សាលារាជធានីភ្នំពេញបានធ្វើការសា្តរប្រឡាយ និងជួលជុលប្រព័ន្ធបង្ហូរទឹកលក្ខណៈជាលក្ខណៈទ្រង់ទ្រាយធំ នៅទូទាំងរាជធានី ដោយមានការគាស់កាយផ្លូវដាក់លូថ្មី ហើយបណ្ដាញទឹកស្អាត និងប្រព័ន្ធឌីជីថលផ្សេងៗ ក៏ត្រូវរុះរើធ្វើសាជាថ្មីដែរ ដើម្បីរំដោះទឹកមិនឱ្យជន់លិចរាជធានីភ្នំពេញ ក្នុងរដូវវស្សា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅ និងប្រកបរបរលក់ដូរតាមដងផ្លូវមួយចំនួន បង្ហាញក្ដីកង្វល់អំពីផលប៉ះពាល់ផ្នែកជីវភាព ខណៈក្រុមមន្ត្រីសង្គមស៊ីវិលបញ្ចេញទស្សនៈថា ជាការខ្ជះខ្ជាយថវិកាជាតិ និងកង្វះទស្សនវិស័យច្បាស់លាស់ ។
តាមគេហទំព័រសាលារាជធានីភ្នំពេញបានចុះផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា ក្នុងចំណោមគម្រោងមេចំនួន ៥០គម្រោង គម្រោង១៣ កំពុងដំណើរការ ហើយគម្រោងទាំង១៣នោះមានការពង្រីកឋានីយបូមទឹក ដូចជាឋានីយបូមទឹកលូប្រាំ ឋានីយបូមទឹកទំនប់កប់ស្រូវ និងការសាងសង់កន្លែងប្រមូលសំរាមនៅបឹងត្របែកជាដើម ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា ចៃកា (JICA) ដែលបាននិងកំពុងជួយប្រទេសកម្ពុជា ជាពិសេសក្នុងការស្ដារឡើងវិញនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ បច្ចុប្បន្ន អង្គការ ចៃកា មានគម្រោងមួយគឺទទួលបន្ទុកក្នុងការជួយផ្នែកប្រព្រឹត្តិកម្មចម្រោះទឹកពីប្រព័ន្ធប្រឡាយមេទាំងបីក្នុងរាជធានីភ្នំពេញ គឺប្រឡាយលូប្រាំ ប្រឡាយស្ទឹងព្រែកត្នោត និងប្រឡាយបឹងត្របែក មុននឹងបង្ហូរចូលទៅទន្លេបាសាក់ ៕