សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ បានសម្រេចតម្កល់សាលាក្រមលើ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងបទចោទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ថ្លែងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិន វិសាល បានសម្រេចតម្កល់សាលក្រមសាសាដំបូងរាជធានីភ្នំពេញលើសំណុំរឿង លោក ថាច់ សេដ្ឋា ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នឹងញុះញង់ឱ្យមានភាពរើសអើង» តាមបញ្ញត្តិ តាមមាត្រា៤៩៤ ៤៩៥ និង៤៩៦។
លោក លាងម៉េង បញ្ជាក់ថា៖ «គាត់ (ចៅក្រម) បានសម្រេចតម្កល់»។ លោកបានបដិសេធមិនបកស្រាយជុំវិញការសម្រេចនេះទេ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម ដែលបានប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០២៣។ លោកត្រូវបានផ្តន្ទាទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៤ ៤៩៥ និង៤៩៦។
បន្ទាប់ពីបញ្ចប់ការប្រកាសសាលដីកា មេធាវីការពារក្ដីឱ្យ លោក សេដ្ឋា គឺលោក ជូង ជូងី ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការសម្រេចតម្ដល់សាលក្រមនេះ ជាការវិនិច្ឆ័យដោយអយុត្តិធម៌ចំពោះកូនក្ដីរបស់លោក។
លោក ជូងី បានអះអាងទៀតថា សាលដីការបស់សាលាឧទ្ធរណ៍នេះជាការសម្រេចដោយមិនមានភស្តុតាងដើម្បីដាក់បន្ទុកបន្ថែមឡើយ គ្រាន់តែផ្អែកលើការសំអាងហេតុរបស់តុលាការជាន់ទាបប៉ុណ្ណោះ។
បើតាមមេធាវីរូបនេះបន្តទៀតថា ក្នុងសវនាការ លោក ថាច់ សេដ្ឋា ក៏បានស្នើឱ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់លោក និងយកចិត្តទុកដាក់លើប្រវត្តិសាស្រ្តកម្ពុជាផងដែរ។
ចំពោះអង្គហេតុដែលបានកើតឡើង កាលពីដើមខែមករា ឆ្នាំ២០២៣ ទាំងមេធាវី និងសាច់ញាតិរបស់លោក ថាច់ សេដ្ឋា ជឿថា អ្វីដែលលោក សេដ្ឋា លើកឡើងអំឡុងពេលជួបអ្នកគាំទ្រនៅប្រទេសកូរ៉េ និងជប៉ុន គ្រាន់តែជាការនិយាយអំពីប្រវត្តិសាស្រ្តកម្ពុជាប៉ុណ្ណោះ ដោយមិនបានជាប់ពាក់ព័ន្ធនឹងអំពើញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមនិងការរើសអើងឡើយ។
លោក ជូងី បញ្ជាក់ថា នៅពេលនោះ លោក សេដ្ឋា បានលើកយករឿងរ៉ាវនៅកម្ពុជាពាក់ព័ន្ធនឹងថ្ងៃ៧មករា ប្រវត្តិនៃការបង្កើតគណបក្ស [ប្រជាជនកម្ពុជា] និងសម្ដែងនូវការមិនពេញចិត្តចំពោះការសង់ស្តូបដែលមានរូបមនុស្ស៣នាក់នៅទូទាំងប្រទេស។
លោកបន្ថែមថា៖ «ខ្ញុំយល់ឃើញថាអ្វីដែលគាត់និយាយគឺជារឿងប្រវត្តិសាស្រ្ត ជាប់ពាក់ព័ន្ធរឿងនយោបាយ ហើយមិនមែនជាបទល្មើសដូចការចោទប្រកាន់ទេ»។
ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខ បូរ៉ានី មានប្រសាសន៍ថា តុលាការមិនបានស្ដាប់ហេតុផលប្ដីរបស់អ្នកស្រីដែលបានលើកឡើងក្នុងសវនាការនោះទេ។
អ្នកស្រីនិយាយថា៖ «គាត់ថាមិនបានញុះញង់ មិនបានឱ្យខ្មែរឈ្លោះគ្នា គាត់និយាយប្រវត្តិសាស្រ្តប្រទេសជាតិ»។
ដោយសារមិនពេញចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍ អ្នកស្រី បូរ៉ានី ថា នឹងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលនាពេលខាងមុខ។
ក្នុងនាមជាភរិយាមួយរូប អ្នកស្រី បូរ៉ានី ឱ្យដឹងថា សព្វថ្ងៃអ្នកស្រីបារម្ភអំពីសុខភាពរបស់ លោក ថាច់ សេដ្ឋា ដោយសារលោកបានខកខានក្នុងការពិនិត្យសុខភាពរៀងរាល់៣ខែម្ដង ពាក់ព័ន្ធនឹងជំងឺបេះដូង អំឡុងពេលលោកជាប់ពន្ធនាគារជាង១ឆ្នាំមកនេះ។
ទន្ទឹមនេះ អ្នកស្រីបន្ថែមថា កូនៗរបស់គាត់ក៏កំពុងបាក់ទឹកចិត្តក្នុងការរៀនសូត្រ ដោយរៀនធ្លាក់ចំណាត់ថ្នាក់ពីលេខ១ទៅលេខជិត១០វិញ។
នៅឯសាលាតុលាការជាន់ទាប លោកស្រីចៅក្រម ឈុន ដាវី លើកទ្បើងថា លោក ថាច់ សេដ្ឋា បានប្រព្រឹត្តបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ តាមរយៈបង្ហោះសារវីដេអូលើបណ្តាញសង្គមយូធូប [YouTube] រិះគន់ក្នុងការប្រារពខួប៤៤ឆ្នាំថ្ងៃ៧មករារបស់គណបក្សប្រជាជនកម្ពុជា។
កាលពីជំនុំជម្រះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នោះដែរ លោក សេង ហៀង តំណាងអយ្យការ ថ្លែងថា ការចោទប្រកាន់នេះព្រោះលោក ថាច់ សេដ្ឋា បានថ្លែងមុនថ្ងៃបោះឆ្នោតថ្នាក់ជាតិ ដែលចោទថាលោកបានចេញសារនយោបាយ និងចង់វាយប្រហារមកលើរាជរដ្ឋាភិបាល និងដើម្បីឱ្យប្រជាជនមានការខឹងសម្បារពេលដែលនឹកដល់ប្រវត្តិសាស្រ្តខ្មែរ និងវៀតណាម។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅប្រចាំអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ប្រសិនបើជនជាប់ចោទមិនពេញចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍ គេអាចដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូល។
លោកថ្លែងថា៖ «តែទោះជាយ៉ាងណាក៏ដោយយើងឃើញថានៅមានតុលាការកំពូលមួយទៀត ដែលសម្រាប់ការប្ដឹងសាទុក្ខ របស់ជនដែលត្រូវចោទប្រសិនជាគាត់មិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍»៕