សកម្មជនកម្ពុជាបានទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវ អំឡុងពេលរៀបចំពិធីរម្លឹកខួបកាលពីថ្ងៃអាទិត្យនៃការបាត់ខ្លួនរបស់សកម្មជនថៃ វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ ដែលតាមចោទថា ត្រូវបានគេចាប់ពង្រត់នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២០។
សកម្មជន និងនិស្សិតវ័យក្មេងប្រមាណ២០នាក់ បានឈរតម្រង់ជួរនៅលើដងផ្លូវខាងក្រៅអគារខុនដូ Mekong Gardens នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទីដែលលោក វ៉ាន់ឆាឡឺម ត្រូវបានគេឃើញជាលើកចុងក្រោយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។ ពួកគេបានកាន់រូបលោក វ៉ាន់ឆាឡឹម នៅពីមុខពួកគេ ដោយមានបូខ្មៅសនៅជាប់នឹងអាវរបស់ពួកគេ។ ព្រះសង្ឃ៤អង្គបានសូត្រធម៌ ដោយគោរពដល់អំពើល្អរបស់សកម្មជនដែលបាត់ខ្លួន។
សកម្មជនកម្ពុជាអាយុ២០ឆ្នាំឈ្មោះ មាន លីហ្សា ដែលជាអ្នករៀបចំម្នាក់ក្នុងចំណោមអ្នករៀបចំពិធីរម្លឹកខួបបាននិយាយថា វាជារឿងសំខាន់ក្នុងការរឭកដល់លោក វ៉ាន់ឆាឡឺម និងទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវ។
មាន លីហ្សា បានរងការរិះគន់ខ្លះពីយុវជនកម្ពុជាដូចគ្នា ដែលសួរថា ហេតុអ្វីបានជាផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មជនថៃ ប៉ុន្តែនាងគិតថា វាជារឿងសំខាន់ក្នុងការតស៊ូ ដើម្បីសិទ្ធិមនុស្សរបស់ប្រជាជនទាំងអស់ មិនថា ពួកគេមានសញ្ជាតិអ្វីនោះទេ និងដើម្បីកសាងបណ្តាញសកម្មជននៅទូទាំងតំបន់។
លីហ្សា បាននិយាយថា៖ «រវាងប្រទេសថៃ និងកម្ពុជា យើងមានប្រវត្តិជូរចត់ជាមួយគ្នា។ ប្រជាជន និងយុវជននៅក្នុងប្រទេសកម្ពុជានៅតែមានអារម្មណ៍ថា មិនភ្លេចរឿងនេះទេ។ ខ្ញុំព្យាយាមផ្តោតលើបច្ចុប្បន្ន និងអនាគតឱ្យបានច្រើនជាង ជាអ្វីដែលយើងអាចកសាងសាមគ្គីភាព»។
ប៉ុន្តែនៅពេលនិយាយដល់អ្វីដែល លីហ្សា សង្ឃឹមថា នឹងទទួលបានតាមរយៈពីពិធីរម្លឹកខួបនេះ លីហ្សា មិនរំពឹងថា នឹងមានចំណាត់ការច្រើនពីរដ្ឋាភិបាលនោះទេ។
លីហ្សា បានឱ្យដឹងថា៖ «យើងពិតជាមិនរំពឹងថា រដ្ឋាភិបាលនឹងចាត់វិធានការ ឬសូម្បីតែស្ថានទូតថៃ។ ប៉ុន្តែយើងគ្រាន់តែចង់ដាស់ស្មារតី បង្ហាញរូបភាពជាសាធារណៈ ដើម្បី [បង្ហាញ] ប្រជាជននូវអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ។ មានរឿងអយុត្តិធម៌ជាច្រើន ដែលកើតឡើងនៅកម្ពុជា»។
វ៉ាន់ឆាឡឺម គឺជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលក៏ផ្តោតការយកចិត្តទុកដាក់លើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងមេរោគអេដស៍នៅក្នុងប្រទេសថៃផងដែរ។ លោកបានប្រើពាក្យភាពកំប្លុកកំប្លែង ដើម្បីចំអកឱ្យមន្ត្រីនៃរបបយោធាថៃតាមប្រព័ន្ធអ៊ីនធឺណិត និងបានបង្កើតក្រុមអ្នកគាំទ្រតាមរយៈទំព័រហ្វេសប៊ុកបែបរិះគន់នេះ។
កាលពីឆ្នាំ២០១៤ រដ្ឋប្រហារយោធាបានផ្តួលរំលំរដ្ឋាភិបាលគណបក្សភឿថៃពីអំណាច។ នៅពេលនោះ លោក វ៉ាន់ឆាឡឹម មានទំនាក់ទំនងជាមួយគណបក្សភឿថៃ និងចលនាអាវក្រហម។ លោកត្រូវបានគេកោះហៅឱ្យទៅចូលរួមកិច្ចប្រជុំនៅឯជំរុំយោធាមួយ បន្ទាប់ពីរដ្ឋប្រហារ ហើយបានសម្រេចចិត្តភៀសខ្លួនមកប្រទេសកម្ពុជា ជាកន្លែងដែលលោករស់នៅរហូតដល់ពេលលោកបាត់ខ្លួន។
សាក្សីនិយាយថា ពួកគេបានឃើញបុរសប្រដាប់អាវុធបង្ខំ វ៉ាន់ឆាឡឺម ចូលទៅក្នុងរថយន្តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ហើយខ្សែអាត់វីដេអូដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានថៃ Prachatai បានបង្ហាញរថយន្តដដែលនេះបើកចេញពីខុនដូ Mekong Gardens ។ នេះគឺជាការចាប់ពង្រត់ ឬសម្លាប់សកម្មជនថៃនិរទេសខ្លួនលើកទីប្រាំបួនចាប់តាំងពីឆ្នាំ២០១៦មក នេះបើយោងតាមអង្គការលើកលែងទោសអន្តរជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយរបស់ខេមបូចា ជុំវិញដំណើរការ នៃការស៊ើបអង្កេតនេះទេ គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២២ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានធ្វើការសហការជាមួយស្ថានទូតថៃ និងអាជ្ញាធរថៃ ប៉ុន្តែមិនបានទទួលជោគជ័យក្នុងការស្វែងរក វ៉ានឆាឡឺម នោះទេ។
លោក ខៀវ សុភ័គ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា៖ «តស៊ូដល់ស្លាប់ យើងនៅតែរកមិនឃើញ។ យើងក៏ចង់បានការសរសើរដែរ មិនមែនការចំអកទេ។ អ្នកខ្លះបានត្អូញត្អែរថា [ការស៊ើបអង្កេត] មានហេតុផលនយោបាយ។ បើទោះជានាយកអង្គការមានភ្នែក១០០ ហើយបន្ថែមភ្នែក១០០ ឬ១០០០ ទៀតក៏ដោយ ក៏គាត់នៅតែរកមិនឃើញ [វ៉ាន់ឆាឡឹម] ដែរ»។
កាលពីខែកក្កដា លោក សុភ័គ បានប្រាប់ VOD ថា៖ «គ្មានតម្រុយថ្មីទេ»ក្នុងការស៊ើបអង្កេតការបាត់ខ្លួនរបស់ វ៉ាន់ឆាឡឺម ហើយនគរបាលមូលដ្ឋានបាន «បានបាត់ដានហើយ» ។
ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ដែលមិនបានធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវលើការបាត់ខ្លួននេះ។
ការប្រមូលផ្តុំស្រដៀងគ្នានេះបានធ្វើឡើងក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យ ដើម្បីរំឭកដល់សកម្មជនរូបនេះ។ ប៉ុន្តែគ្រួសាររបស់ វ៉ាន់ឆាឡឺម បានសម្រេចចិត្តមិនរៀបចំពិធីរម្លឹកឡើយ នេះបើតាមបងស្រីរបស់គាត់ឈ្មោះ ស៊ីថានុន សាត់ស័ក្តិសិទ្ធ។
អ្នកស្រីបាននិយាយថា៖ «បរិយាកាសឆ្នាំនេះមិនបានផលច្រើននោះទេ ប្រសិនបើខ្ញុំរៀបចំអ្វីមួយនោះ។ ប្រសិនបើខ្ញុំសម្រេចចិត្តរៀបចំអ្វីមួយ ហើយវានឹងមិនមានឥទ្ធិពលខ្លាំងនោះទេ ខ្ញុំមានអារម្មណ៍ថា ពិធីរម្លឹកឬការរឭកនោះនឹងរងទុក្ខនិងសោកសៅ»។
អ្នកស្រី ស៊ីថានុន ចងចាំយ៉ាងច្បាស់ពីការ ដែលប្អូនប្រុសរបស់អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនអាចដកដង្ហើម» នៅពេលនិយាយទូរស័ព្ទជាមួយអ្នកស្រីដែលតាមចោទថា ជាពេលដែលគាត់ត្រូវបានគេចាប់ពង្រត់កាលពីបីឆ្នាំមុន។ អ្នកស្រីបាននិយាយថា អ្នកស្រីមានការខកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធយុត្តិធម៌ និងនគរបាលនៅក្នុងប្រទេសកម្ពុជា ដោយសារតែមានភស្តុតាងជាច្រើនដែលថា ប្អូនប្រុសរបស់អ្នកស្រីត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសនេះ ប៉ុន្តែអ្នកស្រីមិនបានឮអំពីការរីកចម្រើននៅក្នុងការស៊ើបអង្កេតនេះទេ។
អ្នកស្រីក៏មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលមានគម្រោងនិងចូលរួមក្នុងព្រឹត្តិការណ៍នានានៅភ្នំពេញផងដែរ។
អ្នកស្រីបាននិយាយថា៖ «ពេលខ្ញុំនិយាយចេញ ខ្ញុំក៏ត្រូវអាជ្ញាធរថៃចោទប្រកាន់ដែរ។ ប៉ុន្តែនៅប្រទេសថៃ ពេលខ្ញុំត្រូវបានគេចោទប្រកាន់ យើងមានមេធាវីសិទ្ធិមនុស្ស យើងមានប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយខ្ញុំ។ ប្រសិនបើមានអ្វីកើតឡើង [ចំពោះអ្នកតវ៉ាកម្ពុជា] ដែលស្រដៀងនឹងអ្វីដែលបានកើតឡើងចំពោះខ្ញុំ ឬអាក្រក់ជាងនេះ តើមានអ្វីការពារអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា?»។
អ្នកស្រី ស៊ីថានុន បានបង្ហាញខ្លួននៅមុខតុលាការក្រុងភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២០ ដើម្បីដាក់ភស្តុតាងនៃការបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រី ដែលក្រោយមកតុលាការបានចោទប្រកាន់លើបុគ្គលមិនស្គាល់អត្តសញ្ញាណពីបទប្រើប្រាស់អាវុធនិងបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងសំណុំរឿងនេះ។ មិនមានការរីកចម្រើនក្នុងសំណុំរឿងនេះចាប់តាំងពីពេលនោះមក។
កាលពីថ្ងៃអាទិត្យ មិនមានអន្តរាគមន៍ពីប៉ូលិសទេ ខណៈក្រុមសកម្មជនដើរតាមបណ្តោយផ្លូវជាតិលេខ៦ ពីខុនដូ Mekong Garden ទៅស្ពានជ្រោយចង្វា ដោយមានបដា និងស្លាកសរសេរថា “#JusticeForWanchalearm”។
នៅពេលល្ងាច ក្រុមសកម្មជន និងនិស្សិតដដែលបានប្រារព្ធពិធីមួយនៅខាងក្រៅស្ថានទូតថៃ ហើយអ្នករៀបចំបាននិយាយថា ពួកគេមានបំណងដាក់លិខិតមួយច្បាប់ទៅស្ថានទូតនៅពេលបើកដំណើរការនៅថ្ងៃច័ន្ទ។
កែ ចំរើន អាយុ២៨ឆ្នាំ បាននិយាយថា លោកបានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីទាមទារយុត្តិធម៌សម្រាប់គ្រប់ជាតិសាសន៍។ លោកបញ្ជាក់ថា លោកមិនមានពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ ឬគណបក្សនយោបាយនោះទេ។
លោកបាននិយាយថា៖ «ខ្ញុំក៏ជាយុវជនដែរ ខ្ញុំចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំអំពីការបាត់ខ្លួនរបស់ [វ៉ាន់ឆាឡឺម] អស់រយៈពេលបីឆ្នាំ ហើយរហូតមកដល់ពេលនេះគ្មានយុត្តិធម៌សម្រាប់គាត់ទេ។ គាត់បានបាត់ខ្លួនជាយូរមកហើយ ហើយមិនមានព័ត៌មាន។ ដូច្នេះ រដ្ឋាភិបាលសូមជួយជំរុញដំណើរការស្វែងរក វ៉ាន់ឆាឡឺមផង»។
លោក ចំរើន និយាយថា លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងមិននៅស្ងៀម ចំពោះការបាត់ខ្លួនរបស់ វ៉ាន់ឆាឡឺម ទៀតទេ ហើយបានជំរុញឱ្យរដ្ឋាភិបាលការពារយុវជន ដែលខ្វល់ខ្វាយពីបញ្ហាសង្គម៕
រាយការណ៍បន្ថែមដោយ អុឺង ស៊ា
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Phnom Penh Memorial Marks Third Anniversary of Thai Activist’s Abduction