សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវដែកភ្នំពេញ-ព្រះសីហនុនៅតែប្រឈមគ្រោះថ្នាក់

រថភ្លើងកំពុងបើកលើផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នកដំណើរពីភ្នំពេញទៅព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត។ រូបភាព mpwt
រថភ្លើងកំពុងបើកលើផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នកដំណើរពីភ្នំពេញទៅព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត។ រូបភាព mpwt

ផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នក​ដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត ដែលរាជរដ្ឋាភិបាល បានជួសជុលដាក់ឲ្យប្រើប្រាស់ឡើងវិញ កន្លងមកតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវនិងអ្នកដំណើរឆ្លងកាត់។

អ្នកស្រី ដា ជា​ពលរដ្ឋក្នុងស្រុកទឹកឈូបានលើកឡើងថា នាពេលកន្លងមក មានមន្ត្រីជំនាញពាក់ព័ន្ធ​បាន​ចុះពន្យល់ណែនាំពលរដ្ឋរស់នៅក្បែរផ្លូវរថភ្លើងឱ្យដឹងពីផលប៉ះពាល់នានា ដោយណែនាំឲ្យសង់​លំនៅ​ឋាន​ឆ្ងាយ ចម្ងាយ​យ៉ាងតិច១៥ម៉ែត្រពីផ្លូវរថភ្លើង និងហាមឃាត់ចំពោះការយកសត្វពាហនៈ​ដូចជា​គោ​ក្របី​ ទៅចងនៅលើ ឬជិតផ្លូវរថភ្លើង។

អ្នកស្រីអោយ​ដឹង​បន្ថែមទៀតថា៖ «ខ្ញុំបានដឹងដំណឹងអំពីគ្រោះថ្នាក់ចរាចរណ៍​ដោយសាររ​ថ​ភ្លើង​ជា​ញឹក​ញាប់ ពេលខ្លះធ្ងន់ធ្ងរ រហូតបាត់បង់ជីវិតក៏មានដែរ»។

ពលរដ្ឋរស់នៅ​ក្នុងស្រុកទឹកឈូលើកឡើងថា គ្រោះថ្នាក់ដោយសាររថភ្លើងភាគច្រើនគឺបណ្តាលមកពី កង្វះការយល់ដឹង នឹងមិនមានការប្រុងប្រយ័ត្នរបស់ពលរដ្ឋ ​ហើយពួកគាត់ចង់ឲ្យមានភ្លើង​សញ្ញា​ចរាចរណ៍ របាំងបិទផ្លូវនិងប៉ូលិសចរាចរយាមជាប្រចាំនៅពេលមានរថភ្លើងឆ្លងកាត់។

ជា​ការ​ឆ្លើយ​តប​ លោក ចាន់ សំលេង ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណៈការនិង​ដឹកជញ្ជូន បាន​ថ្លែងតាមរយៈសារសំឡេងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករា ថា ដើម្បីលើក​កម្ពស់ សុវត្ថិភាព ​តាម​ផ្លូវដែក ក្រសួងសាធារណៈការនិងដឹកជញ្ជូនក៏ដូចជារាជរដ្ឋាភិបាល ធ្លាប់បានចេញសេចក្តីប្រកាស​លេខ​០៦.ប្រក្រ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ ស្តីពីការលុបបំបាត់ជាអាណាធិបតេយ្យ ទន្រ្ទានកាន់​កាប់​ដីធ្លីតាមផ្លូវដែក និងសេចក្តីប្រកាសលេខ១៤ សរណន ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៣​ស្តីពីការ​ទប់​ស្កាត់គ្រោះ​ថ្នាក់ចរាចរណ៍តាមដងផ្លូវដែក ដែលនិយាយពីផល់ប៉ះពាល់ដូចបានចែង។

លោកបានឲ្យដឹងបន្តទៀតថា៖ «ក្រៅពីនេះខាងរាជាយស្វ័យយាន្តកម្ពុជា​ និងនាយកដ្ឋានផ្លូវដែក បានផ្សព្វផ្សាយដល់ប្រធានខណ្ឌផ្លូវដែកទាំងអស់ឱ្យចុះណែនាំដល់ប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់ផ្សេង»។

លោកបានថ្លែងបន្ត សារាចរណ៍ណែនាំឱ្យប្រជាពលរដ្ឋសាងសង់លំនៅឋានឱ្យឆ្ងាយពីផ្លូវរថភ្លើង បើនៅក្រុងមានគម្លាត១៥ម៉ែត្រ នៅទីប្រជុំជ​នមានគម្លាត២០ម៉ែត្រ នៅតាមទីជនបទ ជួរភ្នំគួរតែ​នៅឲ្យឆ្ងាយដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើង។

តបតាមតម្រូវការពលរដ្ឋ នាយកដ្ឋានផ្លូវដែកមានការដាក់ពង្រាយស្លាកសញ្ញាចរាចរណ៍​នៅតាមដង​ផ្លូវ​ដែកភ្លើងចរាចរណ៍ក៏ដូចជារបាំងបិទបើកស្វ័យប្រវត្តិនៅនៅពេលមានរថភ្លើងឆ្លងកាត់។ លោកបានបញ្ជាក់បន្ថែមថា៖ «ករណីមានគ្រោះថ្នាក់ចរាចរាណ៍ដោយសារថភ្លើង ខាងនាយកដ្ឋានផ្លូវ​ដែក​មិទទួលខុសត្រូវលើ​សំណង​ទេ»។

គួរបញ្ជាក់ផងដែរថា ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់​ឆ្នាំ​១៩​៤​០​ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំ​ដែន​កម្ពុជា-ថៃ) ​ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង  និង​ផ្លូវ​ដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យ​សង្គម​រាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ​របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្រោម​ជំនួ​យ​របស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។ ផ្លូវដែក​ទាំង​ពីរ​ខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាង​ធ្ងន់ធ្ងរ ហើយផ្នែក​ខ្លះ​ត្រូវបានបំផ្លាញទាំង​ស្រុងដោយរបប​កម្ពុជា​ប្រជាធិបតេយ្យ៕

267 views

ព័ត៌មានទាក់ទង