង់ ចន្ទម៉ាលីស វ័យ៣២ឆ្នាំជាដើមបណ្តឹងម្នាក់ឱ្យដឹងថា អារម្មណ៍របស់គាត់រីករាយចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។ ទោះយ៉ាងណា អ្នកស្រីថា រូបគាត់មិនចង់រង់ចាំដល់សាលដីកាចូលជាស្ថាពររយៈពេលមួយខែទៀតនោះទេ គឺអ្នកស្រីចង់ឱ្យមានការអនុវត្តភ្លាមៗ​តែម្តង។

អ្នកស្រី គង់ ចន្ទម៉ាលីស ថ្លែងថា៖«អ្វីដែលខ្ញុំចង់បាននោះ គឺខ្ញុំចង់បានខាងផ្លូវច្បាប់ឱ្យគាត់អនុវត្តភ្លាមៗកុំចាំពេលទៀត ដើម្បីឱ្យបញ្ចប់រឿងក្តីនេះ ក៏ដូចជាឱ្យកូនៗរបស់ពួកខ្ញុំទទួលបានយុត្តិធម៌ពេញលេញ។ ឥឡូវនេះមិនទាន់ពេញលេញនៅឡើយទេ»

ស្ត្រីជាម្តាយវ័យ៣២ឆ្នាំម្នាក់ទៀតគឺអ្នកស្រី ប៉ុន ពេជ្រវត្តា ពេញចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា មិនទាន់មានអារម្មណ៍រីករាយ១០០ភាគរយទេ ព្រោះម្ចាស់ក្រុមហ៊ុនមិនបានចូលរួមក្នុងដំណើរការនីតិវិធីតុលាការទេ ម្យ៉ាងទៀតអ្នកស្រីទទួលដំណឹង​​ថា ក្រុមហ៊ុនម្ស៉ៅទឹកដោះគោនេះបញ្ជាក់ថា ក្ស័យធនដូច្នេះក្តីសង្ឃឹមលើការទទួលបានសំណងក៏ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដែរ។

អ្នកស្រី ប៉ុន ពេជ្រវត្តា ថ្លែងថា៖ «និយាយទៅយើងសង្ឃឹម ប៉ុន្តែឱ្យយើងសង្ឃឹមច្រើនគឺខ្ញុំអត់សង្ឃឹមច្រើនទេ ដោយសារតែតាំងពីដើមមកខ្ញុំអត់ដែលឃើញភាគីចុងចម្លើយ(ម្ចាស់ក្រុមហ៊ុន)ចូលរួមទេ។ អ៊ីចឹងហើយបានជាខ្ញុំនិយាយហើយនិយាយទៀតថា សូមឱ្យអ្នកដែលពាក់ព័ន្ធអ្នកដែលធ្វើលើរឿងនេះបន្តទៀតឱ្យគាត់ធ្វើការងារនេះឱ្យបានលឿន»

ស្ត្រីជាម្តាយរូបនេះឱ្យដឹងថា រូបគាត់ និងក្រុមគ្រួសារប៉ះពាល់ដល់ផ្លូវចិត្ត និងចំណាយលុយច្រើនដល់ការមើលថែទាំកូនដែលរងគ្រោះដោយសារម្ស៉ៅទឹកដោះគោនូទ្រីលេត។

លោក សៅ សីហា អាយុ៤០ឆ្នាំ ជាឪពុករបស់ក្មេងដែលរងគ្រោះដោយសារម្ស៉ៅទឹកដោះគោ នូទ្រីលេតម្នាក់ដែរ។ ក្នុងពេលដែលទន្ទឹងរង់ចាំតុលាការអនុវត្តន៍សាលដីការចំពោះក្រុមហ៊ុននោះ លោក សៅ សីហា ថ្លែងថា លោកមានការស្តាយក្រោយ និងមានអារម្មណ៍ថា បានសាងកំហុសចំពោះកូនស្រី ដែលបានទិញទឹកដោះគោគ្មានគុណភាពឱ្យកូនប៉ៅ។

លោក សៅ សីហា ថ្លែងថា៖ «ជាវិប្បដិសារីមួយដែលវានៅជាប់នឹងគ្រួសាររបស់ខ្ញុំ។ ថ្វីដ្បិតតែកូនរបស់ខ្ញុំបច្ចុប្បន្ននេះមានសុខភាពល្អក៏ពិតមែន បានទៅរៀនអីតាមធម្មតា ប៉ុន្តែនៅពេលដែលចៃដន្យអាក្រក់អីមួយកើតឡើង ដូចជាមិនអាចបន្តពូជអីបាន។ តើវិប្បដិសារីហ្នឹងនឹងទៅជាយ៉ាងណា»

ខេមបូចា បានព្យាទាក់ទងលោក ធីម សុវណ្ណារ៉ា តំណាងក្រុមហ៊ុនម្ស៉ៅទឹកដោះគោ នូទ្រីលេត (Nutrilatt) ដើម្បីសូមការបំភ្លឺជុំវិញរឿងនេះ ប៉ុន្តែទូរសព្ទលោកហៅមិនចូល។

មេដោះ​ម្នាក់​រៀបចំ​ទឹកដោះ​សម្រាប់​កុមារ​នៅ​ភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

កាលពីដើមខែធ្នូ ឆ្នាំ២០២០ គ្រួសារកុមារដែលរងផលប៉ះពាល់ដល់សុខភាពពីទឹកដោះគោ នូទ្រីលេត ចំនួន២២គ្រួសារបានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យក្រុមហ៊ុនទទួលខុសត្រូវ។ ការដាក់បណ្តឹងនេះបន្ទាប់ពីឪពុកម្តាយកុមារទាំងនោះយកទឹកដោះគោទៅពិសោធន៍ ហើយរក​ឃើញ​ថា ពិតជាដើមហេតុធ្វើឱ្យកុមារបាត់បង់គ្រាប់ឈាមក្រហម និងខ្វះជាតិដែកធ្ងន់ធ្ងរ។

រហូតដល់ខែកញ្ញាឆ្នាំ២០២៤នេះ កុមារដែលរងគ្រោះដោយសារម្ស៉ៅទឹកដោះគោ នូទ្រីលេត ភាគច្រើនមានអាយុ៥ឆ្នាំ ហើយពួកគេមានសុខភាពល្អធម្មតាក្រោយពេលឪពុកម្តាយព្យាបាលរួចមក។ ទោះយ៉ាងណាឪពុកម្តាយក្មេងទាំងនេះថ្លែងប្រាប់ ខេមបូចា ថា ពួកគេនៅតែមានក្តីបារម្ភដល់សុខភាពកូនៗនៅថ្ងៃអនាគតទៀត ព្រោះកូនៗរបស់ពួកគេធ្លាប់រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារម្ស៉ៅទឹកដោះគោនេះ ដែលអាចប៉ះពាល់ដល់ខួរក្បាល និងសុខភាពបន្តពូជ។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចាត់ទុកថា បញ្ហាកុមារគឺជាបញ្ហារបស់អនាគតអ្នកដឹកនាំជាតិដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់។ លោកជំរុញឱ្យមានការផ្តល់យុត្តិធម៌ពេញលេញដើម្បីបង្ការកុំឱ្យបញ្ហារបៀបនេះកើតឡើងទៀត។

លោក សន ជ័យ មានប្រសាសន៍ថា៖ «សង្ឃឹមថាក្នុងស្មារតីនេះ អាជ្ញាធរមានសមត្ថកិច្ចតាមរយៈ​សាលដីការបស់តុលាការកំពូលគួរតែមានការយកចិត្តទុកដាក់ ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យរឿងនេះវាកើតឡើងបន្តទៅទៀត ហើយជាការទាញនូវការកើនឡើងនូវទំនុកចិត្តរបស់ពលរដ្ឋ របស់គ្រួសារដែលរងគ្រោះ ក៏ដូចជាគ្រួសារដែលមិនទាន់រងគ្រោះដែរ»

លោក អេង មុន្នីរិទ្ធ ជាមេធាវី ធ្លាប់ជួយការពារក្តីឱ្យឪពុកម្តាយកុមាររងគ្រោះពន្យល់តាមនីតិវិធីច្បាប់ថា ក្នុងដំណាក់កាលនេះ គាត់ត្រូវរង់ចាំទទួលបានសាលដីកាជាលាយលក្ខណ៍អក្សរដើម្បីអនុវត្តនីតិវិធីបន្តសម្រាប់ការទាមទារសំណង។

លោក អេង មុន្នីរិទ្ធ ពន្យល់ថា«បន្តទៀតហ្នឹងគាត់ត្រូវទាក់ទងទៅនឹងការសូមអនុវត្តបន្តទៀត​លើការទាមទារសំណង។ គាត់(គ្រួសារជនក្មេងរងគ្រោះ)បានមកសួរខ្ញុំដែរពីម្សិលមិញ ហើយខ្ញុំក៏បានជូនយោបល់ទៅថាមានតែយើងបន្តអនុវត្តសូមសំណងតាមគ្រួសារ ប៉ុន្តែអាហ្នឹងត្រូវរង់ចាំទាល់តែសាលដីកាចេញសិន»

អ្នកនាំពាក្យតុលាការកំពូលលោកស្រី ម៉ៅ ធីតា មិនអត្ថាធិប្បាយច្រើនទេ លើករណីនេះ ដោយលោកស្រី បញ្ជាក់ថា រង់ចាំសាលដីកាចូលជាស្ថាពរ។ លោកស្រីបញ្ជាក់ថា បើឪពុកម្តាយកុមារទាំងនេះមានចម្ងល់អាចទៅសាកសួរក្រឡាបញ្ជីបាន ហើយគេនឹងពន្យល់បន្ថែម។

លោកស្រី ម៉ៅ ធីតា ថ្លែងថា«បើប្រកាសម្សិលមិញក្រឡាបញ្ជីគាត់នឹងធ្វើសាលដីកា បើអ៊ីចឹងឱ្យគាត់មកយកសាលដីកាទៅអនុវត្តន៍ ហើយគាត់មកជួបក្រឡាបញ្ជី ដើម្បីក្រឡាបញ្ជីណែនាំអំពីបញ្ហាហ្នឹង»

នៅក្នុងដំណើរការតតាំងក្តីកន្លងមកក្រុមហ៊ុនម្ស៉ៅទឹកដោះគោ នូទ្រីលេត (Nutrilatt) ធ្លាប់អះអាងថា ក្រុមហ៊ុនបើកដំណើរការនាំចូលម្ស៉ៅទឹកដោះគោនេះពីប្រទេសសិង្ហបុរីដោយមានការទទួលស្គាល់ផ្លូវការពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា៕

217 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម