សាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី២១ ខែវិច្ឆិកា បានសួរចម្លើយសកម្មជនជាប់ឃុំ ភឹង សោភា និងសាន សិទ្ធ ដែលជាចុងចម្លើយពីរនាក់ ក្នុងសវនាការរួមគ្នាជាមួយសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្រ៊ុន ស្រ៊ន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ ជុំវិញការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងអភិវឌ្ឍន៍ក្នុងតំបន់ព្រំដែន។
កញ្ញា សោភា និង លោក សិទ្ធ ជាចុងចម្លើយក្នុងចំណោមចុងចម្លើយចំនួន ៣៧នាក់ នៅក្នុងសវនាការជាដំណាក់កាលៗដាច់ពីគ្នា ហើយពួកគេភាគច្រើនបានចំណាយពេលជាងមួយឆ្នាំស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ក្រោយពីត្រូវបានចាប់ខ្លួនបន្ទាប់ពីរិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខអនុតំបន់ ដែលរដ្ឋាភិបាលបានដកខ្លួនកាលពីឆ្នាំមុន។
លោក ញឹម ពិសាល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ក៏បានស្តាប់សក្ខីកម្មពីមន្ត្រីនគរបាលនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងមហាផ្ទៃផងដែរ។
ចុងចម្លើយម្នាក់ទៀត ឈ្មោះ ចក់ បានមុន្នី ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយមានការធានា កាលពីដើមឆ្នាំនេះ ក្រោយពីសារភាពកំហុស មិនបានចូលរួមសវនាការនាថ្ងៃសុក្រនេះទេ។ ចំណែកលោក ស្រ៊ុន ស្រ៊ន បានចូលរួម ប៉ុន្តែមិនត្រូវបានសួរចម្លើយឡើយ។
ការបង្ក្រាបលើអ្នករិះគន់គម្រោង CLV-DTA បានធ្វើឡើងទៅលើមនុស្សជិត ១០០នាក់ នៅក្នុងឆ្នាំ២០២៤ ក្នុងនោះមានទាំងកុមារផង ដែលត្រូវបានក្រុមសិទ្ធិមនុស្សពិពណ៌នាថា ជាសកម្មភាពដែលធ្វើតាមអំពើចិត្ត និងខុសច្បាប់។
ចុងចម្លើយភាគច្រើនប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ដែលជាបទចោទត្រូវបានគេរិះគន់ជាទូទៅនៅកម្ពុជា ដោយអ្នកឃ្លាំមើលសេរីភាពស៊ីវិលនិយាយថា ត្រូវបានគេប្រើប្រាស់ជាញឹកញាប់ ដើម្បីកំណត់គោលដៅលើអ្នករិះគន់រដ្ឋាភិបាល។
តុលាការនឹងបន្តស្តាប់សក្ខីកម្មសាក្សី និងពិនិត្យភស្តុតាង មុនពេលចៅក្រម ញឹម ពិសាល ចេញសាលក្រម។ ថ្ងៃសម្រាប់សវនាការបន្ទាប់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ចុងចម្លើយបានអះអាងពីភាពស្អាតស្អំរបស់ខ្លួននៅពេលសួរចម្លើយ ដោយ សោភា លើកឡើងថា អ្វីដែលខ្លួនធ្វើជាសិទ្ធិសេរីភាពបញ្ចេញមតិប៉ុណ្ណោះ។
សោភា បានប្រាប់តុលាការថា៖ «ខ្ញុំមិនអាចទទួលយកការចោទប្រកាន់ក្រោមបទញុះញង់ហ្នឹងបានទេ ពីព្រោះការនិយាយដោយត្រង់ៗរបស់ខ្ញុំ គឺក្នុងគោលបំណងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យគោរពច្បាប់ស្របតាមរដ្ឋធម្មនុញ្ញ»។
លោក សិទ្ធ បានប្រាប់តុលាការថា លោកមិនបានដឹងអំពីការរិះគន់របស់ក្រុមនេះចំពោះគម្រោង CLV-DTA នោះទេ។
មន្ត្រីក្រសួងមហាផ្ទៃ សន បូរ៉ាមី បានប្រាប់តុលាការថា ចុងចម្លើយត្រូវបានចាប់ខ្លួនពីការប្រព្រឹត្ត«បទល្មើសជាក់ស្តែង» ដោយបានបង្ហោះវីដេអូចោទប្រកាន់ថា រដ្ឋាភិបាលបានកាត់ទឹកដីកម្ពុជាឱ្យវៀតណាម។
បូរ៉ាមី បានបដិសេធមិនឆ្លើយពេលមេធាវីការពារក្តីសួរថា តើនគរបាលមានដីកានៅពេលចាប់ខ្លួនឬអត់នោះទេ។
អែម ចន្តា មេធាវីការពារក្តីឱ្យក្រុមសកម្មជននេះ បាននិយាយថា លោកសង្ឃឹមថា កូនក្តីរបស់លោកនឹងត្រូវបានដោះលែង ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
លោកបានលើកឡើងថា៖ «ក្រោយពីការជជែកដេញដោល និងសួរចម្លើយនៅព្រឹកនេះ យើងមិនបានឃើញភស្តុតាងណាមួយប្រឆាំងនឹងកូនក្តីរបស់យើងទេ។ សូម្បីតែចម្លើយរបស់មន្ត្រីប៉ូលិសក៏មិនច្បាស់លាស់ផង»។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក លោក នី សុខា បានអំពាវនាវឱ្យដោះលែងសកម្មជនទាំងនោះ ដោយលើកឡើងថា ពួកគេបានចំណាយពេលពីរភាគបីនៃការផ្តន្ទាទោសពីបទញុះញង់រួចហើយ នៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Questions Activists in Prolonged CLV-DTA Trial










