ក្រុមសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភចំពោះសេចក្តីរាយការណ៍នៃការកើន ឡើងការជួញដូរមនុស្ស ក៏ដូចជាការរត់ពន្ធមនុស្សខុសច្បាប់និងជាប្រព័ន្ធឆ្លងកាត់ព្រំ ដែនកម្ពុជា-ថៃ ដើម្បីស្វែងរកការងារធ្វើដែលជាដំណោះស្រាយទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានមានប្រសាសន៍ថា ការនាំមនុស្សឆ្លងដែនខុសច្បាប់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រីបានឲ្យដឹងថា អាជ្ញាធរបានបង្ក្រាបចំនួន៨៥ករណីក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១ នេះ បើធៀបនឹង២៥ករណីប៉ុណ្ណោះនៅក្នុងត្រីមាសដំបូងនៃឆ្នាំមុន។
ករណីខ្លះក្នុងចំណោមករណីទាំងនេះទាក់ទងនឹងមន្ត្រីក្នុងជួរនគរបាលនិងយោធាក្នុងប្រទេសកម្ពុជា។ កាលពីខែកុម្ភៈ លោក គឹម ពន្លក ជាអធិការនគរបាលស្រុកកំរៀងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សជុំវិញការដោះលែងជនសង្ស័យពីរនាក់ ដែលជាអ្នករត់ពន្ធមនុស្សខុសច្បាប់។ លោក ស៊ុំ ពៅ ឧត្តមសេនីយទោនៃកងយោធពលខេមរភូមិន្ទក៏ត្រូវបានចោទប្រកាន់ផងដែរពីបទដឹកជញ្ជូនជនជាតិចិនឆ្លងកាត់ខេត្តនិងខេត្ត ដោយបំពានលើបម្រាមធ្វើដំណើរដែលបានដាក់ចេញដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។
បន្ទាប់ពីរឿងអាស្រូវទាំងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីព្រំដែនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈប្រជាជនកម្ពុជាដែលធ្វើការនៅក្រៅប្រទេសបន្តធ្វើដំណើរវិលត្រឡប់មកវិញ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការឆ្លងវីរុសកូរ៉ូណានិងឱកាសការងារតិចនៅប្រទេសថៃ។
លោក ស៊ុម ច័ន្ទគា អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការឆ្លងព្រំដែនខុសច្បាប់គឺភាគច្រើនផ្តើមចេញពីបញ្ហាជីវភាពរស់នៅកាន់តែយ៉ាប់ទៅៗរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «មានប្រព័ន្ធសម្រាប់នាំប្រជាពលរដ្ឋឆ្លងព្រំដែនរវាងប្រទេសទាំងពីរ»។ លោកបានបន្ថែមថា អ្នកខ្លះធ្វើដំណើរដោយខ្លួនឯងដោយសារតែកង្វះខាតស្បៀងអាហារនិងការងារធ្វើនៅប្រទេសកម្ពុជា ជាពិសេសពលករចំណាកស្រុក ដែលគ្មានការងារធ្វើចាប់តាំងពីត្រឡប់មកពីប្រទេសថៃ។
លោកបានមានប្រសាសន៍ថា៖ «មន្ត្រីគួរឆ្លុះកញ្ចក់មើលការដឹកនាំរបស់ខ្លួន [ហើយសួរខ្លួនឯង] ថា តើប្រជាពលរដ្ឋមានអាហារបរិភោគគ្រប់គ្រាន់ឬអត់»។
លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា ប្រហែលជា៥០ករណីក្នុងចំណោម៨៥ ករណី គឺជាការឆ្លងដែនខុសច្បាប់។ លោកស្រីបានបន្ថែមថា ករណីភាគច្រើនពាក់ព័ន្ធនឹងអ្នកឆ្លងដែនទៅប្រទេសថៃ ប៉ុន្តែមានមួយចំនួនត្រូវបានឃាត់ខ្លួននៅពេលទៅដល់ប្រទេសចិនឬប៉ុនប៉ងឆ្លងទៅប្រទេសវៀតណាម។ លោកស្រីមានប្រសាសន៍ថា មនុស្សមួយចំនួនត្រូវបានសន្យាផ្តល់ការងារធ្វើនៅពេលទៅដល់គោលដៅ ចំណែកអ្នកខ្លះទៀតត្រូវបានបញ្ជូនចេញតាមរយ:រូបភាពជាកូនក្រមុំ។
លោកស្រីមានប្រសាសន៍ថា៖ «យើងមិនដឹងថា តើពួកគេបានរៀបការមុនពេលទៅដល់ទីនោះ [ ប្រទេសចិន ] ឬយ៉ាងណា ប៉ុន្តែពួកគេ [អ្នករត់ពន្ធមនុស្ស] កំពុងព្យាយាមគ្រប់មធ្យោបាយ ដើម្បីនាំមនុស្សចេញពីប្រទេសកម្ពុជា»។
លោកស្រីបានកត់សម្គាល់ថា កាលពីដំណាច់ឆ្នាំ២០២០ អាជ្ញាធរកម្ពុជាបានជួយ សង្គ្រោះក្មេងស្រីម្នាក់ពីប្រទេសចិន បន្ទាប់ពីនាងត្រូវបានបោកបញ្ឆោតដោយក្រុមជួញដូរមនុស្ស ដោយគិតថា នឹងមានការងារធ្វើនៅទីនោះ។
លោកស្រី ប៊ុនអេង បានមានប្រសាសន៍ថា៖ «ពួកគេឆ្លងកាត់ប្រទេសវៀតណាមហើយបន្តទៅប្រទេសចិន» ដោយ បន្ថែមថា៖ «ជាធម្មតាទេព្រំដែនប្រទេសយើងវាមានច្រើនច្រក
ហើយមេខ្យល់ជាច្រើនតែងតែឆ្លៀតឱកាសដឹកប្រជាពលរដ្ឋឆ្លងកាត់»។
លោកស្រីបានបន្ថែមថា រដ្ឋាភិបាលហាមឃាត់ការឆ្លងកាត់ព្រំដែនក្រៅផ្លូវការក្នុងការ ស្វែងរកការងារ ដើម្បីការពារពលករចំណាកស្រុកនិងសហគមន៍របស់ពួកគេពីការឆ្លងជំងឺ។
កាលពីថ្ងៃចន្ទ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្រ្តីយោធាព្រំដែន បានចាប់ ខ្លួនមេខ្យល់២នាក់ ដែលតាមចោទថា បានព្យាយាមនាំមនុស្សប្រហែល២០នាក់ឆ្លង ព្រំដែនទៅប្រទេសថៃតាមច្រកត្រួតពិនិត្យនៅឃុំបឹងបេង ស្រុកម៉ាឡៃ។ មេបញ្ជាការរងកងរាជអាវុធហត្ថម្នាក់ ដែលបានប្រាប់ឈ្មោះរបស់លោកត្រឹមតែ ភារម្យ បានបញ្ជាក់ថា មេខ្លោងទាំងពីរត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ៣ទៀបភ្លឺនាព្រឹកនោះខណៈដែលព្យាយាមឆ្លងដែនខុសច្បាប់។ ចំណែកពលករចំណាកស្រុកទៅជាមួយពួក គេ ឥឡូវនេះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោក ភារម្យ បាននិយាយថា៖ «ពួកគេចាញ់បោកមេខ្យល់ដែលសន្យាផ្តល់ការងារឲ្យពួកគេនៅប្រទេសថៃ»។ លោកបន្តថា មន្ត្រីរបស់លោកកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ។
នគរបាលខេត្តបានចាប់ខ្លួនអ្នកបើកបរ២នាក់ទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពីបទព្យាយាមដឹកជញ្ជូនមនុស្សជាង១០នាក់ឆ្លងកាត់ព្រំដែនដើម្បីទៅរកការងារធ្វើ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សបានមានប្រសាសន៍ថា អ្នករត់ពន្ធមនុស្សកំពុងទាញយកផលប្រយោជន៍ពីភាពវឹកវរដែលបណ្តាលមកពីការឆ្លងរាលដាលជំងឺ។
លោកបានមានប្រសាសន៍ថា៖ «វាជាឱកាសសម្រាប់មេខ្យល់ ដើម្បីរត់ពន្ធមនុស្សដែលកំពុងស្វែងរកការងារធ្វើនៅប្រទេសផ្សេងៗ នៅពេលដែលអាជ្ញាធរកម្ពុជាកំពុងមមាញឹកនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។
លោកបានបន្ថែមថា៖ «វាជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីព្រោះប្រទេសផ្សេងទៀតបានដាក់កម្រិតលើការចូលប្រទេសរបស់ពួកគេ។ ឧទាហរណ៍ នៅប្រទេសថៃ [ពលករចំ ណាកស្រុក] នឹងប្រឈមការជាប់ពន្ធនាគារ ការកេងប្រវ័ញ្ចនៅកន្លែងធ្វើការនិងបញ្ហាប្រឈមការឆ្លងជំងឺកូវីដ-១៩»។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ People smuggling on the rise along Cambodia’s border despite COVID-19 restrictions