សាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ជុំវិញការអត្ថាធិប្បាយរបស់លោកជាមួយបណ្តាញសារព័ត៌មានបរទេសមួយថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយមានការធ្វើទុក្ខបុកម្នេញលើមន្ត្រីនយោបាយ។
មេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទលោក ទាវ វណ្ណុល បានផ្តល់បទសម្ពាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ថា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ លោក ទាវ វណ្ណុល ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍។
អំឡុងពេលសាកសួររយៈពេលបីម៉ោង ព្រះរាជអាជ្ញារង ប្លង់ សុផល បានសាកសួរលោក វណ្ណុល ជុំវិញបទសម្ភាសន៍របស់លោកជាមួយនឹងសារព័ត៌មាន Nikkei Asia។ សេចក្តីរាយការណ៍ដែលត្រូវបានចុះផ្សាយកាលពីខែកុម្ភៈបានដកស្រង់សម្តីរបស់លោកដែលថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយចាប់តាំងពីលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែង។ លោកក៏បានលើកឡើងផងដែរដែលតាមចោទថា រដ្ឋាភិបាលបានដំឡើងកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀន។
លោក ទាវ វណ្ណុល បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកចេញពីតុលាការថា៖ «ខ្ញុំនិយាយការពិតនៅក្នុងសង្គមកម្ពុជារបស់យើង។ ខ្ញុំសង្កេតឃើញ។ ជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំថា តាំងពីឯកឧត្តមធិបតី ហ៊ុន ម៉ាណែត បានឡើងមកកាន់តួនាទីហ្នឹង [នាយករដ្ឋមន្ត្រី] […] ការរឹតត្បិត ការចាប់សកម្មជនគណបក្សប្រឆាំង និងអ្នកសម្តែងមតិ….វាកាន់តែអាក្រក់ទៅ»។
លោកក៏បានលើកឡើងពីករណីរបស់លោក នី ណាក់ អ្នករិះគន់រដ្ឋាភិបាលឥតសំចៃនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ដែលលោកថា លោក នី ណាក់ «គ្រាន់តែអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់គាត់ប៉ុណ្ណោះ»។
លោក ទាវ វណ្ណុល មានប្រសាសន៍ថា៖ «ដំណើរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាក្រោយពីឯកឧត្តមធិបតី ហ៊ុន ម៉ាណែត ឡើងមកហ្នឹង វាអត់មានប្រសើរជាងមុនទេ។ វាមានតែអាក្រក់ជាងមុន»។
លោកបានបន្តថា៖ «ឧទាហរណ៍ គេចោទថា បាននិយាយថា រាជរដ្ឋាភិបាលដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ខ្ញុំថា ខ្ញុំមិននិយាយថា រាជរដ្ឋាភិបាលនោះទេ ខ្ញុំថា អាជ្ញាធរមានសមត្ថកិច្ចដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀន»។
លោក វណ្ណុល មានប្រសាសន៍ថា៖ «តុលាការមានសិទ្ធិកោះហៅខ្ញុំមកសាកសួរថាពិតឬអត់។ សម្រាប់ខ្ញុំ វាមិនបញ្ហាទេ ហើយខ្ញុំក៏មិនបារម្ភដែរ»។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ ខេមបូចាតាមរយៈបណ្តាញសង្គមតេឡេក្រាមថា ការសាកសួរត្រូវបានបញ្ចប់ ហើយនឹងអនុវត្តតាមនីតិវិធីបន្ទាប់។
លោក ប្លង់ សុផល បដិសេធមិនផ្តល់ចម្លើយជាក់លាក់ទេ នៅពេលអ្នកសារព័ត៌មានសួរថា តើលោក ទាវ វណ្ណុល នឹងត្រូវបានចោទប្រកាន់ឬយ៉ាងណា។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកសារព័ត៌មានអានក្រមនីតិវិធីព្រហ្មទណ្ឌ ប្រាកដណាស់ នឹងអាចឆ្លើយសំណួរនេះបាន»។
លោក ជូង ជូងី មេធាវីរបស់លោក ទាវ វណ្ណុល បានមានប្រសាសន៍ថា កូនក្តីរបស់លោកបានបញ្ចេញមតិដោយផ្អែកលើការពិត ហើយបានជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះ។
លោកបញ្ជាក់ថា៖ «អ្វីដែលគាត់បានលើកឡើងជាសាធារណៈ និងចែករំលែកក្នុងបទសម្ភាសន៍ គឺជាការពិត។ វាមិនមានកំហុសទេ ទោះបីអ្វីដែលជាការពិតលើកទ្បើងនោះប៉ះពាល់កិត្តិយសក៏ដោយ ផ្លូវច្បាប់លុះត្រាតែអ្វីដែលគាត់លើកឡើងមិនពិត ហើយប៉ះពាល់កិតិ្តយសទើបមានកំហុស»។
លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវឲ្យអ្នកនយោបាយខ្មែរមកតុចរចា ដើម្បីធានាដល់ការអភិវឌ្ឍន៍ និងកំណែទម្រង់ឲ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អប្រសើរជាងមុន។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នត្រូវបានរឹតត្បិតនៅកម្ពុជា។ ខ្ញុំគិតថា អ្នកនយោបាយទាំងអស់អាចនិយាយគ្នាអំពីបញ្ហាទាំងអស់នោះ គេមិនគួរ [ចាត់ទុកថា] ធ្វើឲ្យមានការរិះគន់ [ព្រោះវា] ពាក់ព័ន្ធនឹងសេរីភាពនៃលំហនយោបាយ»។
លោកក៏បានក្រើនរំឭកដល់ការអំពាវនាវរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឲ្យប្រទេសកម្ពុជាបញ្ចប់រាល់សកម្មភាពយាយី និងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិល និងអ្នកនយោបាយដែលត្រូវបានអាជ្ញាធរកោះហៅ ឬចាប់ខ្លួនដោយសារសកម្មភាពពាក់ព័ន្ធនឹងការងារជួយពលរដ្ឋរបស់ពួកគេ។
លោក គី តិច មេធាវីរដ្ឋាភិបាលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Questions Candlelight Party President Teav Vannol