សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋទិញផ្ទះបង់រំលស់នៅក្រុមហ៊ុនបុរីពិភពថ្មីកំបូល សំណូមពរ​លោកនាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍ដោយសារក្រុមហ៊ុនរឹប​អូស​យកផ្ទះ

ផ្ទះល្វែងរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល៣ ដែលក្រុមហ៊ុនបានរឹបអូស ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា
ផ្ទះល្វែងរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល៣ ដែលក្រុមហ៊ុនបានរឹបអូស ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា

ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសាររស់នៅបុរីពិភពថ្មីកំបូល ស្ថិតនៅភូមិថ្មដា សង្កាត់​កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយ​អន្តរាគមន៍ដោយសារក្រុមហ៊ុនបុរីពិភពថ្មីកំបូល ​​មិន​អនុវត្តតាមកិច្ចសន្យា និងរឹបអូសផ្ទះ​។

តំណាង​ប្រជា​ពលរដ្ឋជាងមួយពាន់គ្រួសាររស់នៅក្នុងបុរីពិភពថ្មីកំបូល បាន​សំណូមពរដល់ ប្រមុខដឹកនាំនៃរាជ​រដ្ឋាភិបាលកម្ពុជា ​ឱ្យជួយអន្តរាគមន៍ទៅអ្នកឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុនបុរីពិភពថ្មី ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនេះទទួលទិញផ្ទះត្រឡប់វិញ ក្នុង​តម្លៃ​​៥០ភាគរយ ​ក្នុងករណី​ប្រជាពលរដ្ឋគ្មានលទ្ធភាពបង់ប្រាក់បន្តជូនក្រុមហ៊ុន​ ឱ្យស្រប​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុននេះធ្លាប់បានអនុវត្តជាមួយ​​អតិថិជននាពេល​កន្លងមក។

តំណាងប្រជាពលរដ្ឋបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋរាប់ពាន់​គ្រួសារ ដែលមិនមាន​លទ្ធភាព​​បង់ប្រាក់​រំលស់ផ្ទះជូនក្រុមហ៊ុនបុរីពិភពថ្មីកំបូលតាមកាលកំណត់របស់ក្រុមហ៊ុន​ ព្រោះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ​រកប្រាក់ចំណូលមិនបាន។ ហើយក៏បង្ខំចិត្តលក់ផ្ទះ​ជូន​ក្រុមហ៊ុន​វិញ​ ដែល​អ្នកខ្លះបានបង់រំលស់​ចាប់ពី៣ទៅ៥ឆ្នាំ​មកហើយនោះ។ ប៉ុន្តែបែរជាក្រុម​ហ៊ុន​​បុរីពិភពថ្មីកំបូល មិនទទួលទិញយកផ្ទះបង់រំលស់នោះវិញទេ។ នៅ​ពេល​ប្រជាពលរដ្ឋ​​មិន​មាន​ប្រាក់បង់ជូនក្រុមហ៊ុន​បន្តទៀត គឺខាងក្រុមហ៊ុន​បានមកបិទ​សេចក្តី​ជូនដំណឹងរឹបអូសយកផ្ទះ និងយកសោ​ចាក់​ទ្វារផ្ទះមិនឱ្យប្រជាពលរដ្ឋរស់នៅ។

អ្នកស្រី ប្រាក់ សេងហូ រស់នៅ​ក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាតំណាង​ពលរដ្ឋរងគ្រោះម្នាក់ បានលើកដៃសំពះរៀបរាប់ មកកាន់អ្នកសារព័ត៌មានថា «នាងខ្ញុំបាន​មក​ទិញផ្ទះបង់រំលស់​សុទ្ធនៅបុរីពិភពថ្មីកំបូល៣ គម្រោង៦ គឺបានបង់រំលស់​ជូនក្រុមហ៊ុន​ចំនួន​៣៣ខែ​កន្លងមកហើយ ប៉ុន្តែពេលនេះ នាងខ្ញុំមិនមានលទ្ធភាពបង់ប្រាក់​ឱ្យ​ក្រុមហ៊ុនបន្ត​ទៅមុខ​ទៀតទេ។ ហើយ​ក៏បានស្នើសុំទៅខាងបុរី ឱ្យទទួលទិញផ្ទះខ្ញុំត្រឡប់វិញ​ក្នុងតម្លៃ៥០ភាគរយ​តាម​កិច្ចសន្យា និងស្របតាមគោលការណ៍របស់បុរីពិភពថ្មី​ធ្លាប់បាន​អនុវត្ត​ពីមុនមក តែពេល​នេះ ខាងបុរីបានបដិសេធមិនទទួលទិញផ្ទះពីនាងខ្ញុំទេ ជាហេតុនាំឱ្យនាងខ្ញុំមានការយឺតយ៉ាវ​បង់ប្រាក់ជូនក្រុមហ៊ុន​ចំនួន៣ខែកន្លងមកហើយ ហើយពេលនេះ ខាងបុរីក៏​បាន​ចុះមកជូន​ដំណឹង និងបិទក្រដាសឱ្យនាងខ្ញុំរើអីវ៉ាន់ចេញពីផ្ទះ ដោយទុករយៈពេល៧ថ្ងៃ ឱ្យនាងខ្ញុំត្រូវរើ​អីវ៉ាន់ចេញពីផ្ទះឱ្យអស់ជាកំហិត»

ត្រង់ចំណុចនេះ ទើបតំណាងប្រជាពលរដ្ឋ​រស់នៅបុរីពិភពថ្មីកំបូល​​​ឈានទៅផ្តិតស្នាមមេដៃ សំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍​ជាបន្ទាន់ ដ្បិត​បច្ចុប្បន្ននេះ ខាង​ក្រុមហ៊ុនបុរីពិភពថ្មីកំបូល បានចុះ​រឹប​អូសយកផ្ទះ ដែលប្រជាពលរដ្ឋខ្វះលទ្ធភាពបង់រំលស់​ទាំងនោះទាំងកម្រោល ហើយ​ព្រមាន​ចាត់វិធានការផ្លូវច្បាប់​ បើហ៊ានប្រឆាំង​សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុននោះ។

អ្នកស្រី សេងហូ បានទទូចថា៖ «សូម​ឱ្យក្រុមហ៊ុនបុរីពិភពថ្មី ​ទទួលទិញផ្ទះរបស់គាត់ក្នុងតម្លៃ ៥០ភាគរយ តាមគោលការណ៍នៃកិច្ចសន្យា ដែលក្រុមហ៊ុននេះធ្លាប់បានអនុវត្តកន្លងមក»

អ្នកស្រីបន្តថា​ ​​អ្នកស្រីក៏ដូចជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីដទៃទៀត ​ធ្លាប់បាន​ដាក់​ពាក្យស្នើ សុំកិច្ចអន្តរាគមន៍ទៅលោកអភិបាលខណ្ឌកំបូល ជាបន្តបន្ទាប់មិនតិចជាង៣លើក​រួច​មក​ហើយទេ ប៉ុន្តែមិនទទួលបានដំណោះស្រាយអ្វីសោះឡើយ។

អ្នកស្រីបន្តថា៖ «ហើយបន្ត​រហូត​​មកដល់​ពេល​នេះ ខាងក្រុមហ៊ុនបុរីពិភពថ្មីកំបូល នៅតែបន្ត​ចុះបិទស្លាករឹបអូសយក​ផ្ទះ​នាងខ្ញុំ ខណៈ​នាងខ្ញុំជាម្ចាស់ផ្ទះអស់លទ្ធភាពបង់ប្រាក់បន្ត ហើយ​ខាងបុរីមិនព្រម​រកដំណោះ​ស្រាយ​ជូន​នាង​ខ្ញុំឡើយ​។ ហើយ​​ករណីនេះ នាងខ្ញុំ​ព្រួយបារម្ភ និង​ភ័យខ្លាចក្រុមហ៊ុន​រឹបអូស​យក​ផ្ទះនាង​ខ្ញុំ ដែលកំពុងរស់នៅ ហើយសូមសំណូមពរ​ដល់សម្តេច​នាយករដ្ឋមន្ត្រី សម្តេច​ពុក សម្តេចម៉ែ និងមន្ត្រីគ្រប់ជាន់ថ្នាក់​ជួយដោះស្រាយ​រកយុត្តិធម៌​ដល់​នាងខ្ញុំ ក៏ដូចជាពលរដ្ឋ​ដទៃ​ទៀត ​ឱ្យ​បាន​ឆាប់បំផុត និងដោយអនុគ្រោះផងចុះ»

ការិយាល័យបុរីពិភពថ្មីកំបូល ស្ថិតនៅភូមិថ្មដា សង្កាត់​កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា

ស្រដៀងគ្នាដែរ ជាតំណាងពលរដ្ឋរងគ្រោះម្នាក់ទៀត គឺលោក ហេង តារា ទីលំ​នៅ​បច្ចុប្បន្ន ផ្ទះលេខ០២ ផ្លូវលេខ១២A បុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ បាន​លើក​ឡើងថាគាត់បានទិញផ្ទះបង់រំលស់នៅបុរីពិភពថ្មីនេះ៥ឆ្នាំកន្លងមកហើយ។ ប៉ុន្តែ​ពេល​​នេះគាត់ខ្វះ​លទ្ធភាព​មិនមានលុយបង់រំលោះជូនក្រុមហ៊ុនបន្តទៀត​ ក៏សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើសុំលក់ផ្ទះ​ឱ្យក្រុមហ៊ុនវិញ ប៉ុន្តែបែរជាក្រុមហ៊ុនបុរីពិភពថ្មី មិនព្រមទទួល​ទិញ​យក​វិញ​ឡើយ​។ ដូចច្នេះ គឺខុស​នឹងគោលការណ៍នៃកិច្ចសន្យាដែល​ក្រុមហ៊ុន​ធ្លាប់បានអនុវត្តកន្លង​មក។

លោក ហេង តារា បញ្ជាក់​ថា៖ «ខ្ញុំ​បាទបានទិញផ្ទះបង់រំលស់សុទ្ធ​នៅក្នុងបុរីពិភពថ្មីកំបូលនេះ រយៈពេល៥ឆ្នាំកន្លងមកហើយ​ ហើយដោយសារតែមានបញ្ហាវិបត្តិសេដ្ឋកិច្ចធ្វើឱ្យខ្ញុំបាទមាន​ការយឺតយ៉ាវក្នុងការបង់ប្រាក់​តាមពេលវេលាកំណត់។ ខាងបុរីពិភពថ្មី បានជូនដំណឹង​មក​ខ្ញុំបាទឱ្យរុះរើផ្ទះ»

លោកបន្តទៀតថា នៅពេលដែលខ្ញុំយកផ្ទះទៅលក់ជូនខាងក្រុមហ៊ុនវិញ បុរីបែរជាប្តូរ​គោលការណ៍​ ហើយមិនបានជូនដំណឹងដល់ខាងខ្ញុំបាទជាម្ចាស់ផ្ទះ។ ហើយករណីបុរីពិភពថ្មី មិនទទួលទិញផ្ទះពីខ្ញុំវិញនេះ ទើបធ្វើឱ្យរូបខ្ញុំខកខាន​មិន​បានបង់លុយជូនបុរីចំនួន​១០០ថ្ងៃមក​ហើយ ពេលនេះ ខាងបុរីក៏បានជូនសេចក្តីជូន​ដំណឹង​មកខ្ញុំជាម្ចាស់ផ្ទះឱ្យរុះរើផ្ទះតាម​រយៈ​មេធាវី តាមរយៈការិយាល័យបុគ្គលិក ដែលបាន​ផ្តល់ព័ត៌មានឱ្យខ្ញុំរុះរើផ្ទះក្នុងរយៈពេល​៧ថ្ងៃ​ជាបន្ទាន់។

លោក តារា បានស្នើថា៖ «ខ្ញុំបាទសូមសំណូមពរដល់សម្តេចពុក សម្តេចម៉ែ ដែលជាថ្នាក់​ដឹកនាំ និងជាបិតាមាតា សន្តិភាព ជួយអន្តរាគមន៍ និង​រកយុត្តិធម៌ដល់រូបខ្ញុំបាទ ក៏ដូចជា​ពលរដ្ឋ​ច្រើនរយគ្រួសារទៀត កំពុងរស់នៅ​ក្នុងបុរីពិភពថ្មី​កំបូល ឱ្យបានឆាប់​ផង»

ចំណែក ស្ត្រីឈ្មោះ ព្រុំ វត្តី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ០២ ផ្លូវលេខ១៣C បុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏បានឱ្យដឹងថា​ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់លោកអភិបាលខណ្ឌកំបូល ដើម្បីស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាននេះជួយ​អន្តរាគមន៍ទៅក្រុមហ៊ុនបុរីពិភពថ្មីកំបូល ​អនុវត្តតាមគោលការណ៍ ទទួលទិញយកផ្ទះពីពលរដ្ឋ ដែលខ្វះលទ្ធភាពបង់រំលស់បន្តក្នុងតម្លៃ៥០ភាគរយ ប៉ុន្តែ សំណើរសុំអន្តរាគមន៍ពី​ថ្នាក់ដឹកនាំ​ខណ្ឌ​កំបូល ហាក់​មិនទទួលបាន​លទ្ធផល​អ្វី​ទេ គឺអាជ្ញាធរខណ្ឌនេះ​បានត្រឹម​កោះ​អញ្ជើញ​តំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនបុរីពិភពថ្មី មកជួបពិភាក្សាគ្នា និងធ្វើ​កំណត់​ហេតុ​តែប៉ុណ្ណោះ។

ស្ត្រីរងគ្រោះរូបនេះបាន​សំណូមពរដល់សុំសម្តេតេជោ ហ៊ុន សែន ដែលដឹក​នាំ​ប្រទេសកម្ពុជាមានសុខសន្តិភាពរហូតមកដល់ពេលនេះជួយកូនចៅ ជួយអន្តរាគន៍​ទៅ​ក្រុមហ៊ុនបុរីពីភពថ្មី ឱ្យទទួលទិញផ្ទះបង់រំលស់​ប្រឡប់វិញ ចំពោះ​ប្រជាពលរដ្ឋដែល​មិន​មាន​លទ្ធភាពបង់រំលស់​ផ្ទះបន្តក្នុងតម្លៃ៥០ភាគរយ ព្រោះពលរដ្ឋកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

​បន្ថែមលើនេះ ​កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៣ តំណាងប្រជាពលរដ្ឋចំនួន៣នាក់ រស់​នៅ​បុរីពិភពថ្មីកំបូល ក៏បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅកាន់លោកអភិបាលខណ្ឌកំបូល ជាថ្មីទៀត ដោយបានស្នើសុំឱ្យអភិបាលខណ្ឌកំបូល ជួយអន្តរាគមន៍ទៅក្រុមហ៊ុនបុរីពិភពថ្មី សូមឱ្យក្រុមហ៊ុននេះរក្សាគោលការណ៍ដូចដើម គឺក្រុមហ៊ុនត្រូវទទួលទិញយកផ្ទះដែលពួក​គាត់​ខ្វះលទ្ធភាពបង់​ក្នុងតម្លៃ៥០ភាគរយ ដែល​ក្រុមហ៊ុនធ្លាប់បានអនុវត្តតាមកិច្ចសន្យា។

ជាការឆ្លើយតប កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៣ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ​កំបូល បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយភាគីពាក់ព័ន្ធដើម្បីជួបពិភាក្សា​ទៅលើពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី អនុវត្តតាម​គោលការណ៍ ដែលធ្លាប់បានអនុវត្តកន្លងមក ស្ថិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅក្នុងកំណត់ហេតុ នៃកិច្ចប្រជុំនោះ បានបង្ហាញថា ក្រោយពីជួបជុំសមាសភាព ដែល​ត្រូវ​ចូល​រួម និងមានការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដែលជា​ប្រធានអង្គប្រជុំរួចមក ទទួលបានលទ្ធផលដូចជា លោក សែម ហួ តំណាង​ក្រុមហ៊ុន​បុរីពិភព​ថ្មី បានលើកឡើងថា គោលការណ៍របស់ក្រុមហ៊ុន ដែលអាចទទួលទិញផ្ទះពី​អតិថិជន​ត្រឡប់​ចូលក្រុមហ៊ុនវិញក្នុងតម្លៃ៥០ភាគរយនៃប្រាក់ដែលបានបង់ទៅក្រុមហ៊ុន លុះត្រាតែនៅ​លើ​កិច្ច​សន្យា​ដែលក្រុមហ៊ុនធ្វើជាមួយអតិថិជន មានបញ្ចូលលក្ខខណ្ឌទទួលទិញផ្ទះត្រឡប់​វិញ។

កិច្ចប្រជុំរវាងតំណាងប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីកំបូល ជាមួយ​តំណាងក្រុមហ៊ុនបុរីពិភពថ្មី នៅសាលាខណ្ឌកំបូល នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល។ រូបភាពផ្តល់ឱ្យ

ចំណែក តំណាងពលរដ្ឋនៅបុរីពិភពថ្មីកំបូល ក៏បានលើកឡើងថា នៅពេលពួកគាត់ទៅទិញ​ផ្ទះ​​ពីក្រុមហ៊ុនបុរីពិភពថ្មីកំបូល ផ្នែករដ្ឋបាលក្រុមហ៊ុន បានប្រាប់​ពួក​គាត់​ពីគោលការណ៍​របស់​ក្រុមហ៊ុន​ពាក់ព័ន្ធនឹងការទទួលទិញផ្ទះ​ពី​អតិថិជន​​ត្រឡប់​ចូលក្រុមហ៊ុនវិញ​ក្នុងតម្លៃ៥០​ភាគ​រយ​​នៃប្រាក់ដែលបានបង់ទៅឱ្យក្រុមហ៊ុន។ ហេតុ​នេះ ពួកគាត់ជាអតិថិជនស្នើសុំ​ទៅក្រុមហ៊ុន​បុរីពិភពថ្មី ទទួលទិញផ្ទះ​ពីអតិថិជនត្រឡប់​ចូល​ក្រុមហ៊ុនវិញក្នុងតម្លៃ៥០ភាគរយនៃប្រាក់​ដែល​បានបង់ទៅក្រុមហ៊ុន ចំពោះផ្ទះ​ដែល​អតិថិជន​មិនមានលទ្ធភាពបង់ប្រាក់បន្ត​ទៅ​ក្រុមហ៊ុន និងស្នើសុំក្រុមហ៊ុនផ្អាកគិតប្រាក់​ពិន័យ​ពី​អតិថិជន​ដែលបានបង់ប្រាក់យឺតយ៉ាវ នៅក្នុងអំឡុងពេលដែលប្រជាពលរដ្ឋ​កំពុងស្នើ​សុំ​អន្តរាគមន៍ទៅរដ្ឋបាលខណ្ឌកំបូល រហូត​ដល់​មានការដោះស្រាយ​សមស្រប​។

ក្រោយពីស្តាប់ការលើកឡើងរបស់ភាគីតំណាងក្រុមហ៊ុនបុរីពិភពថ្មី និងតំណាងពលរដ្ឋ នៅក្នុង​ជំនួបពិភាក្សាកាលពីល្ងាចថ្ងៃទី៧ ខែមិថុនា រួចមក លោក ឃឹម ស៊ុនសូដា អភិបាល​ខណ្ឌ​កំបូល ក៏បានជម្រាបទៅតំណាងប្រជាពលរដ្ឋថា រដ្ឋបាលខណ្ឌនឹងធ្វើលិខិត​ទៅម្ចាស់​ក្រុមហ៊ុន ដើម្បីស្នើសុំក្រុមហ៊ុនទទួលទិញផ្ទះពី​អតិថិជនត្រឡប់​ចូលក្រុមហ៊ុនវិញ​ក្នុង​តម្លៃ​៥០​ភាគរយនៃប្រាក់ដែលបង់ទៅក្រុមហ៊ុន និងស្នើសុំផ្អាកការរឹបអូសផ្ទះ​ពីអតិធិជន​ជា​បណ្តោះ​អាសន្នចំពោះផ្ទះដែលអតិថិជនមិនមានលទ្ធភាពបង់ប្រាក់បន្តទៅក្រុមហ៊ុន។

លោក ឃឹម ស៊ុនសូដា ក៏បានប្រាប់សារព័ត៌មាន ខេមបូចា តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៨ ខែមិថុនា​នេះថា៖ ថ្ងៃនេះរូបលោកបានឱ្យមន្ត្រីរដ្ឋបាលសរសេរលិខិតដាក់​ជូន​ទៅម្ចាស់​ក្រុមហ៊ុន​បុរីពិភពថ្មីរួចហើយ ដើម្បីស្នើសុំឱ្យក្រុមហ៊ុននេះ ទទួលទិញផ្ទះ​ពី​អតិថិជន​ក្នុង​តម្លៃ​៥០ភាគរយ ចំពោះពលរដ្ឋដែលខ្វះលទ្ធភាព​បង់ប្រាក់រំលស់ផ្ទះ​ជូន​ក្រុមហ៊ុន​បន្តទៀត។ ជាពិសេសស្នើឱ្យក្រុមហ៊ុនផ្អាករឹបអូសយកផ្ទះប្រជាពលរដ្ឋដែលកំពុង​រស់​នៅ ហើយខ្វះ​លទ្ធភាព​បង់ប្រាក់ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំដំណោះ​ស្រាយដោយ​សន្តិវិធី។

លោកអភិបាលខណ្ឌថ្លែងថា៖ «កង្វល់របស់ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីកំបូល ក្នុងមូលដ្ឋាន​នេះ គឺ​រូប​លោកក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំដទៃទៀត កំពុងយកចិត្តទុកដាក់បំផុត ធ្វើយ៉ាងណា​រកចំណុច​ឈ្នះៗ ទាំងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាពនៃកម្ពុជារបស់យើង»

ដោយឡែក លោក សែម ហួ​ តំណាងក្រុមហ៊ុនបុរីពិភពថ្មី ​មិនអាចទាក់ទងតាមទូរសព្ទ ដើម្បី​បំភ្លឺជុំវិញកង្វល់របស់ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីកំបូលបានទេ នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ ដោយអ្នកលើកទូរសព្ទរបស់លោកនិយាយថា លោក សែម ហួ កំពុងជាប់រវល់។

យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីកំបូល ដែលកំពុងប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយខ្វះលទ្ធភាពបង់រំលស់ផ្ទះជូនក្រុមហ៊ុនបុរី​តាមកំណត់ បានថ្លែងអំណរគុណដល់​ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា ដែលបានជួយសម្រប​សម្រួល និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋពួកគាត់រំពឹងថា ក្រុមហ៊ុនបុរីពិភពថ្មី​កំបូល នឹងអនុវត្តតាមគោលការណ៍នៃកិច្ចសន្យា ដែលក្រុមហ៊ុនេះធ្លាប់អនុវត្តកន្លងមក​ដោយរលូន​ឡើង​វិញ។

តាមការអះអាងពីតំណាងពលរដ្ឋបានបន្ថែមថា បច្ចុប្បន្ននេះ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ១ពាន់២រយគ្រួសារ កំពុងប្រឈមខ្វះលទ្ធភាពបង់ប្រាក់រំលស់ផ្ទះ ឱ្យ​ទាន់​ខែនីមួយៗជូនក្រុមហ៊ុនបុរីពិភពថ្មីកំបូល។ ខណៈមានផ្ទះប្រជាពលរដ្ឋ​ខ្លះត្រូវក្រុមហ៊ុន​រឹបអូស និងមានពលរដ្ឋច្រើនទៀត បានបង្ខំចិត្ត​រើអីវ៉ាន់ចាកចេញពី​បុរីនេះ ដោយចាកចេញ​ទាំងខ្លួនទទេ ព្រោះពេលម្ចាស់ផ្ទះ​ខ្វះ​លទ្ធភាព​​​បង់ប្រាក់បង់រំលស់ឱ្យក្រុមហ៊ុនតាមកំណត់ក៏ត្រូវ​ក្រុមហ៊ុនបុរីពិភពថ្មី ពិន័យ ​រឹបអូស​យកផ្ទះ និងចាក់សោបិទទ្វារផ្ទះ មិនឱ្យពលរដ្ឋទាំងនោះ​ចូល​ទៅ​រស់នៅបានទៀតទេ។

យ៉ាងណាក៏ដោយ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺន​នាក់ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្នើទៅម្ចាស់បុរី ឱ្យរៀបចំការបង់ប្រាក់​រំលស់ផ្ទះជូន​ពលរដ្ឋ​ឡើងវិញ ដើម្បីជួយសម្រួលដល់ពួកគាត់ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ឈប់ការរឹបអូស​យកផ្ទះ​ពី​ប្រជាពលរដ្ឋតទៀត។ ហើយ​បញ្ជាឱ្យមន្ត្រីដែលទទួលបន្ទុកលើការងារហ្នឹង ពិនិត្យលើ​ការ​បង់​​រំលស់​ផ្ទះ​នៅតាមបុរីនានា ដែល​ក្រុមហ៊ុន​បានរឹបអូស ដើម្បីឱ្យប្រាកដថា មានប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ និងមានក្រុមហ៊ុនបុរីណាខ្លះ បានរឹបអូសយកផ្ទះពីប្រជាពលរដ្ឋ ​ដែលមិន​មាន​លទ្ធភាព​បង់រំលស់ផ្ទះជាមួយក្រុមហ៊ុនបន្តទៀត។ ​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ម្ចាស់បុរី ត្រូវអញ្ជើញម្ចាស់ផ្ទះ ដែលក្រុមហ៊ុន បានបានរឹបអូសផ្ទះ​មកជជែកគ្នា ឈានទៅផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ចិត្តសប្បុរស ហើយយកផ្លូវឈ្នះ ឈ្នះ ធ្វើជាគោល។ ដោយម្ចាស់បុរី មិនត្រូវបន្តរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាពបង់រំលស់ទៀតទេ ហើយប្តូរមកពន្យា​រយៈពេល នៃការបង់រំលស់ជូនពលរដ្ឋ ឱ្យវែងជាងមុន ឬបន្ធូបន្ថយថ្លៃបង់រំលស់ប្រចាំខែមកទាបជាងមុន​វិញ​»

782 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម