រថយន្តសាំយ៉ុងពណ៌សមួយគ្រឿង កំពុងបោះពួយបើកកាត់ដីឡូតិ៍មួយកន្លែងលើផ្លូវមានចំណោតខ្ពស់ទាប ក្នុងទឹកដីនៃខេត្តកំពង់ចាម នៅម៉ោងប្រមាណ១១យប់ទៅហើយ នោះគឺជារថយន្តរបស់លោក ម៉ៅ រដ្ឋា និងភរិយា ដែលទើបត្រលប់មកផ្ទះវិញ បន្ទាប់ពីដាក់អ្នកដំណើរអស់តាមគោលដៅ។
ខុសប្លែកពីផ្ទះក្បែរខាង ដែលមានភាពស្ងប់ស្ងាត់ បន្ទាប់ពីងូតទឹកជម្រះខ្លួនរួច លោក រដ្ឋា អង្គុយសំណេះសំណាលជាមួយប្អូនប្រុស និងប្អូនថ្លៃ ដែលជាអ្នករត់តាក់ស៊ីដូចគ្នា ក្រោម អំពូលភ្លើងចែងចាំងនៅខាងក្រៅផ្ទះ ដែលស្ថិតក្នុងភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម។
ខណៈនោះដែរ លោក រដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា ដ្បិតលោកមានវ័យទើបតែ៣៦ឆ្នាំ តែលោកចាប់អាជីពជាអ្នករត់តាក់ស៊ីជាង២០ឆ្នាំមកហើយ ដោយរត់លើទិសដៅពីខេត្តកំពង់ចាមទៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា លោកបានបើកបរកាត់តាមកំណាត់ផ្លូវជាតិលេខ៧ ស្ទើរតែសឹកទៅហើយ ពោលគឺតាំងពីផ្លូវជាតិមួយខ្សែនេះ នៅមិនទាន់ក្រាលកៅស៊ូនៅឡើយ។
លោក ម៉ៅ រដ្ឋា បញ្ជាក់ថា៖ «ខ្ញុំរត់ឡានតាំងពីមិនទាន់មានគ្រួសារ កាលនោះភ្នំពេញ-កំពង់ចាម មានតែអា[ឡាន]តូរីសចាស់ៗ តម្លៃត្រឹម ២-៣ពាន់[រៀល]ម្នាក់ ហើយគ្មានប៉ូលិសតឹងរឹងដូចឥឡូវទេ»។
បច្ចុប្បន្នលោក ម៉ៅ រដ្ឋា កំពុងប្រើប្រាស់ឡានសាំយ៉ុងស៊េរីឆ្នាំ២០១៥ ដែលជាម៉ាកយីហោឡានក្នុងក្ដីស្រមៃរបស់លោកកាលពីជាងម្ភៃឆ្នាំមុន ខណៈលោកធ្លាប់ប្ដូរឡានអស់ចំនួន៣គ្រឿងរួចមកហើយ។ លោក រដ្ឋា អះអាងថា របររត់ឡានតាក់ស៊ីធ្វើឱ្យលោកមានប្រាក់គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ការសិក្សាកូនស្រីពីរនាក់ និងធ្វើឱ្យលោកមានជីវភាពធូរធារអាចសង់ផ្ទះថ្មធំល្មមមួយលើដីកេរឪពុកចែកឱ្យ។
តែការរៀបរាប់របស់លោក រដ្ឋា បានបង្អាក់ពេលដែលនិយាយអំពីស្ថានភាពផ្លូវជាតិលេខ៧ ក្នុងពេលបច្ចុប្បន្ន។ លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្លូវជាតិលេខ៧ចាប់ពីចំណុចគល់ស្ពានគីហ្សូណាដល់ទីប្រជុំជនស្គន់ មានភាពខូចខាតដោយអន្លើ មិនអាចបើកបរក្នុងល្បឿនអតិបរមាបានឡើយ។ លោកត្អូញត្អែរថា ភាគច្រើនភ្ញៀវដែលធ្វើដំណើរទៅរាជធានីភ្នំពេញ ជ្រើសរើសការជិះតាមបណ្ដោយផ្លូវលេខ២២៣ប្របតាមមាត់ទន្លេកាត់តាមស្រុកកងមាសជំនួសវិញ ជាហេតុធ្វើឱ្យលោកបាត់បង់ភ្ញៀវ និងចំណូលមួយចំនួន។
លោកបន្តថា៖ «ឥឡូវដឹកបានតែអ៊ីវ៉ាន់គេផ្ញើហ្នឹង ជួនកាលបានមនុស្សពីរបីនាក់បានលុយបួនប្រាំម៉ឺនក្នុងមួយថ្ងៃ បើផាត់ថ្លៃសាំងចេញ»។
ផ្លូវជាតិលេខ៧ មានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ(AC) ចាប់ពីស្គន់ភ្ជាប់ពីផ្លូវជាតិលេខ៦ដល់ត្រពាំងគ្រៀល(ព្រំដែនកម្ពុជា-ឡាវ)។ ក្នុងឆ្នាំ២០១៩ ក្រសួងសាធារណការបានជួសជុលផ្លូវនេះ ប្រវែង ២៧៥,៥៦០គីឡូម៉ែត្រ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក និងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនសរុប ៦៩,៨២លានដុល្លារអាមេរិក។
តាមការពិនិត្យមើលជាក់ស្ដែង របស់អ្នកសារព័ត៌មាននៅខែមីនា ឆ្នាំ២០២៣នេះ ផ្លូវជាតិលេខ៧ចាប់ពីចំណុចស្គន់ដល់គល់ស្ពានគីហ្សូណា មានសភាពខូចជាអន្លើៗ មានស្នាមបំណះច្រើនកន្លែង ចំណុចខ្លះមានទួល ចំណុចខ្លះផតចុះក្រោម ដូចទឹករលក និងមានភាពតូចចង្អៀតមិនអាចវ៉ាជែងបានដោយងាយនោះឡើយ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា រដ្ឋាភិបាលបានអនុម័តលើគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ដោយពង្រីកផ្លូវពី២គន្លងទៅ៤គន្លង មានប្រវែងសរុប ៤៥,៤៨៩ គ.ម ចាប់ពីចំណុចរង្វង់មូលស្គន់ ឆ្ពោះទៅដល់ចំណុចរង្វង់មូលស្ពានគីហ្សូណា។ គម្រោងនេះ នឹងចាប់បើកការដ្ឋានសាងសង់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាមុខនេះ ដោយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់តាមបណ្ដោយផ្លូវនេះ។
ក្រោយដឹងដំណឹងនេះ អ្នករត់តាក់ស៊ីមាឌល្អិតលោក ម៉ៅ រដ្ឋា រំពឹងថា ផ្លូវថ្មីប្រវែងជាង៤៥គីឡូម៉ែត្រនេះនឹងសម្រួលដល់អាជីពរបស់លោក បើទោះបីលោកមិនដឹងពីប្រភពថវិកានៃការសាងសង់ផ្លូវនេះក៏ដោយ។
លោកបន្ថែមថា៖ «បើបានផ្លូវថ្មីទូលាយក៏ល្អដែរ ព្រោះយើងអាចធ្វើដំណើរលឿន ចំណេញពេលជាងមុន»។
ស្រដៀងគ្នានេះ អាជីវករលក់បាយស្រូបតាមបណ្ដោយផ្លូវជាតិលេខ៧ ជិតក្រុងកំពង់ចាម អ្នកស្រី ឯក ចាន់ថន បង្ហាញក្ដីរីករាយ ព្រោះអ្នកស្រីចង់ឃើញការអភិវឌ្ឍផ្លូវមួយខ្សែនេះឱ្យកាន់តែប្រសើរឡើង។ ស្ត្រីវ័យ៥៧ឆ្នាំរូបនេះបន្តថា អ្នកស្រីធំធាត់ឡើងឃើញផ្លូវនេះតាំងពីនៅជាវាលស្រែរហូតដល់មានផ្លូវគ្រួសក្រហម និងចុងក្រោយមានការចាក់កៅស៊ូនៅអំឡុងដើមឆ្នាំ២០០០។ យ៉ាងណាអ្នកស្រីមិនបានដឹងថា ថវិកាដែលសាងសង់ផ្លូវនេះបានមកពីណានោះឡើយ ដោយគ្រាន់តែដឹងថាលុយមួយផ្នែកក្នុងនោះបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។
អ្នកស្រី ចាន់ថន ឱ្យដឹងថា៖ «ខុសគ្នា! កាលមុនកន្លែងហ្នឹង(ផ្លូវជាតិលេខ៧) វាលស្រែទេ ដល់ឥឡូវកើតផ្លូវអ៊ីចឹងទៅ ការងាររកស៊ីយើងក៏វាងាយស្រួលដែរ។ ហើយចង់ឱ្យរដ្ឋជួយកសាងផ្លូវឱ្យមានគុណភាពកាន់តែល្អ។ អត់ចង់បានបរិមាណទេ តែចង់បានគុណភាព»។
ក្រសួងសាធារណការឱ្យដឹងបន្ថែមថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ស្ថិតនៅក្រោមការផ្ដល់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចំណាយថវិកាអស់ប្រមាណ១១៧លានដុល្លារអាមេរិក។ កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលចិន ធ្លាប់បានផ្ដល់ជំនួយឥតសំណងមកកម្ពុជាចំនួនជាង៣៣លានដុល្លារម្ដងរួចមកហើយ ដើម្បីជួសជុល និងលើកកម្ពស់ផ្លូវជាតិលេខ៧ ពីផ្លូវ DBST(កៅស៊ូ) មកផ្លូវក្រាលកៅស៊ូបេតុង AC វិញ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក្រោមជំនួយ និងកម្ចីបរទេស
ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញទឹកប្រាក់១,៣៤ពាន់លានដុល្លារអាមេរិកពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក មកចំណាយលើវិស័យអាទិភាព។ ដោយក្នុងនោះរដ្ឋចំណាយ៦៤ភាគរយ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ កម្ចីពីប្រទេសចិនចំនួនជាង៩០ភាគរយត្រូវបានរដ្ឋាភិបាលកម្ពុជាយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក រួមមានផ្លូវថ្នល់ និងស្ពានជាដើម។
គម្រោងសាងសង់ ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធមិនថាតែក្រោមកម្ចី ឬជំនួយរបស់ប្រទេសចិន ឬប្រទេសផ្សេងទៀតនោះទេ ភាគច្រើនត្រូវបានក្រុមហ៊ុនរបស់ប្រទេសទាំងនោះដេញថ្លៃបានក្នុងការសាងសង់។ ជាក់ស្ដែង ការលើកកម្ពស់ផ្លូវជាតិលេខ៧ ក្រោមឥណទានរដ្ឋាភិបាលចិន ត្រូវបានដេញថ្លៃបានទៅក្រុមហ៊ុនសាជីវកម្ម China Road and Bridge Corporation (CRBC) របស់ចិន។ ចំណែក គម្រោងសំណង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានស្ថាបនាដោយក្រុមហ៊ុន Hanshin Engineering & Constructions Company របស់កូរ៉េ ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលកូរ៉េខាងត្បូង។
ជុំវិញរឿងនេះ ប្រធានកម្មវិធីជាន់ខ្ពស់ នៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ លើកឡើងថា ប្រសិនបើកម្ពុជាប្រើប្រាស់ក្រុមហ៊ុនមកកសាងផ្លូវ ពីប្រទេសម្ចាស់ជំនួយ នេះអាចនាំឱ្យមានភាពមិនប្រក្រតី ឬមិនមានតម្លាភាពក្នុងដំណាក់កាលសាងសង់ និងការត្រួតពិនិត្យគុណភាព។ លោកបន្តថា ការបារម្ភនេះដ្បិតប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិល មិនមានការយល់ដឹងច្បាស់លាស់ពីនីតិវីធីនៃការដេញថ្លៃ ខណៈចំណុចនេះនៅមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយនៅឡើយ។
លោកន្ថែមថា៖ «អ៊ីចឹងមើលទៅវាសំខាន់នៅកន្លែងហ្នឹង ព្រោះកាលណាគាត់យកមកអត់មានតម្លាភាពក៏ជាចំណែកមួយដែលយើង Question(ចោទជាសំណួរ)ទៅលើប្រសិទ្ធភាពដែរ ព្រោះថាតើពេលគាត់ប្រកាសដេញថ្លៃផ្សេងនឹង គាត់ធ្វើទៅមានតម្លាភាពអត់»។
ចំណែក នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ផ្លូវថ្នល់ ដែលសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសតែមួយជាមួយម្ចាស់ជំនួយ ឬម្ចាស់កម្ចី ភាគច្រើនគ្មានគុណភាព ប្រើប្រាស់មិនបានយូរ ដែលបានបង្កជាការខាតបង់សម្រាប់ជាតិ និងរំខានដល់ប្រជាពលរដ្ឋ។
លោក សន ជ័យ ថ្លែងថា៖ «គុណភាពផ្លូវអន់ហ្នឹង គឺបទពិសោធន៍មួយ ហើយបាននាំមកនូវចម្ងល់ជាច្រើនសម្រាប់អ្នកសិក្សា អ្នកស្រាវជ្រាវ ក៏ដូចជាអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ហ្នឹង»។
ការលើកឡើងបែបនេះ ដ្បិតកាលពីឆ្នាំ២០២១ កន្លងទៅ ក្រសួងសាធារណការបានរកឃើញថា ផ្នែកខ្លះនៃផ្លូវជាតិលេខ៣ មានគុណភាពទាប ដោយតម្រូវកែលម្អឡើងវិញ។ ចំណែក គម្រោងផ្លូវជាតិ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកំពត ត្រូវបានជួសជុល និងពង្រីកឡើងវិញនៅឆ្នាំ ២០១៨ ជាមួយនឹងហិរញ្ញប្បទានចំនួន ២០០លានដុល្លារពីរដ្ឋាភិបាលចិន។ ផ្លូវទាំងនេះត្រូវបានសាងសង់ដោយដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) របស់ប្រទេសចិន។
ដោយឡែក គម្រោងសំណង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលបានស្ថាបនាដោយក្រុមហ៊ុន Hanshin Engineering & Constructions Company របស់កូរ៉េ ក្រោមគម្រោងហិរញ្ញប្បទានចំនួន៥៦លានដុល្លារ របស់រដ្ឋបាលភិបាលកូរ៉េខាងត្បូង ត្រូវបានក្រសួងសាធារណការរកឃើញថា ក្រុមហ៊ុននេះមិនមានគ្រឿងយន្តគ្រប់គ្រាន់ ឬប្រើប្រាស់គ្រឿងឧបករណ៍គុណភាពទាប រហូតដល់មានការព្រមានថា នឹងដកក្រុមហ៊ុនមួយនេះចេញការដេញថ្លៃគម្រោង។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សូរិយា មានប្រសាសន៍ថា ការផ្ដល់គម្រោងដេញថ្លៃសាងសង់ទៅដល់ក្រុមហ៊ុនរបស់ប្រទេសម្ចាស់ជំនួយ គឺជាគោលការណ៍របស់រដ្ឋាភិបាលដើម្បីលើកទឹកចិត្តដល់ប្រទេសទាំងនោះ និងដើម្បីទាក់ទាញការផ្ដល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ តែយ៉ាងណាលោកថា រាល់គម្រោងសាង់សង់នានា ក្រសួងតែងមានគណកម្មការត្រួតពិនិត្យលើដំណើរការ និងលទ្ធផលដោយយកចិត្តទុកដាក់។
មន្ត្រីរដ្ឋាភិបាលរូបនេះថ្លែងថា៖ «បាទ! ជាទូទៅ ខាងគម្រោងគេមានក្រុមត្រួតពិនិត្យរបស់គេហើយ ទីមួយ! ទីពីរខាងក្រសួងនៅក្រោមការដឹកនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រីផ្ទាល់ លោកមានក្រុមពិសេស ក្រុមបច្ចេកទេសពិសេស មានជាង មានយានយន្ត មានសមាជិក មានគ្រឿងចក្រ គ្រឿងឧបករណ៍ដើម្បីត្រួតពិនិត្យគុណភាពហ្នឹង តាំងពីដើមទីរហូតដល់ចុងបញ្ចប់»។ លោកបន្តថា៖ «ហើយជាពិសេសគឺមិនមែនពិនិត្យឱ្យដឹងខ្លួនមុនទេ គឺនៅពេលណាដែលមានតម្រូវការចាំបាច់ ឬក៏តាមបទបញ្ជារបស់រដ្ឋមន្ត្រី គឺក្រុមការងារនឹងចេញទៅតែម្ដង។ អ៊ីចឹងយើងមានក្រុមវិស្វករមានអ្នកបច្ចេកទេស មានគ្រឿងចក្រមានអីទៅត្រួតពិនិត្យត្រឹមត្រូវ បាទ!»។
ការស្រាវជ្រាវរបស់វិទ្យាស្ថានវេទិកាអនាគត ដែលតាមដានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានមូលនិធិពីបរទេសនៅកម្ពុជារវាងឆ្នាំ២០០៥ដល់ឆ្នាំ២០២០ បានរកឃើញថា ម្ចាស់ជំនួយភាគច្រើនមិនបានប្រើប្រាស់ប្រព័ន្ធជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA ) ដើម្បីអនុវត្តគម្រោងផ្សេងៗនោះឡើយ។ របាយការណ៍បានលើកឡើងថា ប្រទេសចិនមិនបានប្រើប្រាស់ប្រព័ន្ធជំនួយអភិវឌ្ឍន៍ផ្លូវការនោះទេសម្រាប់គម្រោងចំនួន៧០ ក្នុងអំឡុងពេលនោះ។ ខណៈប្រទេសជប៉ុនបានប្រើប្រាស់ប្រព័ន្ធនេះតែ២,៤ភាគរយនៃគម្រោងសរុបចំនួន៥៥៤ និងកូរ៉េខាងត្បូង១,៩ភាគរយនៃគម្រោងសរុប៤២០។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាបានទទួលកម្ចីពីរដ្ឋាភិបាលប្រទេសចិន យកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណ ២ពាន់៨៦៥លានដុល្លារអាមេរិក។ ក្នុងនោះក្រសួងសាធារណការ បានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន២៩ខ្សែស្មើនឹង២ពាន់៨៨៨គីឡូម៉ែត្រ សាងសង់ស្ពាន៨ខ្សែ មានប្រវែង៨គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបចំនួន២ពាន់៥១៣លានដុល្លារ។ ក្នុងឆ្នាំនោះក្រសួងសាធារណការ កំពុងសាងសង់ផ្លូវជាតិលេខ៧១សេ ផ្លូវជាតិលេខ១០ ដែលគិតជាទឹកប្រាក់ចំនួន៣២២លានដុល្លារ និងកំពង់ផែភ្នំពេញដែលមានតម្លៃ៣០លានដុល្លារអាមេរិកផងដែរ។
សេដ្ឋកិច្ចកម្ពុជា និងការបារម្ភជុំវិញបញ្ហាបំណុល
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាជំពាក់បំណុលបរទេសប្រមាណ៩,៩៧ពាន់លានដុល្លារ ឬស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផសស)។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សន្និធិបំណុលសាធារណៈនេះ កើនឡើងចំនួន៨,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលកម្ពុជាជំពាក់បំណុលបរទេសសរុប៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជាជំពាក់បំណុលរដ្ឋាភិបាលចិន៤០ភាគរយ ធនាគារអភិវឌ្ឍន៍អាស៊ី២១ភាគរយ បំណុលទ្វេភាគីផ្សេងៗ ចំនួន២២ភាគរយ បំណុលធនាគារពិភពលោក៩ភាគរយ បំណុលមរតកចំនួន៦ភាគរយ និងបំណុលពហុភាគី២ភាគរយ។
តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ប្រមាណ១,៨ពាន់លានដុល្លារអាមេរិកពីបណ្ដាប្រទេសដទៃបន្ថែមទៀត សម្រាប់បំពេញគម្រោងនៃការចំណាយរបស់ជាតិចំនួនប្រមាណ ៩.៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ខ្ទង់ចំណាយក្នុងឆ្នាំនេះ គឺស្មើនឹង២៩.៨៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផសស)ដែលមានកំណើន១៣% ធៀបនឹងឆ្នាំ២០២២។
តែយ៉ាងណា ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានអះអាងថា បំណុលកម្ពុជាមានចំនួនតិចជាងគេបើធៀបនឹងបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន និងមិនទាន់ធ្លាក់ក្នុងកម្រិតអាសន្ននៅឡើយ ដោយបំណុលមានកម្រិតទាប ត្រឹមតែប្រមាណ៣៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបន្ថែមថា តួលេខនេះបង្ហាញថា កម្ពុជាមានឯករាជ្យភាពខ្លួនឯង ពឹងផ្អែកខ្លាំងលើចំណូលផ្ទៃក្នុងរបស់កម្ពុជា[ពន្ធដារ]ដែលមានការកើនឡើង និងកាត់បន្ថយនៃការពឹងផ្អែកថវិកាពីបរទេស។
លោកបន្តថា៖ «ឥឡូវយើងមានខ្លួនឯង៨២ទៅ៨៣ភាគរយ ពីខាងក្រៅតែ១៧ទៅ១៨ភាគរយ តើអាហ្នឹងស្អី? [គឺ] ឯករាជ្យភាព។ យើងពឹងផ្អែកលើពន្ធដារក្នុងស្រុកយើងច្រើនណាស់ ប្រភពចំណូលក្នុងស្រុកម្ខាងទៅ ខ្ចីពីគេតែ១៧ទៅ១៨ភាគរយទេតើ»។
លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ផងដែរថា ចំពោះថវិកាដែលកម្ពុជាគ្រោងខ្ចីចំនួន១ពាន់៨រយលានដុល្លារ ក្នុងឆ្នាំ២០២៣ មានទំហំមិនស្មើនឹង២០ភាគរយនៃចំណាយសរុបឆ្នាំ២០២៣នោះឡើយ។ លោកបន្ថែមថា ស្ថានភាពកម្ចីកម្ពុជានៅពេលនេះ ខុសពីឆ្នាំ១៩៩៥ ដែលពេលនោះកម្ពុជា ពឹងផ្អែកលើថវិកាពីខាងក្រៅរហូតដល់៧៥ភាគរយ។
នៅក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានចំនួន៣០០,៥៩លានដុល្លារស្មើនឹង៨,៤២ភាគរយ នៃផែនការច្បាប់ថវិកាជាតិឆ្នាំ២០២៣។ ដោយឡែក ក្នុងឆ្នាំ២០២២ ការប្រមូលចំណូលសារពើពន្ធរបស់រដ្ឋាភិបាលសម្រេចបានប្រមាណ៦ពាន់១៤៥លានដុល្លារ ស្មើនឹង១២៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ក្រសូងសេដ្ឋកិច្ចចាត់ទុកថា នេះជាការងើបឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីធ្លាក់ចុះដោយសារវិបត្តិបណ្តាលមកពីជំងឺកូវីដ-១៩។ សម្រាប់ក្នុងឆ្នាំ២០២៣នេះវិញ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ភាគរយផងដែរ។
ទាក់ទិនរឿងនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា លក្ខខណ្ឌក្នុងការខ្ចីប្រាក់រវាងកម្ពុជា និងដៃគូអភិវឌ្ឍន៍ គឺមិនចាត់ចូលជាអន្ទាក់បំណុលនោះទេ។ លោកបញ្ជាក់ថា ការអនុវត្តជាក់ស្ដែង កម្ពុជាបានប្រកាសជាសាធារណៈអំពីគម្រោងអភិវឌ្ឍន៍ និងការខ្ចី ខណៈប្រទេសផ្ដល់កម្ចីក៏បើកចំហអំពីប្រាក់ដែលខ្លួនផ្ដល់ឱ្យកម្ពុជាខ្ចីផងដែរ។
លោក ហុង វណ្ណៈ បញ្ជាក់ថា៖ «អ៊ីចឹងដូចខ្ញុំបញ្ជាក់ អន្ទាក់លុះណាតែលក្ខខណ្ឌហ្នឹងឯង គឺមានការប្រែប្រួល ឬមានការចងទៅដោយរបស់ទ្រព្យបញ្ចាំអីជាដើម ឧទាហរណ៍ថាប្រសិនណា យើងមិនបានអនុវត្ត អត់បានសងគេ ឧបមាថាសងភាគីចិនអ៊ីចឹងទៅ អាហ្នឹងគេត្រូវរឹបអូសយកដី យកកំពង់ផែនេះ កំពង់ផែនោះអ៊ីចឹងទៅ អាហ្នឹងគេហៅថាអន្ទាក់»។
លោក វណ្ណៈ បានពន្យល់អំពីបញ្ហាបំណុល ដែលនាំឱ្យប្រទេសស្រីលង្ហា និងឡាវជាដើម ជំពាក់បរទេសវ័ណ្ឌកថា ដោយសារកត្តាគ្មានលទ្ធភាពសងសំណង ហើយចេះតែខ្ចីបន្ថែម គួបផ្សំបញ្ហាអំពើពុកលួយ និងអត្រាអតិផរណា នៃវិបត្តិផ្សេងៗនៃឥទ្ធិពលអន្តរជាតិ ខណៈលោកថា នេះជាបទពិសោធន៍មួយ ដែលកម្ពុជាគួរពិនិត្យ និងចៀសវាង។
លោក ហុង វណ្ណៈ លើកឡើងថា៖ «ខ្ញុំពិនិត្យមើល គឺបញ្ហាការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុតែម្តងនៅក្នុងប្រទេសរបស់ខ្លួននោះឯង។ អ៊ីចឹងខ្ចីគេ ក៏យើងត្រូវមើលលើលទ្ធភាពផ្ទាល់ខ្លួនរបស់យើងដែរ ថាយើងមានលទ្ធភាពប៉ុនណា យើងមាន GDP កម្រិតណា ហើយយើងមានមុខចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធប៉ុនណា យើងបូកសរុបទៅអស់ទៅ ហើយធ្វើម៉េចកុំឱ្យវាមានបញ្ហាលេចធ្លាយជ្រាប អ៊ីចឹងបញ្ហាវានៅកន្លែងហ្នឹងឯង»។
យ៉ាងណាតាមការព្យាករណ៍សេដ្ឋកិច្ច Statista របស់ប្រទេសអាល្លឺម៉ង់ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២ បង្ហាញថាបំណុលរបស់កម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាបន្តបន្ទាប់ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ក្នុងចំនួន ៧,៣ពាន់លានដុល្លារអាមេរិក ឬកើនឡើង៦៨.១៦ភាគរយ។ គេហទំព័រមួយនេះប៉ាន់ប្រមាណថា កម្ពុជានឹងជំពាក់បំណុលបរទេសចំនួន ១៨,០៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៧។ កំណើនអត្រាបំណុល ដែលកម្ពុជាជំពាក់បរទេសពីមួយឆ្នាំទៅមួយឆ្នាំ បានបង្កការព្រួយបារម្ភទៅដល់ប្រជាពលដ្ឋ និងអង្គការសង្គមស៊ីវិល ដោយខ្លាចថាកម្ពុជាមិនអាចមានលទ្ធភាពសងបំណុលដ៏ច្រើននេះ ខណៈអត្រាការប្រាក់ និងនីតិវិធីនៃការខ្ចីបុលនឹងមានការផ្លាស់ប្ដូរក្នុងពេលអនាគត។
ទាក់ទិនក្ដីកង្វល់នេះ លោក អ៊ឹម នរិន្ទ ក៏បានលើកឡើងថា ដើម្បីប្រើប្រាស់កម្ចីបរទេសមកអភិវឌ្ឍប្រទេសឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជាគួរពិនិត្យមើលឱ្យបានច្បាស់លាស់លើគោលដៅអភិវឌ្ឍ ដើម្បីឆ្លើយតបឱ្យត្រូវនឹងអ្វីដែលពលរដ្ឋត្រូវការ និងត្រូវធ្វើយ៉ាងណាឱ្យមានតម្លាភាព ដើម្បីប្រទេសមានការរីកចម្រើន និងមិនឈានចូលដល់ការជំពាក់គេកាន់តែច្រើន។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែរក្សាជំហរឱ្យបានរឹងមាំ មិនត្រូវផ្គាប់ចិត្តម្ចាស់ជំនួយណាមួយ ព្រោះវាអាចធ្វើឱ្យមានការយល់ច្រលំថា កម្ពុជាកំពុងលម្អៀងទៅកាន់ប្រទេសណាមួយ។
លោកបានបន្ថែមថា៖ «ន័យជារួមគ្រាន់តែថាអ៊ីចេះទេ ការប្រើប្រាស់កម្ចីរបសរបរទេសគឺ ត្រូវធានាទៅលើរឿងពីរ សំខាន់ទីមួយ គឺត្រូវធានាថាការប្រើប្រាស់ថវិកាហ្នឹងគឺចំគោលដៅទៅលើអទិភាពទៅលើការអភិវឌ្ឍប្រទេស មានន័យថាឆ្លើយតបទៅនឹងអាទិភាពវចាំបាច់នៃការអភិវឌ្ឍប្រទេស ហើយបន្ទាប់ពីនឹង[គឺ] ដំណើរនៃការប្រើប្រាស់ហ្នឹង[ត្រូវ]ធានានូវតម្លាភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាហ្នឹង ដើម្បីធានាថា ថវិកាដែលយើងខ្ចីនឹង គឺប្រើទៅវាមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេស»។
ចំណែក នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវប្រើប្រាស់ថវិកាជាតិ ជាពិសេសប្រាក់កម្ចីបរទេស ឱ្យចំគោលដៅ ជាពិសេសលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយគិតពីនិរន្តរភាពនៃប្រើប្រាស់ ចៀសវាងការខ្ជះខ្ជាយថវិកា និងពេលវេលា។
លោក សន ជ័យ បន្តថា៖ «បើឆ្លងកាត់នីតិវិធីលទ្ធផលសាធារណៈល្អ មានន័យថា កម្រិតនៃការរកបាននូវអ្នកផ្ដល់សេវា (សាងសង់) ដែលមានតម្លៃទាបជាងគេ គុណភាពល្អជាងគេ គឺអាចនឹងកើតមាន។ ពេលនោះហើយ កាលណាដែលមានគុណភាពល្អ វាអាចសន្សំសំចៃថវិកាផង ហើយក៏វាអាចផ្ដល់នូវនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ អាចថាប្រើបានយូរ»។
កាលពីខែកក្កដា ឆ្នាំ ២០១៩ ការស្រាវជ្រាវមួយធ្វើដោយវិទ្យាស្ថាន Kiel Institute មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិនច្រើនបំផុតលំដាប់ទី ៦ ក្នុងចំណោម ៥០ ប្រទេស ដែលលើកយកមកសិក្សាទូទាំងពិភពលោក។ របាយការណ៍បង្ហាញក្ដីបារម្ភថា កំណើនបំណុលដ៏លឿននេះនឹងនាំហានិភ័យ ការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឱ្យដឹងថា ដ្បិតសន្និធិបំណុលសាធារណៈ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ពិតមែន ប៉ុន្តែការកើនឡើងនេះ មានកម្រិតសមស្រប ជាមួយស្ថានភាពសេដ្ឋកិច្ច ដោយមិនប៉ះពាល់ សមត្ថភាពសងរបស់កម្ពុជានោះទេ។
លោក សុខសេនសាន ឆ្លើយជាសំណេរ ក្នុងសារតេឡេក្រាបបែបនេះថា៖ «ការកើននេះគឺឆ្លើយតបទៅនឹងបរិការណ៍ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយហេតុថាគោលដៅ នៃការខ្ចីរបស់រដ្ឋាភិបាល គឺសម្រាប់ហិរញ្ញវត្ថុទានគម្រោងអភិវឌ្ឍន៍ ឬគម្រោងវិនិយោគសាធារណៈ បើនិយាយក្នុងន័យ Business យើងយកលុយមកបង្កើតលុយ»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នអនុបាតតម្លៃនៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស. ដែលកម្ពុជាមានត្រឹមរង្វង់ ២៥ភាគរយប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០% ពោលគឺ មានគម្លាតឆ្ងាយពីអនុបាតគោល។ លោកឱ្យដឹងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាត្រូវបានវាយតម្លៃថាមាន ចីរភាព និងហានិភ័យកម្រិតទាប ហើយស្ថានភាពនេះ ក៏ត្រូវវាយតម្លៃឃើញដូចគ្នាដែរ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។
លោកបន្ថែមថា៖ «ជារួម ការខ្ចីជាកាំបិតមុខពីរ ដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិនបើយើងមានមារយាទ ក្នុងការខ្ចី និងប្រើប្រាស់ឥណទានទាំងនោះ ប៉ុន្ដែនឹងនាំឱ្យធ្លាក់ខ្លួនជាប្រទេសជាប់បំណុលវ័ណ្ឌក ប្រសិនបើយើងគ្មានមារយាទ។ ចំពោះកម្ពុជាយើងមានមារយាទក្នុងការខ្ចី និងប្រើប្រាស់ឥណទានត្រឹមត្រូវ ដូចនេះ ការខ្ចីឥណទានពីក្រៅប្រទេស មានតែជួយឱ្យកម្ពុជាយើង សម្រេចបាននូវសមិទ្ធផលជារូបវន្តធំៗ ដូចសព្វថ្ងៃ»។
គួរបញ្ជាក់ថា បើតាមក្រសួងសេដ្ឋកិច្ច កម្ពុជាអនុវត្តប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ បានរឹងមាំ ដោយទទួលបាន៥,០ពិន្ទុ ធៀបនឹងសន្ទស្សន៍ល្អបំផុតជាអតិបរមា៦,០ពិន្ទុ។ ចំណែកឥណទាទក្រៅប្រទេសពីដៃគូអភិវឌ្ឍវិញ គឺសុទ្ធសឹងជាឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ មានន័យថា ឥណទានមានតម្លៃថោក មានអត្រាការប្រាក់ទាបពីសូន្យទៅត្រឹម២ភាគរយក្នុងមួយឆ្នាំ ដោយរយៈពេលសងពី ២០ រហូតដល់ ៤០ឆ្នាំ និងរយៈពេលអនុគ្រោះពី៧ទៅ១៥ឆ្នាំ។
សម្រាប់ការកៀរគរចំណូលថវិកាជាតិ និងចៀសវាងបំណុលបរទេស ក្រសួងសេដ្ខកិច្ច បញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល បានពង្រឹងការដាក់ចេញ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាព លើយុទ្ធសាស្ត្រកៀរគរចំណូលបន្ថែម។ លើនេះ រដ្ឋាភិបាលក៏បានធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុទានសម្រាប់បំពេញតម្រូវការ ហិរញ្ញវត្ថុទានគម្រោងវិនិយោគសាធារណៈតាមរយៈការអនុវត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការបោះពុម្ពលក់មូលបត្ររដ្ឋផងដែរ។
ដោយឡែក ចំពោះការសងបំណុល ក្រសួងសេដ្ឋកិច្ចដដែលឱ្យដឹងថា កម្ពុជា បាននិងកំពុងទូទាត់សងដៃគូអភិវឌ្ឍជាប្រចាំ និងយ៉ាងទៀងទាត់តាមកម្មវិធីសងចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ ក្នុងឆ្នាំ២០២២ កម្ពុជាសងដៃគូសរុបប្រមាណ៤៦៤លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់ដើម ៣៥៥ លានដុល្លារអាមេរិក និងប្រាក់ការចំនួន ១០៩ លានដុល្លារអាមេរិក។ ចំពោះដៃគូចិន គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាសងសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិករួចមកហើយ ក្នុងនោះប្រាក់ដើម៩០០លានដុល្លារអាមេរិក និងការប្រាក់៦០០លានដុល្លារអាមេរិក។
ការយល់ដឹងរបស់ពលរដ្ឋជុំវិញថវិកាជាតិនិងបំណុលបរទេស
បើនិយាយពីរឿងថវិកាជាតិ ឬបំណុលបរទេសលោក ម៉ៅ រដ្ឋា ហាក់គ្មានការចាប់អារម្មណ៍នោះឡើយ ដោយលោកថារវល់នឹងការប្រកបរបរចិញ្ចឹមជីវិត និងបំណុលធនាគារផ្ទាល់ខ្លួនលោកតែប៉ុណ្ណោះ។ លោកចាត់ទុកថា រឿងទាំងនេះជារឿងនយោបាយ និងមានរដ្ឋាភិបាលជាអ្នកគ្រប់គ្រង ដោយលោកជាប្រជាពលរដ្ឋមិនចាំបាច់ត្រូវដឹងនោះឡើយ ក្រៅតែពីការបំពេញកាតព្វកិច្ចបង់ពន្ធរថយន្តចូលរដ្ឋ១សែន៥ម៉ឺនរៀលក្នុងមួយឆ្នាំ។
លោកបន្តថា៖ «ព្រោះពួកខ្ញុំរាល់ថ្ងៃអត់នៅក្នុងជួរការងារអ៊ីចឹងៗ។ រាល់ថ្ងៃយើងខ្វល់តែពីរឿងសងធនាគារ។ យើងខ្វល់តែពីរឿងស៊ី និងសង តែពីរហ្នឹងទេ។ រឿងនយោបាយ[សំដៅដល់ថវិកាជាតិនិងបំណុលបរទេស] យើងអត់ហ៊ាននិយាយទេ។ យើងថ្នាក់ទាប ថ្នាក់ទាបបំផុតហើយ»។
ចំណែកអ្នកស្រី ឯក ចាន់ថន យល់ឃើញថា រដ្ឋាភិបាលយកប្រាក់ដែលប្រជាពលរដ្ឋបង់ពន្ធរាល់ឆ្នាំមកជួសជុលផ្លូវជាតិលេខ៧។ ជារៀងរាល់ឆ្នាំអ្នកស្រីត្រូវបង់ពន្ធចូលរដ្ឋលើដីធ្លីចំនួន១ម៉ឺន២ពាន់រៀល និងបង់ពន្ធឡានចំនួន១០ម៉ឺនរៀល ដោយអ្នកស្រីយល់ឃើញថា ការបង់ពន្ធជូនរដ្ឋ ជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដោយថវិកាទាំងនោះរដ្ឋាភិបាលនឹងចាត់ចែងផ្ដល់ប្រាក់បៀវត្សដល់មន្ត្រីរាជការ ខណៈមួយផ្នែកទៀតសម្រាប់ចំណាយលើវិស័យសាធារណៈ។
អ្នកស្រី ឯក ចាន់ថន លើកឡើងថា៖ «រឿងខ្ចីលុយ(បរទេស)ហ្នឹងឮតែគេនិយាយថាខ្ចីៗ តែមិនដឹងថាខ្ចីប៉ុន្មាន។ ដឹងតែថាក្នុងមួយឆ្នាំៗបង់ពន្ធឡាន ពន្ធដី ហើយរដ្ឋអាចយកលុយហ្នឹងទៅអភិវឌ្ឍ ធ្វើផ្លូវ ធ្វើស្ពាន ហើយអាចយកទៅបើកប្រាក់ខែឱ្យអ្នកធ្វើការរដ្ឋអីដែរអ៊ីចឹងទៅ»។
រីឯអាជីវករលក់ផ្លែឈើតាមចិញ្ចើមផ្លូវ ក្នុងក្រុងកំពង់ចាម គឺលោក វ៉ន វ៉ា ដែលធ្វើដំណើរលើផ្លូវជាតិលេខ៧ ជាប្រចាំ លើកឡើងថា ការយល់ដឹងពីចំណូលនិងចំណាយ ព្រមទាំងបញ្ហាបំណុលរបស់កម្ពុជាជារឿងសំខាន់ ព្រោះពលរដ្ឋអាចបញ្ចេញមតិក្នុងករណីពាក់ព័ន្ធណាមួយកើតឡើង។ តែដោយសារកត្តាជីវភាព លោកមិនសូវមានពេលតាមដាននោះឡើយ។ លោកគ្រាន់តែដឹងថា បើកាលណារដ្ឋាភិបាលប្រើប្រាស់ថវិកា ដែលបានមកពីគ្រប់ប្រភពមកកសាងជាតិ ក៏ដូចជាស្ថាបនាផ្លូវជាតិលេខ៧ ឱ្យមានគុណភាព នោះវាជាភ័ព្វសំណាងរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះក្នុងជីវភាពប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ។
លោកបន្ថែមថា៖ «និយាយទៅនៅក្នុងក្រុងយើងហ្នឹងមានផ្លូវខូចច្រើនដែរ ព្រោះឧស្សាហ៍ឃើញធ្វើណាស់ តាមចន្លោះៗហ្នឹង។ បើធ្វើផ្លូវជាតិហ្នឹងក៏ល្អដែរ អាចថាយើងមានសំណាង បានជិះលើផ្លូវល្អ ស្រួលធ្វើដំណើរ មិនសូវកកស្ទះ ធ្វើដំណើរបានលឿន»។
យោងតាមវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ថវិកាជាតិ គឺជារបាយការណ៍របស់រដ្ឋាភិបាលក្នុងការគម្រោងប្រមូលចំណូល និងចំណាយ ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលកំណត់ថាតើខ្លួនមានប្រាក់គ្រប់គ្រាន់ឬទេ សម្រាប់ការចំណាយ។ ថវិកាជាតិផ្តល់សិទ្ធិអំណាចឲ្យអង្គនីតិប្រតិបត្តិក្នុងការប្រមូលចំណូល និងការអនុវត្តចំណាយ ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ថវិកាជាតិត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល និងចាំបាច់ត្រូវមានការអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាមុនពេលអនុវត្ត។ ក្រោយពេលបានអនុម័តដោយអង្គនីតិបញ្ញត្តិ ថវិកាជាតិក្លាយទៅជាច្បាប់។
ប្រធានកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាភាគច្រើនមិនសូវមានការយល់ដឹងអំពីចំណូលចំណាយថវិកាជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសទាក់ទិននឹងបញ្ហាបំណុលសាធារណៈនោះឡើយ។ លោកលើកឡើងថា ទាំងនេះ គឺដោយសារបញ្ហាជីវភាព និងកត្តាមួយទៀតនោះ គឺការមិនសូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសំណាក់អាជ្ញាធរ ដ្បិតមានការចេញផ្សាយពីក្រសួងប្រចាំឆ្នាំក៏ដោយ។
លោកបន្ថែមថា៖ «បញ្ហាទីពីអាចរទាក់ទងទៅនឹងការបើកចំហររបស់អាជ្ញាធរថាតើគាត់ស្វាគមន៍ប្រជាពលរដ្ឋយើងកម្រិតណា ហើយនេះក៏ជាចំណែកមួយអាចថានៅមានការលំបាកដែរសម្រាប់ការអនុវត្តកន្លងមក»។
យ៉ាងណាក៏ដោយ ងាកមកប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧ ដូចជា លោក ម៉ៅ រដ្ឋា អ្នកស្រី ឯក ចាន់ថន និងលោក លោក វ៉ន វ៉ា វិញ បើទោះបីជាពួកគាត់មិនសូវខ្វល់ខ្វាយ និងមានការយល់ដឹងតិចតួចនឹងរឿងថវិកាជាតិ និងបំណុលបរទេសក៏ពិតមែន តែពួកគាត់ចង់ឃើញកម្ពុជាមានការអភិវឌ្ឍប្រសើរឡើង ដោយមិនមានបញ្ហាបំណុលវ័ណ្ឌក និងបានប្រៀបធៀបបញ្ហាទាំងនេះ ជាមួយនឹងបញ្ហារបស់ពួកគាត់ដែរថា បើកាលណាខ្ចីបុលធនាគារយកមកប្រើដោយគ្មានគោលដៅនោះវានឹងក្លាយជាទុក្ខទោសវដល់ពួកគាត់ជាមិនខាន។
លោក ម៉ៅ រដ្ឋា៖ «ធម្មតាយើងខ្ចីលុយធនាគារថាមករកស៊ី តែបែរជាយកទៅធ្វើអីផ្សេងវិញ អាហ្នឹងពិបាកខ្លួនហើយ ព្រោះខុសគោលដៅ ដល់ពេលសងអត់មានអីសងគេវិញ។ […] យើងគួរតែគិតថា យើងបានជំនួយ[និងកម្ចី]ពីចិន តែចិនហ្នឹងមានអី! គេយកលុយមកធ្វើឱ្យយើងៗត្រូវតែមានសំណងឱ្យគេវិញ»៕