សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូឃ្លីបបង្ហាញថា៖ សមត្ថកិច្ចក្រុងភ្នំពេញយករំពាត់វាយអ្នកថ្មើរជើង ដើម្បីបង្ខំឲ្យចូលផ្ទះ អំឡុងពេលបិទខ្ទប់

កងកម្លាំងល្បាតយករំពាត់ឬស្សីវាយលើអ្នកជិះម៉ូតូតាមទីសាធរណ: ដើម្បីបង្ខំឲ្យពួកគេចូលផ្ទះនៅសង្កាត់ស្ទឹងមានជ័យ១ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនប្រាំពីរ ដែលត្រូវបានចាត់ទុកជា តំបន់បិទខ្ទប់ «តំបន់ក្រហម» ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ខេមបូចា/បញ្ញា ឆព័ណ្ណ
កងកម្លាំងល្បាតយករំពាត់ឬស្សីវាយលើអ្នកជិះម៉ូតូតាមទីសាធរណ: ដើម្បីបង្ខំឲ្យពួកគេចូលផ្ទះនៅសង្កាត់ស្ទឹងមានជ័យ១ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនប្រាំពីរ ដែលត្រូវបានចាត់ទុកជា តំបន់បិទខ្ទប់ «តំបន់ក្រហម» ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ខេមបូចា/បញ្ញា ឆព័ណ្ណ

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សសម្តែងនូវការខកចិត្ត ព្រមទាំងចាត់ទុកការអនុវត្តរបស់សមត្ថកិច្ចកម្ពុជាថាជ្រុលហួសហេតុ នៅពេលដែលមន្រ្តី​ប៉ូលិស​ក្នុង​រាជធានី​ភ្នំពេញ​បាន​យក​រំពាត់ផ្តៅ និងឬស្សី ​វាយ​មក​លើ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចោទ​​ថា បំពាន​បទបញ្ជា​​នៃការ​បិទខ្ទប់​ទីក្រុង។

​​វីដេអូឃ្លីប​ដែល​ត្រូវ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ និងថ្ងៃពុធ បាន​បង្ហាញ​មន្រ្តី​ប៉ូលិស​ និង​សន្តិសុខ​ខណ្ឌ​ប្រើប្រាស់​រំពាត់ផ្តៅ​ និងឬស្សី វាយ​លើ​ពលរដ្ឋ​ដែល​ចាកចេញ​ពី​ផ្ទះ​ និង​ដើរ​តាម​ដងផ្លូវ។ វិធានការ​តឹងរ៉ឹង​បំផុត​ត្រូវ​បាន​អនុវត្ត​នៅ​លើ​តំបន់​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ «តំបន់​ក្រហម» ដោយចាប់ផ្តើមកាល​ពី​ថ្ងៃ​ចន្ទ ដែល​រួម​មាន​ផ្នែក​មួយ​ចំនួន​នៃ​ខណ្ឌ​មានជ័យ​នៅ​ភាគនិរតី​នៃ​ទីក្រុង ដែល​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​តាម​ខ្សែ​វីដេអូ​ពី​ការ​ល្បាតយ៉ាង​តឹងរ៉ឹង​តាម​ដងផ្លូវ​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ។ ប៉ុន្តែ​ប៉ូលិស​នៅខាង​ក្រៅ​តំបន់​រាំងខ្ទប់​នេះ​ត្រូវ​បាន​គេថត​ក្នុង​វីដេអូ​​មួយ​ដែល​បង្ហាញ​ពី​ការ​​វាយ​អ្នក​ថ្មើរ​ជើង​នឹង​រំពាត់ផ្តៅ និងឬស្សី ដោយ​ការណ៍​នេះ​នាំឲ្យ​មាន​ការ​រិះគន់​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​ជុំវិញ​សកម្មភាព​ដែល​ត្រូវ​បាន​អនុញ្ញាត​អំឡុងពេល​មាន​ការ​បិទខ្ទប់។ ​

​លោក​ ស ថេត ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ នូវអំពើហិង្សាដែលប៉ូលិស​បាន​វាយដំ​លើ​ពលរដ្ឋ បើ​ទោះបីជាមានវីដេអូឃ្លីប បង្ហោះលើបណ្តាញសង្គជាច្រើនក៏ដោយ។ លោកថា កងកម្លាំងប៉ូលិសគ្រាន់តែធ្វើជាវាយដំ ដើម្បីបំភ័យពលរដ្ឋឲ្យចូលផ្ទះរបស់ពួកគេ​ ទំាងក្នុងនិងក្រៅតំបន់ក្រហម។

​​​លោក​ ស ថេត​ បាន​ថ្លែង​ថា៖ «យើង​មិនមាន​វាយ​ពួកគាត់​ទេ  គ្រាន់​តែ​វាយកំឡាៗ​ពួកគាត់​ប៉ុណ្ណោះ​» ដោយ​បន្ថែម​ថា ប៉ូលិស​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ប៉ុន្តែ​ពលរដ្ឋ​មិនស្តាប់ ហើយ​បន្ត​រំលោភបទបញ្ជា។

រូបថត​នានា​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​មន្រ្តី​ប៉ូលិស​ចែក​រំពាត់ផ្តៅ​វែង​ទៅ​កាន់​មន្រ្តី​ប៉ូលិស​ដទៃ​ទៀត​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ​ លោក​ ស​ ថេត​ ទទូច​ថា ប៉ូលិស​គ្រាន់​តែ​​​វាយបែបកំទ្បា​ពលរដ្ឋ​ប៉ុណ្ណោះ​ ហើយ​លោក​បន្ត​ថា ប៉ូលិស​ក៏​កំពុង​ពង្រឹង​ការ​អនុវត្ត​វិធានការ​ផង​ដែរ។

រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃខេត្ត​កណ្តាល​ បាន​ស្ថិត​នៅ​ក្រោម​ការ​បិទខ្ទប់​ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ខែ​មេសា​មក ដោយ​វិធានការ​តឹងរ៉ឹង​នានា​ត្រូវ​បាន​អនុវត្ត​ឡើង​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ឥឡូវ​នេះ ពលរដ្ឋ​ភាគច្រើន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ ឬ​ហាត់ប្រាណ​នៅ​ខាង​ក្រៅ ហើយ​អនុញ្ញាត​ឲ្យ​ចេញ​ទិញ​ស្បៀង​អាហារ​ដោយ​មាន​កំណត់​ចំនួន​មនុស្ស។ កាល​ពី​ថ្ងៃ​ចន្ទ សាលារាជធានី​ភ្នំពេញ​បាន​កំណត់​តំបន់​ចំនួន​ប្រាំពីរ​ ដែល​កំពុង​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ជា​បន្តបន្ទាប់​ជា​តំបន់​ក្រហម ដែល​ត្រូវ​អនុវត្ត​វិធានការ​បិទខ្ទប់​ខ្លាំង​ជាង​មុន។

​នា​ពេល​បច្ចុប្បន្ន តំបន់​ក្រហម​ខាង​លើ​រួម​មាន​ សង្កាត់​ស្ទឹងមានជ័យ​១ ស្ទឹងមានជ័យ២ និង​ស្ទឹង​មាន​ជ័យ៣ នៃខណ្ឌមានជ័យ សង្កាត់​ចោមចៅ​១​ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​សង្កាត់​បឹងសាឡាង​ក្នុង​ខណ្ឌ​ទួលគោក មាន​ភូមិ​ ១៤ ភូមិ១៦ និង​ភូមិ១៧។

​នៅ​ក្នុង​តំបន់​ក្រហម​ ហាង​លក់ដូរ​ទាំងអស់​ត្រូវ​បាន​បិទ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ធំ​មិនអាច​ចាកចេញ​ពី​ផ្ទះ​បាន​នោះ​ទេ លើកលែង​​តែ​ករណី​សុខភាព​ចាំបាច់ និងចាក់វ៉ាកសាំងដូសទី២។ រដ្ឋាភិបាល​ចាប់ផ្តើម​ផ្តោត​លើ​ផ្តល់​ស្បៀងអាហារ​ទៅ​លើ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ទាំង​នោះ ទោះ​បីជា​​ការ​ដឹកជញ្ជូន​ជំនួយ​ដំបូង​ត្រូវ​ការ​ពេល​ជា​ច្រើនថ្ងៃ​ដើម្បី​ទៅ​ដល់​មនុស្ស​ដែល​ត្រូវ​ជាប់​ក្នុង​ផ្ទះ ដោយ​មិនអាច​ទទួល​បាន​ការផ្គត់ផ្គង់​ស្បៀងអាហារ។ ស្របពេល​ដូចគ្នា​នេះ គេហទំព័រ​ផ្សេងៗ​នៅ​តាម​បណ្តាញ​សង្គម និង​ក្រុម​ជជែក​ក្នុង​កម្មវិធី​តេឡាក្រាម បាន​បង្ហាញ​នូវ​​ភាព​លំបាក​របស់​ពលរដ្ឋ​នៅ​ទីក្រុង​ក្នុង​ការ​​រក​ទទួលទាន​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ ដោយសារ​ថវិកា​ចាប់ផ្តើម​ខ្សត់ខ្សោយ ហើយ​ហាងលក់ដូរ​​ត្រូវ​បង្ខំ​ឲ្យ​បិទទ្វារ។ ​

លោក អំ សំអាត នាយក​រង​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​និយាយ​ថា អាជ្ញាធរ​បាន​ចាត់​នូវ​វិធានការ​ជ្រុលហួស​ដើម្បី​អនុវត្ត​ការ​បិទខ្ទប់។ ខណៈ​លោក​កត់សម្គាល់​ថា សាធារណជន​បាន​យល់ស្រប​នូវ​តម្រូវការ​ការ​រឹតត្បិត​ដើម្បី​បញ្ឈប់​ការ​រាតត្បាត​ជំងឺកូវីដ១៩ លោក​បាន​លើកឡើង​ថា ប៉ូលិស​ត្រូវ​ប្រកាន់​យក​នូវ​ហេតុផល​សមស្រប​នៅ​ក្នុង​ការ​អនុវត្តច្បាប់។

លោក​បាន​ថ្លែង​ថា៖ «យើងមិនអាច​ទទួល​យក​បានទេ​ នៅ​ពេល​ដែល​អាជ្ញាធរ​ភា្លមៗ​បាន​ងាក​ទៅ​ប្រើប្រាស់​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​វិធានការ​ទាំង​នោះ។ អាជ្ញាធរ​គួរ​តែ​ស្វែងរក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​រារាំង​ពលរដ្ឋ​មិន​​ឲ្យ​ចេញ​ពី​ផ្ទះ​ ឬ​ដើរ​តាម​ដងផ្លូវ»។ ​

លោក​បាន​បន្ត​ថា ជា​រឿង​គួរឲ្យហួសចិត្ត​មួយ​ដែល​អាជ្ញាធរ​នៅ​ក្រុង​ភ្នំពេញ​បាន​ប្រើ​រំពាត់ផ្តៅ​ដូច​នៅ​ប្រទេស​ឥណ្ឌា ជា​ទី​ដែល​អាជ្ញាធរ​កំពុង​ប្រឈម​នឹង​ការ​លំបាក​នៅ​ក្នុង​ទប់ទល់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ប៉ូលិស​ត្រូវ​បាន​​ឃើញ​ យក​រំពាត់​មក​វាយ​ពលរដ្ឋ​ដែល​ដើរ​តាម​ដងផ្លូវ។

លោក​បាន​ថ្លែង​ថា៖ «សាធារណជន​កំពុង​ប្រឈម​នឹង​ការ​លំបាក​ជាមួយ​នឹង​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ រួច​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​​ ពួកគាត់​ត្រូវ​រង​អំពើ​ហិង្សា​បន្ថែម​ទៀត។ នេះ​មិន​មែន​ជា​រូបភាព​ល្អ​មួយ​នោះ​ទេ ខណៈ​ប្រទេស​យើង​ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស»។ លោក​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​ប្រើប្រាស់​បារ៉ាស់បិទ​ផ្លូវ​ជា​រឿង​សមស្រប និង​វិធីសាស្រ្ត​អហិង្សា​មួយ​ដើម្បី​ទប់ស្កាត់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ចំណោម​សាធារណជន។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​អង្គការ​សិទ្ធិ​មនុស្សអាដហុក ក៏​មិនបាន​យល់ស្រប​ចំពោះ​ការ​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ដើម្បី​បង្ខំ​​ឲ្យ​ពលរដ្ឋ​គោរព​តាម​វិធានការ​​បិទខ្ទប់​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «យើង​មិន​គាំទ្រ​ការ​ប្រើប្រាស់​នូវ​អំពើហិង្សា ហើយ​យើង​មិនបាន​ឃើញ​នូវ​បទបញ្ជា​ណាមួយ​ឲ្យ​អនុវត្ត​វិធានការ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ទេ។ អាជ្ញាធរ​គួរ​ព្រមាន [អ្នក​ដែល​បំពាន​វិធានការ​បិទខ្ទប់] និង​ឲ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា។ ប្រសិន​បើ​គាត់​នៅ​បន្ត​ដូច្នេះ យើង​ត្រូវ​យក​ច្បាប់​មក​អនុវត្ត»

លោក ស៊ឹង សែងករុណា បាន​បន្ត​ថា មាន​មធ្យោបាយ​ប្រកប​ដោយ​សន្តិវិធី​ជា​ច្រើន​ដើម្បី​អាច​យក​មក​អនុវត្ត​ ដូចជា ការ​អប់រំ​​បន្ថែម​ ជាជាង​វាយ​មក​លើ​អ្នក​ថ្មើរ​ជើង​ដែល​​ចេញ​ពី​ផ្ទះ​របស់​ខ្លួន។ លោក​បាន​ក្រើន​រំឭក​ថា សាធារណជន​នៅ​កម្ពុជា​កំពុង​ជួប​នឹង​ការ​លំបាក​ដោយសារ​វិបត្តិជំងឺ​កូវីដ១៩ រួច​ទៅ​​ហើយ មុនពេល​មាន​ការ​ប្រើប្រាស់​អំពើហិង្សា​ដូចនេះ​នៅ​តាម​ដងផ្លូវ។

កង​កម្លាំង​ល្បាត​ព្យាយាម​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ផ្ទះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​១ ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ចំនួន​ប្រាំពីរ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា តំបន់​បិទខ្ទប់​ «ក្រហម»។ខេមបូចា/ បញ្ញា ឆព័ណ្ណ
កង​កម្លាំង​ល្បាត​ព្យាយាម​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ផ្ទះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​១ ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ចំនួន​ប្រាំពីរ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា តំបន់​បិទខ្ទប់​ «ក្រហម»។ខេមបូចា/ បញ្ញា ឆព័ណ្ណ

នៅ​ស្រប​ពេល​ដូចគ្នា​នេះ អាជ្ញាធរ​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​អនុវត្ត​វិធានការ​របស់ខ្លួន ហើយ​ច្រានចោល​ការ​លើកឡើង​របស់​​សង្គមស៊ីវិល។

​លោក​ ជិន​ ម៉ាលីន ​អ្នកនាំពាក្យក្រសួង​យុត្តិធម៌​បាន​និយាយ​ថា អង្គការ​សិទ្ធិមនុស្ស​គ្រាន់​តែ​លើកឡើង​បែប​ទ្រឹស្តី​ប៉ុណ្ណោះ ហើយ​អះអាង​ថា អង្គការ​សិទ្ធិ​មនុស្ស​មិនយល់ច្បាស់​ពីស្ថានភាព​ពិតប្រាកដ​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​កំពុង​ប្រឈមុខ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ជាពិសេស​នៅ​តាម​​តំបន់​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម។

​លោក​បាន​ថ្លែង​ថា៖ «យើង​មិនមាន​មធ្យោបាយ​ដទៃ​ទៀត ខណៈ​ [ពលរដ្ឋ] នៅ​តែ​មិនស្តាប់ ដូច្នេះ​ការ​ប្រើប្រាស់​​កម្លាំង​អាច​ត្រូវ​ចាំបាច់ និង​ជា​វិធានការ​ចុងក្រោយ​ដែល​ប៉ូលិស​ប្រើប្រាស់»

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ មិនអាចទាក់ទង​សុំ​ការ​អធិប្បាយ​បាន​នោះទេ។

កាល​ពី​ថ្ងៃ​ពុធ ក្រសួង​សុខាភិបាល​បាន​កត់ត្រា​ករណីឆ្លងជំងឺកូវីដ១៩ ថ្មី​ចំនួន​ ៣០៣​ករណី​ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​កើន​ដល់ ៧.២០២​ករណី។ ចាប់តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩មកទល់​​​ពេល​បច្ចុប្បន្ន មនុស្ស ៥៤​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ ហើយ​ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​នេះ​នៅ​ដើម​ឆ្នាំ ២០២០​មក កម្ពុជា​មាន​ករណីឆ្លង​ជំងឺ​កូវីដ១៩​ សរុប​ចំនួន ៧.៧៤៧​ករណី។

អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ស​ ថេត បាន​និយាយ​សំដៅ​ទៅ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​រាតត្បាត​ជំងឺ​ ខណៈ​លោក​ច្រានចោល​ការ​លើកឡើង​ពី​សំណាក់​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​វិធានការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រុង​ភ្នំពេញ។​ ស្របពេល​ដូចគ្នា​នេះ​ដែរ លោក​បាន​បដិសេធ​សារជាថ្មី​ចំពោះ​ការ​ប្រើប្រាស់​អំពើហិង្សា​ដោយ​អាជ្ញាធរ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់។

លោក​បាន​ថ្លែង​ថា៖ «មិនមាន​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​នោះ​ទេ។ អ្នក​ទាំង​នោះ [អង្គការ​ក្រៅ​រដ្ឋាភិបាល] គ្រាន់​តែ​បញ្ចេញ​មតិ​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​កងកម្លាំង​ប៉ូលិស​របស់​យើង​កំពុង​ធ្វើការ​រារាំង​ការ​រាតត្បាត​ជំងឺ។ សូម​កុំ​គិតតែ​ពី​ជ្រុង​មួយ [នៃសិទ្ធិ​មនុស្ស] រឿង​សំខាន់​គឺ​អាយុជីវិត​របស់​ប្រជាជន»

បន្ទាប់ពីមានការចែកចាយនូវវីដេអូឃ្លី​ ដែលសមត្ថកិច្ចប្រើអំពើហិង្សាលើពលរដ្ឋនៅលើដងផ្លូវ និងក្រៅផ្ទះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយនៅថ្ងៃពុធ ដោយក្រើនរំលឹកដល់កងកម្លាំងទាំងអស់មិនត្រូវប្រើអំពើហិង្សាលើប្រជាពលរដ្ឋអំឡុងពេលរឹតបន្តឹងវិធានការបិទខ្ទប់នោះទេ។

លោកបានលើកឡើងថា៖ «ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលរាល់អនុវត្តបទបញ្ជា ឬវិធានការនានារបស់រដ្ឋាភិបាល»

​​ប៉ុន្តែ​ប្រសិន​បើ​ប៉ូលិស​គ្រាន់​តែ​ធ្វើជា​វាយ​លើ​អ្នក​ថ្មើរជើង ការណ៍​នេះ​នឹង​បង្ក​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​នៅ​ចំណោម​ពលរដ្ឋ​ ដែល​តែងតាមដាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អំឡុងពេល​មាន​ការ​បិទខ្ទប់។

​​លោក ទីន ណាក់ អ្នក​ប្រកបរបរ​ដឹកជញ្ជូន​អាយុ ៣០​ឆ្នាំ បាន​ថ្លែងប្រាប់ខេមបូចា ថាលោក​អស់សង្ឃឹម​នៅ​ពេល​យើញ​ប៉ូលិស​យក​រំពាត់​មក​វាយ​លើ​ពលរដ្ឋ។ លោក ណាក់ ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ស្ទឹងមានជ័យ​ ជា​ទី​ដែល​អាជ្ញាធរ​បាន​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន។​

​​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិនយល់​ការ​អនុវត្ត​ច្បាប់​បែប​នេះ​ដោយ​ប៉ូលិស​នោះ​ទេ។ ចំពោះ​ខ្ញុំ​ នេះ​គឺ​ជា​អំពើ​ហិង្សា។ ពួកគាត់​គួរ​តែ​ណែនាំ ឬ​អប់រំ​ពលរដ្ឋ​បន្ថែម​ពី​ការ​ស្នាក់​នៅ​ផ្ទះ​​ទៅ​វិញ​ទៅ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh police deny beating lockdown pedestrians but confirm stricter enforcement

1,475 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម