ផ្លូវមួយខ្សែចាប់ពីផ្លូវវង់ធំទី២ក្បែរប្រាសាទនាគព័ន្ធដែលកាត់ចំកណ្តាលឃុំលាងដៃនៃស្រុកអង្គរធំ នៅពេលមានរថយន្តបើកឆ្លងកាត់ម្តងៗបណ្តាលឱ្យដីហុយប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ និងខែភ្លៀងបែកភក់ពិបាកធ្វើដំណើរនៅផ្នែកខ្លះនៃផ្លូវ។ ប្រជាសហគមន៍អះអាងថា បញ្ហានេះក៏ធ្វើឱ្យបាត់បង់សម្រស់ភូមិបុរាណក្នុងតំបន់អង្គរ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរផងដែរ។
ពលរដ្ឋចំនួន៥ភូមិក្នុងតំបន់អង្គរនៅតែទន្ទឹងរង់ចាំអាជ្ញាធរមូលដ្ឋានកសាងផ្លូវមួយខ្សែនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ពួកគាត់អះអាងថា អាជ្ញាធរតែងតែសន្យានៅមុនពេលបោះឆ្នោតជាច្រើនអាណត្តិមកហើយថា នឹងកសាងផ្លូវមួយខ្សែដែលមានប្រវែងជាង១០គីឡូម៉ែត្រ ផ្នែកខ្លះនៃផ្លូវនេះមានជង្ហុក និងដីហុយទ្រលោមពេលមានម៉ូតូ រឺរថយន្តបើកបរឆ្លងកាត់ដែលបណ្តាលឱ្យធូលីហុយប៉ើងចូលផ្ទះសម្បែងរបស់អ្នកភូមិ ហើយពេលភ្លៀងបែកភក់ពិបាកធ្វើដំណើរ។
ស្ថានភាពលំបាកបែបនេះធ្វើឱ្យអ្នកភូមិខ្លះរអ៊ូថា ពួកគាត់មិនសប្បាយចិត្តពេលដែលនឹកឃើញអំពីការសន្យារបស់អាជ្ញាធរចំពោះមុខពលរដ្ឋក្នុងកិច្ចប្រជុំមុនពេលបោះឆ្នោតម្តងៗថា ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោតនឹងកសាងផ្លូវមួយខ្សែនេះដោយចាក់បេតុង មិនឱ្យពលរដ្ឋលំបាកនោះឡើយ។ ការសន្យានេះកើតឡើងតាំងពីអំឡុងពេលបោះឆ្នោតឆ្នាំ១៩៩៣រហូតមកទល់ពេលនេះ ផ្លូវនៅតែមិនទាន់ចាក់បេតុងនៅឡើយ។
ឃុំលាងដៃស្ថិតក្នុងស្រុកអង្គរធំ នៃខេត្តសៀមរាប មានភូមិចំនួន៨ និងមានប្រជាពលរដ្ឋរស់នៅជាង៣ពាន់គ្រួសារ (៣៣៣០) ស្មើនឹងពលរដ្ឋចំនួនជាង១ម៉ឺននាក់។ ពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម និងអាស្រ័យអនុផលព្រៃឈើ ហើយក្រៅពីនោះ អ្នកភូមិបានច្នៃសិប្បកម្មតម្បាញកន្ទេល ក្រមា និងដាំបន្លែក្នុងសហគមន៍ ដើម្បីទាក់ទាញភ្ងៀវទេសចរ។
អ្នកស្រី ណាល់ ជួង វ័យ៥០ឆ្នាំប្រាប់ ខេមបូចា ថា អ្នកភូមិជាច្រើនគ្រួសារពុំទាន់មានលទ្ធភាពរកប្រាក់ចំណូលពីការលក់ដូរបានខ្ពស់ដូចនៅតំបន់ផ្សេងឡើយ ដោយសារតែតំបន់នេះ គ្មានផ្លូវល្អសម្រាប់ធ្វើដំណើរ។ ម្យ៉ាងទៀតនៅពេលមានភ្ញៀវមកលេងភូមិនេះពួកគេតែងតែជិះឃ្វាងទៅទស្សនាតំបន់ផ្សេង ដោយសារតែផ្លូវមានជង្ហុកច្រើន និងដីហុយ។
ប្រការនេះហើយធ្វើឱ្យពលរដ្ឋមួយចំនួន ពិបាករកប្រាក់ចំណូលចិញ្ចឹមជីវិត ហើយក៏មានពលរដ្ឋខ្លះ ផ្លាស់ប្តូរទីតាំងទៅលក់នៅកន្លែងផ្សេងឆ្ងាយពីភូមិកំណើត។ លោកស្រីត្អូញថា បច្ចុប្បន្នពួកលោកស្រី លក់ដូរបន្លែ និងត្រីសាច់បានតែពេលព្រឹកប៉ុណ្ណោះ ដោយមិនអាចបន្តលក់ដល់ពេលរសៀលបានឡើយព្រោះពេលរសៀលមានដីហុយច្រើន ប៉ះពាល់កន្លែងលក់ដូរ។
អ្នកស្រី ណាល់ ជួង បន្តថា៖ «អត់មាននរណាគេមកទេ ផ្លូវវាពិបាក ហើយឡានពិបាកជិះចូលគេឃ្វាងរហូត បើគេធ្វើផ្លូវឱ្យអរ។ ព្រោះផ្លូវថា ធ្វើៗតែចាំម៉ាអាយូរ មិនធ្វើសោះឱ្យតែជិតបោះឆ្នោតគេថាធ្វើ តែបោះឆ្នោតហើយមិនឃើញសោះ»។
អ្នកស្រី ណាល់ ជួង លើកឡើងថាអ្នកស្រីហាក់គ្មានសង្ឃឹមនឹងទទួលបានផ្លូវថ្នល់ល្អ ដើម្បីងាយស្រួលលក់ដូរនោះទេ ព្រោះកន្លងទៅ អ្នកភូមិស្នើជាច្រើនដង ឱ្យអាជ្ញាធរពន្លឿនកសាងផ្លូវនេះ តែអាជ្ញាធរបានពន្យារពេលរហូតដល់សព្វថ្ងៃនេះ។ ជាមួយគ្នានេះ អ្នកស្រីសង្កេតឃើញថា រាល់ពេលមុនបោះឆ្នោត អាជ្ញាធរតែងតែចុះដើរកៀរគរ ដោយផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋលើរឿងដដែលៗ ទាក់ទងស្ថាបនាផ្លូវថ្នល់ ប៉ុន្តែគ្មានបានផលឡើយ។
អ្នកភូមិបានឱ្យដឹងថា មិនមែនតែគណបក្សប្រជាជនកម្ពុជា(CPP) ប៉ុណ្ណោះទេ ដែលសន្យាថា នឹងស្ថាបនាផ្លូវ មុនពេលបោះឆ្នោតម្តងៗ គណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) គណបក្សសមរង្ស៊ី អតីតគណបក្សសង្គ្រោះជាតិ (CNRP) និងគណបក្សផ្សេងៗទៀត ចាប់តាំងពីបោះឆ្នោតជាតិអាណត្តិទី១ ដល់អាណត្តិទី៧។
ព្រឹកព្រហាម ព្រះអាទិត្យបានបញ្ចេញពន្លឺក្រហមឆ្អិនឆ្អៅ ពលរដ្ឋរស់នៅក្នុងសហគមន៍ឃុំលាងដៃជាច្រើនគ្រួសារ បានម្នីម្នាទូលបន្លែ ត្រី សាច់ និងអនុផលព្រៃឈើក្នុងតំបន់អង្គរដើម្បីដាក់លក់ រួមមាន ល្ងៀង ស្តៅ ក្រសាំង ទំពាំង ននោង និងត្រី ជាដើម ដោយពួកគាត់ទាំងនោះ អង្គុយលក់ដូរនៅអមសងខាងផ្លូវនៅក្បែរចំណុចប្រសព្វគ្នា ក្នុងភូមិលាងដៃ ដែលជាទីប្រជុំជន របស់អ្នកស្រុករស់នៅទីនោះ។
ក្នុងពេលអង្គុយលក់ នៅពេលមានរថយន្ត និងម៉ូតូបើកឆ្លងកាត់ ធ្វើឱ្យធូលីហុយប៉ះពាល់លើពួកគាត់ ធ្វើឱ្យប្រឡាក់កន្លែងលក់ដូរ ដោយអ្នកខ្លះយកក្រមា និងដៃខ្ទប់ច្រមុះ ដើម្បីការពារធូលី។
កំពុងអង្គុយកាន់កាំបិតធ្វើត្រី ទាំងទ្រាំស្រូបធូលីហុយ ដែលអ្នកដំណើរជិះឆ្លងកាត់ គឺអ្នកស្រី ស្តើង ង៉ែវ អាយុ៦៦ឆ្នាំ រអ៊ូថា អ្នកស្រីលក់ដូរខ្នាតតូចនេះជាច្រើនឆ្នាំមកហើយនៅក្នុងភូមិ។ ឯការទ្រាំហិតធូលីនេះហាក់ថ្នឹកទៅហើយក្លាយជារឿងសាមញ្ញដែរ ព្រោះតែប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីបារម្ភពីផលប៉ះពាល់សុខភាពដែរ តែគ្មានជម្រើស ហើយស៊ូទ្រាំលក់ដូរដើម្បីក្រពះជាមួយនឹងការស្រូបធូលីដី។
អ្នកស្រី ស្តើង ង៉ែវ ឱ្យដឹងថា៖ «មិនចង់ទេ តែខ្ញុំចេះតែទ្រាំទៅផ្លូវនេះជំនាន់យូរហើយតាំពីកាលបោះឆ្នោត៩៣ ផ្លូវនេះគេចាក់ថ្មឱ្យតិចៗទេបណ្តែតថ្មឱ្យ ហើយឥឡូវក៏មិនទាន់អភិវឌ្ឍទៅណាទៀតដែរ ក៏មិនដែលឃើញគេធ្វើ គេសន្យាចាក់បេតុងឱ្យ»។
អ្នកភូមិម្នាក់ទៀត អ្នកស្រី អឿន កឿន វ័យ៤២ឆ្នាំ កំពុងជិះកង់ឌុបកូនទៅរៀន ដោយលើកដៃខ្ទប់ច្រមុះបណ្តើរ ព្រោះខ្លាចដីហុយចូលច្រមុះ ហើយអ្នកស្រីបានឱ្យដឹងថា អ្នកស្រីមិនហ៊ានបណ្តោយឱ្យកូនៗជិះទៅរៀនម្នាក់ឯងនោះទេ ព្រោះផ្លូវថ្នល់មានជង្ហុកច្រើន ដាច់ជាកង់ៗ និងដីហុយជាច្រើនកន្លែង ធ្វើឱ្យអ្នកដំណើរអាចនឹងពិបាកមើលឃើញក្មេងតូចៗជិះឆ្លងកាត់ ហើយវាអាចបង្កហានិភ័យខ្ពស់ដល់ក្មេងៗ។
អ្នកស្រីបន្ថែមថា ដើម្បីសុវត្ថិភាពកូន ទោះបីចំណាយពេលជូនពួកគាត់ទៅរៀនច្រើនដងក្តីក្នុងមួយថ្ងៃ ក៏អ្នកស្រីឆ្លៀតពេលដែរ។ អ្នកស្រីបន្ថែមថា កន្លងទៅកូនៗរបស់អ្នកស្រី៣នាក់ ប្រឈមនឹងដីហុយចូលភ្នែក កើតជំងឺភ្នែកក្រហម ក្អកហត់ និងជំងឺគ្រុនក្តៅខ្លួនជាដើម ដោយសារតែស្រូបធូលីដីដែលហុយ។
អ្នកស្រី អឿន កឿន និយយាថា៖ «ផ្លូវពិបាកប៉ះពាល់ចូលភ្នែក ចូលច្រមុះកូន ហើយឈឺក្តៅខ្លួនយកទៅពេទ្យ ណាមួយផ្លូវនេះខែប្រាំងហុយ វស្សាបែកភក់វល់»។
សព្វថ្ងៃអ្នកស្រីមានកូនចំនួន៣នាក់ ក្នុងនោះមាន២នាក់ជាជនពិការ អ្នកស្រីត្រូវមើលថែពួកគាត់ ដោយយកចិត្តទុកដាក់ ដើម្បីសុវត្ថិភាពកូនៗ និងត្រូវចំណាយថវិកា និងពេលវេលាច្រើនព្យាបាលពួកគាត់ពេលឈឺម្តងៗ។
រីឯពលរដ្ឋម្នាក់ទៀត ដែលជាអតីតជំនួយការសាលាឃុំលាងដៃ គឺអ្នកស្រី កង ស្រីម៉ៅ វ័យ ៣៥ឆ្នាំ បានរៀបរាប់ថា ផ្លូវថ្នល់មួយខ្សែនេះ តាំងពីអ្នកស្រីកើតមក រហូតដល់ធំដឹងក្តី នៅមិនទាន់ឃើញអាជ្ញាធរកសាងឱ្យស្អាត ដើម្បីងាយស្រួលធ្វើដំណើរនោះឡើយ។ ប្រការនេះហើយ អ្នកភូមិត្រូវស្វះស្វែង ជួសជុលដោយខ្លួនឯងជាច្រើនឆ្នាំមកហើយ។ អ្នកស្រីយល់ថា បើអាជ្ញាធរសន្យាជាមួយពលរដ្ឋហើយ គួរតែធ្វើតាមពាក្យសន្យា កុំឱ្យពលរដ្ឋទន្ទឹងរង់ចាំយូរពេក។
អ្នកស្រី កង ម៉ៅ បន្ថែមថា៖ «គេសន្យាចាក់បេតុងហើយ តែអត់ធ្វើ»។
រីឯលោកមេភូមិលាងដៃ លោក ព្រះ ប្រាង ទទួលស្គាល់ថា ផ្លូវក្នុងសហគមន៍ពិតជាពិបាក ហើយលោកមានគម្រោង ចាក់ក្រួសក្រហម និងជួសជុលកន្លែងមានជង្ហុកមួយចំនួន។
លោកបន្តថា ថ្មីៗនេះលោកស្នើសុំផ្លូវបេតុងទៅថ្នាក់លើ ជាច្រើនដងរួចមកហើយ តាមសំណើរបស់ប្រជាជនក្នុងភូមិ ក៏ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប មកវិញនៅឡើយទេ។
លោក ព្រះ ប្រាង បញ្ជាក់ថា៖ «ថាទិញដីហើយតែរកមិនទាន់បាន ចំណែកផ្លូវទូទៅខ្ញុំដាក់សំណើទៅថ្នាក់លើច្រើនដងដែរ តែដូចជាប៉ុន្មានថ្ងៃមុនខ្ញុំទៅប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី នៅខេត្តពីរថ្ងៃ ខ្ញុំបានស្នើផ្លូវបេតុងដែរ»។
ពាក់ព័ន្ធរឿងនេះ មេឃុំលាងដៃ លោក គឿន កើប ច្រានចោល ចំពោះការចោទប្រកាន់របស់ពលរដ្ឋ ព្រោះក្រុមការងារឃុំ បានប្រឹងប្រែងសម្រួល កសាងផ្លូវថ្នល់ជាច្រើនខ្សែរួចមកហើយ ក្នុងឃុំលាងដៃនេះ។
លោកលើកឡើងថា អាជ្ញាធរកំពុងរៀបចំធ្វើផ្លូវក្រាលក្រួសក្រហម ផ្លូវចាក់បេតុង និងផ្លូវដីសកាត់វាលស្រែជាច្រើនក្នុងភូមិ ដែលពួកគាត់មានតម្រូវការជាអាទិភាព។
លោកមេឃុំ គឿន កើប ថ្លែងថា៖ «ខែប្រាំងខ្ញុំទទួលស្គាល់ដីហុយ និងខែវស្សាបែកភក់ធ្វើដំណើរពិបាកពិតមែន ហើយខាងក្រុមការងារក៏បានចាក់ដីក្រហមលុបឱ្យប្រើការសិនដែរ។ ប៉ុន្តែបើទាមទារផ្លូវបេតុងលឿន គឺខាងយើងមិនអាចទៅធ្វើជូននៅតំបន់នោះមុនបានទេ ព្រោះមានកន្លែងផ្សេងៗ លំបាកខ្លាំងជាង»។
មេឃុំរូបនេះបង្ហាញចក្ខុវិស័យថា នៅថ្ងៃខាងមុខរដ្ឋបាលឃុំលាងដៃនឹងរៀបចំអភិវឌ្ឍន៍កែប្រែខ្លួនឱ្យក្លាយទៅជាសហគមន៍គំរូមួយ ក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញអ្នកទេសចរ ដូចនៅឃុំព្រះដាក់ដែរ ទាំងផ្លូវថ្នល់ សេវាកម្ម ការលក់ដូរ និងសណ្តាប់ធ្នាប់ ទោះបីឃុំនេះទើបដើរក្រោយគេក្តី។
រីឯអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី វណ្ណ: បកស្រាយថា ទុក្ខលំបាករបស់ពលរដ្ឋ ដោយសារតែផ្លូវពិបាកធ្វើដំណើរ ថ្នាក់លើកំពុងព្យាយាមគិតគូ និងសិក្សាមើលហើយ ប៉ុន្តែការសាងសង់ មិនអាចពន្លឿនតាមតម្រូវចិត្តរបស់ពលរដ្ឋភ្លាមៗឡើយ។
លោកបញ្ជាក់ថា គម្រោងកសាងផ្លួវនេះជាមូលនិធិកញ្ចប់ថវិកាឃុំ ដោយមានទីតាំងខ្លះ ទាមទារការសិក្សាលម្អិត និងមានភាពស្មុគស្មាញច្រើន ជាមួយភាគីពាក់ព័ន្ធ។ លោកបញ្ជាក់ថា ភាពស្មុគស្មាញដោយសារតំបន់នោះស្ថិតក្នុងតំបន់បុរាណ ឬក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលចាំបាច់មានការចូលរួមធ្វើកំណាយ និងសិក្សាពីភាគីពាក់ព័ន្ធ។
លោក លី វណ្ណៈ បន្ថែមថា៖ «តាមការរៀបរាប់យើងយល់ ប៉ុន្តែវាមានពាក់ព័ន្ធរឿងច្រើនទៀតដែលមិនអាចធ្វើបានលឿនដូចនិយាយចឹង។ ហេតុអីថាច្រើនឆ្នាំហើយធ្វើអត់បាន អ៊ីចឹងយើងកំពុងតែសិក្សារឿងនេះ ដោយសារយើងដឹងហើយថាតំបន់អង្គរមួយចំនួន យើងមិនទាន់បានធ្វើកំណាយផ្សេងៗនៅឡើយ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បដិសេធមិនបកស្រាយរឿងនេះលម្អិតទេ ដោយលោកលើកហេតុផលយ៉ាងខ្លីថា ប្រសិនបើពលរដ្ឋក្នុងឃុំលាងដៃ ពិតជាត្រូវការផ្លូវចាំបាច់ សូមឱ្យពលរដ្ឋមកជួបក្រុមការងារលោកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យពួកលោកបានទទួលព័ត៌មាននេះច្បាស់។ លោកបញ្ជាក់ថា ប្រសិនបើផ្លូវបង្កការលំបាកពិតមែន លោកនឹងពិចារណាដោះស្រាយ។
លោក ឡុង កុសល ថ្លែងថា៖ «ប្រសិនបើពលរដ្ឋគាត់ពិបាកវេទនារឿងធ្វើដំណើរ សូមអញ្ចើញពលរដ្ឋ មកផ្តល់ព័ត៌មានដល់ក្រុមការងារនៅការិយាល័យ ប្រសើរជាងផ្តល់ពត៌មានប្រយោលមិនជាក់លាក់»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា នៅតំបន់រមណីយដ្ឋានអង្គរ ផ្លូវមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញអ្នកទេសចរ អាជ្ញាធរមិនគួរពន្យារពេលសាងសង់នោះទេ ព្រោះបង្កការលំបាកដល់ពលរដ្ឋ។
លោក យង់ គិមអេង ថ្លែងថា៖ «ផលប្រយោជន៍ទាំងពលរដ្ឋ និងអ្នកទេសចរផង បើយើងធ្វើបានល្អទៅចលនាសេដ្ឋកិច្ចវាកើតឡើងព្រោះដូចនៅឃុំប្រដាក់ អ្នកណាក៏ល្បីថាមានចំណីចំណុក មានអ្វីដែលជាអត្តសញ្ញាណរបស់គេលក់ដូចជាម្ហូបអាហារអីជាដើម។ នៅតំបន់នោះក៏ដូចគ្នាដែរឱ្យតែធ្វើបានមានអ្នកទេសចរ គេទៅទិញនេះទិញនោះ»។
ជាមួយគ្នានេះ អ្នកគ្រប់គ្រងប្រចាំតំបន់នៃអង្គការ លីកាដូ ដែលមានការិយាល័យនៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ពន្យល់ថា ពលរដ្ឋក្នុងសហគមន៍មានសិទ្ធិទទួលបានការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់។ លោកសង្កេតឃើញថា កន្លងទៅតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងអ្នកនយោបាយមកពីគណបក្សដទៃទៀត ឱ្យតែមុនពេលបោះឆ្នោតជាតិ និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តែងតែចុះសួរសុខទុក្ខពលរដ្ឋ និងសន្យាខ្នះខ្នែងអភិវឌ្ឍន៍មូលដ្ឋាន ក៏ប៉ុន្តែពេលបោះឆ្នោតរួចបែរជាស្ងាត់ឈឹង។
លោក អ៊ិន គង់ជិត លើកឡើងថា៖ «សូមស្ថាប័នពាក់ព័ន្ធទាំងអស់ហ្នឹងកុំទុកយូរ ជាពិសេសអាជ្ញាធរអប្សរាជាមួយនិងមន្ទីរទេសចរណ៍ខេត្តត្រូវយកចិត្តទុកដាក់ធ្វើផ្លូវទាំងអស់ហ្នឹងឱ្យមានលក្ខណៈថ្មីឱ្យល្អប្រសើរដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផង និងសម្រាប់អ្នកធ្វើដំណើរទេសចរផង ព្រោះអីទាំងអស់ហ្នឹងហើយដែលជាកត្តាទាក់ទាញគេជាភ្ញៀវទេសចរ ឱ្យចូលមក»។
ប្រជាសហគមន៍លាងដៃសង្ឃឹមថា ពួគគេនឹងមានផ្លូវធ្វើដំណើរល្អ និងទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀតក្នុងពេលឆាប់ៗនេះ ហើយភូមិឋានរបស់អ្នកភូមិអង្គរនឹងមានសោភ័ណភាពល្អឱ្យសមទៅនឹងឈ្មោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រពិភពលោក៕