ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីការធ្វើដំណើរយឺតយ៉ាវតាមរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដោយសារតែការកកស្ទះចរាចរណ៍ ខណៈមន្រ្តីរដ្ឋាភិបាលលើកឡើងថា រថយន្តក្រុងពុំមានគន្លងផ្លូវសម្រាប់បើកបរផ្ទាល់ខ្លួន ហើយមន្ត្រីជំនាញកំពុងសិក្សាដើម្បីកែលម្អករណីនេះ។
ខណៈដែលព្រះសុរិយាកំពុងរៀបលិច ស្រ្តីម្នាក់កំពុងអង្គុយរងចាំជិះរថយន្តក្រុងសាធារណៈស្ថិតនៅចំណតមួយកន្លែងក្នុងសង្កាត់ឫស្សីកែវ បាននិយាយប្រាប់ថា ការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈមានទាំងផលពិបាក និងផលចំណេញ។
ស្ត្រីម្នាក់នោះឈ្មោះ ស៊ន រីណា មានវ័យ៣៥ឆ្នាំ មានទីលំនៅម្ដុំស្ដុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានថ្លែងថា មុនការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកស្រីបានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដើម្បីទៅធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងជូនកូនពីរនាក់ទៅសាលារៀនក្នុងសង្កាត់ឫស្សីកែវជារៀងរាល់ថ្ងៃ ព្រោះយល់ថាការធ្វើដំណើរតាមរថយន្តក្រុងនេះមានសុវត្ថិភាព និងចំណាយថវិកាតិច។
អ្នកស្រីនិយាយថា៖ «ព្រោះខ្ញុំឌុបកូនចឹងអត់ចង់ជិះម៉ូតូខ្លួនឯងទេ ខ្ញុំជិះឡានទៅវាសុវត្ថិភាពសម្រាប់កូន កូនពីរនាក់រៀនទី២ និងទី៤»។
ទោះបីការធ្វើដំណើរតាមរថយន្តក្រុងមានផលចំណេញក្ដី ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រី រីណា បែរជាផ្លាស់ប្ដូរមកធ្វើដំណើរដោយម៉ូតូវិញ ដោយសារតែ រដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ សម្រេចបើកដំណើរការរថយន្តក្រុងឡើងវិញដោយរត់ត្រឹម៤ខ្សែប៉ុណ្ណោះ ហើយការកកស្ទះចរាចរណ៍ធ្វើឱ្យអ្នកស្រីមិនអាចធ្វើដំណើរឱ្យទាន់ម៉ោងការងារបានទេ។
អ្នកស្រីនិយាយថា៖ «រត់អត់ជុំម៉ោងដូចលើកមុន [បើករត់តែ៤ខ្សែ] លើកមុនមានឡានរត់ច្រើន យើងចាំ១៥នាទីមកមួយចឹង ឥលូវយូរៗបានមានឡានក្រុងមកមួយ»។ អ្នកស្រីបន្តថា៖ «ស្ទះផ្លូវមានដោយពេលបើអត់ស្ទះប្រហែល១៥ទៅ២០នាទី ស្ទះជិត១ម៉ោងចឹងទៅ។ ប៉ុន្តែអត់ត្រូវមាត់ថ្នាក់លើទេ យើងប្រាប់គេថាចាំឡានក្រុងយូរចឹងទៅ យូរៗយឺតម្ដង»។
អ្នកស្រី រីណា បានបន្ថែមថា ផ្ទះអ្នកស្រីនៅម្ដុំស្តុបដេអិន ប៉ុន្តែកន្លែងការងារនៅសង្កាត់ឫស្សីកែវ ខណៈចូលធ្វើការនៅម៉ោង៨ព្រឹក និងចេញម៉ោង៥ល្ងាច។ ដូច្នេះអ្នកស្រីត្រូវអង្គុយរងចាំរថយន្តក្រុងប្រហែល១ម៉ោង ដើម្បីទៅធ្វើការឱ្យទាន់ពេលវេលា។ ត្បិតតែរថយន្តក្រុងបើកដំណើរការឡើងវិញក្ដី ប៉ុន្តែអ្នកស្រី រីណា ពុំធ្វើដំណើរតាមរថយន្តក្រុងទៀតឡើយ។
កញ្ញា សុន រស្មី ជានិសិ្សតឆ្នាំទី៤ ជំនាញភាសាវិទ្យា សិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា កញ្ញាសម្រេចចិត្តប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ក្រោយធ្វើដំណើរតាមរថយន្តក្រុងសាធារណៈជាប្រចាំអស់រយៈពេល៤ឆ្នាំ ពីព្រោះការប្រើប្រាស់សេវារថយន្តក្រុងនេះ តម្រូវឱ្យមានការអត់ធ្មត់ខ្លាំង ដោយប្រើរយៈពេលយូរក្នុងការធ្វើដំណើរ និងរងចាំឡានក្រុងមកយកយូរផងដែរ
កញ្ញា រស្មី និយាយថា៖ «ចូលរៀនម៉ោង១ [រសៀល] ត្រូវទៅមុនមួយម៉ោង ឬមួយម៉ោងកន្លះ ដោយសារទម្រាំឡានក្រុងគេចេញពីចំណតមកដល់ចំណតយើង និងនៅពេលដែលយើងជិះហើយ ទម្រាំឡានក្រុងដាក់មនុស្សអស់ចំណតហើយ មកដល់ចំណតយើង គឺវាមានបញ្ហាយឺតចឹង។ ពីផ្ទះ [ខាងត្បូងផ្សារធំថ្មី] ទៅ[សកលវិទ្យាល័យ]ភូមិន្ទមានច្រើនចំណត ចន្លោះ១០ជាងហើយ»។
បើទោះបីថ្មីៗនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង សម្រេចបើកដំណើការផ្នែកខ្លះឡើងវិញ ប៉ុន្តែកញ្ញាមិនវិលត្រលប់ទៅប្រើសេវារថយន្តក្រុងទៀតឡើយ។
កញ្ញានិយាយថា៖ «ពេលណាយើងប្រញាប់អីពិបាកណាស់ ព្រោះជិះឡានក្រុងអត់ទៀងពេលទេ ពេលផ្លូវស្ទះយឺត ផ្លូវអត់ស្ទះក៏លឿន។ ខ្ញុំធ្លាប់ខកម៉ោង វាអត់ទាន់ចិត្តយើង»។
ព្រះសង្ឃ ហាន ណូយ គង់នៅវត្តឧណ្ណាលោម មានសង្ឃដីកាថា ព្រះតេជគុណពុំធ្លាប់ជិះរថយន្តក្រុងម្ដងណាឡើយ ដោយព្រះអង្គលើកឡើងថា ដោយសារតែត្រូវចំណាយពេលយូរក្នុងការរងចាំរថយន្តក្រុង និងពុំសូវយល់ដឹងទាក់ទិននឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះ។
ព្រះសង្ឃអង្គនេះ អះអាងថា នៅក្នុងវត្តឧណ្ណាលោម និងសកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលព្រះអង្គកំពុងសិក្សា ពុំធ្លាប់បានគេពន្យល់អំពីការប្រើប្រាស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈឡើយ។
ព្រះសង្ឃ ណូយ មានសង្ឃដីកាថា៖ «កាណូតដឹកជញ្ជូនសាធារណៈដូចអត់ដែលដឹងទេ បើឡានក្រុងធ្លាប់ដឹង [ប៉ុន្តែ] ព័ត៌មានទាក់ទងឡានក្រុងអីអត់សូវដឹងទូលំទូលាយ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនរថយន្តក្រុង និងកាណូតឡើងវិញក្នុងនោះរួមមានខែ្សរថយន្តក្រុង ទី១, ២, ៣ និង៤A, ៤B ខណៈកាណូត ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។
លោក ឃ្លី នរៈ ប្រធានរដ្ឋបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានលើកឡើងថា អាជ្ញាធរបានចុះធ្វើការតស៊ូមតិរួមគ្នាជាមួយអង្គការចៃកា (JICA) ប្រមាណ១០ថ្ងៃ ក្នុងនោះ១ថ្ងៃសួរនាំមនុស្សចំនួន៦០នាក់ ទាក់ទិននឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញនេះ។
លោក និយាយថា៖ «ខ្ញុំធ្វើការតស៊ូមតិទើបចប់ដែរហ្នឹង។ យើងសួរតាំងពីសិស្ស និសិ្សត មន្ត្រីរាជការ សួរអ្នកប្រើសេវារាល់ថ្ងៃ។ អ្នកដែលមិនទាន់ប្រើគាត់ថានៅយឺត គេចង់ឱ្យយើងកែលម្អចំនុចដែលឡានចេញទៅលឿនតិច។
លោកបន្តថា៖ «តែចំពោះអ្នកដែលគាត់ប្រើប្រាស់សេវាប្រចាំថ្ងៃ គាត់ថារាងយឺតបន្តិចតែគាត់បានចំណាយថវិកាតិច គាត់មានសុវត្ថិភាព គាត់ទៅយកកូនគាត់តាមឡានគឺវាសុវត្ថិភាពសម្រាប់កូនគាត់ធ្វើដំណើរ»។
លោក នរៈ លើកឡើងថា រថយន្តក្រុងសាធារណៈបើកលើផ្លូវចម្រុះ និងពុំមានគន្លងផ្លូវសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន ជាហេតុនាំឱ្យការដឹកជញ្ជូនតាមរថយន្តក្រុងមានការយឺតយ៉ាវ។ ចំណែកចំណតឡានក្រុង ពុំអាចកាត់បន្ថយបានឡើយ ព្រោះវាគឺជាស្តង់ដារដែលតម្រូវឱ្យមានចំណតឡានក្រុង ចន្លោះពី ៥០០ម៉ែត្រ ឬ៣០០ម៉ែត្រមួយកន្លែង។
លោកថ្លែងទៀតថា៖ «ខ្ញុំទទួលស្គាល់ថា រថយន្តយើងវានៅស្ទះរត់ដំណើរការអត់កើតទេវាស្ទះចឹង។ មិនមែនថាអត់មាន[ដំណោះស្រាយ]ទេ យើងគិតថាមាន»។
លោក នរៈ បានអះអាងថា អង្គកាចៃកាធ្លាប់សិក្សា និងគ្រោងដាក់ឱ្យប្រើប្រាស់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ ដោយរត់សាកល្បងលើមហាវិថីហ្សាដឺហ្គោលឆ្ពោះទៅកាន់ច្រមុះជ្រូកស្ទឹងមានជ័យ ប៉ុន្តែត្រូវបានផ្អាកការសិក្សាវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក នរៈ គូសបញ្ជាក់ថា ការដាក់ដំណើរការសេវារថយន្តក្រុងឡើងវិញចំនួន៤ខ្សែនេះ គឺផ្តោតលើតំបន់ដែលមានប្រជាពលរដ្ឋប្រើប្រាស់ច្រើនប៉ុណ្ណោះ។
លោកឱ្យដឹងថា៖ «រថយន្តយើងខ្សែដែលជិះច្រើនជាងគេគឺមានលេខ១, ២, ៣, ៤ ព្រោះអីវាមានកម្មករ កម្មការិនីអីទៅតាមហ្នឹងច្រើន ជាពិសេសផ្លូវជាតិលេខ៣, ៤ហ្នឹង»។
លោកបន្តថា ការបើកដំណើរការឡើងវិញនៃរថយន្តក្រុងទាំង១៣ខ្សែ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ-១៩។
បើតាមលោក នរៈ នៅមុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នាដើមឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន២ទៅ៣ម៉ឺននាក់ បានប្រើប្រាស់សេវាឡានក្រុងក្នុងមួយថ្ងៃ ដោយរត់លើផ្លូវចំនួន១៣ខ្សែក្នុងរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ននេះ ខ្សែរថយន្តក្រុងចំនួន៤ ទទួលបានការប្រើប្រាស់ពីប្រជាពលរដ្ឋចន្លោះ ២០០០ ទៅ ២៥០០នាក់ ក្នុងមួយថ្ងៃ។ ប៉ុន្តែប្រធានរដ្ឋបាលរូបនេះ បានបដិសេធ ក្នុងការផ្ដល់របាយការណ៍លម្អិតអំពីចំណូលនិងចំណាយលើរថយន្តក្រុងសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
លោក នរៈ បន្ថែមទៀតថា រដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង មានរថយន្តសរុបចំនួន២៣៧គ្រឿង ក្នុងនោះរថយន្តចិនអាចផ្ទុកមនុស្សបានចំនួន ៣៧ និង ២៧នាក់ និងរថយន្តជប៉ុនអាចផ្ទុកមនុស្សចំនួន៤០នាក់ ប៉ុន្តែមានឡានកូរ៉េមួយចំនួនដែលមានលក្ខណៈចាស់ៗត្រូវបានផ្អាកប្រតិបត្តិការផងដែរ។ ចំណែកការបើកដំណើរឡើងវិញចំនួន៤ខ្សែប្រើប្រាស់រថយន្តក្រុងចំនួន៦០គ្រឿង។
សាលារាជធានីភ្នំពេញ ឱ្យដឹងថា សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះ រត់លើផ្លូវចំនួន១៣ខ្សែ និងដំណើរការចន្លោះម៉ោង ៥:៣០ នាទីព្រឹក រហូតដល់ ម៉ោង ៨:៣០នាទីយប់ ។ តម្លៃសំបុត្រក្នុងម្នាក់១៥០០៛/លើក និងពុំយកថ្លៃចំពោះព្រះសង្ឃ ចាស់ជរា (៧០ឆ្នាំឡើង) កុមារកំពស់ក្រោម១ម៉ែត្រ សិស្ស-និសិ្សត កម្មករ-កម្មការនីរោងចក្រ និងកីឡាករ-កីឡាការនី ព្រមទាំងគ្រូបង្រៀនផងដែរ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកពុំទាន់មានយោបល់អ្វីឡើយចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថាការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈមានការយឺតយ៉ាវនេះ ដោយរងចាំការបញ្ជាក់ជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមុនសិន។
លោកលើកឡើងថា៖ «ទាល់ប្រាប់លម្អិតថាផ្លូវណា ជិះថ្ងៃណាខែណា ដើម្បីងាយស្រួលដោះស្រាយ បើមានករណីចឹងមែនយើងនឹងដោះស្រាយជូន»។
លោក អ៊ុត វៃ អ្នកបើកបររថយន្តក្រុងសាធារណៈ ទទួលស្គាល់ថា កន្លងមកពិតជាធ្លាប់មានប្រជាពលរដ្ឋលើកឡើងពីការរងចាំយូរដើម្បីជិះរថយន្តក្រុងសាធារណៈ។
លោកនិយាយថា៖ «ពេលខ្លះឡានស្ទះផ្លូវគាត់រអ៊ូដែរហ្នឹង យើងយឺតពេលដល់ចំណតដែលគាត់រងចាំ គាត់ចាំបន្តិច ពេលខ្លះគាត់ថាឡានរាងយឺតចឹងទៅ»។
លោក វៃ បានកត់សម្គាល់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈភាគច្រើនជាសិស្ស-និសិ្សត និងកម្មករ-កម្មការិនីរោងចក្រ។ អ្នកបើកបររថយន្តក្រុងរូបនេះ បន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលពុំសូវយល់ដឹងទាក់ទិននឹងការជិះរថយន្តក្រុងសាធារណៈ ពួកគេអាចសួរទៅអ្នកបើកឡានដោយផ្ទាល់បាន។
លោកថ្លែងទៀតថា៖ «[ប្អូនចង់ទៅច្បាអំពៅ] ប្រាប់តៃកុងឡាន ពេលឡើងឡាន [ព្រោះ] ឡានដាក់បណ្ដាក់វិលគ្នា តខ្សែឡានបណ្ដាក់គ្នា ជិះពីស្ទឹងមានជ័យមកដល់ផ្លូវពេទ្យអង្គឌួងមកដល់ហ្នឹង ប្រាប់តៃកុងឈប់ម្ដុំផ្សារថ្មី ប្រាប់ថាខ្ញុំចង់ទៅច្បាអំពៅចឹង គាត់ប្រាប់ឡើងខ្សែលេខ១ ទៅច្បាអំពៅហើយ។ ចង់ទៅណា ទឹកខ្មៅ ចឹងតៃកុងគាត់ស្គាល់ខ្សែឡានហើយ ចឹងឡើងជិះឡានលេខ២ទៅទឹកខ្មៅ»។

ក្រោយការបើកឡើងវិញនៃការធ្វើដំណើរសាធារណៈក្នុងរាជធានីភ្នំពេញ លោកឃ្លី នរៈ ប្រធានរដ្ឋបាលនៃរដ្ឋាករដឹកជញ្ជូនស្វយ័តសាធារណៈរថយន្តក្រុង សង្កេតឃើញដែរថា ការធ្វើដំណើរតាមផ្លូវទឹក ក្រោយបើកដំណើរការឡើងវិញប្រមាណ២ខែនេះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
លោកនិយាយថា៖ «កាណូតយើងមានអ្នកជិះ កាណូតយើងមានពីរគ្រឿង ។ [ជិះ]មធ្យម ២០ ទៅ ៣០នាក់ក្នុងមួយថ្ងៃ មុនកូវីដមាន១០០ជាង។ ចាប់ពីម៉ោង៧ព្រឹកដល់ ៥កន្លះល្ងាចដល់ម៉ោងកំណត់គឺគេចេញ [អត់មានមនុស្សជិះក៏ដោយ] ភាគច្រើនគាត់ជិះកំសាន្តទេសចរណ៍ មួយជើង ២០០០រៀល ចំណតមានប្រាំពីស្ថានីយ៍ចំណតសួនឫស្សីកែវដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ»។
នៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ នារីម្នាក់កំពុងអង្គុយម្នាក់ឯងទល់មុខផ្សាររាត្រី និងបែរ មុខទៅទន្លេ កញ្ញា ហ៊ាល ណារី ជាអ្នកលក់សំបុត្រកាណូតដឹកជញ្ជូនសាធារណៈ កំពុងអង្គុយសម្លឹងមើលកាណូតជិះហួសចំណតរបស់ខ្លួន ដោយ កញ្ញា ណារី និយាយថា ព្រោះព្រឹកនេះពុំមានអ្នកទិញសំបុត្រដើម្បីធ្វើដំណើរតាមផ្លូវទឹក ទើបកាណូតពុំចូលចំណតឡើយ។
បើតាមអ្នកលក់សំបុត្រកាណូតរូបនេះ ឱ្យដឹងថា ចំណតកាណូតផ្សាររាត្រីនេះទទួលបានប្រជាពលរដ្ឋចន្លោះ ៤ទៅ១០នាក់ក្នុងមួយថ្ងៃ និងភាគច្រើនចេញដំណើរនៅម៉ោង ១:០០ និង២:៣០ រសៀល ដោយធ្វើដំណើរទៅកាន់ចំណតក្រុងតាខ្មៅ ហើយមួយចំនួនធំ គឺពួកគេធ្វើដំណើរគ្រាន់តែដើម្បីដើរកំសាន្តប៉ុណ្ណោះ។
ជាមួយគ្នានេះ នៅឯស្ថានីយ៍ចំណតសួនឫស្សីកែវ ក្រុមអ្នកបើកកាណូតបាននិយាយប្រាប់ អ្នកសារព័ត៌មានខេមបូចាថា ព្រឹកនេះពុំមានអ្នកធ្វើដំណើរតាមផ្លូវទឹកឡើយ ប៉ុន្តែកាណូតនៅតែត្រូវធ្វើដំណើរចេញតាមម៉ោងដែលបានកំណត់។
លោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ បានលើកឡើងថា បណ្ដាលប្រទេសមួយចំនួនដែលជួបប្រទះបញ្ហាចរាចរណ៍ចង្អៀតណែនក្នុងទីក្រុង ដូចជាប្រទេសចិន និងវៀតណាមជាដើម បានសម្រេចបង្កើតខ្សែរត់ភ្លើងលើអាកាស ដើម្បីដោះស្រាយករណីនេះ។
លោក ហេង យល់ឃើញថា ការបែងចែកផ្លូវអាទិភាពសម្រាប់រថយន្តក្រុង នៅពុំទាន់អាចធ្វើទៅរួចឡើយ ដោយសារតែកំណើននៃការប្រើយានយន្តតាមដងផ្លូវមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកមានប្រសាសន៍ថា៖ «ផ្លូវអាទិភាពមិនទាន់ទៅរួច ព្រោះមនុស្សចេះតែកើនប៉ុន្តែផ្លូវអត់កើនទេ។ ពលរដ្ឋខ្លះគាត់ត្រូវការជិះ បើយើងអត់ដាក់ក៏បញ្ហាពលរដ្ឋដែរ ជាពិសេសខាងកម្មករពេលខ្លះគាត់ត្រូវការថ្ងៃសៅរ៍ អាទិត្យគាត់នៅឆ្ងាយអាចជិះដែរ៕