សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើលោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការព្រមានមិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោកបានបំពានបម្រាមរបស់តុលាការ ក្រោយលោកបានចុះជួបអ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីនេះ។
លោកចៅក្រម កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចចាត់វិធានការព្រមានលោក កឹម សុខា អតីតមេបក្សប្រឆាំង ពាក់ព័ន្ធនឹងការល្មើសលក្ខខណ្ឌនៅក្រៅឃុំរបស់គាត់ ដោយសារគាត់បានជួបជាមួយនឹងអ្នកគាំទ្រនៅតាមខេត្តនិងនៅផ្ទះរបស់គាត់ក្នុងរាជធានីភ្នំពេញក្នុងខែឧសភានិងមិថុនាដែលភ្ជាប់នឹងសកម្មនយោបាយ។
លោកចៅក្រមបានប្រកាសថា៖ «តុលាការរកឃើញថាពិតជាបានរំលោភកាតព្វកិច្ចដែលស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ សកម្មភាពរបស់លោក កឹម សុខា ទាំងអស់ជាសកម្មភាពនយោបាយ ដូច្នេះតុលាការសម្រេចស្តីបន្ទោសផ្ទាល់មាត់និងព្រមានជនជាប់ចោទឱ្យឈប់ធ្វើសកម្មភាពនយោបាយទៀត បើសិនជាជនជាប់ចោទនៅតែប្រព្រឹត្តសកម្មភាពទាំងអស់ហ្នឹង [តុលាការ]នឹងចេញដីការចាប់ខ្លួនភ្លាមៗ»។
លោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែលតាមចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោក កឹម សុខា ត្រូវបានដាក់នៅក្រោមការត្រួតពិនិត្យរបស់តុលាការ ចាប់តាំងពីលោកត្រូវបានដោះលែងពីការឃុំខ្លួនបណ្តោះអាសន្នក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យ លោកមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេស ត្រូវបានគេហាមប្រាមពីការធ្វើសកម្មភាពនយោបាយ ហើយត្រូវតែបង្ហាញខ្លួននៅពេលតុលាការកោះហៅ។
លោក កឹម សុខា បានអះអាងក្នុងសវនាការកន្លងមកថា លោកធ្វើសកម្មភាពដោយស្របច្បាប់និងប្រកបដោយតម្លាភាពក្នុងការព្យាយាមយកឈ្នះការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ ហើយសមាជិកគណបក្សនេះជាច្រើននាក់ត្រូវបានចាប់ខ្លួនជុំវិញអ្វីដែលគេជឿជាទូទៅថា ជាការចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ។ មេដឹកនាំកំពូលៗរបស់គណបក្សនេះបាននិរទេសខ្លួន ហើយ សមាជិកជាន់ខ្ពស់ជាង១០០នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ៕