Update: សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និងឃុំខ្លួនលោក នី ណាក់ ពីបទ«បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈសង្គមស៊ីវិលថា ជាការរំលោភសិទ្ធិបញ្ចេញមតិ និងសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ។
ជុំវិញរឿងនេះអ្នកស្រី សុខ ស្រីណែត បានថ្លែងប្រាប់ ខេមបូចា ថា សាលាដំបូងកំពុងសាកសួរប្ដីអ្នកស្រីតាមបណ្ដឹងរបស់លោក ហេង សួរ។ អ្នកស្រីបានបញ្ជាក់ថា លោក ហេង សួរបានប្ដឹងប្ដីអ្នកស្រីដោយសារតែប្ដីអ្នកស្រីបង្ហោះសារលើហ្វេសប៊ុកថា៖ «តើ ហេង សួរ គាត់មានគុណសម្បត្ដិអីខ្លះបានជារដ្ឋាភិបាលកាត់ដីគាត់ ដីសម្បទាននៅកំពត៣០០ហិកតា»។
អ្នកស្រីបន្តថា ការចាប់ខ្លួននេះវាអយុត្ដិធម៌ណាស់សម្រាប់ប្ដីអ្នកស្រីដោយគ្រាន់តែរិៈគន់ដើម្បីស្ថាបនា រិៈគន់អ្វីដែលមិនល្អក្នុងចេតនាឱ្យរដ្ឋាភិបាលកែប្រែ។ យ៉ាងណាអ្នកស្រីបន្ដអះអាងថា ប្ដីអ្នកស្រីមិនបានប្រព្រឹត្ដដូចការចោទរបស់ដើមបណ្ដឹងនោះទេ ហើយការចាប់ខ្លួននេះវាជាការបិទសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ និងរំលោភសិទ្ធិមនុស្ស។
អ្នកស្រីថា៖ «គេឃាត់ពួកខ្ញុំនៅពាក់កណ្ដាលផ្លូវថាគេសុំនាំខ្លួនប្ដីខ្ញុំទៅសាកសួរ នៅក្រសួងមហាផ្ទៃ។ ដំបូងអត់ដឹងថាបណ្ដឹងអ្នកណាទេ ទាល់ទៅដល់ក្រសួងមហាផ្ទៃបានដឹងថា ហេង សួរ ប្ដឹងប្ដីខ្ញុំ។ ឥឡូវប្ដីខ្ញុំកំពុងនៅក្នុងតុលាការ គេកំពុងសាកសួរគាត់។ ខ្ញុំគិតថាការចាប់ប្ដីខ្ញុំនេះវាអយុត្ដិធម៌ ហើយវារំលោភសិទ្ធិប្រជាពលរដ្ឋក្នុងការបញ្ចេញមតិបង»។
អ្នកស្រីបញ្ជាក់ថា ពេលនេះអ្នកស្រីកំពុងនៅមុខតុលាការក្រុងព្រែកលាប រង់ចាំប្ដីអ្នកស្រីដែលតុលាការសាកសួរ។ អ្នកស្រីបន្ដថា អ្នកស្រីបានជួបលោក នី ណាក់ ចំនួន១៥នាទីមុននឹងចូលតុលាការ។ យ៉ាងណាអ្នកស្រីសង្ឃឹមថា តុលាការនឹងមិនផ្ដន្ទាទោសណាមួយលើប្ដីអ្នកស្រី។
អ្នកស្រីបន្ដថា៖ «ខ្ញុំកំពុងនៅមុខតុលាការ មុនហ្នឹងខ្ញុំបានជួបគាត់១៥នាទី។ ខ្ញុំសង្ឃឹមថាតុលាការនឹងមិនផ្ដន្ទាទោសប្ដីខ្ញុំចុះ ព្រោះគាត់មិនបានប្រព្រឹត្ដដូចការចោទប្រកាន់ទេ»។
ជុំវិញការឃាត់ខ្លួននេះ លោក ឆាយ គឹមខឿន ស្នងការរងនិងអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថា ខាងលោកពិតជាបានឃាត់ខ្លួនលោក នី ណាក់ ដើម្បីសាកសួរតាមដីការបស់តុលាការ។
លោកបន្ថែមថា៖ «គេកំពុងធ្វើតាមនីតិវិធី ដឹងតែប៉ុណ្ណឹងបានហើយ។ ពូអត់ដឹងគេយកទៅសួរនាំនៅកន្លែងណាទេ»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់តាមប្រព័ន្ធតេឡេក្រាមថា មុននឹងមានការដាក់បណ្ដឹងលោក នី ណាក់ នេះ ព្រោះដោយសារការបង្ហោះសាររបស់លោក នី ណាក់ និងបក្សពួកមានចេតនាញុះញ៉ង់ឱ្យសាធារណជនមានការយល់ច្រឡំលើលោក ហេង សួរ ព្រោះកន្លងមកលោកធ្លាប់បានចេញបំភ្លឺជុំវិញការកាត់ដីនៅខេត្ដកំពតដើម្បីសាងសង់រោងចក្រ និងធ្វើការិយាល័យសម្រាប់មន្ដ្រីនៃក្រសួងការងារថា វាមិនត្រូវត្រឹមនោះទេ។
លោកបន្ដថា កាលពីថ្ងៃ១២ខែធ្នូឆ្នាំ២០២៣កន្លងទៅលោកបានបំភ្លឺជាមួយវិទ្យុបារាំងហើយថា ការកាត់ដីនេះ មិនមែនជាលោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារនោះទេ គឺអ្នកផ្សេង ប៉ុន្ដែលោក នី ណាក់ និងបក្សពួកនៅតែបន្ដសកម្មភាពដដែល ទើបលោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារសម្រេចដាក់ពាក្យបណ្ដឹងទៅសាលាដំបូងពីបទ«បរិហាកេរ្ដិ៍ និងញុះញង់»។
អ្នកនាំពាក្យរូបនេះបន្ដថា៖ «ករណីឈ្មោះហេង សួរដែលបានទទួលដីជិត១០០ហិកតានៅខេត្ដកំពតនោះមិនមែនជាឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារនោះទេ ប៉ុន្ដែលោក នី ណាក់ និងបក្សពួករបស់ខ្លួននៅតែបន្ដចែកចាយនូវព័ត៌មានមិនពិតទាំងនោះដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ»។ លោកបន្តថា៖ «នេះជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះហើយឯកឧត្ដម ហេង សួរលោកបានដាក់ពាក្យទៅសមត្ថកិច្ច ហើយសមត្ថកិច្ចបានអនុវត្ដច្បាប់របស់ខ្លួន ធ្វើការឃាត់ខ្លួន នី ណាក់»។
ខេមបូចា បានព្យាយាមសុំការបំភ្លឺបន្ថែមលើការចាប់ខ្លួនលោក នី ណាក់ ពីលោក ហេង សួរ ជាដើមបណ្ដឹង ដោយទូរសព្ទ និងឆាតតាមប្រព័ន្ធតេឡេក្រាម ប៉ុន្ដែមិនមានការឆ្លើយតប។
កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោក នី ណាក់ ជាសកម្មជនតស៊ូមតិហ៊ានរិះគន់រឿងរ៉ាវសង្គម លោកត្រូវបានជនមិនស្គាល់មុខចំនួន៤នាក់ ក្នុងចំណោមមនុស្ស ៨នាក់ ព្រួតវាយនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងពេលដែលលោកកំពុងជិះម៉ូតូជាមួយភរិយា ចេញពីឃ្លាំងជីកំប៉ុសនៅព្រែកថ្មី ជិតវត្តចំពុះក្អែក ។
លោក នី ណាក់ ដែលជាអ្នកផលិតជីកសិកម្ម និងជាអ្នកលក់កូនឈើហូបផ្លែច្រើនមុខកន្លងមក លោកបានរិះគន់ក្រសួងកសិកម្មជាញឹកញាប់នៅលើទំព័រហ្វេសប៊ុករបស់លោកឈ្មោះ IMan-KH ដែលមានអ្នកតាមដានចំនួន ៤១៣ ០០០នាក់។ ភរិយារបស់លោកបានបដិសេធថា លោកមិនមានពាក់ព័ន្ធនឹងនយោបាយទេ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក នី ណាក់ ឱ្យជាប់ពន្ធនាគារ១៨ ខែពីបទសរសេរបង្ហោះហ្វេសប៊ុកប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន។
បើតាមលោក ប៉ា ចន័្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងប្រាប់ ខេមបូចា ថា សម្រាប់ការចាប់ខ្លួនលោក នី ណាក់នេះវាបង្ហាញពីការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ លោកបន្ដថា ជាទូទៅមន្រ្ដីសាធារណៈពេលធ្វើខុសពលរដ្ឋមានសិទ្ធិរិៈគន់ គ្រាន់តែតិចឬច្រើន។
លោកឱ្យដឹងថា ក្នុងករណីពលរដ្ឋរិៈគន់ជ្រុលអាចជាការព្រមាន ឬក៏ពិន័យគឺវាគ្រប់គ្រាន់ហើយ ដោយលោកថា ការដែលរដ្ឋមន្រ្ដីម្នាក់យកការរិៈគន់ដើម្បីចាប់ខ្លួនពលរដ្ឋ គេអាចមើលឃើញពីការធ្លាក់ចុះនៃប្រព័ន្ធច្បាប់ និងសិទ្ធិផ្សេងដែលធានាដោយច្បាប់ហាក់គ្មានតម្លាភាព។ លោកបន្ថែមថា ការបើកលំហររបស់សង្គមជាប្រជាធិតេយ្យគឺជារឿងចាំបាច់ណាស់ ដូច្នេះរដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញ ដើម្បីអាចធានាថា ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ។
លោកបានបញ្ជាក់ថា៖ «ការចាប់ខ្លួនលោក នី ណាក់ ដោយសារការរិៈគន់របស់គាត់ វាបង្ហាញពីការរឹតត្បិតសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រោះក្នុងច្បាប់ប្រជាពលរដ្ឋយើងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកបន្តថា៖ «មន្រ្ដីសាធារណៈជាទូទៅជាកម្មវត្ថុនៃការរិៈគន់របស់ពលរដ្ឋ ទោះពេលខ្លះអាចលើសលួសក្ដី ក៏ក្នុងសង្គមប្រជាធិបតេយ្យគេមានការអាធ្យាស្រ័យខ្ពស់ណាស់។ ការបើកលំហរសិទ្ធិបញ្ចេញមតិគឺជារឿងសំខាន់ណាស់ក្នុងសង្គមប្រជាធិបតេយ្យ ដូច្នេះរដ្ឋាភិបាលគួរពិនិត្យនិងគោរពតាមច្បាប់ដែលមានចែង»។
កាលពីចុងខែសីហាឆ្នាំ២០២៣ក្រោយពីលោក នី ណាក់ ត្រូវបានជនមិនស្គាល់វាយប្រហារមជ្ឈមណ្ឌលសិទ្ធិមនុស្សធ្លាប់ចេញរបាយការណ៍ជុំវិញករណីលោក នី ណាក់ថា ជាការធ្វើទុក្ខបុកម្នេញ និងជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលមានចែងក្នុងច្បាប់ និងស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញលើលំហរសិទ្ធិសេរីភាពរបស់លោក នី ណាក់ ដើម្បីធានាបានថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានថ្លែងថា ការចាប់ខ្លួននេះវាមិនបង្ហាញពីរដ្ឋធម្មនុញ្ញទេ ផ្ទុយទៅវិញវាបង្ហាញពីការរឹតត្បិតសិទ្ធិសេរីក្នុងការបញ្ចេញមតិទៅវិញទេ។
លោកបន្ដថា ក្នុងនាមជារដ្ឋមន្រ្ដីមិនគួរប្រើអំណាចរបស់ខ្លួនដើម្បីចាប់ខ្លួននរណាម្នាក់ដែលបានរិៈគន់ខ្លួនទេ។ ការណ៍នេះលោកថា ច្បាប់ហាក់មិនមានតុល្យភាព រវាងពលរដ្ឋ និងមន្រ្ដីសាធារណៈ ជាពិសេសច្បាប់ការពារតែអ្នកមានអំណាច។ លោកបន្ដថា អាជ្ញាធរគួរតែបែងចែករវាងសិទ្ធិបញ្ចេញមតិ និងបទល្មើសឱ្យដាច់ពីគ្នា។
លោកបន្ដថា៖ «ខ្ញុំយល់ថាការប្រើអំណាចរបស់ខ្លួនក្នុងការចាប់ខ្លួននរណាម្នាក់ខ្ញុំគិតថាវាមិនគួរកើតមានទេ។ អាជ្ញាធរខ្លួនឯងគួរតែបែងចែកឱ្យដាច់ រវាងសិទ្ធិបញ្ចេញមតិ និងបទល្មើស ដូច្នេះអាជ្ញាធរគួរពិនិត្យឡើងវិញ ដើម្បីឱ្យពលរដ្ឋអាចប្រើប្រាស់សិទ្ធិពេញលេញ»។
គួរបញ្ជាក់ថា លោក នី ណាក់ បានជាប់បណ្ដឹងចំនួន៣ក្នុងនោះមាន បណ្ដឹងពីលោក ផែង វណ្ណៈដែលបានប្ដឹងកាលពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៣ពីបទ«បរិហាកេរ្ដិ័ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ និងបានទាសំណងជំងឺចិត្ដចំនួន៥០លានរៀល។ កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក នី ណាក់ ឱ្យជាប់ពន្ធនាគារ ១៨ ខែពីបទសរសេរបង្ហោះហ្វេសប៊ុកប្រមាថលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន។ ចំណែកបណ្ដឹងចុះក្រោយនេះគឺពីលោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីបទ«បរិហាកេរ្ដិ័ និងញុះញង់»។
Update នៅវេលាម៉ោង១កន្លះ រសៀលនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤: សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងឃុំខ្លួនលោក នី ណាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ព្រមទាំងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕