សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅភូមិឡពាង

ជនជាប់ចោទលោក ស្ងួន ញឿន កំពុងឈរមុខសាលាឧទ្ធរហ៍ភ្នំពេញមុននឹងចូលស្ដាប់ការប្រកាសសាលដីកាពាក់ព័ន្ធនឹងរឿងក្តីរបស់លោក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ជនជាប់ចោទលោក ស្ងួន ញឿន កំពុងឈរមុខសាលាឧទ្ធរហ៍ភ្នំពេញមុននឹងចូលស្ដាប់ការប្រកាសសាលដីកាពាក់ព័ន្ធនឹងរឿងក្តីរបស់លោក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្ដកំពង់ឆ្នាំងនៅដដែល ដោយ​សម្រេច​ផ្ដន្ទាទោសជនជាប់​ចោទ​៣រូប​ឱ្យ​ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យ​ជា​ប្រាក់​២លាន​៨០​ម៉ឺនរៀល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខណៈជនជាប់ចោទ និងមន្ត្រីសង្គមស៊ីវិលថា ការសម្រេចនេះគឺអយុត្ដិធម៌។

លោក អំ សំអាត​ នាយកចាត់ការទូទៅ​នៃ​អង្គការ លីកាដូ បានថ្លែងថា ការតម្កល់សាលក្រម​ដែល​​របស់សាលាឧទ្ធរណ៍​នេះជារឿង​មិន​ត្រឹម​ត្រូវនោះទេ លោកថា តុលាការគួរតែទម្លាក់​សំណុំ​រឿងរបស់ពលរដ្ឋ​ចោលទើបជា​វិធី​សាស្រ្ដ​ល្អ ក្នុងការបញ្ចប់ជម្លោះដីធ្លី។ លោកបាន​សង្កត់​ធ្ងន់ថា រដ្ឋាភិបាល និងអាជ្ញាធរគួរតែ​ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការនេះដើម្បី​ដាក់​បន្ទុក​លើពលរដ្ឋតទៅទៀត ព្រោះពលរដ្ឋបាត់បង់ដីអាស្រ័យផលហើយ បែរជាមកក្លាយជាជនជាប់​ចោទតាមប្រព័ន្ធតុលាការថែមទៀត វាជារឿងមិនគួរកើតមានទេ។

លោកថ្លែងថា៖ «រឿងពលរដ្ឋឡពាងនេះវារ៉ាំរ៉ៃហើយដែលពលរដ្ឋនៅតែរងគ្រោះ។ ខ្ញុំយល់ថា​រដ្ឋាភិបាល និងអាជ្ញាធរគួរឈប់ប្រើប្រព័ន្ធនេះដើម្បីគំរាមកំហែង ​ឬក៏ដាក់បន្ទុកលើពួកគាត់​ទៀតទៅវាគួរដល់ពេលកែប្រែហើយ។ សម្រាប់មេធាវីលីកាដូនឹងសាកសួរក្ដី​ដើម្បីបន្ដ​ទៅ​តុលាការកំពូលទៀតឬយ៉ាងណា។ការសម្រេចនេះវាអយុត្ដិធម៌សម្រាប់ពលរដ្ឋណាស់»

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្ដកំពង់ឆ្នាំងបានសម្រេចផ្ដន្ទាទោស​ជន​ជាប់ចោទ​៣រូប​ឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់២លាន៨០ម៉ឺនរៀលពីបទ​​«ប្រឆាំង​នឹង​អ្នក​រាជការសាធារណៈមានស្ថានទម្ងន់ទោស និងធ្វើឱ្យ​ខូចខាត​ដោយចេតនា​»​​ដែលប្រព្រឹត្ដ​នៅ​ភូមិ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៣។

ជនជាប់ចោទ​ចំនួន​៣នាក់ រួមមាន លោក ស្ងួន ញឿន លោក រាជ សីម៉ា និង ភុល សន។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ​ដដែល ជនជាប់ចោទទាំង៣រូប បាន​សម្រេច​​ដាក់ពាក្យបណ្ដឹង​ទៅ​សាលាឧទ្ធរណ៍ភ្នំពេញ​​ដើម្បីស្វែងរកនូវភាពយុត្ដិធម៌របស់​ពួកគេ។

សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤​ បានបើកសវនាការជំនុំជម្រះ​ជន​ជាប់​ចោទ៣នាក់ពីបទ«ប្រឆាំង​នឹង​អ្នក​រាជការសាធារណៈមានស្ថានទម្ងន់ទោស និងធ្វើឱ្យ​ខូចខាត​ដោយចេតនា»ដែលប្រព្រឹត្ដ​នៅ​ភូមិ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៣ បទល្មើសព្រហ្មទណ្ឌ​ដែលមាន​បញ្ញត្ដិ​ឱ្យ​ផ្ដន្ទាទោសតាមមាត្រា៥០៤ និង​មាត្រា​៤១១​នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទម្នាក់ លោក ស្ងួន ញឿន អាយុ៤៣ឆ្នាំ បានឱ្យដឹងថា ការសម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ គឺមានចេតនាឱ្យលោករងគ្រោះបន្ដ។ លោកបន្ថែមថា មុននឹងមាន​ការ​សម្រេច​នេះ​តុលាការមិនបានចុះស៊ើបអង្កេតឡើយ គឺយោងទៅតាមការកាត់ក្ដី​របស់​សាលា​ដំបូង​ខេត្ដ​កំពង់ឆ្នាំង។ លោកបានបញ្ជាក់ថា សំណុំរឿងរបស់លោក គឺក្រុមហ៊ុន ​KDC ជាអ្នកប្ដឹង​ពលរដ្ឋ​៣នាក់​ពីបទ«ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា»។ លោកបានបញ្ជាក់ទៀតថា ការចោទប្រកាន់លោក និង​ពលរដ្ឋ២នាក់ទៀត គឺ​ជា​រឿង​​អយុត្ដិធម៌ណាស់ ព្រោះពួកគេមិនបានប្រព្រឹត្ដនោះទេ។

លោក ញឿន បន្ថែមថា៖ «ការសម្រេចនេះវាអយុត្ដិធម៌ណាស់សម្រាប់ខ្ញុំណាស់។ ពួកខ្ញុំមិន​បាន​ប្រព្រឹត្ដដូចការចោទរបស់តុលាការទេ តុលាការមុននឹងសម្រេចគួរតែ​ចុះស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់ផង។ខ្ញុំមិនអាចទទួលយកទេ ពួកខ្ញុំបាត់បង់ដីធ្លីហើយបែរ​ជាមក​ជាប់ប្រព័ន្ធ​តុលាការ​ទៀត អយុត្ដិធម៌ណាស់»

ជនជាប់ចោទម្នាក់នោះគឺលោក រាជ សីម៉ា ដែលតុលាការដោះលែងពីពន្ធនាគារកាល​ពីថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០២២ ​បានលើកឡើងថា លោកមិនអាចទទួលយកនៅការ​សម្រេច​របស់​តុលាការកម្រិតកណ្ដាលក្រុងភ្នំពេញបានទេដោយលោកថា​ការសម្រេចនេះមិន​មាន​មូលដ្ឋាន​ច្បាស់លាស់ និងមិនបានស៊ើបអង្កេតមុននឹងធ្វើការសម្រេច។ យ៉ាងណា​លោកទាមទារ​ឱ្យ​តុលាការ​ទម្លាក់បទចោទទាំងស្រុង​លើពួកគាត់ ពីព្រោះពួកគាត់បាន​រងគ្រោះទាំង​មិនបាន​ប្រព្រឹត្ដ ហើយលោកថាការប្រើប្រាស់ប្រព័ន្ធតុលាការនេះវាជាការគំរាមកំហែង និង​ធ្វើ​ឱ្យ​រូប​លោក​ទទួលនូវភាពអយុត្ដិធម៌។

លោកលើកឡើងថា៖ «ខ្ញុំមិនអាចទទួលយកនូវការសម្រេចនេះទេ។ ពួកខ្ញុំ៣នាក់ ប៉ុន្ដែម្នាក់​ទៀត​​​ស្លាប់បាត់ហើយ ហើយតុលាការមិនព្រមទម្លាក់បទចោទទៀត។ ខ្ញុំឈឺចាប់ណាស់ បាត់​បង់​ដីធ្លី​ហើយមករងគ្រោះទាំងអយុត្ដិធម៌ទៀត»

ពលរដ្ឋឡពាងទៅស្ដាប់ការប្រកាសសាលក្រមនៅសាលាដំបូងខេត្ដកំពង់ឆ្នាំង ​កាលពី​ឆ្នាំ២០២១ កន្លងទៅ។ (រូបភាពផ្ដល់ឱ្យ)

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ តុលាការកំពូល​បានសម្រេច​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យ​មាន​សេរីភាព​​​វិញ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត​១​ឆ្នាំ។

ដោយឡែក លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុក​កំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំ កាត់ទោសលោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០រៀល ក្រោមការចោទប្រកាន់​ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។ ចំណែកឯ អ្នកស្រី ទួន សេង ត្រូវបានតុលាការ​កំពូល​សម្រេច​ដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២២ក្រោយ​ពីឃុំខ្លួន​អស់រយៈ​ពេល​ជិត​កន្លះ​ឆ្នាំបន្ទាប់ពីសាលាដំបូងខេត្ដកំពង់ឆ្នាំងបាន​​ចោទ​ប្រកាន់អ្នកស្រីពី​បទ​បានបំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិអ្នកដទៃនិង​ពី​បទ​លួច​ទ្រព្យសម្បត្តិ​អ្នកដ៌ទៃ។

បើតាមលោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាអ្នកនាំពាក្យ​បាន​ថ្លែង​ប្រាប់ ខេមបូចា នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា លោកនឹងឱ្យចៅក្រមឆ្លើយនឹងសំណួរ​ខេមបូចា​​ជុំវិញការតម្កល់សាលក្រមរបស់ពលរដ្ឋឡពាងចំនួន៣នាក់ ប៉ុន្ដែមុននឹងការ​ចេញ​ផ្សាយនេះលោកនៅតែមិនព្រមឆ្លើយតបណាមួយនោះទេ។

លោកថា៖ «ខ្ញុំនឹងឱ្យចៅក្រមឆ្លើយតប ឥឡូវខ្ញុំកំពុងប្រជុំ ចាំពេលទំនេរខ្ញុំឱ្យចៅក្រមឆ្លើយ»

ត្រឡប់មករឿងពាក្យបណ្ដឹងនេះវិញ ពលរដ្ឋបានអះអាងប្រាប់ខេមបូចាថា ពលរដ្ឋឡពាង​ជា​ច្រើន​នាក់​កំពុង​ជាប់ពាក្យបណ្ដឹងនៅតុលាការចំនួន៦សំណុំរឿង ក្នុងនោះនៅ​សាលាឧទ្ធរហ៍​ចំនួន២រឿង និងនៅសាលាដំបូងខេត្ដកំពង់ឆ្នាំង១រឿង និងនៅរដ្ឋបាលស្រុកចំនួន២រឿង និង​បាន​​បញ្ចប់១សំណុំរឿង។ ប្រភពដដែលបន្ដថា ពលរដ្ឋដែលកំពុងតែជាប់ពាក្យបណ្ដឹង និង​នៅ​រដ្ឋបាលស្រុកកំពង់ត្រឡាចសរុប២១នាក់។ ពលរដ្ឋបន្តថា រឿងក្ដីរបស់ពួកគាត់ជាប់បណ្ដឹង​ភាគ​ច្រើន គឺបទ​បរិហាកេរ្ដិ៍ និង​ធ្វើឱ្យ​ខូច​ខាត​ដោយ​ចេតនា។

កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ប្រជាសហគមន៍ឡពាង១៥០នាក់​បាននាំគ្នាដើរ​ដង្ហែរជាក្បួនដោយលើកជាបដាថាសូមឱ្យតុលាការបញ្ឈប់ការចោទប្រកាន់មកលើ​ប្រជាពលរដ្ឋ​​ដែលកំពុងតវ៉ាដីធ្លី ដែលសកម្មភាពនេះធ្វើឡើងនៅក្នុងទិវាសិទ្ធិ​លំនៅឋាន​ពិភពលោក​ខួបលើកទី៣៧ ក្រោមប្រធានបទ «បញ្ឈប់ការចោទប្រកាន់មកលើ​សកម្មជន​ដីធ្លីធនធានធម្មជាតិ»

កាល​ពី២៨ ខែតុលា ​ឆ្នាំ២០២១ អ្នកភូមិ​២០​នាក់​ពី​សហគមន៍​ឡពាង ​​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​មក​ក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​ជុំវិញ​រឿងក្តី​មួយ​ដែល​បាន​អូសបន្លាយ​ពេល​អស់២០កន្លងមក​នេះ។ នៅ​ពេល​ពួកគេ​មក​ដល់ ពួកគេ​បាន​ទទួល​ដំណឹង​ថា សវនាការ​ត្រូវ​បាន​លើកពេល​ ពីព្រោះ​ចៅក្រម​ម្នាក់​នៅ​ក្នុង​ចំណោម​​ចៅក្រមសរុប​បី​នាក់​គឺ​ជាប់​សាច់​ញ្ញាតិ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ក្រុមហ៊ុន។

ការ​ពន្យារ​ពេល​នេះ ​គឺ​ជា​ភាពជាប់គាំង​ចុងក្រោយ​បង្អស់​មួយ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ​ឡពាង​ និង​ក្រុមហ៊ុន KDC ដែល​ជា​ក្រុមហ៊ុន​ដ៏​មាន​អំណាច​មួយ​ ជា​កម្មសិទ្ធិ​របស់​អ្នកស្រី​ ជា ខេង ភរិយា​របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​លោក ស៊ុយ សែម។

ពលរដ្ឋ​ជាច្រើន​គ្រួសារ​មិនទាន់​ដោះស្រាយជម្លោះ​ជាមួយ​នឹង​ក្រុមហ៊ុន KDC រួចរាល់​នៅឡើយ​ទេ ដែល​ពួកគេ​និយាយ​ថា បាន​រំលោភ​យក​ដី​របស់​ពួកគេ​ប្រមាណ១០០​ហិកតា ចាប់តាំង​ពី​ឆ្នាំ​ ២០០០​មក។

កាល​ពី​ឆ្នាំ​២០០៧ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ផ្តល់​ប្លង់ដី​ផ្លូវការ​ចំពោះដី​ទំហំ៥១២ហិកតា ដែល​ ១៨៤​ហិកតា​ក្នុង​នោះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ចំនួន១០៨ និង​ចាប់ផ្តើម​រារាំង​មិនឲ្យ​មាន​ការ​ចូល​តំបន់​ដី​ខ្លួន​កាន់កាប់។ នេះ​បើ​យោង​ទៅ​តាម​ករណី​សិក្សា​​មួយ​ឈ្មោះ​ថា Focus on the Global South។ មួយ​ឆ្នាំ​បន្ទាប់​មក ប៉ូលិស​ និង​កម្មករ​បាន​បំផ្លាញ​ផ្ទះ​ចំនួន១៤​ខ្នង ដោយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ចុះចេញ​ពី​ដី​របស់​ពួកគេ។

ខណៈ​ពេល​មាន​ការ​គំរាមកំហែង​ពី​ក្រុមហ៊ុន​ និង​ភាព​ហត់​នឿយ​​ក្នុង​ការ​តស៊ូ​ទាមទារ ចំនួន​គ្រួសារ​ដែល​នៅ​បន្ត​តវ៉ា​នឹង​ក្រុមហ៊ុន KDC បាន​ធ្លាក់​ចុះ​មក​ត្រឹម៥០។ នេះ​បើ​យោង​ទៅ​តាម​អ្នកស្រី អ៊ុំ ​សុភី។ អ្នកស្រី ​សុភី​បាន​បន្ត​ថា កាល​ពី​ឆ្នាំ ២០១១ គ្រួសារ​ចំនួន ៥២​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ទាមទារ​សិទ្ធិ​កាន់កាប់​ដី​ពី​មុន​របស់​ពួកគេ​ឡើង​វិញ ប៉ុន្តែ​​មិនមាន​ការ​វិវត្ត​ទៅ​មុខ​ប៉ុន្មាន​ទេ​ក្រោយ​ពី​មាន​ការ​ដាក់​ពាក្យ​បណ្តឹង៕

484 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម