ប្រជាពលរដ្ឋមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាពដោយសារតែសារជាតិគីមីដែលមាននៅក្នុង បន្លែ សាច់ ផ្លែឈើ ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន ព្រោះជាម្ហូបអាហារចម្បងប្រចាំថ្ងៃដែលពលរដ្ឋមិនអាចអត់បាន ហើយមិនដឹងថាមានប្រភពពីណាច្បាស់លាស់និងការផលិតត្រឹមត្រូវកម្រិតណា។
ជាអ្នកដាំស្លប្រចាំថ្ងៃ និងជាស្ត្រីមេផ្ទះ ដែលមានសមាជិកគ្រួសារ ៥នាក់ អ្នកស្រី ឆេង រស់នៅក្នុងទីក្រុងភ្នំពេញ តែងតែទៅផ្សារដើម្បីទិញម្ហូបអាហារមកចម្អិនស្ទើរជារៀងរាល់ថ្ងៃ បានរៀបរាប់ថា ពេលទៅផ្សារម្តងៗអ្នកស្រីទិញ បន្លែផ្សេងៗពីគ្នា និងសាច់ ដើម្បីធ្វើជាម្ហូបប្រចាំថ្ងៃ មួយពេលត្រូវចំណាយសម្រាប់គ្រួសារប្រហែល ៨ពាន់រៀល ឬលើសពីនេះតាមរបស់ដែលត្រូវទិញ។
អ្នកស្រីបន្តថា ពេលទៅផ្សារទិញបន្លែ ផ្លែឈើ អ្នកស្រីតែងសម្គាល់ បន្លែ ផ្លែឈើណារាងតូចៗមិនសូវធំ គឺរបស់នៅក្នុងស្រុក ភាគច្រើនអ្នកស្រីរកមើលម៉ូយ ដែលអ្នកស្រីធ្លាប់ទិញជាប្រចាំ ព្រោះគិតថាពួកគេប្រមូលបន្លែពីក្នុងស្រុក។ អ្នកស្រីមិនសូវហ៊ានទិញបន្លែពីកន្លែងផ្សេងៗ ពីអ្នកបោះដុំធំៗ ព្រោះមិនដឹងថា គេយករបស់នោះពីណា ហើយអ្នកលក់ក៏មិនសូវដឹងច្បាស់ព្រោះយកតពីគេដែរ។
ដោយគ្មានជម្រើស ក្នុងការដឹងទំនិញមួយណាធម្មជាតិ ឬដាក់គីមី ហើយគួបផ្សំនឹងតំលៃ អ្នកស្រីទិញហើយត្រូវយកមកលាងត្រាំទឹកទុករយៈពេល៣០នាទីទៅមួយម៉ោងមុនចម្អិនដើម្បីឱ្យអស់ក្លិនផ្សេងៗ ហើយមិនសូវហ៊ានហូបបន្លែឆៅជាញឹកញាប់ទេ ។
អ្នកស្រីបញ្ជាក់ថា បន្លែនាំចូលភាគច្រើនមកពីប្រទេសវៀតណាម ចិន ថៃ បន្លែខ្មែរមិនសូវមានច្រើន តែបើលក់គឺតំលៃថ្លៃជាងគេ ហើយបើកសិផលសរីរាង្គដែលលក់នៅក្នុងផ្សារទំនើបមានតម្លៃថ្លៃខ្លាំងណាស់ ហើយអ្នកស្រីក៏មិនប្រាកដក្នុងចិត្តថាសុទ្ធដែរ អ្នកស្រីតែងតែទៅទិញនៅតាមផ្សារធម្មតា។
អ្នកស្រី ឆេង បានបន្ថែមថា៖ «ពេលខ្លះយើងក៏បារម្ភពីបន្លែម្ហូបអី វាមិនមែនជារបស់ស្រុកខ្មែរយើង នាំចូល វាមានសារជាតិគីមី តែយើងចេះតែបារម្ភៗហើយ តែធ្វើម៉េចចំណីអាហារបន្លែប្រឡុកយើងត្រូវហូបចុករាល់ថ្ងៃ ខានមិនបាន»។
អ្នកលក់រាយអាហារសមុទ្រស្រស់ នៅផ្សារទួលសង្កែ មានមឹក បង្គា ក្តាម និងរបស់សមុទ្រផ្សេងទៀត អ្នកស្រី ភាព បានថ្លែងថា គាត់លក់តែមួយព្រឹកៗក្នុងមួយថ្ងៃៗលក់បានជាង១០០គីឡូជាប្រចាំ គាត់ទទួលយកបន្តពីម៉ូយម្តុំស្វាយប៉ាកក្នុងរាជធានីភ្នំពេញ តាំងពីម៉ោង២ទៅ ម៉ោង៣ភ្លឺ ដើម្បីបានរបស់ថ្មីៗយកទៅលក់និងរៀបចំ។ ពេលរបស់នៅសល់ អ្នកស្រីលក់បញ្ចុះតំលៃ ដើម្បីឱ្យឆាប់អស់ជារៀងរាល់ថ្ងៃ អ្នកស្រីអាចរកប្រាក់ចំណេញមួយថ្ងៃៗប្រហែលជាង៥០ដុល្លារ ប៉ុន្តែត្រូវធ្វើការហត់ខ្លាំងណាស់។
អ្នកស្រីឱ្យដឹងថា លក់មិនដែលសល់ទេ លក់អស់ជារៀងរាល់ថ្ងៃ ទាក់ទងនឹងការដាក់សារជាតិគីមីបន្ថែម អ្នកស្រីបានដឹងដែរ តែមិនដែលធ្វើទេ ហើយក៏មិនដឹងថាជាអ្វីឱ្យពិតប្រាកដ។
អ្នកស្រី ភាព បានបញ្ជាក់ថា៖ «ធ្លាប់លឺដឹងដែរ គេបានដាក់ហើយ តាំងពីមុនយើងយកមកលក់ តែមិនដឹងជាដាក់អី តែមីងលក់មិនដែលសល់ទេ បើសល់តិចតួចក្លាសេទៅ ហើយចែកបងប្អូន ញ្ញាតិមិត្តទៅ លក់តែរបស់ថ្មីៗ»។
ចំណែក កញ្ញា ស្រីកា ជាបុគ្គលិកក្រុមហ៊ុនម្នាក់ បានរៀបរាប់ថា កញ្ញាមិនសូវមានពេលទៅផ្សារទិញម្ហូបមកចម្អិនទេ ដោយសាររវល់និងកាងារ កញ្ញានិងមិត្តភក្តិដទៃទៀត តែងតែទៅបរិភោគអាហារដែលចម្អិនហើយស្រាប់ ដែលលក់នៅតាមតូប ឬភោជនីយដ្ឋាន។ កញ្ញាមានការបារម្ភពីសុវត្ថិភាពចំណីអាហារ ក្នុងការលាងសំអាត អនាម័យដាំស្ល របស់អ្នកលក់ដែរ និងមិនសូវហ៊ានបរិភោគអាហារលក់តាមផ្លូវទូទៅទេ កញ្ញាតែងតែសង្កេតរកអ្នកលក់ដែលមើលទៅមានអនាម័យ មុនទិញចំណីអាហារ។
កញ្ញា ស្រីកា និយាយថា៖ «បារម្ភដែរ ខ្លាចធ្វើអត់ស្អាត អត់អនាម័យ ខ្លាចមានជាតិគីមី តែមិនដឹងធ្វើម៉េច មានតែកុំសូវគិតច្រើនទើបហ៊ានបរិភោគ ខ្ញុំមើលកន្លែងដែរ មុនទៅញុំា»។ កញ្ញាបន្តថា៖ «ខ្ញុំក៏ចង់ឱ្យមានការចុះទៅត្រួតពិនិត្យ សុវត្ថិភាពចំណីហារដែលមានលក់ស្រាប់ និងលក់នៅតាមទីផ្សារនានា ដើម្បីឱ្យគ្រប់គ្នាអាចមានទំនុកចិត្តក្នុងការទិញនិងទទួលទាន»។
ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលរដ្ឋសភាបានអនុម័តកំឡុងពេលថ្មីៗនេះ ក្នុងខែឧសភា ឆ្នាំ២០២២ មានបទបញ្ញត្តិទូទៅ ធានាសុវត្ថិភាព គុណភាព អនាម័យគ្រប់ដំណាក់កាលនៃខ្សែផលិតកម្ម ដើម្បីផ្តល់សុខភាព និងធានាការធ្វើពាណិជ្ជកម្មម្ហូបអាហារដោយស្មោះត្រង់ដល់អ្នកបរិភោគ។ រាល់អាជីវកម្មម្ហូបអាហារ ត្រូវមានលិខិតអនុញ្ញាតពីស្ថាប័នមានសម្ថកិច្ចដែលកំណត់ដោយច្បាប់អនុលោម តាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ។
បើតាមអ្នកជំនាញម្នាក់ខាងសុវត្ថិភាពចំណីអាហារនិងអាហារូបត្ថម្ភដែលសុំមិនបញ្ចេញឈ្មោះ បានមើលឃើញថា សុវត្ថិភាពចំណីអាហារដែលបានដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ឱ្យអ្នកប្រើប្រាស់បានដឹង និងឱ្យយល់អំពីផលប៉ះពាល់ដល់សុខភាពយ៉ាងណានោះទេ។ អ្នកបរិភោគកំពុងមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពចំណីអាហារក្នុងខ្សែផលិតកម្ម ប្រើប្រាស់ធាតុចូល ដូចជា ពូជ ជី ទឹក ថ្នាំកសិកម្ម ចំណីសត្វ ថ្នាំព្យាបាល និងធាតុសកម្មផ្សេងទៀត តើត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ស្របច្បាប់ប្រទេស ឬច្បាប់ហាមឃាត់ជាសកលដែរឬទេ។
លោកមានប្រសាសន៍ថា៖ «ការប្រមូលផល ការធ្វើសត្ដឃាត ការស្តុក វេចខ្ចប់ ដឹកជញ្ជូន តើអនុវត្តបានតាមស្តង់ដារបច្ចេកទេសដែរទេ។ ម្យ៉ាងទៀត ការប្រើប្រាស់សាធាតុមួយចំនួន ដើម្បីរក្សាសោភ័ណភាព និងគុណភាពទុកបានយូរ ក៏អ្នកប្រើប្រាស់មិនបានដឹង ហើយគ្មានជម្រើសត្រូវបន្តទិញដើម្បីយកមកបរិភោគ»។
លោកបន្តថា ការលាងសំអាតបន្លែដោយលាងទឹកស្អាត ឬទឹកមានលាយសារធាតុពែម៉ង់កាណាត ម៉ាស៊ីនសំអាតផ្សេងៗ ឬការចម្អិន គឺជាជម្រើសមួយ ប៉ុន្តែក៏មិនប្រាកដថា ចំណីអាហារនោះមានសុវត្ថិភាពទេ ជាពិសេសគឺចំណីអាហារដែលបានប្រើប្រាស់ប្រភេទថ្នាំកសិកម្មសំលាប់សត្វល្អិតតាមប្រភេទផ្សេងៗ ឬសារធាតុសកម្មដទៃទៀត។
បន្ថែមពីនេះលោកថា សារធាតុគីមីមួយចំនួនអាចត្រូវបានប្រើប្រាស់ក្នុងកម្រិតបច្ចេកទេស ដើម្បីរក្សាទុកនូវគុណភាព និងសោភ័ណភាពចំណីអាហារ ប៉ុន្តែបើសិនមានការប្រើប្រាស់ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវគោរពទៅតាមច្បាប់ និងសុវត្ថិភាពចំណីអាហារ។ ជាចំបាច់គឺការរៀបចំប្រព័ន្ធអធិការកិច្ច និងយកវត្ថុវិភាគមកពិនិត្យជាប្រចាំ និងអនុវត្តវិធានការច្បាប់ជាមូលដ្ឋាន។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រដ្ឋាភិបាលបានអនុម័តច្បាប់នានា និងច្បាប់សុវត្ថិភាពចំណីអាហារថ្មីៗនេះ និងក្រសួងកំពុងត្រៀមរៀបចំអនុក្រឹត្យបន្ថែម និងកែសម្រួល។
លោកថា មានសារធាតុគីមីមួយចំនួនអាចត្រូវបានដាក់នៅក្នុងចំណីអាហារ និងកម្រិតត្រឹមត្រូវបានអនុញ្ញាត តែចំពោះសារជាតិគីមីដែលដាក់លើសចំណុះ ហើយដូចជាពពួកហ្វ័រម៉ុលដែលធ្វើឱ្យបន្លែ សាច់នៅស្រស់ និងសារធាតុដទៃទៀតដែលធ្វើឱ្យប៉ះពាល់សុខភាព គឺត្រូវហាមឃាត់ ហើយបុគ្គលដែលប្រព្រឹត្តនិងត្រូវប្រឈមមុខចំពោះច្បាប់ត្រូវមានទោសទណ្ឌ ។
លោកបន្តថា ក្រសួងមានវិធានការហើយលោកអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមនិងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យអ្នកប្រើប្រាស់បានយល់ និងចូលរួមពីពលរដ្ឋគ្រប់រូបហើយព្រមទាំងការអនុវត្តច្បាប់ ជាពិសេសគឺកាតព្វកិច្ចរបស់អាជីកម្មប្រតិបត្តិករម្ហូបចំណីអាហារ
ក្រសួងជាមួយមន្ទីពិសោធន៍ចុះពិនិត្យនៅតាមផ្សារក្នុងរាជធានីភ្នំពេញ១ខែបួនដង។
លោក ផាន អូន មានប្រសាសន៏ ៖ «យើងមានវិធានការចុះពិនិត្យជាក់ស្តែងទាំងបន្លែ ទាំងសាច់ជាយន្តការចុះពិនិត្យទីផ្សារគឺយើងចុះពិនិត្យជាប្រចាំ បើសិនជាមានបណ្តឹងរបស់ប្រជាពលរដ្ឋយើង យើងរឹតតែចុះទៀត ចុះភ្លាមៗតែម្តង»។
លោកបានបញ្ជាក់ថា សារជាតិគីមីមិនអាចពិនិត្យមើលដោយភ្នែកបានទេ ទាល់តែមានមន្ទីរពិសោធន៏និងឧបករណ៍ត្រួតពិនិត្យ។ ការយល់ដឹងរបស់ពលរដ្ឋនិងអាជីវករនៅមានកម្រិតដូច្នេះទាមទារឱ្យមានការផ្សព្វផ្សាយ។
លោកបន្ថែមថា៖ «បើតាមតួលេខយើងនៅតែមានការព្រួយបារម្ភដែរ ធម្មតាម្ហូបអាហារ ១ថ្ងៃបីពេលរបស់មនុស្ស មានការរកឃើញការប្រើប្រាស់សារធាតុណាមួយលើអ្វីមួយ លើស ឬប្រើសារធាតុដែលគេមិនអនុញ្ញាត ទោះបីមួយមុខឬពីរមុខក៏ដោយ ក៏យើងសម្តែងការព្រួយបារម្ភដែរ ព្រោះមិនគួរឱ្យកើតមានការប្រើប្រាស់សារធាតុដែលហាមឃាត់»។
លោក ប៉ិច សុផាណា និស្សិតកំពុងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ អ៊ុប៊ុនរាចក្រថានី ប្រទេសថៃ ជំនាញបច្ចេកវិទ្យាចំណីអាហារ បានឱ្យដឹងថាសុវត្ថិភាពបន្លែនៅមានកម្រិតដោយសារឆាប់ខូចមិនសូវអាចយកទៅកែច្នៃឱ្យបានច្រើនដូចសាច់ ហើយមិនបានអនុវត្តនូវក្បួនកសិកម្មឱ្យត្រឹមត្រូវទាំងការដឹកជញ្ជូនធ្វើឱ្យកសិផលឆាប់ខូច ហើយជាប់នូវសារធាតុគីមីពេលដាំដុះ ការទុកដាក់មិនបានល្អ ធ្វើឱ្យជាប់និងសារធាតុកខ្វក់ផ្សេងៗដែលអាចចម្លងមកកាន់អ្នកបរិភោគ រួមនិងការលាងសំអាតមិនបានត្រឹមត្រូវ អាចធ្វើឱ្យមានការពុលអាហារ ដែលធ្វើឱ្យឈឺក្បាល ក្អួតចង្អោរ រាករុះ រលាកក្រពេះពោះវៀន ឬអាចពុលសន្លប់ភ្លាមៗ។
លោកបន្ថែមថា ការលាងសំអាតឱ្យបានត្រឹមត្រូវនិងការស្រុះវាអាចជួយបានខ្លះ តែមិនបានទាំងស្រុងនោះទេ ហើយការស្រុះអាចធ្វើឱ្យបាត់សារធាតុចិញ្ចឹមជួយដល់រាងកាយប្រហែល២០ទៅ៣០ភាគរយ។ ពលរដ្ឋត្រូវជ្រើសរើស បន្លែ សាច់ ចេញដោយគោលការសុវត្ថិភាពកសិកម្ម ប្រភេទអាហារសរីរាង្គ ឬកន្លែងដែលមានប្រភពច្បាស់លាស់ ព្រោះកសិផលទាំងអស់ មិនអាចមើលសំគាល់ដោយភ្នែកបានទេ។
លោកមើលឃើញថា ដោយសារមានការចុះពិនិត្យពីក្រសួងមានសមត្ថកិច្ច និងការរឹតបន្តឹងច្បាប់ផ្សេងៗ ហានិភ័យនៃការព្រួយបារម្ភនៅតិចប្រហែល ១០ទៅ១៥ភាគរយដែលប្រើប្រាស់សារធាតុគីមីមិនត្រឹមត្រូវលើចំណីអាហារ។ លោកក៏សំណូមពរឱ្យមានការផ្សព្វផ្សាយឱ្យបានច្រើន ហើយចុះទៅបង្រៀនអាជីករឱ្យយល់ដឹងកាន់តែច្បាស់និងជំរុញការស្រាវជ្រាវបន្ថែមនៅតាមតំបន់នីមួយៗដើម្បីបង្ហាញ លើសុវត្ថិភាពចំណីអាហារ ដើម្បីលើកទឹកចិត្តដល់អ្នកផលិតគោលការណ៍សុវត្ថិភាពឱ្យបានច្រើន។
លោក សុផាណា បន្ថែមថា គួរបង្កើតប្រព័ន្ធរាយការណ៏ជាសម្ងាត់ដើម្បីលើកទឹកចិត្តដល់អ្នករាយការណ៏ ពេលដឹងមានអ្នកផលិតខុសស្តង់ដារ និងអ្នកប្រើប្រាស់គីមីដើម្បីឱ្យក្រសួងចុះទៅពិនិត្យ ណែនាំ និងធ្វើតាមវិធានការផ្លូវច្បាប់។
បើតាមការចេញផ្សាយដោយវិទ្យុបារាំងពីអ្នកជំនាញ បានប្រាប់ថា មានការប្រើប្រាស់ សារធាតុហ្វ័រម៉ុលមាននៅលើ បន្លែ សាច់ ចំណីអាហារ ដែលធ្វើឱ្យអាហារនៅស្រស់ទុកបានយូរ។ សារធាតុនោះមានអាយុកាល៤ឆ្នាំ អាចប្រើជាថ្នាំសម្រាប់លាបជញ្ជាំង ថ្នាំលាបកុំឱ្យជ្រះចាប់ ឬ ជូតឥដ្ឋសម្លាប់មេរោគ ថ្នាំចាក់សាកសពកុំឱ្យស្អុយ ។ អាចបង្កអាឡាក់ស៊ីដល់សុខភាព ធ្វើឱ្យកើតកមរម៉ាស់ស្បែក ឈឺភ្នែក រលាក បំពង់ក បំពង់ខ្យល់ បំពង់អាហារ ឈឺក្រពេះ តែងតែឈឺក្បាល ជ្រុះសក់ និងធ្វើឱ្យហត់ ភ្លេចភ្លាំង បាត់ស្មារតី គេងមិនលក់ ខួរក្បាលចុះខ្សោយ និងបង្កឱ្យកើតជាជំងឺមហារីក។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានមានប្រសាសន៏ថា អគ្គនាយកដ្ឋានមានម៉ាស៊ីនពិនិត្យនិងវិភាគ អាចមើលដឹងសាច់មានជាតិគីមីផ្សេងៗ ទាំងសាច់ដែលនាំចូលនិងលក់មាននៅទីផ្សារ។
ការនាំចូលមានការត្រួតពិនិត្យដោយឧបករណ៏ត្រួតពិនិត្យ គឺមានវិញ្ញាបនបត្របញ្ជាក់ពីពេទ្យសត្វ ពីសុវត្ថិភាពពីជំងឺផ្សេងៗទើបអនុញាតឱ្យនាំចូល។ ចំពោះផលិតកម្មក្នុងស្រុក ក្រសួងកំពុងជំរុញឱ្យមានការចិញ្ជឹមសត្វតាមស្តង់ដារ ស្របតាមប្រទេសផ្សេងៗ។ ចំពោះជ្រូករស់មិនបាននាំចូលជិតមួយឆ្នាំហើយ និងការនាំចូលសត្វមាន់ក៏មានចំនួនតិចតួច ការលក់សាច់មាន់ក្នុងស្រុកមានតម្លៃប្រកួតប្រជែងគឺតម្លៃថោកខ្លាំង។
ចំណែក សមាជិកខុន្ទការិយាល័យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន កញ្ញា អ៊ឹម រចនា បានមានប្រសាសន៍ថា តម្រូវការផ្តត់ផ្គង់បន្លែនៅកម្ពុជា សព្វថ្ងៃ ជារៀងរាល់ថ្ងៃត្រូវការ ជាង៣ពាន់តោន ប៉ុន្តែផលិតកម្មបន្លែក្នុងស្រុកផលិតបានតែជាង២ពាន់តោន ដែលស្មើនិង៧៣ភាគរយ។ ដោយការផ្គត់ផ្គង់មិនបានពេញលេញជាហេតុត្រូវការឱ្យវិស័យឯកជននាំចូលចំនួនជាង ៩០០តោនក្នុង១ថ្ងៃ ស្មើ២៧ភាគរយ។ ជាពិសេសរដូវប្រាំង ផលិតកម្មបន្លែក្នុងស្រុកជួបប្រទះការរាំងស្ងួត ខ្វះប្រភពទឹក និងរដូវវស្សាមានទឹកជំនន់ឡើងខ្លាំង ដល់រដូវរំហើយកសិករអាចផលិតបានច្រើន។
កញ្ញាបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានិងភាគីដៃគូកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធស្រោចស្រព ផ្ទះសំណាញ់ ឧបករណ៍ សំភារៈកសិកម្ម និងធ្វើការបញ្ចុះតម្លៃលើធាតុចូលកសិកម្ម ដូចជា ពូជ ជី ថ្មាំបំប៉ន និងការគាំទ្របច្ចេកទេសដាំដុះផ្សេងៗ និងការលើកទឹកចិត្តឱ្យកសិករ និង អ្នកវិនិយោគក្នុងស្រុកលើវិស័យដំណាំ។
កញ្ញា រចនា បន្ថែមថា ក្រសួងកំពុងបន្តប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹងនិងជំរុញការដាំដុះក្នុងស្រុកដោយរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលធម្យម និងរយៈពេលវែង ដើម្បើលើកទឹកចិត្តប្រជាកសិករនិងអ្នកផលិតក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារឱ្យបានពេញលេញ។
អ្នកជំនាញចង់ឃើញ ភាគីពាក់ព័ន្ធគ្រប់រូប ទាំងរដ្ឋាភិបាល វិស័យឯកជន កសិករ និងអ្នកប្រើប្រាស់ ត្រូវតែរួមចំណែក អនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ដើម្បីទទួលបាននូវចំណីអាហារដែលមានសុវត្ថិភាព ទាំងចំណីអាហារនាំចូល ទាំងអាហារក្នុងស្រុក។ ត្រូវមានក្រុមសីលធម៌ គិតបុណ្យបាប និងមានទំនួលខុសត្រូវក្នុងសង្គម ពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ត់ចត់បំផុត រួមនិងពង្រឹងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង។
អ្នកស្រី ឆេង សំណូមពរឱ្យមានការដាំដុះតាមធម្មជាតិ និងប្រើប្រាស់ជីធម្មជាតិនៅក្នុងស្រុក មិនចង់ឱ្យមានការប្រើប្រាស់សារជាតិគីមី ដើម្បីឱ្យមានគុណភាពល្អ និងមិនត្រូវគិតតែពីប្រាក់ចំណេញនោះទេ ប៉ុន្តែត្រូវគិតពីផលប៉ះពាល់ដល់សុខភាព។ អ្នកស្រីបន្តថា អ្នកស្រីក៏បារម្ភការនាំចូលកសិផលពីបរទេសដែរមិនដឹងថាធ្វើយ៉ាងម៉េច។ អ្នកស្រីចង់ឱ្យមានការដាំដុះកសិផលក្នុងស្រុកកុំឱ្យមានតម្លៃថ្លៃជាងរបស់នាំចូល ដើម្បីឱ្យពលរដ្ឋគ្រប់រូបអាចទទួលយកបានទាំងអស់គ្នា។
អ្នកស្រី ឆេង បន្ថែមថា៖ «របស់នៅស្រុកខ្មែរយើងកុំលក់ថ្លៃលើសបរទេស ពេលដល់លក់ថ្លៃលើសបរទេស ប្រជាជនយើងទៅទិញរបស់បរទេស វានិងខូចសុខភាពប្រជាជនយើង។ ឧទាហរណ៍ថាតូប១លក់បន្លែមួយគីឡូ២ពាន់ តូបមួយលក់ដល់៣ពាន់ឬ៤ពាន់ អ្នកខ្លះគ្នាអត់លុយ ចំពោះអ្នកគេមានលុយគេរើសបន្លែ សុខភាពគេល្អ ដល់ពេលអ្នកអត់លុយថាដូចតែគ្នាហ្នឹង»៕