សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បំបែក​សំណុំរឿង CLV-DTA ពាក់ព័ន្ធ​សកម្មជនជាង​៣០​នាក់ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​មិន​ឯកភាព

សាលា​ដំបូង​រាជធានី​ភ្នំពេញចាប់ផ្តើមដំណើរការសវនាការ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សកម្មជន​ជាង៣០​នាក់​ផ្សេង​ទៀត​ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ធ្វើឱ្យវឹកវ័រ​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​បង្ហាញទស្សនៈ​របស់​ពួកគេ​លើ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

ទោះបីយ៉ាងណាក៏ដោយ ជនជាប់ចោទទាំង៣៧នាក់ រួមទាំងសកម្មជន ស្រ៊ុន ស្រ៊ន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមានវត្តមាននៅក្នុងតុលាការសម្រាប់សវនាការ កាលពីថ្ងៃអង្គារ នៅពេលដែលព្រះរាជអាជ្ញាបានដាក់សំណើសុំបំបែកសំណុំរឿងជាប្រាំករណី ដោយសារមាន «ជនជាប់ចោទច្រើននាក់» ហើយថាបញ្ហាទាំងនោះ មាន «ភាពស្មុគស្មាញ» ខណៈមេធាវីការពារក្តីមិនយល់ស្របការបំបែកសំណុំរឿង។

លោក សេង ហៀង ព្រះរាជអាជ្ញារងបានថ្លែងក្នុងសវនាការថា៖ «ការបំបែកសំណុំរឿងមិនប៉ះពាល់ដល់[ចុងចោទ]ទេ ពីព្រោះយើងមិនទាន់ដំណើការជំរះអង្គសេចក្តីនៃសំណុំរឿងទាំងមូលនៅឡើយ» ។ដោយកត់សម្គាល់ថាវាពិបាកក្នុងការពិនិត្យភស្តុតាងដោយសារមានជនជាប់ច្រើន។

ជាការឆ្លើយតប មេធាវីការពារក្តីលោក ឡោ ជុនធី បានស្នើឱ្យចៅក្រមរៀបចំកាលវិភាគលម្អិតសម្រាប់ការជំនុំជម្រះជាជាងបំបែកសំណុំរឿងព្រោះវា «មិនមានភាពចាំបាច់» និង «ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទក្នុងការជំនុំជម្រះក្តីដោយយុត្តិធម៌»

លោក ជុ​នធី បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ឲ្យ​ចៅក្រម​ពិចារណា​កុំ​បំបែក​សំណុំ​រឿង​នេះ»

ទោះជាយ៉ាងនេះក្តី លោកចៅក្រម ញ៉ែម ពិសាល បានគាំទ្រសំណើរបស់តំណាងអយ្យការ ហើយសម្រេចបំបែកសវនាការជា៥ករណី ពីបទញុះញង់ ប៉ុន្តែមិនបានផ្តល់ហេតុផលលម្អិត ហើយសវនាការលើកក្រោយនៅពេលណាទេ។

សកម្មជន ស្រ៊ុន ស្រ៊ន និងជនជាប់ចោទផ្សេងទៀតត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ កាលពីខែកក្កដា បន្ទាប់ពីរៀបចំការផ្សាយបន្តផ្ទាល់លើបណ្តាយសង្គមទាក់ទងនឹងបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលពួកគេលើកទ្បើងថាមេដឹកនាំកម្ពុជាបានកាត់ទឹកដីភាគខាងជើងខេត្តចំនួនបួនទៅវៀតណាម។

មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ជាមួយនោះមនុស្ស៦០នាក់ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារសម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការរៀបចំផែនការប្រមូលផ្តុំ ឬបង្ហាញពីមតិរបស់ពួកគេជុំវិញករណីនៃ CLV-DTA ។

ដីការបស់តុលាការបានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន «បំភ្លៃ» និង «ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

អ្នក​គាំទ្រ និង​សាច់​ញាតិ​ប្រមាណ៥០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​គាំទ្រ​សកម្មជន។

មេធាវីការពារក្តីម្នាក់ទៀត គឺលោក សឺន ជុំជួន ដែលបាននិយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅបន្ទប់សវនាការបានប្រាប់ថា គាត់មិនយល់ស្របនឹងការសម្រេចរបស់ចៅក្រមដែលបែងចែកសំណុំរឿងជាប្រាំវគ្គនោះទេ។

លោកបានបញ្ជាក់ថា៖ «ប្រសិន​បើ​យើង​និយាយ​អំពី​សិទ្ធិ​របស់​ជនជាប់​ចោទ វា​បាន​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌ និង​លឿនបំផុត។ យើង​មិន​អាច​ទទួល​យក [សេចក្តី​សម្រេច] បាន​ទេ»

លោក ជុំជួន បាន​បន្ថែម​ថា៖ «នៅ​ពេល​នីតិវិធី​បាន​អូស​បន្លាយ​ពេល​យូរ សិទ្ធិ​របស់​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ពាល់ ជា​ពិសេស​ប្រសិន​បើ​ជនជាប់​ចោទ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ»

លោក ជូង ជូងី មេធាវីការពារក្តីឱ្យជនជាប់ចោទម្នាក់​បាន​ថ្លែង​ថា លោក​ក៏​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​ដែរ​ថា​តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ​ឬ​យ៉ាង​ណា។ លោក​បាន​បន្ថែម​ថា លោក​នឹង​ពិនិត្យ​សាលក្រម​ដើម្បី​មើល​ថា​តើ​វា​ផ្តល់​ប្រយោជន៍​ដល់​កូនក្តី​របស់​លោក​ដែរ​ទេ ហើយបើផ្តល់ឱ្យ ​លោក​នឹង​មិន​ដាក់​ពាក្យ​បណ្តឹងនោះទេ។

ឪពុករបស់ជនជាប់ចោទ ភឿង សុភា គឺលោក ភឿង សុផាត ដែលបានចូលរួមសវនាការបាននិយាយថា ការបំបែកសំណុំរឿងនេះទៅជាប្រាំករណីដាច់ដោយឡែកពីគ្នា អាចធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង ដោយសារតែជនជាប់ចោទមានចំនួនច្រើន​។ ទោះ​ជា​យ៉ាង​ណា លោក​ជឿ​ថា វិធីសាស្ត្រ​នេះ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ជាប់​ចោទ។

លោក សុផាត បានឱ្យដឹងថា៖ «ជនជាប់ចោទនឹងត្រូវឃុំខ្លួនយូរពេក ហើយវានឹងប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ក៏ដូចជាសិទ្ធិរបស់ឪពុកម្តាយរបស់ពួកគេ ដែលទទួលខុសត្រូវចំពោះពួកគេ។ ករណី​នេះ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ហើយ​វា​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៀត​ដើម្បី​ដោះស្រាយ។ នោះ​ជា​ការ​លំបាក​របស់​យើង»

លោក​បាន​គិត​ច្រើន​ពី​ករណី​នេះ ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំនាក់ទំនង​រវាង​លោក និង​កូនស្រី។

លោក​បាន​និយាយថា៖ «ខ្ញុំ​គិត​ថា ​បញ្ហា​តូចតាច​នេះ​មិន​គួរ​មាន​ការ​កើន​ឡើង​ដល់​ពេល​នេះ​ទេ ហើយ​ការ​ចោទ​ប្រកាន់​នេះ​ហាក់​ដាក់​បន្ទុក​ធ្ងន់​ដល់​ពលរដ្ឋ»

ភរិយា​របស់​ ស្រ៊ុន ស្រ៊ន គឺ​អ្នកស្រី ស៊ឹង សុភីណា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា អ្នកស្រី​មិន​អី​ទេ ដោយ​ប្តី​មិន​បាន​ចូល​រួម​ក្នុង​សវនាការ ខណៈ​សំណុំ​រឿង​នេះ​មិន​ទាន់​បាន​បើក​សវនាការ​នៅ​ឡើយ។ អ្នកស្រី​ក៏​បាន​សំណូមពរ​ដល់​តុលាការ​ឱ្យ«ពិចារណា​លើ​ទង្វើ​ល្អ​របស់​គាត់​»

អ្នកនាង ឡោម គឹមធា ដែលបានសិក្សាជាមួយ ស្រ៊ុន ស្រ៊ន បានចែករំលែកគំនិតរបស់នាងចំពោះការចោទប្រកាន់ពីបទញុះញង់ឱ្យរំខានដល់សន្តិសុខសង្គម ដោយបង្ហាញពីទស្សនៈខុសគ្នា។

អ្នកនាងលើកឡើងថា៖ «អ្វីដែលពួកគេបាននិយាយ [នៅក្នុងវីដេអូ] អំពី CLV គឺគ្រាន់តែជាការពិភាក្សាអំពីអត្ថប្រយោជន៍របស់វា ផលប៉ះពាល់អវិជ្ជមាន និងដំណោះស្រាយប៉ុណ្ណោះ។ វា​មិន​ស្មើ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ញុះញង់​នោះ​ទេ»

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត យល់ឃើញថា ការបំបែកសំណុំរឿងនេះ នឹងអូសបន្លាយនីតិវិធី ខណៈការចោទប្រកាន់ថា ការចាប់ខ្លួនសកម្មជនគឺ «ពាក់ព័ន្ធរឿងនយោបាយ»

លោក​បាន​ថ្លែង​ថា៖ «យើង​មើល​ឃើញ​ថា ​គ្មាន​ប្រយោជន៍​អ្វី​ក្នុង​ការ [បំបែក​សំណុំ​រឿង​នេះ] ជន​ជាប់​ចោទ ដែល​គ្រាន់​តែ​ពន្យារ​នីតិវិធី​ប៉ុណ្ណោះ»

លោក សុខសាន្ត បាន​បន្ត​ថា​៖ «​វា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ពេល​សវនាការ​ត្រូវ​បាន​ពន្យារ​ពេល»

លោក​បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដែល​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ទាក់ទង​នឹង CLV-DTA។ ជាងនេះទៅទៀត រដ្ឋាភិបាលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ។

CLV-DTA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។ នៅក្នុងប្រទេសកម្ពុជា ខេត្តជាប់ព្រំដែនមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវបានចាត់តាំងដំបូងដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង។

ប្រទេសកម្ពុជាបានប្រកាសដកខ្លួនចេញពី CLV-DTA ដែលមានអាយុកាលពីរទសវត្សរ៍ ដែលជាការអភិវឌ្ឍន៍ក្នុងតំបន់ កាលពីថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីមានការតវ៉ា និងការរិះគន់ពីសាធារណជនតាមអ៊ីនធឺណិត។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ឃៀង សុណាឌីន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​តុលាការ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court to Split CLV-DTA Trials Involving 30 Activists, But Defense Lawyers Disagree

297 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម