សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញបើក​សវនាការ​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី 

នៅរសៀលថ្ងៃពុធ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មេដឹកនាំសហជីព គឺ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបាននាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើក​សវនាការអង្គ​សេចក្ដី​លើ​ករណី​​បទ​ញុះញង់ឱ្យប្រព្រឹត្តបទល្មើស​ជាអាទិ៍ ។  

មេដឹកនាំ​សហជីព មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ខ្លះ ​បាន​ចូលរួម​​ស្ដាប់​ និង​តាម​ដាន​សវនាការ​អង្គសេចក្ដី​ករណី លោក ម៉ម រិទ្ធី ។  

លោក ម៉ម រិទ្ធី ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២៤ និងបានបញ្ជូនទៅពន្ធ​នាគារ​​ព្រៃស បន្ទាប់​ពី​សាលាដំបូងរាជធានីភ្នំ​ពេញ​​បាន​កាត់ទោសកំបាំងមុខ ក្នុង​ថ្ងៃ​ដដែល​ តាម​មាត្រា ៤៩៤ ៤៩៥ និង ៥២៣ នៃក្រមព្រហ្មទណ្ឌ ហើយ​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគាររយៈ​ពេល ​​១៨​ខែ ​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ ហើយ​និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ពីរ​លាន​រៀល (ប្រមាណ ៥០០​ដុល្លារ) ។  

ការ​កាត់​ទោស​ លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១ឆ្នាំ និង ៦​ខែ គឹ​ធ្វើ​ឡើង​​តាម​​បណ្តឹងរបស់​​ក្រុមហ៊ុនមួយ​ឈ្មោះ ជីនប៉ី​ គ្រុប​ ដែលជាកម្មសិទ្ធិរបស់ជន​ជាតិ​ចិន ។  

រហូត​មក​ដល់​ពេល​នេះ លោក ម៉ម រិទ្ធី បាន​ជាប់​ពន្ធនាគារអស់​រយៈ​ពេល​ជាង​ ៦​ខែ ហើយ ហើយ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា​តើ លោក ម៉ម រិទ្ធី នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​មួយ​យ៉ាង​ណានោះ ​៕ 

44 views