សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនអ្នកសារព័ត៌មានមួយរូបកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងបទចោទ«សមគំនិតក្នុងអំពើបទចូលទៅដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ» បន្ទាប់ពីអាជ្ញាធរឆ្មក់ចាប់ខ្លួនអំឡុងពេលជួបប្រភពដើម្បីសុំការបំភ្លឺជុំវិញឯកសារមួយដែលមានភាពមិនប្រក្រតីកាលពីសប្ដាហ៍មុន។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី១០ ខែធ្នូ ឱ្យដឹងថា ចៅក្រមស៊ើបសួរ លោក ហុក ពៅ សម្រេចឃុំខ្លួន លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV NEWS នៅមណ្ឌលអប់រំកែប្រែម១រហូតទាល់តែមានបទបញ្ជាថ្មីផ្សេងពីនេះ។ លោក នួន មេសា ត្រូវបានតុលាការដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទចោទ «សមគំនិតក្នុងអំពើបទចូលទៅដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០, ១១, ១៤, ១៦ និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៩ និងមាត្រា ៤២៧ វក្យខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ថ្លែងថា ក្នុងសំណុំរឿងនេះ តុលាការបង្គាប់ឱ្យឃុំខ្លួន លោក នួន មេសា [ចាងហ្វាងសារព័ត៌មាន CNM TV News] និងមួយរូបទៀតឈ្មោះ យី គឹមឡី នៅមណ្ឌលអប់រំកែប្រែម១។ ប៉ុន្តែ លោក វិទ្យារ៉ាន់ឌី ពុំអាចបញ្ជាក់អត្តសញ្ញាណជនជាប់ចោទឈ្មោះ យី គឹមឡី ទេ។
លោកបញ្ជាក់ថា៖ «ចៅក្រមស៊ើបសួរបានសម្រេចចោទដូចព្រះរាជអាជ្ញា និងឃុំខ្លួននៅម១ មណ្ឌលអប់រំកែប្រែ»។
កាលពីពេលថ្មីៗនេះ តាមរយៈរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរិះគន់សេរីភាពព័ត៌មាននិងការបញ្ចេញមតិនៅកម្ពុជាថា បន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារទាំងអ្នកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្សនៅតែរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ។
សារព័ត៌មានខេមបូចា មិនអាចសូមការបញ្ជាក់ពីប្អូនប្រុសលោក នួន មេសា ឈ្មោះ នួន ណាក់ បានទេ ដោយសារទូរសព្ទមិនអាចទំនាក់ទំនងបាន។ ដោយឡែកប្រព័ន្ធទូរសព្ទមួយខ្សែទៀតដាក់ក្នុងទំព័រហ្វេសបុកផេក CNM Tv Live24 ដែលលោក នួន មេសា ជាចាងហ្វាងក៏មិនអាចទំនាក់ទំនងបានផងដែរ។
ប៉ុន្តែតាមរយៈការផ្សាយវីដេអូព័ត៌មានរបស់វិទ្យុ FM ១០២ ឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ភរិយារបស់លោក នួន មេសា បាននាំកូនតូចចំនួន២នាក់ទៅឈរនៅមុខស្នងការរដ្ឋាននគរបាលជាតិ និងស្នើឱ្យអាជ្ញាធរដោះលែងស្វាមីរបស់នាង។
ក្នុងវីដេអូ ស្រ្តីដៃពកូនផងយំសោកផង បានរៀបរាប់ថា ប្ដីរបស់នាងត្រូវបានអាជ្ញាធរឆ្មក់ចាប់ខ្លួនកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ អំឡុងពេលណាត់ជួបប្រភព [អ្នកផ្ដល់បទសម្ភាស] ដើម្បីសុំការឆ្លើយតបពាក់ព័ន្ធនឹងឯកសារបង្ហាញពីអំពើពុករលួយ។
ភរិយារបស់លោក មេសា និយាយក្នុងវីដេអូថា៖ «ខ្ញុំសំណូមពរសម្ដេចនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច គាត់ជួយមើលថាតើភាពយុត្តិធម៌នៅត្រង់ណាចំពោះអ្នកសារព័ត៌មាន។ […] រឿងហ្នឹងគាត់អត់ទាន់ផ្សព្វផ្សាយអ្វីទាំងអស់ គាត់គ្រាន់តែចង់ដឹងថា រឿងហ្នឹងពិតប្រាកដ ឬក៏អត់ តែប៉ុណ្ណឹងទេ។ […] គាត់គ្រាន់តែសុំការបំភ្លឺទេ។ រឿងករណីអំពើពុករលួយបង គ្រាន់គាត់សុំការបំភ្លឺទេ អត់ទាន់ដឹងថារឿងហ្នឹងពិតប្រាកដដូចការចោទប្រកាន់របស់អ្នកដែលពឹងពាក់ឱ្យយើងផ្សព្វផ្សាយ»។
មាត្រា៤២៧ នៃក្រមព្រហ្មទណ្ឌ «បទចូលទៅដល់ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ» ចំណុចទី២ បញ្ជាក់ថា កាលបើអំពើនោះជាហេតុបណ្ដាលឱ្យមានការលុបបំបាត់ ឬកែប្រែទិន្នន័យ ដែលមាននៅក្នុងប្រព័ន្ធ ឬឱ្យមានការខូចខាតនូវដំណើរការនៃប្រព័ន្ធ បទល្មើសនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៤លានរៀល។
ចំណែកតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនអ្នកសារព័ត៌មានមួយរូបទៅកាន់តុលាការឱ្យបានមុនដាច់ខែនេះ ដើម្បីបំភ្លឺករណីចុះផ្សាយពីអ្នករកស៊ីព្រៃឈើ និងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តី តាមបណ្ដឹងរបស់អ្នករងការចោទប្រកាន់ក្នុងព័ត៌មានបានចុះផ្សាយនោះ។
បើតាមដីកាបង្គាប់របស់តុលាការចុះថ្ងៃទី៦ ខែវិច្ឆិកា ឱ្យដឹងថា ដើមបណ្ដឹងឈ្មោះ សេង ឌីឡា និងព្រាប ធឿត បានប្ដឹងអ្នកសារព័ត៌មានបម្រើការងារនៅអង្គភាពឥន្ទ្រីផ្លាស់ញ៉ូ លោក អឹម សាម៉េត ជុំវិញការចុះផ្សាយក្នុងគ្រុបព័ត៌មានកាលពីដើមខែតុលាកន្លងទៅ ថា សេង ឌីឡា ជាអ្នករកស៊ីឈើធ្នង់ និង ព្រាប ធឿត ជាមន្រ្តីយោធា បានយកលុយពីអ្នកដឹកឈើតាមគោយន្ត។
ដីកាតុលាការ បានដាក់កំហិតឱ្យអាជ្ញាធរត្រូវនាំខ្លួន លោក សាម៉េត មកបំភ្លឺជុំវិញបណ្ដឹងព្រហ្មទណ្ឌ ក្រោមបទចោទ «កំហែងយកប្រាក់ ក្លែងព័ត៌មានមិនពិត គំរាមហែកកេរ្តិ៍តាមសារព័ត៌មាន» ប្រព្រឹត្តនៅក្នុងគ្រុបព័ត៌មានតេលេក្រាមព័ត៌មានខេត្តព្រះវិហារ កាលពីថ្ងៃទី៥, ៦ ខែតុលា ឆ្នាំ២០២៣ ឱ្យបានមុនថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
អ្នកសារព័ត៌មានរងពាក្យបណ្ដឹងចំពោះការចុះផ្សាយព័ត៌មានរបស់ខ្លួន លោក អឹម សាម៉េត បានឱ្យដឹងថា លោកមិនអាចចូលបំភ្លឺតាមការបង្គាប់ពីតុលាការនោះទេ។ លោកបន្តថា ដើម បណ្ដឹង អ្នកស្រី សេង ឌីឡា និង លោក ព្រាប ធឿត ជាអ្នកមានឥទ្ធិពលនៅតំបន់នោះដែរ។
លោក សាម៉េត បញ្ជាក់ថា៖ «បើខ្ញុំចូលទៅខ្ញុំដឹងគេឃុំខ្លួនខ្ញុំហើយ ព្រោះ[..]អ្នកដែលប្ដឹងខ្ញុំគេបោះពាក្យមកថាអស់[លុយ]ប៉ុន្មានពាន់[ដុល្លារ]ក៏គេលេងដែរ គេអត់ខ្លាចចាយលុយទេ»។
អ្នកសារព័ត៌មានរូបនេះ បន្តថា លោកមិនបានផ្សព្វផ្សាយព័ត៌មានមិនពិត គំរាមហែកកេរ្តិ៍ ឬទារប្រាក់ ដូចការលើកឡើងក្នុងពាក្យបណ្ដឹងទេ។
លោកបន្ថែមថា៖ «ខ្ញុំអត់បានទៅទារគំរាមកំហែងលុយកាក់អីគេទេ ជាទូទៅបទល្មើសខ្ញុំចេះធ្វើការខ្ញុំ ប្រយ័ត្នគ្រប់ពេលវេលា»។
លោក សាម៉េត ទទួលស្គាល់ថា លោកបានផុសព័ត៌មានក្នុងគ្រុបព័ត៌មានខេត្តព្រះវិហារដែលសមាជិកក្នុងគ្រុបជាអ្នកសារព័ត៌មាន និងមន្រ្តីរដ្ឋាភិបាល។ ប៉ុន្តែ លោកអះអាងថា អ្នកស្រី សេង ឌីឡា ជាអ្នកប្រាប់លោកតាមរយៈបទសម្ភាសតាមទូរសព្ទ ថា អ្នកស្រី ជាអ្នករកស៊ីព្រៃឈើ។ ទោះជាបែបនេះក្ដី លោក បដិសេធថា បានចោទប្រកាន់ លោក ព្រាប ធឿត ជាអ្នកយកលុយពីក្រុមអ្នកដឹកឈើតាមគោយន្ត។
លោកបន្តទៀតថា កាលពីថ្ងៃទី០៩ ខែតុលា ក្រោយតុលាការចេញដីកា អាជ្ញាធរបានរឹបអូសយកទូរសព្ទចំនួន២គ្រឿង និងរថយន្តមួយគ្រឿងរបស់លោក ខណៈនោះលោកកំពុងគេចខ្លួន។
បើតាមអ្នកសារព័ត៌មានរងបណ្ដឹងជុំវិញការចុះផ្សាយព័ត៌មានរបស់ខ្លួននេះ ឱ្យដឹងថា ក្នុងគ្រុបព័ត៌មានខេត្តព្រះវិហារមានអ្នកទាញលោកចេញ ថែមទាំងលុបវីដេអូដែលមានភាពចម្រូងចម្រាស់នោះរួចហើយ។
ចាងហ្វាងសារព័ត៌មានឥន្រ្ទីផ្លាស់ញ៉ូស លោក ពឿន ប៊ុនធឿន អះអាងថា ស្ថាប័នសារព័ត៌មានរបស់លោកជាស្ថាប័នប្រកបដោយវិជ្ជាជីវៈ ហើយរាល់ព័ត៌មានមុនចុះផ្សាយមានការពិនិត្យពីអ្នកជំនាញ។ លោកក៏បានច្រានចោលការចោទថា បុគ្គលិករបស់លោកបានជំរិតយកប្រាក់ ឬចុះផ្សាយព័ត៌មានមិនពិត។
បន្ថែមពីលើនេះ លោកថា កន្លងមកបុគ្គលិកបម្រើការងារក្នុងស្ថាប័នសារព័ត៌មានរបស់លោក មិនមានប្រវត្តិរងពាក្យបណ្ដឹងចំពោះការចុះផ្សាយព័ត៌មានរបស់ខ្លួនឡើយ។
លោក ប៊ុនធឿន បញ្ជាក់ថា៖ «ក្រុមការងារខ្ញុំ (លោក អឹម សាម៉េត) បានអះអាងថាគាត់អត់បានយកលុយទេ ហើយអ្វីដែលពួកយើងចុះផ្សាយគឺយើងចុះផ្សាយត្រឹមត្រូវតាមវិជ្ជាជីវៈអស់ហើយ។ ដោយអត់បានមួលបង្កាច់អីទេ យើងមានភស្តុតាង មានប្រភពពីប្រជាពលរដ្ឋច្បាស់លាស់ក្នុងការចុះផ្សាយ»។
សារព័ត៌មានខេមបូចាបានសួរបញ្ជាក់ទៅ លោក ព្រាប ធឿត ប៉ុន្តែទូរសព្ទត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីប្រាប់ថា ជាអ្នកសារព័ត៌មាន ហើយខលម្ដងទៀតមិនមានអ្នកទទួលនោះទេ។
សារព័ត៌មានខេមបូចា ក៏បានសួរទៅអ្នកស្រី ឌីឡា ប៉ុន្តែទូរសព្ទត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីអ្នកសារព័ត៌មានរៀបរាប់តាមលោក សាម៉េត [អ្នកសារព័ត៌មានរងការចោទប្រកាន់] ថា អ្នកស្រី ជាអ្នកប្រាប់គាត់ ថាខ្លួនជាអ្នករកស៊ីឈើ និងខលម្ដងទៀតមិនមានអ្នកទទួលនោះទេ។
ស្នងការរងនគរបាលខេត្តព្រះវិហារ លោក ឆយ បូរិន ថ្លែងថា អាជ្ញាធរមិនទាន់នាំខ្លួន លោក សាម៉េត ទៅកាន់តុលាការបាននៅឡើយទេ។ លោកបន្តថា៖ « [លោក សាម៉េត] មិននៅក្នុងភូមិសាស្ត្រ [ខេត្តព្រះវិហារ]»។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារលោកស្រី ហែម សុគុណពិសី ថ្លែងប្រាប់ ខេមបូចា តាមរយៈប្រព័ន្ធតេលេក្រាម ថាមន្ទីរព័ត៌មានខេត្តពុំបានដឹងពីករណីនេះទេ។
លោកស្រី សុគុណពិសី លើកឡើងថា៖ «បើពេលដែលអ្នកសារព័ត៌មាន នៅពេលចុះយកព័ត៌មានខេត្តព្រះវិហារ មន្ទីរព័ត៌មានមិនដឹងថាគាត់មកពេលណាទៅពេលណាផងហ្នឹង»។
របាយការណ៍ CCHR បន្តថា តាមរយៈការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយប្រចាំថ្ងៃ ក៏ដូចជាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ យ៉ាងហោចណាស់អ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការផ្លូវច្បាប់។
នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) លោក អ៊ិត សូធឿត ថ្លែងថា ច្បាប់ស្ដីពីរបបសារព័ត៌មានគួរត្រូវបានលើកយកមកក្នុងការដោះស្រាយជុំវិញបញ្ហាកើតមានពាក់ព័ន្ធការចុះផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន និងដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មានអាចបំពេញការងាររបស់ខ្លួនដោយភាពជឿជាក់។
លោក សូធឿត ថ្លែងថា៖ «ច្បាប់ស្ដីពីសារព័ត៌មានបានការពារឬក៏ផ្ដល់សិទ្ធិដល់អ្នកសារព័ត៌មានក្នុងការបំពេញតួនាទីរបស់ពួកគាត់ ហើយនៅក្នុងច្បាប់នោះក៏មានចែងអំពីនីតិវិធីក្នុងការដោះស្រាយនៅពេលមានបញ្ហាផ្សេងៗដូចជាការផ្សាយខុសឬមានបញ្ហាអីចឹង វាមាននីតិវិធីក្នុងការកែតម្រូវ»៕