សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍បានបើកសវនាការកាត់ក្តីលើសំណុំរឿងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្តឹងលោកពីបទបរិហាកេរ្តិ៍ដោយសារតែលោករិះគន់ការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។
តុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែតុលា ហើយក៏ជាពេលដែលតុលាការនឹងបើកសវនាការបន្តលើសំណុំរឿងបរិហាកេរ្តិ៍ទី២ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើរកឃើញពិរុទ្ធភាព លោកនឹងត្រូវពិន័យរហូតដល់២.៥០០ដុល្លារ។
លោកមានប្រសាសន៍ថា៖ «យើងយល់ឃើញថា លោក សុន ឆ័យ ពិតជាបានបរិហាកេរ្តិ៍ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយអ្វីដែលលោកអះអាងគឺជាការបំភ្លៃការពិត និងគ្មានមូលដ្ឋាន»។
បន្ទាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា លោក សុន ឆ័យ បានប្រាប់បណ្តាញព័ត៌មានថា មានភាពមិនប្រក្រតី និងការលួចសន្លឹកឆ្នោត។ គ.ជ.ប បានដាក់ពាក្យបណ្តឹងដោយអះអាងថា លោក សុន ឆ័យ បានបរិហាកេរ្តិ៍ស្ថាប័នរៀបចំការបោះឆ្នោត ខណៈពេលគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្តឹងបរិហាកេរ្តិ៍របស់ខ្លួន ដោយទាមទារជំងឺចិត្ត១លានដុល្លារដោយសារតែការអះអាងរបស់លោកសុន ឆ័យ ថា គ.ជ.ប មានភាពលម្អៀងមកគណបក្សកាន់អំណាច។
ខណៈពេល គ.ជ.ប មិនបានទាមទារសំណងជំងឺចិត្ត លោក យិច សមិទ្ធី មេធាវីរបស់គ.ជ.ប បានស្នើឲ្យតុលាការពិន័យលោក សុន ឆ័យ ជាប្រាក់ក្នុងចំនួនអតិបរមាដែលមានចែងក្នុងមាត្រា៣០៥ និងស្នើឲ្យលោក សុន ឆ័យ ធ្វើការសូមទោសជាសាធារណៈ។
លោក សុន ឆ័យ និងមេធាវីការពារក្តីលោក ជូង ជូងី បានបដិសេធថា គ្មានការបរិហាកេរ្តិ៍ណាមួយទេ ដោយអះអាងថា សំណុំរឿងនេះគឺជារឿងនយោបាយ។
លោក សុន ឆ័យ ថ្លែងថា៖ «ខ្ញុំនៅតែជឿថា ខ្ញុំគ្មានកំហុស។ ខ្ញុំគ្រាន់តែ [លើកឡើង] ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ខ្ញុំមិនអាចរារាំងការចោទប្រកាន់មកលើរូបខ្ញុំបានទេ ប៉ុន្តែការកាត់ក្តីដោយយុត្តិធម៌នឹងបង្កើនទំនុកចិត្តលើស្ថាប័នមួយនេះ»។
លោក សុន ឆ័យ កត់សម្គាល់ថា គណបក្សរបស់លោកបានដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតីដោយផ្ទាល់ទៅគ.ជ.ប ប៉ុន្តែគ.ជ.ប មិនបានឆ្លើយតបឬស៊ើបអង្កេតទេ បែរជាប្តឹងលោកពីបទបរិហាកេរ្តិ៍ទៅវិញ។
លោកបន្តថា៖ «យើងគ្រាន់តែលើកពីបញ្ហានេះ។ យើងចង់ឲ្យការបោះឆ្នោតលើកក្រោយល្អប្រសើរជាងនេះ។ យើងគ្មានបំណងបង្ខូចមុខមាត់របស់គ.ជ.បទាល់តែសោះ ហើយយើងយល់ថា គ.ជ.ប នៅមានចំណុចដែលត្រូវកែលម្អ»។
មេធាវីការពារ ជូង ជូងី បានមានប្រសាសន៍ថា ប្រាកដណាស់ រឿងក្តីនេះគឺជារឿងនយោបាយ ហើយមិនគួរយកមកកាត់ក្តីនៅតុលាការនោះទេ។
លោក ជូងី បានបញ្ជាក់ថា៖ «អ្វីដែលលោក សុន ឆ័យ លើកឡើងនៅក្នុងបទសម្ភាសជាមួយ ឌឹ ខេមបូឌា ដេលី មិនប៉ះពាល់កិត្តិយសរបស់ គ.ជ.ប ទេ ដោយសារតែលោកមិនបាននិយាយពីឈ្មោះគ.ជ.ប។ វាគឺជាសម្តីរបស់អ្នកនយោបាយ ដើម្បីតស៊ូមតិកែលម្អស្ថាប័ននេះ»។
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ថា បណ្តឹងមួយចំនួនដែលគណបក្សភ្លើងទៀនបានប្តឹងធ្វើឡើងក្រោយពេលកំណត់ដែលមិនអាចឲ្យគ.ជ.ប យកមកដោះស្រាយឬស៊ើបអង្កេតបាន។
លោក សូរីដា បន្តថា យោងតាមមាត្រា៣០នៃច្បាប់បោះឆ្នោត គណបក្សនយោបាយអាចដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត និងត្រឹមម៉ោង១១កន្លះនៃថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។
លោកថ្លែងថា៖ «បណ្តឹងមួយចំនួនហួសពេលកំណត់ ដូច្នេះគ្មានភស្តុតាងគួរឲ្យជឿជាក់ដែលបង្ហាញពីភាពមិនប្រក្រតីនោះទេ»។ ទោះបីជាយ៉ាងណាលោកទទួលស្គាល់ថា មានភាពមិនប្រក្រតីខ្លះនៅក្នុងទម្រង់១១០២ ដោយសារតែការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈមេឃុំ១.៦៤៨នៅក្នុងចំណោមអាសនៈឃុំសង្កាត់១.៦៥២នៅទូទាំងប្រទេស ចំណែកគណបក្សភ្លើងទៀនទទួលបាន៤អាសនៈ។ គណបក្សកាន់អំណាចទទួលបាន៧៤,៣ភាគរយឬស្មើនឹង៩.៣៧៦នៅក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំសង្កាត់១១.៦២២។
បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ស្ថាប័នស៊ើបអង្កេតការបោះឆ្នោតចំនួន៥បានចេញរបាយការណ៍ស្តីពីភាពមិនប្រក្រតីរួមទាំងវត្តមានកម្លាំងប្រដាប់អាវុធនៅតាមមណ្ឌលបោះឆ្នោត។
អង្គការខុមហ្វ្រេលបានចេញរបាយការណ៍មួយកាលពីថ្ងៃអង្គារ ដោយគូសបញ្ជាក់ពីភាពមិនប្រក្រតីមួយចំនួនអំឡុងពេលបោះឆ្នោតឃុំសង្កាត់។
អង្គការខុមហ្វ្រេលរកឃើញថា មន្ត្រីមួយចំនួនរបស់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាប់សន្លឹកឆ្នោតគឺជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា។
អង្គការខុមហ្វ្រេលក៏រកឃើញផងដែរថា ភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងមន្ត្រីដែលត្រូវបានជ្រើសរើសថ្មីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាដូចជាឪពុកក្មេក និងកូនប្រសារដែលធ្វើការនៅក្នុងការិយាល័យតែមួយ។
របាយការណ៍នេះក៏រកឃើញផងដែរនូវភាពមិនប្រក្រតីនៅក្នុងទម្រង់១១០២ ដោយគូសបញ្ជាក់ថាទម្រង់ដែលគ.ជ.ប បានបង្ហាញខុសពីទម្រង់ដែលបានព្រីនជាក់ស្តែងជាច្រើនករណីដូចជាការបាត់ទិន្នន័យ និងការលុបលើតួលេខជាដើម។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិ និងអង្កេតនៅអង្គការខុមហ្វ្រេលបានឲ្យដឹងថា ប្រព័ន្ធតុលាការមិនគួរត្រូវបានប្រើប្រាស់ ដើម្បីវិនិច្ឆ័យលើបញ្ហាបោះឆ្នោតទេ។
លោកថ្លែងថា៖ «ខ្ញុំមិនដែលឃើញអាជ្ញាកណ្តាលប្តឹងអ្នកចូលរួមប្រកួតទេនៅក្នុងពិភពលោក។ ការប្រើប្រាស់តុលាការនៅក្នុងនីតិវិធីបោះឆ្នោតគឺមិនស្របនឹងគោលការណ៍នៃច្បាប់បោះឆ្នោតនោះទេ ខណៈពេលដែលគ.ជ.បគឺជាស្ថាប័នរដ្ឋ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Begins Trial of Son Chhay Over Commune Election Criticisms