សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋឃុំកំពង់ភ្លុកបារម្ភពីការបាត់បង់របរនេសាទ ខណៈកម្ពស់ទឹកក្នុងបឹងទន្លេសាបកាន់តែទាប

អ្នកនេសាទកំពុងបង់សំណាញ់នៅដៃទន្លេសាប ក្នុងខេត្តសៀមរាប ខណះដែលទឹកចាប់ផ្តើមឡើងបន្តិច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី
អ្នកនេសាទកំពុងបង់សំណាញ់នៅដៃទន្លេសាប ក្នុងខេត្តសៀមរាប ខណះដែលទឹកចាប់ផ្តើមឡើងបន្តិច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី

សៀមរាប៖ ការឡើងចុះមិនទៀងទាត់ នៃរបបទឹកក្នុងបឹងទន្លេសាប កំពុងក្លាយជាក្ដីបារម្ភមួយសម្រាប់ប្រជានេសាទក្នុងសហគមន៍ឃុំកំពង់ភ្លុក ដែលពឹងអាស្រ័យផលសំខាន់លើធនធានជលផល។ សហគមន៍បារម្ភថា ពួកគេអាចនឹងបាត់បង់របរពីដូនតា ខណៈដែលធនធានត្រីកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។

បឹងទន្លេសាប ដែលធ្លាប់ត្រូវបានគេហៅថា ជាជង្រុកត្រីដ៏ធំជាងគេនៅកម្ពុជា កំពុងផ្លាស់ប្ដូរនាពេលបច្ចុប្បន្ននេះ។ ការផ្លាស់ប្ដូរនេះត្រង់ថា ធនធានត្រីកាន់តែខ្សត់ ដែលធ្វើឱ្យប្រជានេសាទមើលមិនច្បាស់ពីអនាគតនៃរបរនេសាទ ក្នុងបឹងដ៏ធំមួយនេះ។ សង្គមស៊ីវិលលើកទ្បើងថា របបទឹកកាត់តែទាបដោយសារការសាងសង់ទំនប់វារីអគ្គិសនី​ និងកត្តាបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់និរន្តរភាពនៃអាងទន្លេមេគង្គ។

កំពុងអង្គុយមើលអ្នកនេសាទផ្សេងទៀតជួសស្បៃលបក្រោមផ្ទះ លោក ប៉ាន់ សម្បត្តិ អាយុ ៥៦ឆ្នាំ និយាយសំដីមួយៗថា ត្រីមួយចំនួនធំបានបាត់មុខជាបណ្ដើរៗ ហើយការនេសាទសព្វថ្ងៃ ដោយចាប់បានតែប្រភេទត្រីកញ្ចុះ ត្រីឆ្លាំង និងបត្រីឆ្កែង ដែលថ្ងៃខ្លះរកត្រីបានតែ១ទៅ២គីឡូក្រាមប៉ុណ្ណោះ។ កាលពីមុន លបស្បៃចំនួន៨របស់លោក អាចរកត្រីបានពី១០គីឡូក្រាមឡើង។ លោកយល់ឃើញថាបទល្មើសនេសាទ និងការសង់ទំនប់វារីអគ្គិសនី ទំនងជាមូលហេតុសំខាន់ធ្វើឱ្យខ្សត់ត្រីបែបនេះ។

លោក ប៉ាន់ សម្បត្តិ លើកឡើងថា៖ «និយាយទៅ មនុស្សរកច្រើនក៏ថាបាន​ ថាគេអ្នកយាមវាមិនច្បាស់លាស់ក៏បាន អ្នកធ្វើការសព្វថ្ងៃវាអត់ច្បាស់លាស់ រឿងយាមកាម យាមដុង(យាមប្រវ៉ាស់រាប់ក្បាលទូក)យកតែលុយខ្លួនឯង…ជំនាន់គេមិនទាន់ធ្វើទំនប់ធ្វើអី ទឹកវាធំ ដល់ឮថាគេធ្វើទំនប់ឯណេះឯណោះទៅ ក៏ទឹកចេះតែតូចទៅ»

ឃុំកំពង់ភ្លុក ស្ថិតក្នុងស្រុកប្រាសាទបាគង ជាសហគមន៍ដ៏ធំមួយក្នុងខេត្តសៀមរាប បន្ទាប់ពីឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ដែលមានប្រជាជនជាច្រើនពឹងអាស្រ័យលើធនធានជលផលនៃបឹងទន្លេសាប។ ដ្បិតថា ឆ្នាំនេះ ទឹកទន្លេសាបហាក់ឡើងខ្ពស់ និងលឿនបន្ដិចធៀបនឹងឆ្នាំទៅមុនក៏ពិតមែន តែប្រជានេសាទមើលឃើញថា ត្រីនៅតែខ្សត់ដូចប៉ុន្មានឆ្នាំមុនដែរ។

លោក អំ សុផល វ័យ៥៥ឆ្នាំ កំពុងរៀបចំសម្ភារចុះទូកជាមួយភរិយាដើម្បីចេញទៅនេសាទ។  ផ្ទៃមុខខ្មៅដោយសារពន្លឺថ្ងៃ លោក សុផល រៀបរាប់ថា ការនេសាទរាល់ថ្ងៃនេះកាន់តែពិបាក ត្រីកាន់តែតិច ដោយថ្ងៃខ្លះលោករកបានត្រីត្រឹម ៣ ទៅ៥គីឡូក្រាម ហើយក្រោយកាត់ចំណាយសល់ថវិកា១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។

លោកនិយាយថា៖ «រាល់ថ្ងៃប៉ះពាល់ជីវភាពដែរ ថ្ងៃខ្លះបានមួយម៉ឺន[រៀល]ទៅ ទិញអង្ករ ម្ហូប បារី អស់ល្មម»។

អ្នកនេសាទរូបនេះ មើលឃើញថា កំណើននៃបទល្មើសនេសាទ ជាមូលហេតុសំខាន់នៃការវិនាសអន្ដរាយធនធានត្រីក្នុងបឹងទន្លេសាប។ លោករៀបរាប់ថា៖ «មូលហេតុចេះតែមានហើយ វាប៉ះពាល់ពេក ពួកយ៉ាងកាវ (ឧបករណ៍នេសាទទំនើប) វាអូសដាក់ម៉ាស៊ីនត្រជាក់…សម្បូរបទល្មើសនេសាទ ទាំងខ្មែរផង យួនផង»។

លោក តាន់ សៃ កំពុងបីកូនសម្លឹងមើលកំពង់ក្រោយផ្ទះ ដែលទឹកចាប់ផ្តើមឡើងបន្ដិចតាមដៃទន្លេ បាននិយាយថា លោកខានចេញទៅនេសាទត្រីមួយរយៈហើយ ដោយសារនេសាទមិនបាន ហើយត្រូវខាតទាំងកម្លាំង និងសោហ៊ុយ។

មានវ័យ ៤២ឆ្នាំ លោក តាន់ សៃ រៀបរាប់ថា៖«វាអស់ហើយត្រីសព្វថ្ងៃ មិនមានត្រីទៀតទេ រកមួយឆ្នាំមានតែអន់បន្ដិចៗ…បើចេញទៅម្ដងៗ បានត្រី៥គីឡូ[ក្រាម] គិតជាលុយ ៣ម៉ឺន ២៥,០០០រៀល កាត់សាំងអីទៅ ដូចតែអត់»។

លោក សាន ឡោះ កំពុងរៀបចំឧបករណ៍សៃយ៉ឺនយកទៅដាក់នៅក្នុងបឹងទន្លេសាប ក្នុងខេត្តសៀមរាប នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី
លោក សាន ឡោះ កំពុងរៀបចំឧបករណ៍សៃយ៉ឺនយកទៅដាក់នៅក្នុងបឹងទន្លេសាប ក្នុងខេត្តសៀមរាប នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី

លោក សាន ឡោះ និងភរិយា រួមនិងកូនស្រីអាយុប្រហែល៨ឆ្នាំម្នាក់ទៀត កំពុងញាប់ដីជើង រៀបចំសៃយ៉ឺន ដែលជាឧបករណ៍ដាក់កំពឹស លើទូកតូចមួយរបស់ខ្លួន បាននិយាយថា សព្វថ្ងៃជីវភាពគ្រួសារពឹងទាំងស្រុងលើការនេសាទ ក្រោយរបរដឹកភ្ញៀវទេសចរតាមកាណូតទូក បានជាប់គាំងដោយសារវិបត្តិជំងឺកូវីដ-១៩។

 លោកនិយាយថា៖ «មុនរកភ្ញៀវដែរ កូវីដដាច់ភ្ញៀវ ចឹងរំពឹងតែនេសាទ។ ពីមុនស៊ីឈ្នួលបើកកាណូតឱ្យគេ រកត្រីខ្លះ មួយថ្ងៃបាន ២ទៅ៣គីឡូក្រាម កាត់សោហ៊ុយអត់សល់ទេ ចាយមិនសឹងគ្រប់ផង ខ្វះមុខខ្វះក្រោយ»។

រៀបចំសៃយ៉ឺនបណ្ដើរឆ្លៀតនិយាយជាមួយអ្នកសារព័ត៌មានបណ្ដើរ លោក សាន ឡោះ វ័យ ៣៤ឆ្នាំ រៀបរាប់ថា គ្រួសារលោកទើបរៀបចំដាក់ឧបករណ៍រកកំពឹសបន្ថែម ក្រោយទឹកឡើងបានបន្ដិច ដើម្បីផ្សែផ្សំចំណូលបន្ថែម ពីការដាក់ឧបករណ៍នេសាទត្រី។

លោក សាន ឡោះ រអ៊ូតិចៗថា៖ «បារម្ភដែរ យើងរកអត់បាន យើងសង្ឃឹមតែត្រី ដល់ពេលត្រីវាអត់អ៊ីចេះ យើងអត់មានស្រែអី[ធ្វើ] វាពិបាក»។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លោក ឱម សាវ៉ាត មានប្រសាសន៍ថា ទាក់ទងនឹងកម្ពស់ទឹកក្នុងអាងទន្លេមេគង្គ កន្លងមករាជរដ្ឋាភិបាលតែងលើកពីមូលហេតុនៃបម្រែបម្រួលអាកាសធាតុជាធំ តែអ្វីដែលលោកមើលឃើញថាជាមូលហេតុចម្បងនោះ គឺការសាងសង់ទំនប់វារីអគ្គិសនីទៅវិញទេ។

លោក សាវ៉ាត និយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា កត្តាសំខាន់គឺគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីតាមដងទន្លេមេគង្គ ហើយរឿងអាកាសធាតុទី២»។

លោកបន្តថា៖ «ធម្មតា​ វាចុងខែ៨ទឹកជន់ ឡើងកម្រិតកំពូលហើយ វាអាចថា ប្រសិនបើទឹកតូចល្មមក៏ខ្ទង់៨ ទៅ៩ម៉ែត្រដែរ ហើយបើទឹកធំ អាចដល់១១ ឬ១៣ម៉ែត្រ។ មកដល់ឥឡូវនេះ ទឹកមិនដល់៦ម៉ែត្រផង ចឹងបានថា ទឹកនៅតែតូច»។

បន្ថែមពីនេះ លោកថា ការថមថយនៃព្រៃលិចទឹក និងការគ្រប់គ្រងធនធានជលផលមិនបានល្អ ក៏មានឥទ្ធិពលបន្ទាប់បន្សំផងដែរ។

លោក សាវ៉ាត លើកឡើងទៀតថា៖ «ការការពារព្រៃក្នុងតំបន់បឹងទន្លេសាបនៅមានកម្រិតមែនទែន ដោយសាររាជរដ្ឋាភិបាលកំណត់តំបន់៣ជុំវិញបឹងទន្លេសាប ជាតំបន់ហាមដាច់ខាត តែយើងឃើញថា ការពារអត់បាន នៅក្នុងអនុក្រឹត្យស្ដីពីការគ្រប់គ្រងព្រៃលិចទឹកបឹងទន្លេសាបមានប្រមាណ ៦៤ម៉ឺនហិកតា ប៉ុន្តែធាតុពិតវាអត់ដល់ ៥០ភាគរយនៃចំនួននេះផង ដែលធ្វើឱ្យវាប៉ះពាល់ដល់ពួកមច្ឆាជាតិ»។

លោក ឱម សាវ៉ាត បានបន្ថែមថា កត្តាទាំងនេះ ធ្វើឲ្យរងផលប៉ះពាល់ និងគំរាមកំហែងផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋប្រមាណ២លាននាក់ នៅតាមខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ដូចជាចំណូលពួកគេធ្លាក់ចុះ កូនក្មេងជំនាន់ក្រោយបាត់បង់ឱកាសរៀនសូត្រ និងការបំលាស់ទីរកការងារធ្វើនៅទីក្រុង ឬទៅក្រៅប្រទេសជាដើម។

ទូកទេសចរណ៍ និងទូកនេសាទសំចត នៅដៃទន្លេ ក្នុងឃុំកំពង់ភ្លុកខេត្តសៀមរាប នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី
ទូកទេសចរណ៍ និងទូកនេសាទសំចត នៅដៃទន្លេ ក្នុងឃុំកំពង់ភ្លុកខេត្តសៀមរាប នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី

មន្រ្តីសម្របសម្រួលបណ្ដាញវេទិកានៃអង្គការមិនមែនរាជរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក ម៉ក់ ប៊ុនធឿន លើកឡើងថា ចាប់ពីឆ្នាំ២០១៩ មក កម្ពស់ទឹកនៅដងទន្លេមេគង្គ មានកម្រិតទាប ហើយមូលហេតុជាក់លាក់នោះ ពុំទាន់មានការវាយតម្លៃថាមកកត្តាអ្វីឱ្យប្រាកដឡើយ រួមទាំងគណៈកម្មាធិការទន្លេមេគង្គកម្ពុជា (MRC)។ លោកបន្ថែមថា កន្លង MRC តែងទាញមូលហេតុចម្បងមកពីបម្រែបម្រួលអាកាសធាតុ តែជាក់ស្ដែងវាមានកត្តាគួបផ្សំគ្នាពីការសាងសង់ទំនប់វារីអគ្គិសនីនៅប៉ែកខាងលើផង។

លោក ប៊ុនធឿន ពន្យល់ថា៖ «តើ MRC គាត់មិនដឹង ឬក៏ដឹង យើងអត់ដឹងដែរ តែគ្រាន់តែចង់បញ្ជាក់ថា រឿងទាំងអស់នេះ វាមានលក្ខណៈរសើបនៅពេលនិយាយរឿងកម្រិតទឹកទាបទន្លេមេគង្គ ហើយរកប្រភពមូលហេតុមកពីណា គឺមានលក្ខណៈរសើប ដែលគណៈកម្មាធិការទន្លេមេគង្គហាក់ដូចជាស្ទាក់ស្ទើរក្នុងការនិយាយឱ្យច្បាស់ ថាអ្វីជាមូលហេតុពិតប្រាកដ ក្រៅពីថាមកពីបាតុភូតធម្មជាតិ គ្រោះរាំងស្ងួតនៅក្នុងតំបន់មេគង្គហ្នឹង»។  ដោយបន្ថែមថា៖ «ហើយជាក់ស្ដែងបាតុភូតអែលនីណូវាកើតមានមែន (ឆ្នាំមុន) វាផ្សំគ្នាទាំងបាតុភូតធម្មជាតិ ទំនប់វាប្រតិបត្តិការខាងលើផង វាធ្វើឱ្យប៉ះពាល់លំហូរទឹកខាងក្រោម»។

តាមការបញ្ជាក់ពីមន្រ្តីនៃអង្គការ NGO Forum បច្ចុប្បន្ននេះ ទំនប់វារីអគ្គិសនីនៅប៉ែកខាងលើ សរុបមាន១៣កន្លែងក្នុងនោះនៅប្រទេសចិនមាន ១១ នៅឡាវមាន២ និងមានគម្រោងសាងសង់ជាបន្តបន្ទាប់ទៀត។ ចំណែកនៅ កម្ពុជាវិញក៏មាន២ដែរ គឺស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្ទឹងត្រែង តែរដ្ឋាភិបាលសម្រេចផ្អាកបណ្ដោះអាសន្ន ដោយរង់ចាំរហូតដល់ឆ្នាំ២០៣០ ដើម្បីពិចារណាម្ដងទៀត។

លោក ប៊ុនធឿន បន្តថា សព្វថ្ងៃអ្វីដែលស្ថាប័នលោកកំពុងធ្វើ គឺព្យាយាមសិក្សាព័ត៌មានលម្អិតតាមសហគមន៍ ដើម្បីចងក្រងពីផលប៉ះពាល់នានានៅថ្នាក់ក្រោមជាតិ ដាក់ជូនរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលថ្នាក់តំបន់តាមរយៈគណៈកម្មាធិការទន្លេមេគង្គ ដើម្បីមានវិធានការបន្ធូរបន្ថយ ឬដោះស្រាយផលប៉ះពាល់នៃឥទ្ធិពលកម្ពស់ទឹកទន្លេមេគង្គទាប នៅសហគមន៍ផ្នែកខាងក្រោម។

អគ្គលេខាធិការគណៈកម្មាធិការទន្លេមេគង្គកម្ពុជា (MRC) លោក សូ សុភ័ទ្ទ មានប្រសាសន៍ថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនៅពេលនេះ មានកម្រិតទាបនៅឡើយ បើធៀបនឹងឆ្នាំទៅ។ ទាក់ទងនឹងការប្រើប្រាស់ទឹកក្នុងអាងទន្លេ មេគង្គ MRC កំពុងអនុវត្តនីតិវិធី ដែលបានអនុម័តដោយប្រទេសជាសមាជិក ដូចជា នីតិវិធីស្ដីពីការចែករំលែក និងផ្ដាស់ប្ដូរទិន្នន័យ និងព័ត៌មាន នីតិវិធីស្ដីពីការជូនដំណឹង នីតិវិធីស្ដីពីការថែរក្សាធនធានទឹក និងនីតិវិធីស្ដីពីការពិនិត្យតាមដានការប្រើប្រាស់ទឹក និងគុណភាពទឹក។

លោក សូ សុភ័ទ្ទ បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិក ដោយថា MRC ក៏បានអនុម័តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ឆ្នាំ២០២១-២០៣០ ដែលបានកំណត់នូវអាទិភាពជាយុទ្ធសាស្រ្ត ដែលប្រទេសជាសមាជិក ត្រូវសហការរួមគ្នាអនុវត្តឲ្យបានសម្រេច និងទទួលបានជោគជ័យ មានផ្នែកបរិស្ថាន សង្គម សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ ជាដើម ធ្វើយ៉ាងណាធានាដល់និរន្តរភាពនៃអាងទន្លេមេគង្គ។

លោក សូ សុភ័ទ្ទ មិនបានបដិសេដចំពោះការលើកឡើងថា ទឹកទន្លេមេគង្គទាបដោយសារ ការសាងសង់ទំនប់វារីអគ្គិសនីនោះទេ តែលោកថា វាក៏រួមបញ្ចូលពីកត្តាធម្មជាតិខ្លាំងដែរ។ លោកពន្យល់ថា៖ «ជាទូទៅ កម្រិតកម្ពស់ទឹកនៅក្នុងអាងទន្លេមេគង្គ គឺអាស្រ័យលើកត្តាធម្មជាតិ និងកិច្ចប្រតិបត្តិការសំណង់ហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជាទំនប់វារីអគ្គិសនីជាដើម ដែលមាននៅលើទន្លេមេគង្គ និងដៃទន្លេ ក្នុងប្រទេសតាមដងទន្លេមេគង្គ »។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ទិន្នផលត្រីទឹកសាបចាប់ផ្តើមថមថយពីឆ្នាំ២០១៨មក។ បរិមាណត្រីទទួលបានក្នុងឆ្នាំ២០១៩ មានជាង ៤៧ម៉ឺនតោន ធ្លាក់ចុះជាង១០ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលសរុបជាង ៥០ម៉ឺនតោន។ តាមរបាយការណ៍ឆ្នាំ២០២០ ក្នុងត្រីមាសទី១ ទិន្នផលត្រីទឹកសាប ធ្លាក់ចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩។

មេឃុំកំពង់ភ្លុក លោក សុខ ប្លង់ មានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចក្នុងសហគមន៍របស់លោកនាពេលបច្ចុប្បន្ន កាន់តែពិបាក ពិសេសអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ដែលអូសបន្លាយរយៈពេល២ឆ្នាំមកនេះ។ លោកពន្យល់ថា ពីមុន ពលរដ្ឋពឹងរបរសំខាន់ៗចំនួនពីរ គឺនេសាទ និងឧស្សាហកម្មទេសចរណ៍ នៅពេលធនធានត្រីរកមិនសូវបាន គឺនៅមានចំណូលពីភ្ញៀវទេសចរ តែសព្វថ្ងៃ របរនេសាទ ជាឆ្នាំងបាយតែមួយគត់សម្រាប់សហគមន៍មួយនេះ។

លោកបន្តថា៖ «រឿងបារម្ភ បារម្ភហួសបារម្ភ យើងចុះផ្ទាល់ជួបគាត់ រស់នៅជាមួយគាត់ទៀត ប៉ុន្តែបើនិយាយឱ្យខ្លីទៅ ដោយសារវិបត្តិកូវីដ-១៩ ក៏យើងមិនធ្លាក់ដល់កម្រិតនេះដែរ។ ប្រជាពលរដ្ឋមួយចំនួនទទួលផលពីទេសចរណ៍ បានចំណូលមួយផ្នែកទៅ មួយចំនួនទៀតកាលណាអត់មានកូវីដ សម្បូរការងារធ្វើ ទោះផលនេសាទថយ ក៏អាចរកការងារឯណេះឯណោះធ្វើបាន។ តែបច្ចុប្បន្នក្មេងៗដែលធំគេរៀនចេះដឹង ទៅរកការងារធ្វើនៅលើ កាត់បន្ថយការធ្វើនេសាទ»។

ក្រៅពីត្អូញត្អែរពីការរកត្រីមិនបាន សហគមន៍កំពង់ភ្លុក ក៏មានបន្ទុកលើការបង់ពន្ធលើឧបករណ៍នេសាទមួយចំនួនជាប្រចាំឆ្នាំផងដែរ។ ពលរដ្ឋទាំងនោះអះអាងថា អាជ្ញាធរបានដំឡើងពន្ធពាក់កណ្ដាល ដែលធ្វើឱ្យពួកគេជួបការលំបាកជាខ្លាំង​ ស្របពេលដែលចំណូលលើជលផលកាន់តែទាប។

លោក ប៉ាន់ សម្បត្តិ ដែលមានឧបករណ៍លបស្បៃ ប្រភេទក្រឡា ៤ហ៊ុន ដែលរដ្ឋបានអនុញ្ញាត រៀបរាប់ថា លោកត្រូវចំណាយលើការបង់ពន្ធឧបករណ៍នេះជិត២លានក្នុងមួយឆ្នាំ ព្រោះថាអ្នកដែលចុះមកយកពន្ធរហូតដល់៤ស្ថាប័ន។

លោកពន្យល់ថា៖ «មាន៤ក្រសួង មានជលផល បរិស្ថាន អូបេ (អង្គការផ្នែកជលផល) និងផ្នែកមួយស្ថាប័ន មុនយក១០ម៉ឺន[រៀល]ទេ ខ្ញុំសុំពាក់មី (បង្កាន់ដៃបង់ពន្ធ) គេថាអត់បាន ពាក់មីថ្លៃណាស់។ ពីមុនគេមាន គេមកចាប់ទៀតអត់បាន តែសព្វថ្ងៃអត់ គេដឹងតែមកយក មកយកហើយ ហាមមិនឱ្យដាក់ទៀត បង់មួយឆ្នាំ៣ដង ឆ្នាំនេះឡើងថ្លៃ អូបេ ៣០ម៉ឺនរៀល បរិស្ថាន ២៥ម៉ឺនរៀល»។

ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ប្រាប់ថា លោកកំពុងស៊ើបសួរព័ត៌មានបន្ថែម ហើយថា នឹងមិនអត់ឱនចំពោះមន្រ្តីដែលប្រព្រឹត្តិដូចនេះឡើយ។

 លោក ទៀ សីហា មានប្រសាសន៍ថា៖ «ខ្ញុំឮ ក៏ប៉ុន្តែយើងមិនទាន់ច្បាស់ ថាតើខាងណាអ្នកទៅដំឡើងហ្នឹង ហើយខ្ញុំកំពុងតាម»។ ដោយលោកបន្ថែមថា៖ «ឥឡូវកំពុងពិបាកទាំងអស់គ្នា ហើយដូចប្រជានេសាទចឹងដែរ មិនគួរទៅគៀបក្នុងការបង់ពន្ធ ឬមួយក៏អីទេ អាបង់ពន្ធតាមធម្មតា វាពិបាកហើយ ចឹងបានថា កំពុងតាមមើលរឿងហ្នឹង»។

អ្នកស្រី សយ ជា កំពុងអង្គុយជួសស្បៃលប នៅក្រោមផ្ទះនាភូមិគោកក្ដុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី
អ្នកស្រី សយ ជា កំពុងអង្គុយជួសស្បៃលប នៅក្រោមផ្ទះនាភូមិគោកក្ដុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី

ចំពោះការលំបាករបស់ប្រជានេសាទ ដែលរកត្រីមិនសូវបាន លោក ទៀ សីហា ប្រាប់ថា​លោកបានទម្លាក់ការងារនេះទៅមន្រ្តីរបស់លោក ដើម្បីជួយមើលប្រជាពលរដ្ឋដែលកំពុងខ្វះខាត ហើយរដ្ឋអាចជួយឧបត្ថម្ភជាស្បៀងអាហារខ្លះៗ ដូចករណីអ្នកឆ្លងជំងឺកូវីដ-១៩ដែរ។ លោកអភិបាលខេត្តទទួលស្គាល់ថា ផលត្រីពិតជាខ្សត់ និងពិបាករកធៀបនឹងប៉ុន្មានឆ្នាំមុនៗ  តែថាទីផ្សារនៅទូលំទូលាយ។

លោក ទៀ សីហា មានប្រសាសន៍ថា៖«វាមានត្រីដែរក្នុងរដូវនេះ អាចបាន តែមិនសូវជាទូលំទូលាយដូចមុន តែទីផ្សារការលក់ត្រីនៅបន្តមាន មិនទាន់កាត់ផ្ដាច់ទាំងស្រុងទេ»។

បន្ថែមពីនេះ ថ្នាក់ដឹកនាំខេត្តរូបនេះបានបង្ហើបថា លោកក៏កំពុងរៀបចំក្រុមការងារដើម្បីជួយសម្រួលការលក់ផលិតផលត្រីរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញផងដែរ និងមានការដឹកជញ្ជូនដល់អតិថិជនតាមផ្ទះ។

ឃុំកំពង់ភ្លុក ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឃុំនេះមាន៣ភូមិ គឺភូមិត្នោតកំបុត ភូមិដីក្រហម និងភូមិគោកក្ដុល សរុបមាន ៩៨៤គ្រួសារ ស្មើនឹងជិត ៤ពាន់នាក់ គិតត្រឹមខែ ឧសភា ឆ្នាំ២០២១។ តាមស្ថិតិរបស់រដ្ឋបាលឃុំ ពលរដ្ឋទីនេះ ៦៥ភាគរយជាអ្នកនេសាទ ៣០ភាគរយមានរបរក្នុងវិស័យទេសចរណ៍ និង៥ភាគរយទៀត ជាជាងជួសជុលនិងលក់ដូរ។ សហគមន៍នេះ មានកាណូតដឹកភ្ញៀវទេសចរសរុប ៨០០គ្រឿង។

នៅពេលធនធានត្រីកាន់តែខ្សត់ ប្រជាពលរដ្ឋដែលធ្លាប់ពឹងជីវិតលើបឹងទន្លេសាប ហាក់ស្រពិចស្រពិលចំពោះការផ្ញើជោគវាសនា ដែលពួកគេធ្លាប់រស់នៅច្រើនឆ្នាំ ឬតាំងពីដូនតាមក។

គ្រួសារលោក សាន ឡោះ កំពុងជំរុញកូនទាំងពីរ ឱ្យខិតខំរៀនសូត្រ ដោយមិនឱ្យពួកគេលំបាកដូចជីវិតឪពុកម្ដាយ ដែលនេសាទតាំងពីអាយុជាង១០ឆ្នាំមកនោះទេ។

លោក សាន ឡោះ និយាយថា៖«ចង់ឱ្យកូនរៀន វាចេះតែខំឱ្យវាខំរៀន។ យើងវេទនាហើយ មិនចង់ឱ្យកូនវេទនាទៀត…មិនចង់ឱ្យនៅទន្លេដូចយើងទេ ថាពីដើមសម្បូរត្រី ឥឡូវវាអត់ចឹង ដឹងសង្ឃឹមអី»៕

904 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម